បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​បន្ថែម​ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា

ដោយ មួង ណារ៉េត
2019.03.03
Share on WhatsApp
Share on WhatsApp
កឹម សុខា ៦២២ លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​បន្ថែម​លើ​របប​លោក ហ៊ុន សែន ឱ្យ​ដោះលែង​​លោក កឹម សុខា ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ថ្ងៃទី៣ ខែ មីនា​នេះ គណបក្ស​នេះ រម្លឹក​របប​លោក ហ៊ុន សែន ថា​គិត​មក​ត្រឹម​ថ្ងៃនេះ គឺ​មាន​រយៈពេល ១៨ ខែហើយ ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​ចាប់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង និង​នៅ​គេហដ្ឋាន របស់​លោក ដោយ​អយុត្តិធម៌។ គណបក្ស​សង្គ្រោះ​ជាតិ បន្ថែម​ថា ចំណាត់ការ​លើ​លោក កឹម សុខា នេះ​ធ្វើ​ទាំង​បំពាន និង​កម្រោល ដែល​រំលោភច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចេតនា​នយោបាយ​សុទ្ធសាធ ក្នុង​ការ​កម្ចាត់​គូប្រកួត​ប្រជែង​នយោបាយ ដ៏​មាន​សក្ដានុពល និង​ជា​ការ​បំបាក់​ស្មារតី​អ្នក​ប្រជាធិបតេយ្យ ដែល​ស្រលាញ់​សិទ្ធិ​សេរីភាព ការ​គោរព​សិទ្ធិមនុស្ស និង​យុត្តិធម៌។

សេចក្ដី​ថ្លែងការណ៍​ដដែល លើកឡើង​ទៀត​ថា លោក កឹម សុខា គឺជា​និមិត្តរូប​នៃ​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន និង​ការ​តស៊ូ​ដោយ​អហិង្សា ដើម្បី​សិទ្ធិ​សេរីភាព ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

គណបក្ស​សង្គ្រោះជាតិ​ទាមទារ ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ។

សមត្ថកិច្ច​ក្រោម​ការ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​នៃ​របប​ឯក​បក្ស លោក ហ៊ុន សែន បាន​ចូល​ទៅ​ចាប់ខ្លួន​លោក កឹម សុខា ទាំង​កម្រោល ដល់​គេហដ្ឋាន ទាំង​រំលង​អធ្រាត្រ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។ សមត្ថកិច្ច​បាន​ឃុំខ្លួន​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​កំពង់ចាម ក្បែរ​ព្រំដែន​វៀតណាម តាំងពី​ពេលនោះ​មក រហូតដល់​ខែ​តុលា ឆ្នាំ​២០១៨ ទើប​បញ្ជូន​លោក មក​ឃុំខ្លួន​ក្នុង​ផ្ទះ នៅ​ឯ​ទីក្រុង​ភ្នំពេញ​វិញ។

ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ គឺជា​ផ្នែក​មួយ នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ របប​លោក ហ៊ុន សែន អះអាង​ថា នេះ​មិនមែន​ជា​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ទេ និង​ថា លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​តាំងពី​ផ្ទេរ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ​មក​ម្ល៉េះ។

ទោះជា​យ៉ាង​នេះ​ក្តី រូបភាព​នៃ​ការ​ដាក់​លោក កឹម សុខា ឱ្យ​នៅតែ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ដើរ​ទៅ​ណា​រួច ហើយ​ហាមឃាត់​សិទ្ធិ​នយោបាយ​គ្រប់បែប​យ៉ាង និង​មិន​ឱ្យ​ជួប​ប្រាស្រ័យ​ទាក់ទង មនុស្ស​ដទៃ​ក្រៅ​តែ​ពី​សមាជិក​គ្រួសារ និង​ក្រុម​មេធាវី​ដូច្នេះ គឺជា​ការ​បន្ត​ឃុំខ្លួន​លោក កឹម សុខា គ្រាន់តែ​ប្តូរ​ទីកន្លែង​ឃុំខ្លួន​ប៉ុណ្ណោះ។

ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា កាលពី​ពាក់​កណ្ដាល ខែ​កុម្ភៈ រម្លឹក​អំពី​ភាព​អយុត្តិធម៌ នៃ​ការ​ឃុំខ្លួន លោក កឹម សុខា ដែល​អូស​បន្លាយ​អស់​ជិត ១៨​ខែ​ហើយ នៅតែ​គ្មាន​ការ​ជំនុំជម្រះ​ក្តី​នៅ​ឡើយ បែប​នេះ។

សារ​របស់​ស្ថានទូត​អាមេរិក ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាលណោះ ផ្ដើម​ដោយ​សំណួរ​ថា “​តើ​អ្នកដឹង​ទេ​ថា លោក កឹម សុខា ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត ១៨​ខែ ឬ​មាន​រយៈពេល ៥៣០​ថ្ងៃ​ហើយ​? គាត់​ជា​មនុស្ស​ស្អាតស្អំ ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​”​។ សារ​ដដែល​បន្ត​ថា “​គ្មាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​លោក កឹម សុខា ឡើយ ហើយក៏​មិនទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​” ។ ចុង​បញ្ចប់​នៃ​សារ​នោះ បន្ថែម​ថា "​គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​។ តើ​អ្នក​កំពុង​មើល​ឃើញ​រូបភាព​រួម​ក្នុង​ករណី​លោក កឹម សុខា​នេះ ឬទេ​?”

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ទោះបីជា​លោក កឹម សុខា មិន​ស្ថិត​ក្នុង​ពន្ធនាគារ​ដូច​មុន​ក្តី ក៏​លោក កឹម សុខា នៅតែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ហួស​ប្រមាណ មិន​ខុសគ្នា​ពី​កាល​លោក​ជាប់​ពន្ធនាគារ ត្រពាំង​ផ្លុង នោះ​​ដែរ៖ «កន្លង​មក​នេះ លោក កឹម សុខា ក៏​មិន​ជា​បាន​ជួប​សាធារណជន​ទូទៅ​ដែរ ដោយសារ​លោក​គោរព​កាតព្វកិច្ច​តុលាការ​។ លោក​យល់​ឃើញ​ថា ខ្លាច​ជួយ​អ្នកនេះ ឬ​អ្នកនោះ ចំ​តុលាការ​ហាមឃាត់​។ ដូច្នេះ​គាត់​មិនបាន​ជួប​សាធារណជន​ទេ​។ ជាទូទៅ​គាត់​ជួប​តែ​មេធាវី​ទេ​។ គាត់​ជួប​តែ​ក្រុម​គ្រួសារ សាច់ញាតិ និង​មេធាវី​របស់​គាត់​ប៉ុណ្ណោះ»

បន្ថែម​ទៅលើ​ការ​រឹតត្បិត​នៃ​សេរីភាព​ក្នុង​ការ​ដើរហើរ​នេះ អ្នកស្រី ម៉េង សុភារី បន្ថែម​ថា លោក កឹម សុខា ក៏​រង​ការ​រឹតត្បិត​ខ្លាំង ចំពោះ​សេរីភាព​ក្នុង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ផង​ទាំងពួង ក្នុង​នោះ​មាន​ទាំង​រឹតត្បិត​មិន​ឱ្យ​ជួប​ជនបរទេស​ផង។

អ្នកស្រី​បន្ត​ទៀត​ថា ស្ថានភាព​នេះ ធ្វើ​ឱ្យ​មានការ​លំបាក​ខ្លាំង និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​របស់​កូន​ក្តី​អ្នកស្រី ព្រោះ​តុលាការ​រហូតមកដល់​ពេលនេះ ក៏​មិនបាន​ពន្យល់​ឱ្យ​ច្បាស់​ថា តើ​បុគ្គល​ណាខ្លះ ដែល​លោក កឹម សុខា មិន​អាច​ទាក់ទង​បាន​៖ «​សព្វថ្ងៃ​នេះ យើង​ឃើញ​ថា គាត់​នៅ​ក្នុង​ផ្ទះ អត់​អាច​ចេញ​ទៅ​ណា​បាន។ ដូច​នៅ​ក្នុង​ការ​ឃុំខ្លួន​ដែរ​។ ជា​ការ​ពិត​ឃើញ​ដូច្នេះ​មែន​។ តុលាការ​បាន​កម្រិត​សេរីភាព​គាត់ រឹតត្បិត​ហួសហេតុ​ពេក ជាពិសេស​សិទ្ធិ​ក្នុង​ការ​ដើរហើរ ដែល​កំណត់​ព្រំដែន​ដើរហើរ​របស់​គាត់ មាន​ទំហំ​តួច​ចង្អៀត។ ដូច្នេះ គាត់​អត់​អាច​ទៅ​ណា​ឆ្ងាយ​ហួស​ពី​បរិវេណ​ផ្ទះ​គាត់​ហ្នឹង​ទេ»

តាម​នីតិវិធី​ច្បាប់ កាលណា​ជន​ត្រូវ​ចោទ ស្ថិត​ក្នុង​ការ​ឃុំខ្លួន​គ្រប់​កំណត់ ១៨​ខែ តុលាការ​ត្រូវ​ដោះលែង​ជន​នោះ​ឱ្យ​នៅ​ក្រៅ​ឃុំ ឬ ត្រូវ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។

ប៉ុន្តែ ដោយសារ​ក្រសួង​យុត្តិធម៌ អះអាង​ថា លោក កឹម សុខា មិន​ស្ថិត​ក្រោម​នីតិវិធី​ឃុំខ្លួន ក្នុង​ករណី​នេះ ចៅក្រម​ស៊ើបសួរ អាច​អូស​បន្លាយ​ពេល​បង្ខាំង​លោក កឹម សុខា ឱ្យ​នៅ​ក្នុង​ផ្ទះ រហូត​យូរ​ប៉ុនណា ក៏បាន​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី សហគមន៍​អន្តរជាតិ ទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក សុទ្ធតែ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ពួកគេ​យល់ថា ការ​ចាប់ខ្លួន​លោក កឹម សុខា គឺជា​ផ្នែក​មួយ​នៃ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។