សកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៧ សីហា ជួបជុំគ្នាសំដែងការព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុប ផ្ដាច់ការអនុគ្រោះពន្ធEBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ដល់ប្រាក់ចំណូលរបស់កម្មកររោងចក្ររាប់សែននាក់។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការថ្លែងសារនេះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដោយស្របច្បាប់។
សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុករុក្ខគិរី ថ្លែងសាររួមគ្នានៅភូមិព្រែកតាវែន ឃុំព្រែកជីក ដោយការខ្វល់ខ្វាយខ្លាចសហគមន៍អឺរ៉ុបផ្ដាច់អនុគ្រោះពន្ធEBA។ ពួកគេប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ដើម្បីផ្សព្វផ្សាយក្តីកង្វល់ទាំងនោះ។
សមាជិកក្រុមប្រឹក្សាស្រុករុក្ខគិរី ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សែម ពិរស់ ប្រាប់អាស៊ីសេរី ក្រោយបញ្ចប់ពិធីជួបជុំថា ពួកគាត់ធ្វើនេះដើម្បីប្រយោជន៍របស់ពលរដ្ឋ ជាពិសេសកម្មកររោងចក្រ ឱ្យមានការងារធ្វើរកប្រាក់ចំណូលជួយដល់ឪពុកម្ដាយនៅទីជនបទ ដោយសារការផ្ដាច់ពន្ធEBA។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ លុះត្រាតែរដ្ឋាភិបាលរបបឯកបក្ស អនុវត្តតាមសំណើរបស់សហគមន៍អឺរ៉ុប ដោយការគោរពសិទ្ធិមនុស្ស ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យមានសេរីភាព និងបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតសាជាថ្មី។ មន្ត្រីបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ពួកគាត់ធ្វើបែបនេះ ដើម្បីធានាដល់សហគមន៍អឺរ៉ុប កុំឱ្យផ្ដាច់ការអនុគ្រោះពន្ធEBAមកលើកម្ពុជា ព្រោះថ្ងៃវាយតម្លៃពី ស្ថានការណ៍នៅកម្ពុជា ដើម្បីសម្រេចថាត្រូវបន្ត ឬព្យួរប្រព័ន្ធEBA កាន់តែខិតជិតមកដល់ហើយ៖ «ដូច្នេះខ្ញុំក្នុងនាមជាប្រជាពលរដ្ឋខ្ញុំព្រួយបារម្ភណាស់ បើសិនថ្នាក់ដឹកនាំមិនបានគិតគួរបញ្ហានេះ គឺ ធ្វើឱ្យពួកគាត់មានការលំបាកដោយសារបាត់បង់ប្រាក់ចំណូល ព្រោះមិនប៉ះពាល់ដល់អ្នកមានអំណាចធំៗនោះទេ ព្រោះពួកគេមានជីវភាពធូរធារហើយ ប៉ុន្តែពួកខ្ញុំដែលជាកម្មករ និងជាអ្នកស្រែចម្ការ ដែលមានបងប្អូនធ្វើការរោងចក្រធ្វើឱ្យប៉ះពាល់ដល់ជីវភាព»។
លោកបន្ថែមថា នៅពេលថ្លែងសារនេះមានអ្នកស្លៀកពាក់ស៊ីវិលឃ្លាំមើលពួកគាត់ឱ្យមានការភ័យខ្លាចដែរ ប៉ុន្តែពួកគាត់នៅតែបន្តថ្លែងសាររហូតដល់ចប់កម្មវិធី។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុករុក្ខគិរី លោក ជា សម្បត្តិ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនចាប់អារម្មណ៍នឹងការសម្ដែងមតិនេះទេ៖ «ខ្ញុំអត់បានទទួលព័ត៌មានផង។ ខ្ញុំអត់យល់ឃើញថា ម៉េចទេ ព្រោះខ្ញុំតាមគាត់មិនទាន់ដែរ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ប្រជាពលរដ្ឋជួបជុំថ្លែងសារព្រួយបារម្ភអំពីការផ្ដាច់ការអនុគ្រោះពន្ធEBA បង្ហោះក្នុងហ្វេសប៊ុក (Facebook) គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដោយមិនមានការខុសច្បាប់នោះឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា សមត្ថកិច្ចទៅវិញទេ ដែលអនុវត្តខុសច្បាប់ ដោយបានសាកសួរពលរដ្ឋធ្វើឱ្យពួកគាត់ភ័យខ្លាចមិនហ៊ានសម្ដែងមតិទៅថ្ងៃក្រោយទៀតនោះ៖ «ចំណុចសំខាន់នៅក្នុងរឿងនេះ គឺអាជ្ញាធរនិងសមត្ថកិច្ចទេមានការព្រួយបារម្ភ ហើយដាក់ការតាមដានរហូតគ្រប់សកម្មភាពឱ្យតែមានការជួបជុំ ជាពិសេសសកម្មជនគណបក្សសង្គ្រោះជាតិ។ អ៊ីចឹងវាធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញដោយច្បាប់អន្តរជាតិ ដែលកម្ពុជាជាហត្ថលេខីនោះ»។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងបានប្ដូរយុទ្ធសាស្ត្រ ក្នុងការសម្ដែងមតិរបស់ខ្លួន ពីការជួបជុំគ្នាហូបនំបញ្ចុក ទៅជាការប្រមូលផ្ដុំគ្នាថ្លែងសារព្រួយបារម្ភអំពីសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធEBA វិញ ។ទន្ទឹមគ្នានេះ អាជ្ញាធរមូលដ្ឋានក៏បានដាក់កម្លាំងតាមដាន និងទៅសាកសួរដល់ផ្ទះសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។ កាលពីថ្ងៃទី២៩ កក្កដា អាជ្ញាធរឃុំបវេលចំនួន ២នាក់ ចូលទៅសាកសួរសមាជិកក្រុមប្រឹក្សាស្រុកបវេល ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ម៉ក់ យ៉ាន ដល់ផ្ទះ ដោយសារពួកគាត់ថ្លែងសារព្រួយបារម្ភពីការផ្ដាច់ការអនុគ្រោះEBA។ កាលថ្ងៃទី៣ សីហា ប៉ូលិសឃុំអន្លង់រុន ស្រុកថ្មគោល ក៏បានចូលទៅសួរនាំម្ចាស់ផ្ទះផ្ដល់ទីតាំងឱ្យសកម្មជនបក្សប្រឆាំងថ្លែងសារពាក់ព័ន្ធនឹងរឿងនេះដែរ។ សកម្មជនទាំងនោះ អះអាងថា បើទោះបីជាមានការគំរាមកំហែងយ៉ាងនេះក្ដី ក៏មិនអាចបំបែកសាមគ្គីភាពរបស់ពួកគាត់បានដែរ ដោយពួកគាត់យល់ថា ការថ្លែងសារជាសិទ្ធិសេរីភាពស្របច្បាប់របស់ពលរដ្ឋ ដូច្នេះសកម្មជននៅតាមមូលដ្ឋាន នឹងជួបជុំគ្នាសម្ដែងមតិជាបន្តបន្ទាប់ទៀត។ សហភាពអឺរ៉ុបកំពុងចាត់វិធានការលើនីតិវិធីត្រួតពិនិត្យ និងវាយតម្លៃស្ថានការណ៍កម្ពុជា រយៈពេលប្រាំមួយខែដំបូង ត្រូវបិទបញ្ចប់នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។ សហភាពអឺរ៉ុប នឹងឈានទៅព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា បើស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នៅតែមិនប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។