ក្រុមស្ត្រីជាបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន ៤នាក់ ដែលកំពុងលាក់ខ្លួន នៅកន្លែងមានសុវត្ថិភាព ចាត់ទុកទង្វើរបស់អាជ្ញាធរនៃរបបក្រុងភ្នំពេញជាការំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិនយោបាយរបស់ពលរដ្ឋ ជាពិសេសសិទ្ធិស្ត្រី។ អង្គការសង្គមស៊ីវិលមើលឃើញថា ការរើសអើងនិន្នាការនយោបាយ ការបំភិតបំភ័យក្នុងស្ថានភាពនយោបាយអាក្រក់ដូចបច្ចុប្បន្ននេះ គឺជាបញ្ហាប្រឈមសំខាន់ ដែលធ្វើឱ្យចំនួនស្ត្រីចូលរួមក្នុងវិស័យនយោបាយ និងតួនាទីអ្នកធ្វើសេចក្ដីសម្រេចនៅមានចំនួនតិចតួច។
ក្រុមស្ត្រីដែលជា មេឃុំ សមាជិកក្រុមប្រឹក្សា ខេត្ត និងស្រុក ដែលជាប់ឆ្នោត ពីខាងគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ស្ពឺ ឱ្យដឹងថា ពួកគេត្រូវបង្ខំចិត្តរត់ភៀសខ្លួនមួយរយៈនេះគឺ ដើម្បីសុវត្ថិភាពចៀសពីការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធររបបក្រុងភ្នំពេញ និងដើម្បីរង់ចាំឱកាស ដើម្បីវិលត្រឡប់ទៅបំពេញការងារបម្រើសង្គម បម្រើប្រជាពលរដ្ឋ ចូលរួមដោះស្រាយបញ្ហាស្ត្រី និងកុមារនៅក្នុងមូលដ្ឋាន។
មេឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កញ្ញា កឹម តុលា ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៨ ខែមីនា ថា ចាប់តាំងពីការរម្លាយគណបក្សប្រឆាំង និងដកហូតតួនាទីជាមេឃុំ មកកញ្ញាបាត់បង់ឱកាសបន្តការងារជួយដោះស្រាយបញ្ហារបស់ស្ត្រី និងកុមារក្នុងមូលដ្ឋាន។ កញ្ញាចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការរំលោភបំពានធ្ងន់ធ្ងរដល់សិទ្ធិស្ត្រី៖ «យ៉ាងណាក៏ដោយក៏មិនអាចទទួលយកបានដែរ ដែលគេមានគំនាបលើពួកខ្ញុំដែលជាស្ត្រី ជាពិសេសទៅលើស្ត្រីផ្សេងទៀតទោះជាគាត់មិនមែនជាថ្នាក់ដឹកនាំ តែក៏ជាស្ត្រីក្នុងនាមប្រជាពលរដ្ឋ។ បង្កើតដល់ថាមានសមភាពយេនឌ័រ គោរពសិទ្ធិស្ត្រី ឱ្យស្ត្រីឈរឈ្មោះធ្វើជាថ្នាក់ដឹកនាំ ឬធ្វើជាអ្វីផ្សេងៗ ឱ្យស្ត្រីទៅ ប៉ុន្តែការពិតគឺគំនាបលើស្ត្រីគ្រប់បែបយ៉ាង គឺពួកខ្ញុំទទួលយកអត់បានទេ ព្រោះដោយសារការសហការគ្នាជាធ្លុងមួយក្នុងការអភិវឌ្ឍត្រូវតែមានស្ត្រី គឺស្ត្រីក៏ជាចលករមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចម្រើនដូចគ្នានឹងបុរសដែរ»។
ស្ត្រីចំនួន៤នាក់ ដែលជា មេឃុំ សមាជិកក្រុមប្រឹក្សា ខេត្ត និងស្រុកពីខាងគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ស្ពឺ និងបុរស២នាក់ទៀត បានសម្រេចរត់គេចខ្លួនក្រោយទទួលបានដីកាពីតុលាការខេត្ត ឱ្យចូលទៅបំភ្លឺករណីពួកគេនាំគ្នាជួបប្រជុំបង្ហាញការគាំទ្រ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិវិលចូលស្រុកវិញ។
មន្ត្រីកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ មើលឃើញថា បញ្ហានេះជាផ្នែកមួយ ដែលធ្វើឱ្យចំនួនស្ត្រី ក្នុងវិស័យនយោបាយបានថយចុះ។ អ្នកស្រីថា ការណ៍នេះពិតជាធ្វើឱ្យប៉ះពាល់ដល់ការចូលរួមដោះស្រាយបញ្ហាដែលស្ត្រី និងកុមារនៅមូលដ្ឋានជួបប្រទះ។ អ្នកស្រីថា គ្រប់គណបក្សនយោបាយត្រូវតែងាកមកដោះស្រាយបន្ធូរបន្ថយស្ថានភាព ដើម្បីសម្រួលបរិយាកាសនយោបាយ ធ្វើយ៉ាងណាឱ្យស្ត្រីពីគ្រប់ទស្សនៈនយោបាយបានធ្វើការងាររួមគ្នា ដើម្បីអភិវឌ្ឍសង្គមជាតិ និងដោយពុំមានការរើសអើង៖ «រកវិធីយ៉ាងណា មធ្យោបាយយ៉ាងណាដើម្បីរក្សាសុវត្ថិភាពទី១ បរិយាកាសនយោបាយ បរិយាកាសសង្គម សន្តិភាព សុវត្ថិភាពសម្រាប់ពួកគាត់គឺសំខាន់ ដើម្បីឱ្យគាត់មានលទ្ធភាពក្នុងការចូលរួមក្នុងកិច្ចការនយោបាយ ការងារសង្គម សាធារណៈហ្នឹង ទី២ គឺដើម្បីធ្វើឱ្យមានសមភាពយេនឌ័រគឺត្រូវតែធ្វើវិសោធនកម្មច្បាប់ទាំង២ ទាំងបោះឆ្នោតឃុំ និងបោះឆ្នោតជាតិ គឺការកំណត់ឱ្យជាក់លាក់ទៅលើការឈរឈ្មោះស្ត្រី និងបុរសឆ្លាស់គ្នា»។
ស្ត្រីនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះមានចំនួន ៥២ភាគរយ ប៉ុន្តែសំឡេងស្ត្រីក្នុងឆាកនយោបាយមានសភាពស្ងប់ស្ងាត់ ហើយតំណាងស្ត្រីក្នុងស្ថាប័នអំណាចនយោបាយគឺស្ថិតនៅក្នុងកម្រិតទាប។ រដ្ឋាភិបាលបានដាក់ចេញនូវផែនការបន្តបន្ទាប់ដើម្បីជំរុញឱ្យចំនួនស្ត្រីចូលរួមក្នុងវិស័យនេះបានកើនឡើង។ យ៉ាងនេះក្ដីក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ផែនការរបស់រដ្ឋាភិបាលពិបាកនឹងទទួលបានជោគជ័យ នៅពេលដែលក្រុមស្ត្រីនៅតែជួបប្រទះការរើសអើង ការកៀបសង្កត់ និងបញ្ហាជាកត្តារាំងស្ទះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។