គ.ជ.ប បន្តបដិសេធមិនទទួលស្គាល់ការចុះបញ្ជីគណបក្សភ្លើងទៀន
2023.05.12
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បន្តបដិសេធមិនទទួលស្គាល់ការចុះបញ្ជីគណបក្សភ្លើងទៀន ថ្វីត្បិតមានសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃដែលទទួលស្គាល់ថា គណបក្សប្រឆាំងមួយនេះ បានចុះបញ្ជីស្របច្បាប់នៅក្រសួងក្ដី។ គ.ជ.ប បញ្ជាក់ថា សេចក្ដីប្រកាសទទួលស្គាល់របស់ក្រសួងមហាផ្ទៃនោះ មិនអាចជំនួសច្បាប់ដើមលិខិតបញ្ជាក់ការចុះបញ្ជីរបស់គណបក្សភ្លើងទៀននោះទេ។
គណបក្សភ្លើងទៀនយល់ថា សេចក្ដីប្រកាសរបស់ទទួលស្គាល់របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៥ឧសភា គឺគ្រប់គ្រាន់សម្រាប់ គ.ជ.ប ទទួលស្គាល់ជាផ្លូវការ នូវការសុំចុះបញ្ជីគណបក្សភ្លើងទៀន ដើម្បីចូលរួមការបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ ឧសភាថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១០ឧសភា មន្ត្រី គ.ជ.ប នៅតែប្រកាសជំហរទាមទារយកសេចក្ដីចម្លងចេញពីប្រកាសច្បាប់ដើមឆ្នាំ១៩៩៨ ស្ដីពីការចុះបញ្ជីគណបក្សភ្លើងទៀននៅក្រសួងមហាផ្ទៃ។ លោកបន្តថា គណបក្សភ្លើងទៀន បានដាក់លិខិតជាលើកទី២ទៅក្រសួងមហាផ្ទៃ ដើម្បីសុំជួបប្រជុំពីបញ្ហានេះ ហើយក៏បានស្នើទៅស្ថាប័ន គ.ជ.ប ឱ្យជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដើម្បីចេញលិខិតទៅតាមទម្រង់ដែល គ.ជ.បចង់បាន។
លោក រ៉ុង ឈុន៖ «យើងចម្លែកដែរ ចម្លែកពីរឿងហ្នឹង ពីព្រោះការបោះឆ្នោតឃុំសង្កាត់ ក៏ដូចជាការបោះឆ្នោតក្រុង(អរិយក្សត្រ)កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតទាំងហ្នឹង យកតែលិខិតចម្លងសខ្មៅលេខ១៩៣ ហ្នឹងទេ ហើយអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត។ តែដោយឡែក ពេលនេះ បែរជាប្លែក បង្កឧបសគ្គ ដល់គណបក្សភ្លើងទៀន បែបបទរដ្ឋបាលក្នុងលិខិតស្នាមហ្នឹង»។
ទោះកំពុងប្រឈមការលំបាកចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣កក្កដា ខាងមុខនេះ ប៉ុន្តែលោក រ៉ុង ឈុន នៅតែសង្ឃឹមថា គណបក្សភ្លើងទៀន នៅតែអាចមានឱកាសចូលរួមការបោះឆ្នោតនេះ។ លោកបន្ថែមថា ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នឹងគ្មានន័យឡើយ ប្រសិនបើគ្មានការចូលរួមពីគណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងដ៏មានសក្ដានុពល និងអាចមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នានឹងគណបក្សកាន់អំណាច។
ការលើកឡើងពីអនុប្រធានគណបក្សភ្លើងទៀននេះធ្វើឡើង បន្ទាប់ពីក្រុមមន្ត្រីគណបក្សនេះ បានជួបជជែកជាមួយមន្ត្រី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១០ ឧសភា ដើម្បីស្នើឱ្យស្ថាប័នមួយនេះ ជួយសម្របសម្រួលឱ្យគណបក្សភ្លើងទៀនអាចចុះបញ្ជីចូលរួមការបោះឆ្នោតខាងមុខ។ ប៉ុន្តែ គ.ជ.ប នៅតែបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ មិនអាចជំនួសដោយលិខិតបញ្ជាក់ចុះថ្ងៃទី៥ ឧសភា របស់ក្រសួងមហាផ្ទៃនោះទេ ដែលការបញ្ជាក់នេះ ខុសពីលក្ខខណ្ឌទម្រង់ដែលគ.ជ.ប អនុវត្តកន្លងមក និងកំពុងអនុវត្ត។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេនៅថ្ងៃទី១១ ឧសភា នេះ។ ប៉ុន្តែលោក ហង្ស ពុទ្ធា បានប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ ឧសភា ដោយព្រមានថា ប្រសិនបើក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ឧសភា ដល់ថ្ងៃទី១៤ ឧសភា គណបក្សភ្លើងទៀន មិនអាចបំពេញចំណុចខ្វះខាតតាមលក្ខខណ្ឌទាមទារ នោះ គ.ជ.ប អាចបដិសេធការចុះបញ្ជីចូលរួមបោះឆ្នោតពីគណបក្សនេះ។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី យល់ឃើញថា ស្ថាប័ន គ.ជ.ប គួរយោគយល់ចំពោះការសុំចុះបញ្ជីចូលរួមការបោះឆ្នោត ពីគណបក្សភ្លើងទៀន នៅពេលមានសេចក្ដីប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃទៅហើយនោះ។
លោក សំ គន្ធាមី៖ «ខ្ញុំគិតថា គ.ជ.ប គួរយល់យោគហើយ អាហ្នឹងក្រសួងមហាផ្ទៃ គាត់បានទទួលស្គាល់ហើយ ចុះបញ្ជីផ្លូវការរួចហើយ។ ដូច្នេះ! ក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមទៀត ក៏បានដែរ»។
ឯកសារចុះឈ្មោះដើមរបស់គណបក្សភ្លើងទៀនបានបាត់ បន្ទាប់ពីមានការវាយឆ្មក់ចូលបិទទីស្នាក់ការរួមគ្នា រវាងគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនកាលពីឆ្នាំ២០១៧។ ចំណាត់ការរបស់គ.ជ.ប ត្រូវបានគេមើលថា ជាការបង្កការលំបាកមួយដល់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំនាពេលបច្ចុប្បន្ននេះ។
គណបក្សភ្លើងទៀន បានសម្របសម្រួលព្យាយាមបំពេញតាមលក្ខខណ្ឌតម្រូវពី គ.ជ.ប ក្នុងនោះ រួមមានការសម្រេចដកលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រជាដើម ថ្វីត្បិតមន្ត្រីគណបក្សនេះបញ្ជាក់ថា លក្ខខណ្ឌទាំងនោះ ហាក់មិនមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត និងអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។