គណបក្សសង្គ្រោះជាតិលើកឡើងថា លោក ហ៊ុន សែន មិនគោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញដើម្បីប្រយោជន៍រួមដល់ជាតិជាពិសេសការស្តារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនោះទេ។ ការរិះគន់របស់គណបក្សប្រឆាំងនេះធ្វើឡើងមុនពេលមួយថ្ងៃនៃខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនោះបានដាក់បញ្ជូលក្នុងរដ្ឋធម្មនុញ្ញរួចហើយហើយរដ្ឋាភិបាលកំពុងអនុវត្តតាមរយៈការកសាងស្ថិរភាពនិងសន្តិភាពជូនប្រជាពលរដ្ឋ។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែតុលា សម្រាប់ខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយបញ្ជាក់ថារហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មិនគោរព និងអនុវត្តឱ្យបានពេញលេញនូវគោលការណ៍គ្រឹះដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញនៅឡើយ។ បញ្ហាទាំងនោះមាន ដូចជា សិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់ពលរដ្ឋប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនិងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវបានរដ្ឋាភិបាលរំលោភបំពានជាបន្តបន្ទាប់ក្រោយពេលរម្លាយគណបក្សប្រឆាំងនៅចុងឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា ប្រទេសចិនដែលជាម្ចាស់ហត្ថលេខីកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនលើកម្ពុជាដោយការសាងសងមូលដ្ឋានកងទ័ពនៅសមុទ្ររាម ខេត្តព្រះសីហនុ។ គណបក្សសង្គ្រោះជាតិបានចាត់ទុកសកម្មភាពនោះគឺជាការរំលោភបំពានលើអព្យាក្រឹត្យភាពនិងឯករាជ្យភាពរបស់កម្ពុជាដែលផ្ទុយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
មន្រ្តីជាន់ខ្ពស់និងអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ំ សំអាន ថ្លែងថា ការដែលលោក ហ៊ុន សែន ភ័យខ្លាចចាញ់ការបោះឆ្នោតកន្លងមកគឺជាមូលហេតុនាំដល់ការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋធ្ងន់ធ្ងរ។ ទោះយ៉ាងណា លោក អ៊ំ សំអាន ជំរុញដល់រដ្ឋាភិបាលស្តារប្រជាធិតេយ្យតាមរយៈរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣ដោយត្រូវបើកផ្លូវឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងព្រមទាំងលុបចោលសន្ធិសញ្ញាជាមួយបរទេសទាំងឡាយណាដែលផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញ៖
« លោក ហ៊ុន សែន ថាកិច្ចព្រមព្រៀងនេះស្លាប់ទៅហើយ អត់មានតទៅទៀតទេ ដោយសារគាត់មិនចង់គោរពកិច្ចព្រមព្រៀងនោះ បើគាត់គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ នោះ ត្រូវស្តារប្រជាធិបតេយ្យ និងការគោរសិទ្ធិមនុស្សនៅកម្ពុជា ហើយគាត់មិនចង់ការពារបូរណភាពទឹកដីកម្ពុជា ពីព្រោះគាត់ចង់កាត់ដីឱ្យយួន ដើម្បីសងគុណយួនដែលលើកគាត់តាំងពីទសវត្សរ៍ទី៨០មក »។
ឆ្លើយតបរឿងនេះប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលមិនប្រារព្ធពិធីរំឭកខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ។ ប៉ុន្តែលោកអះអាងថា ស្មារតីនៃកិច្ចព្រមព្រៀងនោះបានដាក់បញ្ជូលក្នុងរដ្ឋធម្មនុញ្ញរួចហើយហើយរដ្ឋាភិបាលកំពុងអនុវត្តដោយផ្តើមចេញពីការកសាងស្ថិរភាពនិងសន្តិភាពជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ចំណាត់ការលើគណបក្សប្រឆាំងកន្លងទៅគឺជាការអនុវត្តច្បាប់ដើម្បីថែរក្សាសណ្ឋាប់ធ្នាប់សង្គមនិងអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា៖
«ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងបានសរសេរចូលក្នុងរដ្ឋធម្មនុញ្ញរួចស្រេចហើយការប្រឹងប្រែងរបស់យើងបានធ្វើយ៉ាងហោចណាស់យើងចាប់ផ្តើមពីការរក្សាស្ថិរភាពសន្តិភាពជូនប្រជាពលរដ្ឋយើងបានធ្វើហើយយើងនឹងធ្វើបន្តទៀតតាមរយៈកំណែទម្រង់»។
ទោះយ៉ាងណាកន្លងទៅប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសក្រុមសង្គមស៊ីវិលជាតិ-អន្តរជាតិលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានតម្លៃជាអមតៈហើយប្រៀបបាននឹងអាវក្រោះការពារប្រជាជាតិខ្មែរពីការឈ្លានពានរបស់បរទេសនិងជាមាគ៌ាឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។ ពួកគេអំពាវនាវដល់ប្រទេសហត្ថលេខីមួយចំនួនបានទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឱ្យបានពេញលេញដើម្បីប្រយោជន៍ដល់ប្រទេសជាតិទាំងមូល។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មាត្រា ១៥ ចំណុច «ក» ចែងថា កម្ពុជាត្រូវធានាការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋរួមទាំងគាំទ្រ «ពលរដ្ឋកម្ពុជា ធ្វើសកម្មភាពការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន» ដើម្បីធានាថា នយោបាយ និងអំពើប្រព្រឹត្តក្នុងអតីតកាលមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញជាដាច់ខាត។ រីឯឯកសារទី២ស្តីទីបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិត្រង់មាត្រា ១ ចំណុច «ឃ» ចែងថា សន្ធិសញ្ញាទាំងឡាយប៉ះពាល់បូរណភាពទឹកដីកម្ពុជាត្រូវលុបចោលឬអស់សុពលភាពនាពេលនោះ។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែសំខាន់សម្រាប់កម្ពុជាក្នុងការយកមកដោះស្រាយវិបត្តិនយោបាយដោយមិនអាចបំភ្លេចបានឡើយ។ លោកបន្តថា បុព្វហេតុដើមនៃការកសាងស្មាតីនេះឡើងដើម្បីបញ្ចាប់សង្គ្រាមក្នុងប្រទេសហើយខ្មែរគ្រប់និន្នាការទាំងអស់ងាកមកផ្សះផ្សាជាតិបង្រួបបង្រួមជាតិដោយប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ទោះយ៉ាងណា លោកមើលឃើញថា៣១ឆ្នាំកន្លងមកនេះដំណើរកសាងប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះជាពិសេសរយៈពេលចុងក្រោយនេះអ្នកនយោបាយបក្សប្រឆាំងមួយចំនួនត្រូវបានផាត់ចេញពីការបោះឆ្នោត។ លោក នី សុខា អំពាវនាវដល់រដ្ឋាភិបាលរៀបចំដំណើរការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះត្រូវគោរពតាមកិច្ចព្រមព្រៀងសន្តិភាពប៉ារីសដើម្បីបញ្ចៀសការរំលោភសិទ្ធិមនុស្សតទៅទៀត៖
«បច្ចុប្បន្ននេះវិញសូម្បីភាគីខ្មែរយើងដែលមាននិន្នាការមិនស្របឬប្រឆាំងនឹងរដ្ឋាភិបាលអតីតគណបក្សសង្គ្រោះជាតិគឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការបោះឆ្នោតនោះទេអ្នកខ្លះជាប់ទោសជាប់ទណ្ឌជាដើមអាហ្នឹងហើយយើងមើលឃើញថា យើងមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីបង្រួបបង្រួមជាតិផ្សះផ្សាជាតិដើម្បីងាកមកធ្វើការបោះឆ្នោតត្រឹមត្រូវនាពេលខាងមុខទេបាទ»។
សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធជាពិសេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងដែលមានកាតព្វកិច្ចធានាចំពោះការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញជំរុញឱ្យមានការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិដើម្បីស្តារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរួមទាំងរៀបចំការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះឱ្យស្របតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
