តុលាការ​ខេត្ត​កំពត​បន្ត​សាកសួរ​មន្ត្រី​បក្ស​ប្រឆាំង​រឿង​ប្រមូល​ផ្តុំ​សកម្មជន​សង្គ្រោះជាតិ

ដោយ ហេង រស្មី
2019.08.18
នុត ពេជ ៦២២ សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​ជា​អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ពេល​ត្រូវ​​គេ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​នេះ នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៩។
Photo courtesy of Adhoc

សមត្ថកិច្ច​ខេត្ត​កំពត បាន​នាំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​ជា​អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ទៅ​បន្ត​នីតិវិធី​ស៊ើបសួរ​នៅ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី១៨ សីហា។ ក្រោយ​ការសាកសួរ​ប្រហែល ១​ម៉ោង ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​នាំគ្នា​ទៅ​ឡោមព័ទ្ធ និង​ឡើង​ឆែកឆេរ​ផ្ទះ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ទៀត​ផង។

សាច់ញាតិ​របស់ លោក នុត ពេជ ម្នាក់ ឱ្យ​អាស៊ីសេរី​ដឹង​ថា សមត្ថកិច្ច​ប្រហែល​៤០​នាក់ បាន​ជិះ​ឡាន​ទៅ​ឡោមព័ទ្ធ និង​ឆែកឆេរ​ផ្ទះ លោក នុត ពេជ នៅ​ភូមិ​ស្រង៉ែ ឃុំ​បឹងនិមល ស្រុក​ឈូក នៅ​ម៉ោង​ប្រមាណ​១១​កន្លះ ថ្ងៃ​ទី​១៨ សីហា។ សមត្ថកិច្ច​ប្រាប់​អ្នកផ្ទះ​របស់ លោក នុត ពេជ ថា ពួកគេ​មក​ឆែកឆេរ​ផ្ទះ ដើម្បី​រក​ឯកសារ​ភស្តុតាង​បន្ថែម​ទាក់ទង​នឹង​បទចោទប្រកាន់​របស់​តុលាការ​លើ​លោក នុត ពេជ។

សាច់ញាតិ​បន្ត​ថា ក្រោយ​ការ​ឆែកឆេរ​ជិត​មួយ​ម៉ោង សមត្ថកិច្ច​​រក​មិន​ឃើញ ឯកសារ​បទល្មើស​ទេ តែ​សមត្ថកិច្ច​បាន​គំរាម​កូនប្រុស​ច្បង​របស់​លោក នុត ពេជ ឱ្យ​ប្រគល់​ទូរស័ព្ទ​ដៃ​លោក នុត ពេជ ឱ្យ​សមត្ថកិច្ច​។ កូនប្រុស​របស់​លោក នុត ពេជ ប្រាប់​សមត្ថកិច្ច​ថា លោក​មិន​បាន​ដឹង​ពី​ទូរស័ព្ទ​របស់​ឪពុក​នៅ​ទី​ណា​​​ទេ​។ សាច់ញាតិ​ដដែល​ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ ប្រពន្ធ និង​កូនៗ របស់​លោក នុត ពេជ កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន៖ «គាត់​គំរាម​ថា ត្រូវតែ​យក​ទូរស័ព្ទ​ឱ្យ​អ៊ីចឹង​ណា​។ បាទ​! តែ​អ្វី​ដែល​ជាក់ស្ដែង​ឥឡូវ​អត់​ដឹង​ថា ទូរស័ព្ទ​ហ្នឹង​នៅ​ទី​ណា​ឱ្យ​ពិត​ប្រាកដ​​អ៊ីចឹង​ណា ព្រោះ កាលដែល​ចាប់ខ្លួន​គាត់​ហ្នឹង គឺ​កំពុងតែ​នៅ​វាលស្រែ គាត់​កំពុងតែ​លើក​ភ្លឺ​ស្រែ»

សមត្ថកិច្ច​ខេត្ត​កំពត បាន​ចុះទៅ​ឡោមព័ទ្ធ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​ឈូក លោក នុត ពេជ អាយុ ៦៤​ឆ្នាំ ពី​ក្នុង​វាល​ស្រែ ពេល​លោក​កំពុង​ស្ទូងស្រូវ និង​លើក​ភ្លឺ​ស្រែ កាល​ពី​ថ្ងៃ​ទី​១៧ សីហា​។ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កំពត លោក អ៊ី ឃាង ​ចោទ​ប្រកាន់​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ពី​បទ​ប្រឆាំង​សាលដីកា​​តុលាការ​កំពូល និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ប្រព្រឹត្តទៅ​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា នៅ​ភូមិ​ព្រៃ​សំណាង​លើ ឃុំ​ខ្ជាយខាងជើង ស្រុក​ដងទង់។

អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត លោក ខាន់ សុផល និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត ប្រាប់​ថា ពួក​លោក​សុទ្ធតែ​មិន​បាន​នៅ​ប្រចាំ​ការ​ថ្ងៃ​អាទិត្យ ដូច្នេះ​ពួក​លោក​មិន​ដឹង​ពី​ករណី​នេះ​ទេ។ ចំណែក​ព្រះរាជ​អាជ្ញារង​ម្នាក់ ដែល​នៅ​ប្រចាំការ​ថ្ងៃអាទិត្យ ប្រាប់​អាស៊ីសេរី​ថា លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​បានទេ ដោយសារ​លោក​មិនមែន​ជា​អ្នក​នាំ​ពាក្យ។ លោក នុត ពេជ គឺជា​មនុស្ស​ទី​១៥ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន ដាក់​ពន្ធនាគារ ក្នុង​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន នៅ​ឆ្នាំ​២០១៩ នេះ​។ សមាជិក​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន មាននៅ​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះសីហនុ និង​ខេត្ត​កំពត​។ ដោយឡែក​សកម្មជន​បក្ស​ប្រឆាំង​ជាង​១៤០ នាក់ ផ្សេងទៀត​នៅ​កន្លែង​ដទៃ ក៏​ត្រូវ​បាន​អាជ្ញាធរ កោះហៅ​ឱ្យ​ចូល​ខ្លួន និង​ចេញ​ដីកា​សាកសួរ ជា​បន្តបន្ទាប់​ដែរ គ្រាន់តែ​មិន​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា បើ​ទោះ​ជា​សមាជិក​បក្ស​ប្រឆាំង​ថ្លែង​សារ​នយោបាយ ឬ​គាំទ្រ​អ្នកនយោបាយ​ណា​ក៏​ដោយ ក៏​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែរ។ លោក​ថា លោក នុត ពេជ មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​ទេ ព្រោះ​សកម្មភាព​របស់​គាត់ មិន​បាន ប៉ះពាល់​ដល់​បុគ្គល​ណា​ម្នាក់​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា ការ​ប្រើ​បទ​ចោទ​ផ្ដេសផ្ដាស លើ​សមាជិក​បក្ស​ប្រឆាំង នឹង​នាំ​ឱ្យ​កេរ្តិ៍ឈ្មោះ​តុលាការ និង​រដ្ឋាភិបាល កាន់តែ​អាក្រក់៖ «ការ​ប្រើ​វិធានការ​បែបនេះ មិនមែន​ជា​វិធាន​មួយ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នូវ​ស្ថានភាព​នយោបាយ​ទេ​។ វា​ផ្ទុយទៅវិញ ការ​ធ្វើ​បែបនេះ វា​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ក្នុងពេលដែល​ប្រទេស​លោក​សេរី កំពុង​ដាក់​លក្ខខណ្ឌ​ឱ្យ​កម្ពុជា​វិល​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ហ្នឹង»

កូនប្រុស​ម្នាក់ របស់​លោក នុត ពេជ គឺ​លោក សន់ ធានី ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី១៧ សីហា ថា ការ​ចាប់​ខ្លួន​ឪពុក​លោក អាច​ដោយសារតែ​គាត់​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​រួចមក។ លោក សន់ ធានី ប្រាប់​ថា ឪពុក​លោក​មិន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​ទេ ហើយ​ក្រោយ​ពេល​រំលាយ​បក្ស​ប្រឆាំង គាត់​មិនបាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ដទៃ​ឡើយ ដោយ​សុខចិត្ត​នៅ​ប្រកប​របរ​ធ្វើស្រែ​វិញ។

តាំង​ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​វាលស្រែ​មក លោក នុត ពេជ មិន​ទាន់​បាន​ផ្លាស់ប្ដូរ​ខោអាវ​ស្ទូង​ស្រូវ ដែល​ប្រឡាក់​ដោយ​ដី​ភក់​នោះ​នៅឡើយ​ទេ​។ សមត្ថកិច្ច​ខេត្ត​កំពត​បាន​ដាក់​ខ្នោះដៃ និង​បណ្ដើរ​លោក​ដោយ​គ្មាន​ឱ្យ​ពាក់​ស្បែកជើង តាំង​ពី​វាលស្រែ រហូត​ដល់​ក្នុង​ពន្ធនាគារ​ខេត្ត។ ក្នុង​ពេល​បណ្ដើរ យក​ទៅ​សាកសួរ​នៅ​សាលាដំបូង​ខេត្ត​កំពត លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​កោរសក់​ថែម​ទៀត​។ អ្នក​ការពារ​សិទ្ធិមនុស្ស​ថា នេះ​ជា​រូបភាព​នៃ​ការ​ធ្វើ​ទារុណកម្ម​លើ​ជន​ចាប់​ចោទ ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។