ជំងឺ​ភ្នែក​របស់​លោក យឹម សារ៉េត ជា​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​កំពុង​វិវឌ្ឍន៍​ធ្ងន់ធ្ងរ

ដោយ ជាតិ ចំណាន
2023.02.18
Share on WhatsApp
Share on WhatsApp
ជំងឺ​ភ្នែក​របស់​លោក យឹម សារ៉េត ជា​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​កំពុង​វិវឌ្ឍន៍​ធ្ងន់ធ្ងរ លោក យឹម សារ៉េត ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ប៉ូលិស​​រាជធានី​ភ្នំពេញ​ចាប់ ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង អះអាង​ថា ប្តី​របស់​លោកស្រី គឺ​លោក យឹម សារ៉េត កំពុង​មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ដែល​ត្រូវ​ការ​ព្យាបាល​ឱ្យ​ទាន់​ពេលវេលា​នៅ​មន្ទីរពេទ្យ​ជំនាញ​ខាងក្រៅ​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ដល់​អាជ្ញាធរ​ពន្ធនាគារ​បញ្ជូន​សកម្មជន​នយោបាយ​រូប​នេះ​ទៅ​ពិនិត្យ​និង​ព្យាបាល​ដើម្បី​កុំ​អាការៈ​ជំងឺ​ភ្នែក​កាន់តែ​ធ្ងន់ និង​កុំឱ្យ​គ្រួសារ​ជន​ជាប់ឃុំ​ឈប់​ព្រួយបារម្ភ​តទៅទៀត។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​អះអាង​ថា អាជ្ញាធរ​នឹង​ពិនិត្យមើល​ករណី​ជំងឺ​របស់​លោក យឹម សារ៉េត ដោយ​មិន​ទុក​គាត់​ចោល​នោះ​ទេ។

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ព្រួយបារម្ភ​អំពី​សុខភាព​ជាពិសេស​ការ​វិវឌ្ឍ​ន៍​នៃ​ជំងឺ​ភ្នែក​របស់​លោក យឹម សារ៉េត ដែល​អាច​ឈាន​ដល់​ពិការ​ភ្នែក បើសិន​អាជ្ញាធរ​ពន្ធ​គារ​នៅតែ​មិន​ព្រម​បញ្ជូន​រូបលោក​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ឱ្យ​បាន​ឆាប់​ទេ​នោះ។

ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ ខែ​កម្ភៈ ថា​ជំងឺ​ភ្នែក​ប្តី​របស់​លោកស្រី​បាន​ធ្វើ​ទុក្ខ​រយៈពេល​មួយឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ពន្ធនាគារ​តែង​តែ បដិសេធ​មិន​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដោយ​គ្រូពេទ្យ​ជំនាញ​នៅ​ខាងក្រៅ​ពន្ធនាគារ​នោះ​ទេ។ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ប្តី​លោកស្រី​ងងឹតភ្នែក​ខាងស្តាំ ហើយ​ភ្នែក​ខាងឆ្វេង​វិញ​ស្រវាំង​គួបផ្សំ​នឹង​រោគសញ្ញា​ផ្សា និង​ក្រហាយ​ជាប្រចាំ។ លោកស្រី​ថា ស្ថានភាព​នេះ​នឹង​ធ្វើ​ឱ្យ​ភ្នែក​ប្តី​របស់​លោកស្រី​ឈាន​ទៅ​រក​សភាព​គ្រោះថ្នាក់ ឬ​ខូច​ភ្នែក​ទាំងសងខាង​គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ដូចជា​ជំងឺ​លើសឈាម និង​ជំងឺ​សន្លាក់​ដៃជើង​ជាដើម។ លោកស្រី​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​ប្តី​របស់​លោកស្រី​ទៅ​ពិនិត្យ​ព្យាបាល​ភ្នែក​នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​ឯកទេស​ដើម្បី​កុំឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់​ជាង​នេះ។

លោក យឹម សារ៉េត៖ «មិន​ថា​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទេ តាំងពី​នៅ​ពន្ធនាគារ​ព្រៃស​ម្ល៉េះ ខ្ញុំ​តែងតែ​ទទូច​សុំ​ឱ្យ​មន្ត្រី​ពន្ធនាគារ​យក​គាត់​មក​ព្យាបាល​នៅ​ពេទ្យ​ខាងក្រៅ ដើម្បី​ឱ្យ​គាត់​បាន​មើលឃើញ​ឡើងវិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​ទទូច​ស្នើសុំ​របស់ខ្ញុំ និង​គ្រួសារ​ផ្សេងទៀត​អ៊ីចឹង គឺ​មន្ត្រី​ខាង​ពន្ធនាគារ និង​តុលាការ​មិន​ព្រម​អនុញ្ញាត​ឱ្យ​ពួកគាត់​បាន​ចេញ​ព្យាបាល​ទេ»

អ្នកស្រី អ៊ុក ចន្ធី រៀបរាប់​ទាំង​សោកសៅ​ថា​លោកស្រី​ចង់​ជួប​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ប្តី​នៅក្នុង​ពន្ធនាគារ​ដែរ តែ​អ្នកស្រី​ពុំ​មាន​លទ្ធភាព​នោះ​ទេ ដោយសារ​ជីវភាព​គ្រួសារ​ទីទាល់​ក្រ ហើយ​ពេលនេះ​លោកស្រី​ត្រូវ​ដើរ​ខ្ចីបុល​លុយ​អ្នក​ស្គាល់​សម្រាប់​ត្រៀម​បង់ថ្លៃ​វះកាត់​ដុំ​សាច់​ដៃ​ស្បូន​ជាបន្ទាន់។ លោកស្រី​ស្នើសុំ​ដល់​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ ហើយ​ដោះលែង​ប្តី​និង​សកម្មជន​នយោបាយ​ទាំងអស់ ឱ្យ​មាន​សេរីភាព​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​ឡើងវិញ ពីព្រោះ​ប្តី​លោកស្រី និង​សកម្មជន​ទាំងនោះ​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​កន្លង​មក​ឡើយ។

អ្នកស្រី អ៊ុក ចន្ធី៖ «ជីវភាព​គ្រួសារ​ខ្ញុំ​ខ្វះខាត​ខ្លាំង ហើយ​ខ្ញុំ​ត្រូវ​វះកាត់​ទៀត ប៉ុន្មាន​ខែ​មុន​ខ្ញុំ​បាន​វះកាត់​ភ្នែក​ម្តង​ហើយ ខ្ញុំ​មិនដឹង​ត្រូវ​គិត​យ៉ាងណា​វិញ​ទេ ខ្ញុំ​មិនដឹង​ចេញ​តាម​ចក្រ​ណា​ទេ ហេតុអ្វី​គ្រួសារ​ខ្ញុំ​ជួប​តែ​រឿង​អកុសល​ផ្ទួនៗ​បែបនេះ ប្តី​ជួប​ពន្ធនាគារ​ហើយ​ឈឺ​ទៀត ប្រពន្ធ​ត្រូវ​វះកាត់​ទៀត»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​លោក​មិនទាន់​ដឹង​អំពី​ស្ថានភាព​ជំងឺ​ភ្នែក​របស់​លោក យឹម សារ៉េត នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​សាកសួរ​ទៅ​មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង​ជុំវិញ​រឿង​នេះ ហើយ​លោក​ថា បើ​សិន​ចាំបាច់​នឹង​បញ្ជូន​លោក យឹម សារ៉ាត ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ។

លោក នុត សវនា៖ «បើ​គាត់​មាន​អាការៈ​ធ្ងន់ធ្ងរ គោលការណ៍​យើង​មិន​ទុក​ឱ្យ​គាត់​គ្រោះថ្នាក់​ទេ បើ​យើង​ដឹង​មុន​ពិនិត្យ​ទៅ​ថា វា​ចាំបាច់​ត្រូវ​យក​គាត់​ទៅ​ព្យាបាល​នៅ​ខាងក្រៅ ហ្នឹង​ខាង​ពេទ្យ​គេ​វិនិច្ឆ័យ​តាម​ហ្នឹង»

ទោះជា​យ៉ាងណា ការ​បញ្ជូន​អ្នក​ជាប់ឃុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​នេះ សាធារណជន និង​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស តែង​រិះគន់​អាជ្ញាធរ​ចំពោះ​ការអនុវត្ត​មិន​ស្មើភាព​គ្នា​រវាង​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ និង​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធំៗ​ដែល​មាន​លុយ​មានអំណាច។ ចំណុច​មិន​ស្មើភាព​គ្នា​នោះ គឺ​ពួក​ឧក្រិដ្ឋជន​ខ្លះ ទោះជា​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឃាតកម្ម ឬ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ក៏ដោយ ក៏​ពួកគេ​មិនបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​តុលាការ​ដែរ។

ជា​ឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​រឿង​ក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពី​ឆ្នាំ ២០១៥ នោះ បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មិន​ដល់​មួយ​សប្តាហ៍​ផង រួច​ក៏​ត្រូវ​បាន​គេ​បញ្ជូន​មក​ស្នាក់នៅ​បន្ទប់​វីអាយភី (VIP) ​ក្នុង​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​វិញ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ រីឯ​បងប្រុស​បង្កើត​របស់​លោក គិត ម៉េង គឺ​លោក គិត ធាង វិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម ប៉ុន្តែ​លោក​ជាប់ឃុំ​ប្រមាណ​កន្លះ​ខែ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យទៅ​ស្នាក់​នៅក្នុង​បន្ទប់​វីអាយភី (VIP) នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ដែរ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​ត្រឹម ២​ឆ្នាំ ហើយ​ដោះលែង​លោក​នៅ​ឆ្នាំ​២០២១។ ឧកញ៉ា​ទាំង​ពីរ​រូប​អាច​រស់នៅ​ក្រៅ​ពន្ធនាគារ​បាន​យូរ​តាមចិត្ត​ចង់ ដោយសារតែ​ហេតុផល​សុខភាព​នេះ​ឯង។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជន​ជាប់ឃុំ​មាន​សិទ្ធិ​ទទួល​បាន​សេវា​ថែទាំ និង​ព្យាបាល​ជំងឺ ទោះបី​ពួកគេ​មកពី​និន្នាការ​ណាក៏ដោយ។ លោក​បញ្ជាក់​ថា សរីរាង្គ​កាយ​របស់​មនុស្ស​ទាំង​អស់​សុទ្ធតែ​សំខាន់ ជាពិសេស​ភ្នែក​បើសិន​មនុស្ស​មើល​មិន​ឃើញ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ជាដើម។ លោក​យល់​ថា​អាជ្ញាធរ​ពន្ធនាគារ​ ​ត្រូវ​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​ជន​ជាប់ឃុំ និង​ការរិះគន់​នានា​ពី​មហាជន។

លោក អំ សំអាត៖ «បើសិន​គាត់​មាន​បញ្ហា​ភ្នែក​មែន ហើយ​ត្រូវ​ការ​បញ្ជូន​ដើម្បី​ឱ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​និង​ព្យាបាល អាហ្នឹង​ខាង​ពន្ធនាគារ​ត្រូវតែ​បញ្ជូន​ទៅ ពីព្រោះ​មិនអាច​ទុក​ឱ្យ​គាត់​ពិការ ឬ​អាច​មាន​ជំងឺ​ភ្នែក​កាន់តែ​ធ្ងន់ធ្ងរ​ទេ គឺ​ត្រូវ​មាន​ការពិនិត្យ​និង​ព្យាបាល​ឱ្យ​ទាន់​ពេលវេលា ពីព្រោះ​ជំងឺ​ភ្នែក​មាន​ការ​ឆ្លង»

លោក អំ សំអាត ក៏​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់​ល្មម​ដល់​ពេល​ចូល​តុ​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។

អតីត​ជំទប់​ទី​១​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក យឹម សារ៉េត ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ នៅ​ពេល​ដែល​លោក​កំពុងធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ដោយសារ​លោក​បាន​គាំទ្រ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩។ ប៉ុន្តែ​តុលាការ​ឱ្យ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ ហើយ​ទោស​នៅសល់​ព្យួរ។ លោក យឹម សារ៉េត នឹង​មាន​សេរីភាព​ក្នុង​រយៈពេល​៩​ខែ​ខាងមុខនេះ​។ បច្ចុប្បន្ន​លោក យឹម សារ៉េត កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម បន្ទាប់ពី​អាជ្ញាធរ​ផ្ទេរ​លោក រួម​ទាំង​សកម្មជន​១៣​នាក់​ទៀត​ពី​ពន្ធនាគារ​ព្រៃស នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែ​សីហា ឆ្នាំ​២០២២។

បច្ចុប្បន្ន​មាន​សកម្មជន​នយោបាយ សកម្មជន អ្នកសារព័ត៌មាន មេ​សហជីព ប្រមាណ​៦០​នាក់​កំពុង​ជាប់​នៅ​ពន្ធនាគារ ហើយ​ភាគច្រើន​ពួកគេ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​និង រួម​គំនិត​ក្បត់​។ ប៉ុន្តែ​កន្លងមក​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រទេស​សេរី​មួយចំនួន​បាន​ចាត់ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។