ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា

0:00 / 0:00

មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក​ម្នាក់​ដោយ​មិន​ដឹង​មូលហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​បាន​ចូល​ទៅ​ចាប់​ស្វាមី​របស់​លោក​ស្រី​នៅ​ក្នុង​ផ្ទះ ដោយ​គ្មាន​ដីកា​ពី​តុលាការ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​អំពើ​ខុសច្បាប់។

ភរិយា​លោក យ៉ាត ភារម្យ ដែល​ជា​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​ស្វាយចេក លោកស្រី មិន មុំ ប្រាប់​អាស៊ីសេរី​ក្រោយ​ហេតុការណ៍​ចាប់ខ្លួន​នេះ​ថា ប៉ូលិស​បាន​ចូល​ទៅ​ចាប់​ស្វាមី​លោកស្រី​ដល់​ក្នុង​ផ្ទះ នៅ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក នៅ​ម៉ោងជាង ៦​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា។

លោកស្រី​រៀបរាប់​ថា នៅ​ពេល​ចាប់ខ្លួន​នោះ ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មន្ត្រី​ប៉ូលិស​នៅ​ស្រុក​ស្វាយចេក បាន​បង្ខំ​ឱ្យ​លោក យ៉ាត ភារម្យ ឱ្យ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយចេក ដើម្បី​សាកសួរ​រឿង​គ្រោះថ្នាក់​ចរាចរណ៍។ លោកស្រី​បញ្ជាក់​ថា ស្វាមី​របស់​លោកស្រី​បាន​ប្រកែក​មិន​ព្រម​ទៅតាម​បញ្ជា​របស់​ប៉ូលិស​នោះ​ទេ ពីព្រោះ​ស្វាមី​អះអាង​ថា លោក​មិន​ធ្លាប់​មាន​កំហុស និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ការ​អះអាង​របស់​ប៉ូលិស​ឡើយ​។ លោកស្រី​បន្ត​ថា ក្រោយ​មក ស្វាមី​ក៏​ព្រម​ទៅតាម​ប៉ូលិស បន្ទាប់ពី​ប៉ូលិស​និយាយ​បង្ខំ​ថា បើសិនជា​លោក​មិន​មាន​កំហុស​ទេ ត្រូវតែ​សហការ​ជាមួយ​ប៉ូលិស​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយចេក ហើយក៏​ស្រាប់​នាំ​ខ្លួន​ប្ដី​យក​ទៅ​ខេត្ត​បន្ទាយមានជ័យ​តែម្ដង៖ «អ៊ីចឹង​ខ្ញុំ​ក៏​ទាក់ទង​ប៉ូលិស​ឃុំ​និង​ស្រុក ហើយ​លោក​អធិការ​ស្រុក​និយាយ​ថា បញ្ជូន​មក​ខេត្ត​ហើយ គេ​អត់​បាន​ចូល​ទី​នោះ​ទេ​។​ខ្ញុំ​យល់ថា​វា​ដូចជា​អយុត្តិធម៌​ណាស់ ព្រោះ​ហេតុផល​គ្មាន​ភស្តុតាង​អី​មក​ចាប់​ប្ដី​ខ្ញុំ​ទៅ ហើយ​បើ​គ្រោះថ្នាក់​ចរាចរណ៍​ហេតុ​អី​មិន​មក​ពិនិត្យ​ឡាន​ខ្ញុំ​ទៅ ហើយ​ចាប់​ប្ដី​ខ្ញុំ​អត់​ឱ្យ​ដំណឹង​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​យល់​ថា ប្រហែល​មិនមែន​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទេ ព្រោះ​ឡាន​ខ្ញុំ​ទើប​ទិញ​ប្រហែល​មួយ​ខែ ព្រោះ​ពន្ធ​ឡាន​ទើបតែ​យក​មក​ត្រៀម​ទៅ​ស្លាក​លេខ ឥឡូវ​មិនទាន់​បាន​ធ្វើ​ផង​មក​មានរឿង​អ៊ីចឹង»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ លោក វង្ស ប្រាថ្នា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដោយ​លោក​ទទួល​ទូរស័ព្ទ​ចំនួន ៣​លើក ហើយ​ប្រាប់​ថា​ស្ដាប់​មិន​ច្បាស់៖ «អត់​ឮ ឮ​តែ​ខ្យល់​មិន​ដឹង​ថា ម៉េច​ផង»។

ទោះជា​យ៉ាងណា​លោក ស្រី មិន មុំ ថ្លែង​ថា លោកស្រី​បាន​ទៅ​រក​ស្វាមី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ការ​ចាប់​ខ្លួន ប៉ុន្តែ​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រាប់​លោកស្រី​ថា ប៉ូលិស​បញ្ជូន​លោក យ៉ាត ភារម្យ ទៅ​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍ថា សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ដោយ​ខុសច្បាប់ ពីព្រោះ​រាល់​ការ​ចាប់ខ្លួន​ពលរដ្ឋ​ណា​ម្នាក់ គឺ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​ដីកាចាប់ខ្លួន​ពី​តុលាការ ទៅ​សាច់ញាតិ ឬ​សាមីខ្លួន​ឱ្យ​បាន​ដឹង​ជាមុន គឺ​មិនមែន​ទៅ​ចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​បែបនេះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ករណី​នេះ​គឺជា​រឿង​នយោបាយ​ច្រើនជាង ដោយសារ​កន្លងមក លោក យ៉ាត ភារម្យ តែងតែ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ​ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ៖ «ក្នុង​ច្បាប់​កតិកា​សន្ធិសញ្ញា​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា គេ​ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ ធ្វើការ​ចូលរួម​ជីវភាព​នយោបាយ​យ៉ាងសកម្ម។ អីចឹង​ការសម្ដែង​មតិ​បែបនេះ​វា​មិនមែន​ជា​អំពើ​ខុសច្បាប់​ទេ ការ​ចាប់ខ្លួន​ណា​ដែល​មិន​អនុវត្ត​ត្រឹមត្រូវ​ទៅវិញ​ទេ ដែល​ជា​ការ​ខុសច្បាប់​។​អីចឹង​សិទ្ធិ​បែបនេះ​គួរតែ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ពិនិត្យ​ឡើង​វិញ​ទៅលើ​ការអនុវត្ត​ទាំងអស់​នេះ កុំ​ឱ្យ​គេ​មើល​មក​ឃើញ​ថា ប្រពន្ធ​ការអនុវត្ត​ច្បាប់​កម្ពុជា​មាន​ភាព​លំអៀង​ទៅលើ​អ្នកនយោបាយ​ដែល​រិះគន់​គណបក្ស​កាន់អំណាច»។

នៅ​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដដែល លោកស្រី មិន មុំ បាន​សុំ​អន្តរាគមន៍​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ស្វាមី។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​ស្វាយចេក​លោក យ៉ាត ភារម្យ កន្លង​មក លោក​តែង​ជួប​ប្រជុំគ្នា​ពង្រឹង​សាមគ្គីភាព​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបន្ទាយមានជ័យ​ជា​ញឹកញាប់ ហើយ​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២២​នាក់​ហើយ ដែល​របប​លោក​ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​តាមច្បាប់​កម្ពុជា​អនុញ្ញាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។