សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​បន្ត​ជួប​ពង្រឹង​សាមគ្គីភាព​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក

0:00 / 0:00

សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​បាត់ដំបង​ប្រមាណ​៥០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មករា បន្ត​ជួបជុំគ្នា​ពង្រឹង​សាមគ្គីភាពជា​ធ្លុង​មួយ ហើយ​បាន​ថ្លែង​គាំទ្រ​លោក សម រង្ស៊ី ធ្វើជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​រួមគ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ។

នេះ​ជា​សំឡេង​សកម្មជន​គណបក្សប្រឆាំង​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី នៅ​ឃុំ​ខ្នាចរមាស ស្រុក​បវេល ជួបជុំគ្នា​ប្ដេជ្ញា​ចិត្ត​រួម​កម្លាំង​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ។

អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្គ្រោះជាតិ លោក ឌឹម សារឿន ថ្លែងប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៦ មករា ថា ពួកគាត់​បាន​ប្ដេជ្ញា​រួចជាស្រេច​ក្នុង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី ចូល​ស្រុក​វិញ បើទោះបី​អាជ្ញាធរ​គំរាម​ចាប់​ដាក់គុក ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ព្រោះ​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ ហើយ​បាន​បិទ​សិទ្ធិ​សេរីភាព​ពួកគាត់​អស់​ជាមួយ​ឆ្នាំ​ហើយ ដើម្បី​លោក​ហ៊ុន សែន បាន​បន្ត​ទៅ​មុខ​ទៀត៖ «បាទ​អត់ទ្រាំ​យូរហើយ គេ​ចោទប្រកាន់​ប្រធាន​ខ្ញុំ​ថា​ក្បត់ជាតិ បើ​ទោះជា​តុលាការ​នឹង​អាក្រក់​ដែល​យើង​មិន​ទទួលស្គាល់​ក៏ដោយ រហូតដល់​ពេលនេះ​រក​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា រក​មិន​ឃើញ​ផង ដូច្នេះ​យើង​ទ្រាំ​ដល់​ណា​ទៀត​ត្រូវតែ​ងើប​ត្រូវតែ​តស៊ូ ពីព្រោះ​ជា​ឱកាស​ល្អ​ដែល​យើង​ត្រូវ​ងើប យើង​មើល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រាប់​ម៉ឺន​នាក់​គេ​ងើប​ហើយ យើង​នៅ​ក្នុង​ប្រទេស​រង់ចាំ​អី​ទៀត​ត្រូវតែ​ងើប»។

លោក​បន្ថែម​ថា កម្លាំង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ប្រចាំខេត្ត​បាត់ដំបង​កាន់តែ​ផុលផុស ក្នុង​ការ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ​គាំទ្រ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ បើទោះបី​ជាថ្មី​នេះ នៅ​ខេត្ត​មួយ​ចំនួន មន្ត្រី​ប៉ូលិស​បាន​បង្ខំ​ឲ្យ​សកម្មជន​ធ្វើ​កិច្ចសន្យា​ឈប់​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សកម្មភាព​បែបនេះ​តទៅ​ទៀត។

ទាក់ទង​នឹង​ករណី​នេះ​កន្លងមក​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ផុលផុស​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ទេ ព្រោះ​លោក​ថា បញ្ហា​នេះ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ៖ «កុំ​ឲ្យ​គេ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រទេសជាតិ​នឹង​ជា​រឿង​ផ្ទៃក្នុង​បោះ​គេ។ បាទ​កាលណា​គាត់​រៀបចំ​គម្រោង​ដែល​រំខាន​ដល់​ការបោះឆ្នោត អា​នឹង​ត្រូវ​មាន​ការគ្រប់គ្រង​ដោយ​ដែន​សមត្ថកិច្ច តែ​ឥឡូវ​ការបោះឆ្នោត​បាន​កន្លែង​ផុត​ហើយ» ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ​ដោយសារ​សកម្មជន​គណ​បក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​សាមគ្គី​គ្នា​រឹងមាំ ព្រោះ​ក្រោយពី​សភា​ឯក​បក្ស​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​​​​​​​នយោបាយ បើកផ្លូវ​ឲ្យ​មន្ត្រី​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​អាច​ដាក់​ពាក្យសុំ​សិទ្ធិ​ពី​នយោបាយ​រដ្ឋមន្ត្រី​ធ្វើ​នយោបាយ​ឡើងវិញ​នោះ។ លោក​បន្ថែម​ថា ការ​ជួប​ជុំគ្នា​នេះ​មិន​ខុសច្បាប់​នោះ​ទេ ព្រោះ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ៖ «ខ្ញុំ​យល់​ឃើញ​ថា បើ​តាម​គោលការណ៍​ច្បាប់កិច្ចសន្យា​ដែល​សមត្ថកិច្ច​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​កន្លងមក​នឹង វា​អត់​អាច​យក​ទៅ​អនុវត្ត​បាន​ពីព្រោះ​បើ​និយាយ​បី​កិច្ចសន្យា​វា​ទាល់តែ​ធ្វើឡើង​ដោយ​ឆន្ទៈ ដោយ​ការព្រមព្រៀង ហើយ​ធ្វើឡើង​ដោយ​ការ​បំភិតបំភ័យ​ដោយ​ការ​គំរាមកំហែង ដូច្នេះ​កិច្ចសន្យា​នេះ​មិន​អាច​យក​ទៅ​អនុវត្តន៍​បានទេ។ បើ​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​មាន​មាត្រា​មួយ​មាន​និយាយ​ពី​ការ​គំរាមកំហែង អីចឹង​សកម្មភាព​គំរាមកំហែង​គឺជា​បទល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ ហើយ​មួយ​រយៈ​ចុយ​ក្រោយនេះ​ខ្ញុំ​ឃើញ​មាន​នៅ​តាម​ប៉ុស្តិ៍​ប៉ូលិស និង​នៅ​អធិការ​នគរបាល​មួយ​ចំនួន មាន​សកម្មភាព​ជា​ការ​គំរាមកំហែង​ប៉ុន្តែ​អត់​មាន​ថ្នាក់លើ​ណាមួយ​មាន​វិធានការ​ទេ»។

លោក​បន្ថែម​ថា ករណី​អាជ្ញាធរ​មិន​ចាត់វិធានការ​ទៅលើ​សមត្ថកិច្ច​ដែល​បាន​បង្ខំ​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​កន្លងមក​នោះ អាច​ជា​ការរៀបចំ​ជា​ប្រព័ន្ធ​ពី​អាជ្ញាធរ​ថ្នាក់លើ ព្រោះ​បើ​មិន​មាន​បញ្ជា​ទេ ក៏​មិន​អាច​ធ្វើ​សកម្មភាព​នេះ​បាន​ដែរ។

លោក ឌឹម សារឿន អះអាង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​យ៉ាង​នេះ​ក្ដី​ក៏​ពួកគាត់​នៅតែ​បន្ត​ការ​ប្រមូលផ្ដុំ​សមាជិក​គណបក្ស​ខ្លួន​ថ្លែង​សារ​នយោបាយ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ លុះត្រា​មាន​ដំណោះស្រាយ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។