ក្រុមសកម្មជនបក្សប្រឆាំងដែលរត់ចេញពីការយាយីពីសំណាក់របបក្រុងភ្នំពេញ កំពុងជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈដែលរដ្ឋាភិបាលថៃ បន្តដាក់ប្រទេសក្នុងភាពអាសន្នមួយខែទៀត ដោយសារតែមានការចម្លងជំងឺកូវីដ-១៩ (Covid-19)។ ទោះជាយ៉ាងនេះក្តី ពួកគេនៅតែប្ដេជ្ញាចិត្តបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិតទៅទៀត ដើម្បីឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅប្រទេសកម្ពុជា។
អតីតសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាមរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី គឹន ស្រីអូន ឱ្យដឹងថា អ្នកស្រី បានរស់នៅភៀសខ្លួនក្នុងប្រទេសថៃជាង ៣ឆ្នាំហើយ ជាមួយកូនប្រុសអាយុ ១៦ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយដោយសារគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្រីថ្លែងថា អ្នកស្រីត្រូវបង្ខំចិត្តចេញធ្វើការលួចលាក់ពីប៉ូលិសថៃ ដោយលើកអីវ៉ាន់ឱ្យគេក្នុងផ្សារមួយកន្លែង ជាយទីក្រុងបាងកក ជារៀងរាល់ថ្ងៃ។
ស្ត្រីមេម៉ាយវ័យ៣៨ឆ្នាំរូបនេះ ឱ្យដឹងថា កាលពីមិនទាន់មានជំងឺកូវីដ-១៩ នេះកើតឡើង អ្នកស្រីអាចរកប្រាក់ចំណូលចន្លោះពី២០០បាត ទៅ៣០០បាតក្នុងមួយថ្ងៃ ពីការងារលើកខោរអាវក្បាលគីបឱ្យថៅកែថៃ និងខ្មែរ។ ប៉ុន្តែក្នុងកំឡុងពេលមានជំងឺឆ្លងកូវីដ-១៩នេះ អ្នកស្រីថា ការងារដែលធ្លាប់ធ្វើកន្លងមកមិនមានដូចពីមុនទៀតទេ ធ្វើឱ្យអ្នកស្រី សឹងតែមិនអាចរកប្រាក់ចំណូល យកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៖ «ឥលូវមានបញ្ហាប្រឈមច្រើនមុខដែរហ្នឹង ពីជំងឺកូវីដហ្នឹង។ យើងអត់អាចទៅ កន្លែងធ្វើការ ភាគច្រើនគេអត់យកយើងទេ ។ យើងជាខ្មែរអ៊ីចឹង គេមិនមែនរើសអើងទេ គេខ្លាច ឆ្លងជំងឺ តែបើជនជាតិគេថៃអ៊ីចឹង គេធ្លាប់ធ្វើការនៅហ្នឹង គេឱ្យតែជនជាតិថៃគេធ្វើការ។ ដល់អ៊ីចឹងខ្ញុំទៅធ្វើការឱ្យខ្មែរដូចគ្នាដែរហ្នឹង។ យើងមកអ៊ីចឹង គាត់ឱ្យធ្វើ យកលុយ លួចលាក់ៗ អ៊ីចឹងទៅ ។ ដល់ពេល តម្រួត ចុះមក គាត់ឱ្យយើង រត់គេច ពួនផុតសិន។ និយាយទៅប្រឈមនឹងបញ្ហាគ្រោះថ្នាក់ច្រើនដែរហ្នឹង។ បើយើងអត់ទៅធ្វើការ អត់ទៅរកលុយទេ យើងអត់មានលុយអីដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរាល់ថ្ងៃ»។
អ្នកស្រី រៀបរាប់ថា ក្នុង១ខែៗ អ្នកស្រី ត្រូវជួយបង់ថ្លៃបន្ទប់ជួលប្រមាណជាង ១ពាន់បាត ឬស្មើនឹង៣០ដុល្លារអាមេរិក ឱ្យទៅស្ត្រីពលករខ្មែរម្នាក់ទៀត ដែលរស់នៅជាមួយគ្នា។ ក្រៅពីនេះ អ្នកស្រី ក៏មានបញ្ហាប្រឈមនឹងកង្វះអាហារបរិភោគប្រចាំថ្ងៃដែរ ដោយសារមិនមានប្រាក់ចំណូលពីការងារ។
មន្ត្រីគណបក្សសង្គ្រោះជាតិរូបនេះ អំពាវនាវដល់សប្បុរសជនខ្មែរនៅក្រៅប្រទេសជួយឧបត្ថម្ភដល់អ្នកស្រី និងសកម្មជនដទៃទៀត ក្នុងគ្រាដ៏លំបាកនេះផង៖ «មិនទើបតែរត់ចេញមិញហ្នឹង ទុកទូរស័ព្ទនៅហ្នឹង រត់គេច ចេញពី តម្រួតថៃ គេមកចាប់ យើងទៅលើក អី វ៉ាន់ឱ្យគេ។ អ្នករត់រួចអត់អស់លុយទេ។ អ្នករត់អត់រួច អស់ម្នាក់១ពាន់បាត ។ ចាស ! នាងខ្ញុំ គឹន ស្រីអូន មានការលំបាក ការរស់នៅ ថែទាំកូនមានជំងឺទៀត ហើយធ្វើការដូច មានការ ភិតភ័យ យើងធ្វើការលួចលាក់ មិនពេញច្បាប់អ៊ីចឹង ប្រឈមនឹងគ្រោះថ្នាក់ ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលនៅក្រៅប្រទេស បើចិត្តអាណិតដល់រូបនាងខ្ញុំ សូមជួយឧបត្ថម្ភតិចក៏ដោយច្រើនក៏ដោយ នាងខ្ញុំ លើកដៃ អរគុណ ។ អារម្មណ៍អួលអាក់ បើបងប្អូនមានធម៌មេត្តាអាណិតខ្ញុំ តាមចិត្តគាត់ដែលមើលទៅលំបាកអ៊ីចឹងណា៎»។
ចំណែក ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក ម៉ៅ វិបុល ក៏កំពុងរស់ក្នុងស្ថានភាពខ្វះខាតដូចគ្នានេះដែរ។ លោកប្រាប់ថា សព្វថ្ងៃលោកត្រូវសម្ងំរស់នៅលាក់ខ្លួន ជាជនភៀសខ្លួន ដោយអាស្រ័យនឹងម្ហូបអាហារបានពីព្រះសង្ឃនៅវត្តមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ។
មន្ត្រីបក្សប្រឆាំងដែលរស់នៅចាកឆ្ងាយពីប្រពន្ធ និងកូន ៥នាក់ នៅស្រុកខ្មែររូបនេះ ត្រូវបង្ខំចិត្ត ចាយប្រាក់កាសត្បិតត្បៀត ដែលបានពីព្រះសង្ឃនិងពលករខ្មែរជួយផ្ដល់ឱ្យខ្លះៗ ដើម្បីបង់ថ្លៃបន្ទប់ស្នាក់នៅ ប្រមាណជាង ២ពាន់បាត ក្នុងមួយខែ៖ «បញ្ហាប្រឈមគឺជីវភាពការរស់នៅ ទាក់ទងនឹងផ្ទះសម្បែងដែលត្រូវជួលបន្ទប់ជួលហ្នឹង មានការលំបាក យើងមិនដឹងរកអ្វីបាន ហើយមិត្តភក្តិក៏គ្នាលំបាកដែរ ។ វត្តក៏លំបាកដែរ ដោយសារលោកមិនចេញទៅបិណ្ឌបាត្រដូចលើកមុនទេ ។ ទៅបានបន្តិចបន្តួច ព្រោះគេខ្លាចជំងឺកូវីដហ្នឹង ។ អ៊ីចឹង ! បញ្ហាជីវភាពការរស់នៅសព្វថ្ងៃ មានការលំបាកខ្លាំង»។
លោក ម៉ៅ វិបុល បានរត់គេចខ្លួនទៅប្រទេសថៃ ១ខែមុន ពេលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរបបលោក ហ៊ុន សែន រំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ។ លោកគឺជាមនុស្សម្នាក់ ក្នុងចំណោមមន្ត្រីបក្សប្រឆាំងសរុប ១១៨នាក់ ដែលតុលាការហាមពួកគេ មិនឱ្យធ្វើសកម្មភាពនយោបាយ។លោក ម៉ៅ វិបុល អំពាវដល់សប្បុរសជនខ្មែរនៅក្រៅប្រទេស ជួយផ្គត់ផ្គង់ក្រុមសកម្មជនបក្សប្រឆាំង ដែលកំពុងរស់នៅភៀសខ្លួន ឱ្យមានជីវភាពសមរម្យ ដើម្បីបន្តសកម្មភាពនយោបាយតទៅទៀត៖ «សូមអំពាវនាវដល់ពលរដ្ឋខ្មែរនៅឯនាយសមុទ្រ និងបងប្អូនខ្មែរនៅទូទាំងពិភពលោក ខាងគណបក្សសង្គ្រោះជាតិ សូមជួយដល់សកម្មជនដែលភៀសខ្លួនផ្នែកនយោបាយ តស៊ូនយោបាយនៅឯក្រៅប្រទេស ក៏ដូចជាអ្នកប្រឹងប្រែងដើម្បី ប្រទេសជាតិ ។ សូមឱ្យជួយយកចិត្តទុកដាក់ ទៅដល់ យើងខ្ញុំ ទាំងសកម្មជន នៅតាម មូលដ្ឋាន ដែលគាត់ភៀសខ្លួន មកនេះ រងគ្រោះមានការលំបាកផ្នែកជីវភាព និងការរស់នៅហ្នឹងតែម្ដង។ យើងដឹងហើយនៅស្រុកគេ ទាល់តែមានច្បាប់ទម្លាប់ ប៉ុន្តែយើងមានអង្គការសហប្រជាជាតិ ជួយការពារយើងខ្លះ ។ ចំពោះជីវភាព មានការ លំបាកមែនទែន ក្នុងពេល មានកូវីដនេះ។ សូមកុំ បោះចោល អ្នកដែលតស៊ូប្រយុទ្ធ»។
លោក ម៉ៅ វិបុល និងអ្នកស្រី គឹន ស្រីអូន រួមនឹងសកម្មជនប្រមាណ ១០០នាក់ទៀត នៅប្រទេសថៃ នៅតែប្រកាន់គោលជំហររួមថា ពួកគេនៅតែបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ និងរង់ចាំដំណើរវិវត្តន៍របស់លោក សម រង្ស៊ី វិលចូលមាតុភូមិវិញ ដើម្បីផ្លាស់ប្ដូររបបលោក ហ៊ុន សែន ឱ្យខាងតែបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលរស់នៅនិរទេសនៅសហរដ្ឋអាមេរិក លោក លោក អេង ឆៃអ៊ាង ប្រាប់អាស៊ីសេរីថា ខាងគណបក្សនៅតែព្យាយាមជួយដល់សកម្មជនបក្សសង្គ្រោះជាតិ ដែលរត់គេចចេញពីការធ្វើបាបរបស់របបក្រុងភ្នំពេញ ទៅតាមលទ្ធភាពដែលគណបក្សអាចជួយបាន៖ «បន្ទាប់ពីរបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ហើយធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សសង្គ្រោះជាតិ មិនអាច រស់នៅក្នុងប្រទេសបាន ត្រូវគេចខ្លួនមករស់នៅជនភៀសខ្លួននៅប្រទេសថៃ គឺពួកគាត់ពិតជាយ៉ាប់ហើយ ។ យើងដឹងហើយព្រោះមិនមែនជាមាតុភូមិ ហើយក្នុងនាមជាជនភៀសខ្លួនជួបការលំបាក ។ ហើយគណបក្សក៏ខិតខំរិះរកវិធីជួយពួកគាត់ដែរ ។ កម្រិតនៃការជួយហ្នឹង មិនអាចដូចម្នាក់ ៗ ចង់បាន ទេ ប៉ុន្តែយើងក៏សូមកើតសរសើរ នូវសេចក្ដីស្មោះត្រង់ចំពោះជាតិមាតុភូមិរបស់ពួកគាត់ ។ ទោះបីជាគាត់ មករស់នៅក្នុងនាមជាជនភៀសខ្លួនក៏ដោយ ប៉ុន្តែឧត្ដមគតិ និងឆន្ទៈរបស់ពួកគាត់ នៅតែ បងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសកម្ពុជា ហើយគាត់នៅតែរក្សាគោលដៅរបស់គាត់ គឺដើម្បីឱ្យមានការផ្លាស់ប្ដូរនៅកម្ពុជា»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ(LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការរត់ភៀសខ្លួនផ្នែកនយោបាយ ទៅជ្រកកោននៅប្រទេសថៃនេះ ក្រុមសកម្មជនបក្សប្រឆាំង អាចប្រឈមនឹងការចាប់ខ្លួនពីអាជ្ញាធរថៃ ដោយសារពួកគេមួយចំនួនរស់នៅហួសទិដ្ឋាការ និងមួយចំនួនធំទៀត ត្រូវបានរដ្ឋាភិបាលលុបចោលលិខិតឆ្លងដែន និងធ្វើការខុសច្បាប់ជាដើម។ បន្ថែមលើសនេះ ពួកគេ ក៏ត្រូវរស់នៅបែកចេញពីក្រុមគ្រួសារសាច់ញាតិ នៅក្នុងប្រទេសថែមទៀត។
ដើម្បីបញ្ចៀសកុំឱ្យមានបញ្ហានេះ មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើដល់មេដឹកនាំគណបក្សកាន់អំណាច និងបក្សប្រឆាំង វិលទៅរកការចរចាគ្នាដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហានយោបាយក្នុងសង្គមជាតិ ដើម្បីបានជាប្រយោជន៍ និងសេចក្ដីសុខដល់អ្នកគាំទ្របក្សទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។