"វប្បធម៌​ជជែក​គ្នា​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ភ្លើងទៀន​ចាប់ផ្ដើម​កើត​មាន​ហើយ"

0:00 / 0:00

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា សារ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ភ្លើងទៀន ជា​ការ​បង្ហាញ​ថា វប្បធម៌​ជជែក​នៃ​បក្ស​កាន់អំណាច និង​គណបក្ស​ភ្លើងទៀន ចាប់ផ្ដើម​កើត​មាន​ហើយ​។ ការ​លើកឡើង​ដូច្នេះ ខណៈ​គណបក្ស​ភ្លើងទៀន ប្រកាស​ថ្កោលទោស​ជន​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ និង​អះអាង​ថា ខ្លួន​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ហើយ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្វាគមន៍។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​រំពឹង​ថា សារ​ឆ្លើយឆ្លង​គ្នា​រវាង​មេដឹកនាំ​គណបក្សកាន់អំណាច ជាមួយ​គណបក្ស​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ពេល​នេះ បង្ហាញ​ថា អ្នក​នយោបាយ​អាច​និយាយ​គ្នា​ត្រង់​ទៅ​ត្រង់​មក​ដើម្បី​ឈាន​ឆ្ពោះ​ដោះស្រាយ​បញ្ហា​ជាតិ។

អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា យល់​ថា បើ​ពេល​ខ្មែរ​ចេះ​និយាយ​គ្នា​ទោះ​បញ្ហា​អ្វី​ក៏​អាច​ដោះស្រាយ​ដែរ​។ លោក​បន្ត​ថា ការ​ដែល​លោក ហ៊ុន សែន ព្រម​ទទួលស្គាល់​ការ​បំភ្លឺ​គណបក្ស​ភ្លើងទៀន ពេល​នេះ ជា​សញ្ញា​ល្អ​ចំពោះ​ស្ថានការណ៍​នយោបាយ ដែល​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ។

លោក ថាច់ សេដ្ឋា៖«ខ្ញុំ​ក៏​អរគុណ​ផង​ដែរ​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ស្គាល់​ទទួលយក​នូវ​ការ​ពិត​របស់​គណបក្ស​ភ្លើងទៀន ហើយ​ហ្នឹង​ជា​ការ​បង្ហាញ​ដែល​យើង​បង្កើត​នូវ​វប្បធម៌​បែប​សន្ទនា​គ្នា​បែប​ប្រជាធិបតេយ្យ​ថ្មី​មួយ​ដែល​យើង​នឹង​ចាប់ផ្ដើម​អ្វី​គឺ​យើង​ចាប់​ផ្ដើមនិយាយ​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ​នេះ​បាទ»។

លោក ថាច់ សេដ្ឋា លើក​ឡើង​ដូច្នេះ ក្រោយ​ពេល​គណបក្ស​ភ្លើងទៀន បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ​ថា គណបក្ស​នេះ គោរព​ព្រះរាជ​តួនាទី​នៃ​អង្គ​ព្រះមហាក្សត្រ ។ ទន្ទឹមគ្នា​នេះ​ដែរ គណបក្ស​ភ្លើងទៀន ថ្កោល​ទោស​បុគ្គល​ទាំងឡាយ​ណា ដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភបំពាន​ព្រះមហាក្សត្រ និង​របប​រាជានិយម។ សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២៧ ខែតុលា អះអាង​ទៀត​ថា គណបក្ស​នេះ​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ទេ ដោយ​ដំណើរការ​ការងារ និង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នានា ជា​ការ​ទទួលខុសត្រូវ​ក្នុង​អធិបតេយ្យភាព​ពេញលេញ​នៃ​គណបក្ស​ភ្លើងទៀន និង​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​បុគ្គល ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

គណបក្ស​នេះ​លើកឡើង​ទៀត​ថា គណបក្ស​ភ្លើងទៀន គោរព និង​អនុវត្តន៍​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​នានា ព្រមទាំង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​​នៅ​ក្រសួង​មហាផ្ទៃ។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន ធ្វើ​ឡើង​ពេល​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ ទី​២៦ ខែ​តុលា ដែល​ទាមទារ​ទៅ​គណបក្ស​នេះ​គួរ​ចេញ​មុខ​បញ្ជាក់​ពី​ករណី​លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ។

សារ​របស់​គណបក្ស​ភ្លើងទៀន​នេះ​ទំនង ធ្វើ​ឱ្យ​លោក ហ៊ុន សែន ពេញចិត្ត​ដោយ​លោក​បាន​ស្វាគមន៍។ លោក ហ៊ុន សែន លើកឡើង​តាម​ទំព័រ​ហ្វេសប៊ុក​ថ្ងៃទី​២៧ ខែ​តុលា ដោយ​កោត​សរសើរ​និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ គណបក្ស​ភ្លើងទៀន​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​អ្នក​ទាំងឡាយ​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ​តាម​ការ​ស្នើសុំ​របស់​លោក។

ទាក់ទង​ជំហរ​គណបក្ស​ភ្លើងទៀន ចំពោះ​អង្គ​ព្រះមហាក្សត្រ​ពេល​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ថា នេះ​ជា​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​។ អ្នកវិភាគ​រូប​នេះ​លើកឡើង​ទៀត​ថា គណបក្ស​ភ្លើងទៀន នៅតែ​អាច​ទទួល​បាន​ផល​ចំណេញ​ដដែល​ទេ ទោះ​គណបក្ស​នេះ ប្រកាស​ពី​ការ​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។

លោក គឹម សុខ៖«ពី​ការ​គម្រាម​របស់​លោក ហ៊ុន សែន ខ្ញុំ​គិតថា ជា​រឿង​ល្អ​ទៅវិញ​ទេ សម្រាប់​គណបក្ស​ភ្លើងទៀន ដែល​ត្រូវធ្វើ​សកម្មភាព​ឱ្យ​កាន់តែ​សកម្ម​ឡើង​តាម​រដ្ឋធម្មនុញ្ញ ក្រោយពី​ប្រកាស​ថា មិន​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី នេះ​គឺ​គន្លឹះ​ផ្លូវច្បាប់​មួយ​ដែល​ខ្ញុំ​យល់​ថា អា​ចត​ទល់នឹង​នយោបាយ​លោក ហ៊ុន សែន បាន ស្ទង់​មើល​តើ​លោក ហ៊ុន សែន លេងល្បែង​អ្វី​ទៀត»។

ទោះ​យ៉ាងណា ទន្ទឹម​មេ​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើងទៀន បង្ហាញ​សារ​ល្អ​ដាក់គ្នា​បែប​នេះ មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​កាន់អំណាច កំពុង​ដើរ​គំរាមកំហែង សមាជិក​ប្រឹក្សា​ឃុំ​សង្កាត់ គណបក្ស​ភ្លើងទៀន ឱ្យ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច និង​ចេញ​សារ​ថ្កោលទោស​លោក សម រង្ស៊ី។ សកម្មភាព​របស់​មន្ត្រី​បក្ស​កាន់​អំណាច បែប​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន ចេញ​មុខ​ថ្កោលទោស​លោក សម រង្ស៊ី រឿង​ប្រមាថ​ព្រះមហាក្សត្រ ដោយ​លោក​សន្យា​ថា ទោះ​ពួកគេ​ប្រឈម​នឹង​គណបក្ស​ភ្លើងទៀន បណ្ដេញ​ចេញ​ក៏​មិន​បាត់បង់​តួនាទី​នៅ​ឃុំ​សង្កាត់​ដែរ។

ទន្ទឹមគ្នា​នេះ​ដែរ ក៏​មាន​សំឡេង​បែកធ្លាយ នៃ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​នៃ​គណបក្សកាន់អំណាច ចុះ​ដើរ​គោះទ្វារ​តាម​ផ្ទះ​នៃ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន ជំរុញ​ឱ្យ​ពួកគេ​ធ្វើ​លិខិត​ថ្កោលទោស​លោក សម រង្ស៊ី។​

សំឡេង​បែកធ្លាយ​៖«សមាជិក​ក្រុមប្រឹក្សាឃុំ និង​ជំទប់​ទី​២​ឃុំ របស់​គណបក្ស​ភ្លើងទៀន​ដែល​បាន​ចូលរួម​ជាមួយ​យើង​ឱ្យ​ចេញ​ធ្វើ​ញត្តិ​ថ្កោលទោស ហើយ​សារភាព​ចុះចូល​ជាមួយ​យើង​បើសិនជា​ពួកគាត់​មិន​ព្រម​ទេ ចំពោះមុខ​គឺ​មាន​រំលាយ​គណបក្ស​ភ្លើងទៀន ចោល​គឺ​ពួកគាត់​នឹង​អស់​ឱកាស​បម្រើ​ការងារ​ជូន​ប្រជាជន អ៊ីចឹង​សូម​ប្រកាស​ជា​សាធារណៈ​ឱ្យ​គ្រប់​ភូមិ​ទាំងអស់​អនុវត្តន៍​ភ្លាម»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹង​ថា ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន​ស្ទើរ​ទូទាំង​ប្រទេស​រង​ការព្រមាន​ឱ្យ​ចេញ​លិខិត​ថ្កោលទោស​លោក សម រង្ស៊ី​។ លោក​ឱ្យ​ដឹងទៀត​ថា ព័ត៌មាន​ដំបូង​ដែល​លោក​ទទួល​បាន​ពី​មន្ត្រី​គណបក្ស​ភ្លើងទៀន នៅ​តាម​មូលដ្ឋាន អ្នក​ដែល​គំរាម នេះ​មាន​ទាំង​អាជ្ញាធរ​ភូមិ​ឃុំ រហូតដល់​អភិបាលស្រុក​ដែល​អ្នក​ទាំងនោះ​ជា​មន្ត្រី​បក្ស​កាន់​អំណាច​។ លោក​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​គណបក្ស​ភ្លើងទៀន កំពុង​ប្រមូល​ភស្តុតាង​នៃ​ការ​គំរាម​នេះ​ដាក់​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ។

លោក ថាច់ សេដ្ឋា៖ «គេ​បាន​ទទួល​ទាំង​សារ​សំឡេង​របស់​អភិបាលស្រុក​មួយ​ចំនួន​ផង ដូច្នេះហើយ​យើង​កំពុង​តាមដាន​យកចិត្តទុកដាក់​ហើយ​យើង​នឹង​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ជា​ផ្លូវការ​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់ ដល់​សកម្មភាព​ទាំងអស់​ហ្នឹង​បាទ»។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃទី​២៧ ខែ​តុលា។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ ឬ​ណែនាំ​សមាជិក​របស់​ខ្លួន​ឱ្យ​បង្ខំ​អ្នកណាម្នាក់​ឱ្យ​ថ្កោលទោស​លោក សម រង្ស៊ី ឡើយ​។ លោក​យល់​ថា បើ​ក្រុម​ប្រឹក្សាឃុំ សង្កាត់​គណបក្ស​ភ្លើងទៀន​រូប​ណា​រង​ការ​គំរាមកំហែង​បង្ខំ​ឱ្យ​ពួកគេ​សរសេរ​លិខិត​ថ្កោលទោស លោក សម រង្ស៊ី ពួកគេ​គួរ​ប្រមូល​ភស្តុតាង​ប្ដឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ។

លោក ឈឹម ផលវរុណ៖«សារ​គំរាមកំហែង​យ៉ាងម៉េច បើសិន​ឧទាហរណ៍​នៅ​ឃុំ​មួយ​ឬ​សង្កាត់​មួយ​ពី​ណា​អ្នក​បង្ខំ​អ៊ីចឹង​ត្រូវ​រក​ភស្តុតាង​មួយ​ករណីៗ​មក យើង​អត់​អាច​វាយ​អួ​បានទេ»។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា បើ​ករណីនេះ​បង្កឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​គឺ​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ​។ លោក​យល់​ថា សំណុំរឿង​លោក សម រង្ស៊ី ប្រមាថ ព្រះមហាក្សត្រ គឺ​មាន​ការ​ឆ្លើយ​ឆ្លង រវាង​លោក ហ៊ុន សែន និង​គណបក្ស​ភ្លើងទៀន គឺ​ល្មម​គ្រប់គ្រាន់​ហើយ មិន​ចាំ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​បង្ខំ​អ្នកណា​ទៀត​ឡើយ។

លោក រស់ សុដ្ឋា៖«ខ្ញុំ​គិតថា សម្ដេច​នាយក​រដ្ឋមន្ត្រី​គាត់​មានការ​ជជែក​ចរចា​ជាមួយ​ក្បាលម៉ាស៊ីន​គណបក្ស​ភ្លើងទៀន ហ្នឹង​វា​សម​ល្មម ហើយ​អ៊ីចឹង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​យ៉ាងម៉េច ជា​ការ​អនុវត្តន៍​ទៅ​តាម​ឋានានុក្រម​រចនាសម្ព័ន្ធ​និង​សិទ្ធិ​របស់​គណបក្ស​ភ្លើងទៀន ដែល​អាជ្ញាធរ​មិន​គួរ​ពាក់ព័ន្ធ​ធ្វើ​កិច្ចការ​ដូច្នេះ​ទេ​បាទ»។

ប៉ុន្មាន​ថ្ងៃនេះ រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ថ្កោលទោស​លោក សម រង្ស៊ី ថា បាន​ប្រមាថ​ព្រះមហាក្សត្រ​។ ទោះ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន កាត់ទោស​ពន្ធនាគារ​មួយ​ជីវិត​ហើយ​ក្ដី ប៉ុន្តែ ពួកគេ​នៅតែ​ប្រកាស​បន្ត​ផ្ដន្ទាទោស និង​ថ្កោលទោស​លោក សម រង្ស៊ី បន្ថែម​ទៀត​។ លោក ហ៊ុន សែន ថែមទាំង​បាន​ព្រមាន​រំលាយ​គណបក្ស​ភ្លើងទៀន បើ​រក​ឃើញ​ថា គណបក្ស​នេះ​ធ្វើ​សកម្មភាព​ដើរ​តាម​បន្ទាត់​តាម​បន្ទាត់​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​លោក​ប្រកាន់​ថា ជា​ការ​ផ្ដួលរំលំ​របប​រាជានិយម និង​បំផ្លាញ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។