អនុប្រធានគណបក្សសង្រ្គោះជាតិ បញ្ជាក់ជាថ្មីថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានកំណត់យកព្រំដែនថៃ ជាទីកន្លែងឆ្លងកាត់របស់លោក សម រង្ស៊ី និងកម្មករកំពុងធ្វើការនៅប្រទេសថៃ ដើម្បីត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា។
អ្នកស្រី មួរ សុខហួរ មានប្រសាសន៍ថា គណបក្សសង្រ្គោះជាតិ បានកំណត់យកប្រទេសថៃ ជាគោលដៅអាទិភាពទី១ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅកម្ពុជាវិញ ធ្វើដូចភ្ញៀវទេសចរដទៃទៀតដែរ ហើយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ កំពុងធ្វើការងារការទូតជាមួយ គណៈកម្មការបរទេសសភាថៃ និងមន្រ្តីក្រសួងការបរទេសថៃ ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិឆ្លងកាត់ព្រំដែនថៃ វិលទៅកម្ពុជាវិញដោយសុវត្ថិភាព៖ «មាតុភូមិនិវត្តន៍ គឺជាផែនការអំអិត ដែលយើងកំពុងតែធ្វើ ហើយទោះជាលោក ហ៊ុន សែន ស្នើឲ្យប្រទេសអាស៊ានស្នើឲ្យចាប់ចងយើងខ្ញុំក្ដី តែមេដឹកនាំអាស៊ានមិនធ្វើតាមលោក ហ៊ុន សែន ទេ ផ្ទុយទៅវិញ ខ្ញុំកំពុងតែធ្វើកិច្ចការចរចាជាមួយគណៈកម្មការបរទេសសភាថៃ ដើម្បីបើកច្រកឲ្យយើងខ្ញុំធ្វើដំណើរឆ្លងកាត់តាមប្រទេសថៃ»។
អ្នកស្រីមួរ សុខហួរ លើកឡើងដូច្នេះ នៅបន្ទាប់ពីអាជ្ញាធរថៃ មិនអនុញ្ញាតឲ្យអ្នកស្រីចូលទឹកដីថៃកាលពីពេលថ្មីៗ នេះ ហើយអ្នកស្រីក៏ត្រឡប់មកចូលរួមប្រជុំនៅទីក្រុងស៊ាអាថល (Seattle) (Washington State) ដើម្បីជួបជុំពលរដ្ឋខ្មែរនៅទីនោះ ប្រមូលផ្ដុំគ្នា និងរៀបចំផែនការយុទ្ធសាស្រ្តបន្ថែម ទាក់ទងនឹងការធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ វិច្ឆិកា។
អ្នកស្រី មួរ សុខហួរ ដែលបច្ចប្បន្នកំពុងនៅសហរដ្ឋអាមេរិក អះអាងថា ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានប្ដេជ្ញាចិត្តវិលទៅកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកាឲ្យទាល់តែបាន ហើយបើសិនជាភាគីថៃមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ទឹកដីថៃ ឬយ៉ាងណានោះ គឺគណបក្សសង្រ្គោះជាតិនឹងប្រកាសអំពីមធ្យោបាយមាតុភូមិនិវត្តន៍នេះ ៣ថ្ងៃមុនថ្ងៃកំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
