សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥នាក់ភៀសខ្លួនពីកម្ពុជា បន្ទាប់ពីតុលាការខេត្តកំពង់ស្ពឺរបស់របបក្រុងភ្នំពេញបានចេញដីកាបង្គាប់ឱ្យចូលខ្លួនជាលើកទីពីរពាក់ព័ន្ធនឹងការប្រមូលផ្តុំគាំទ្រប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលមកកាន់មាតុប្រទេសវិញ។ ការចាកចេញទៅក្រៅប្រទេសរបស់សកម្មជនគណបក្សប្រឆាំងនេះ បានកើតមានឡើងក្រោយពីលោក ហ៊ុន សែន ព្រមានសាជាថ្មីថា អ្នកដែលមិនដើរតាមបន្ទាត់នយោបាយតាមលោក គូសវាសឱ្យដើរនឹងត្រូវចាប់ដាក់ពន្ធនាគារ។
មេធាវីការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិ លោក សំ សុគង់ បញ្ជាក់ថា កូនក្តីរបស់លោកមួយចំនួនធំបានទៅដល់កន្លែងទីតាំងមានសុវត្ថិភាពហើយ ក្រោយពីបានចាកចេញពីប្រទេសកម្ពុជានៅដើមសប្ដាហ៍នេះ។ លោកនិយាយថា ដោយសារតែពួកគេមិនមានជំនឿទៅលើតុលាការរបស់របបលោក ហ៊ុន សែន ទើបពួកគេសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់ក្រោយពីមានដីកាបង្គាប់ឱ្យចូលបំភ្លឺរឿងករណីព្រហ្មទណ្ឌរបស់តុលាការខេត្តកំពង់ស្ពឺ។ លោកមានប្រសាសន៍ទៀតថា ដីការបស់តុលាការជារឿងមិនត្រឹមត្រូវ៖ «ខ្ញុំគិតថា ជារឿងមួយមិនទាន់មានលក្ខណៈត្រឹមត្រូវទេដោយសារការជួបប្រជុំជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញក៏ដូចជាកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក៏ដូចជាច្បាប់ផ្សេងៗដែលធានាថា ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការជួបប្រជុំក៏ដូចជាមានសិទ្ធិចូលរួមក្នុងសកម្មភាពសិទ្ធិធ្វើនយោបាយ»។
សាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាកោះជាលើកទី២ ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៥នាក់ឱ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែមិនា ខាងមុខនេះ ពីបទសង្ស័យថា «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ទាក់ទិនទៅនឹងក្រុមសកម្មជនទាំងនោះបានប្រមូលផ្ដុំគ្នាថ្លែងសារកាលពីខែធ្នូឆ្នាំ ២០១៨ និងពាក់កណ្តាលខែមករា ឆ្នាំ២០១៩ ដើម្បីគាំទ្រលោក សម រង្ស៊ី វិលចូលមកកាន់មាតុប្រទេសកម្ពុជាវិញ។
អតីតមេឃុំជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ ឃុំត្រែងត្រយឹង កញ្ញា កឹម តុលា ប្រាប់អាស៊ីសេរីពីកន្លែងលាក់ខ្លួនមកថា អ្នកស្រីគ្មានជំនឿទៅលើតុលាការក្រោមការដឹកនាំរបស់របបលោក ហ៊ុន សែន អាចនឹងរកយុត្តិធម៌ជូនអ្នកស្រីបានទេ។
អ្នកស្រីបញ្ជាក់ថា អ្នកស្រីគ្រាន់តែជួបជុំសកម្មជនគាំទ្រ និងរៀបចំទទួលទានអារហារពេលល្ងាចជាមួយគ្នាពីគម្រោង ស្វាគមន៍ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះមិនបានប្រព្រឹត្តអំពើក្បត់ជាតិលក់ទឹកដី បំផ្លាញធនធានធម្មជាតិដូចលោក ហ៊ុន សែន ទេ៖ «រឿងហ្នឹងវាពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ វាមិនមែនចោទប្រកាន់ក្នុងករណីពួកខ្មុំធ្វើពាក់ព័ន្ធក្នុងរឿងបង្ហាញជំហរស្មារតីថា ទទួលស្គាល់ប្រធានស្ដីទីរបស់លោកប្រធាន សម រង្ស៊ី អ៊ីចឹង គ្រាន់តែរឿងប៉ុណ្ណឹងជាសិទ្ធិនៃការបង្ហាញគាំទ្រអតីតមេដឹកនាំរបស់យើងសោះវាខុសដែរ។ ដល់បទឧក្រិដ្ឋ បទស្អី វាមិនខុសធ្ងន់ធ្ងរ»។
អតីតសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហុង ថេង បញ្ជាក់ថា បើលោកចូលខ្លួនទៅបំភ្លឺក្នុងតុលាការច្បាស់ជាលោកនឹងត្រូវតុលាការចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារជាមិនខាន។ លោកបញ្ជាក់ថា ជម្រើសដែលល្អបំផុតគឺត្រូវចាកចេញពីប្រទេសកម្ពុជាមួយរយៈដើម្បីរង់ចាំមើលស្ថានភាពនយោបាយជាបន្តទៀត៖ «វាអត់មានអីទៅខុសឆ្គងធ្ងន់ធ្ងរទេ។ គេចោទខ្ញុំហ្នឹងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ពាក្យថាបទឧក្រិដ្ឋនេះបើនិយាយទៅដល់ករណីសម្លាប់មនុស្សឯណោះ។ ចុះបើគ្រាន់តែគាំទ្រមេគណបក្សប៉ុណ្ណឹងចោទដល់ថ្នាក់ហ្នឹង ហើយខ្ញុំដល់ឃើញចោទអ៊ីចឹងខ្ញុំខ្លាចអាចនឹងគេចវេះហើយ»។
កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៨ និង ថ្ងៃទី១៦ មករា ឆ្នាំ ២០១៩ ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិបានធ្វើពិធីជួបជុំគ្នាមួយ ដោយមានការទទួលទាននំបញ្ចុកដើម្បីសំដែងការគាំទ្ររបស់ពួកគេ នឹងត្រៀមខ្លួនដើម្បីដង្ហែលោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញ។ ក្រោយពីឱសានវាទនៃការភ្នាល់គ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់កាលពីថ្ងៃទី៣ មិនាកន្លងទៅ។
មានប្រសាសន៍នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ នេះលោក សម រង្ស៊ី បញ្ចាក់ថា គម្រោងវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីចាប់លោក ហ៊ុន សែន មិនផ្លាស់ប្ដូរទេ រហូតទាល់តែអន្តរជាតិសំពងលោក ហ៊ុន សែន ឱ្យទ្រមខ្លួនសិន។ លោកបញ្ជាក់ថា លោកនឹងវិលមកមាតុប្រទេសវិញនៅក្នុងអំឡុងឆ្នាំ២០១៩ខាងមុខនេះ៖ «ខ្ញុំនឹងទៅស្រុកខ្មែរបំផុសបំផុលឱ្យប្រជារាស្ត្រងើបឈរពេលនោះកងកម្លាំងប្រដាប់អាវុធគឺឈរខាងប្រជារាស្ត្រអត់ការពារហ៊ុន សែន ក្រុមគ្រួសារលោក ហ៊ុន សែន ទេ គឺការពារប្រជារាស្ត្រ»។
កាលពីថ្ងៃចន្ទលោក ហ៊ុន សែន និយាយថា អ្នកដែលត្រៀមខ្លួនទទួលមេដឹកនាំគណបក្សប្រឆាំងនឹងប្រឈមមុខចាប់ខ្លួន៖ «លោកធ្វើថែមតិចទៀតទៅ បន្តិចទៀតបានជាប់ខ្នោះហើយដើម្បីត្រៀមទទួលស្អីណាមកចូលចាប់ ហ៊ុន សែន នោះ»។
ចាប់តាំងពីចុងឆ្នាំ២០១៨មកមានអតីតមន្ត្រីជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ត្រូវសមត្ថកិច្ចហៅទៅសាកសួរ ជុំវិញការបង្ហាញជំហររបស់ពួកគេគាំទ្រ និងការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាវិញ ហើយមានសកម្មជនគណបក្សមួយចំនួនបានភៀសខ្លួនចេញក្រៅប្រទេស៕
រដ្ឋធម្មនុញ្ញមាត្រាទី៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕
អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការសម្របសម្រួល ជនភៀសខ្លួនប្រចាំប្រទេសថៃខាងគណបក្សសង្គ្រោះជាតិ លោក ឡុង រី ប្រាប់អាស៊ីសេរីថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរបបក្រុងភ្នំពេញរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មក។ មានសមាជិកក្រុមប្រឹក្សា ឃុំ និង មន្ត្រីជាន់ខ្ពស់គណបក្សចំនួន ជិត៨០ នាក់បានភៀសខ្លួនចេញទៅក្រៅប្រទេស៕