មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សនេះ គឺអ្នកស្រី មូរ សុខហួរ បញ្ជាក់ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៤ ខែមេសា ថាគណបក្សប្រឆាំង កំពុងត្រៀមមេធាវី ដើម្បីការពារក្តីជូនមន្ត្រីបក្ស ដែលតុលាការខេត្តបាត់ដំបង កោះហៅជាទ្រង់ទ្រាយធំ ឲ្យទៅបំភ្លឺ ជុំវិញសកម្មភាពនយោបាយរបស់ពួកគាត់។
ការអះអាងនេះ គឺក្រោយតុលាការនៃរបបលោក ហ៊ុន សែន បានចេញដីកា កោះហៅមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីក្រុមប្រឹក្សាស្រុក និងខេត្តរបស់បក្សនេះ ចំនួន ១៩នាក់ ឲ្យចូលទៅបំភ្លឺជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៨ ខែឧសភា តទៅ។ មន្ត្រីទាំងនោះ មាន ៧ រូបជាចៅសង្កាត់ជាប់ឆ្នោត ដូចជាសង្កាត់ក្ដុលដូនទាវ ទួលតាឯក ចំការសំរោង ព្រែកព្រះស្តេច វត្តគរ ពាមឯក និង ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត ពីសំណាក់អាជ្ញាធរ និងមន្ត្រីនៃរបបលោក ហ៊ុន សែន។ ក្រៅពីនោះ មានមន្ត្រីក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត និងសមាជិកប្រតិបត្តិខេត្តជាដើម។
ការធ្វើទុក្ខបុកម្នេញ មកលើសកម្មជន និងមន្ត្រីបក្សប្រឆាំង កាន់តែបង្កើនសន្ទុះខ្លាំងឡើង ក្រោយលោក ហ៊ុន សែន ព្រមានជីកស្មៅជីកឫស ដើម្បីផ្ដាច់ឫសគល់រចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ ដែលនៅសេសសល់។ ទោះជាយ៉ាងនេះក្តី មន្ត្រីបក្សប្រឆាំង ថា ការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំង កាន់តែបង្កើនការតស៊ូដើម្បីផ្លាស់ប្ដូរ។
សូមស្ដាប់បទសម្ភាសន៍ជាមួយអ្នកស្រី មូរ សុខហួរ ជុំវិញចំណាត់ការនេះដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។