អង្គការ​ខុមហ្វ្រែល​រក​ឃើញ​ ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​កាន់អំណាច​ប្រើឡាន​ស្លាកលេខ​រដ្ឋ​ និង​ឡាន​ដោះ​ស្លាកលេខ​

អង្គការ​ខុមហ្វ្រែល​រក​ឃើញ​ថា ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​កាន់អំណាច​មាន​ប្រើប្រាស់​ឡាន​ស្លាកលេខ​រដ្ឋ​និង​ឡាន​ដោះ​ស្លាកលេខ​​ ដែល​បញ្ហា​នេះ​នាំ​ឱ្យ​មាន​ការ​រិះគន់​ថា ការ​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​រវាង​គណបក្ស​កាន់អំណាច​ជាមួយ​គណបក្ស​ផ្សេងទៀត​គ្មាន​តម្លាភាព​។ ឆ្លើយតប​ករណី​នេះ មន្ត្រី​បក្ស​ប្រជាជនកម្ពុជា ថា គណបក្ស​នេះ​គ្មាន​គោលការណ៍​​យក​ឡាន​រដ្ឋ​ទៅ​ហែ​ក្បួន​ទេ ហើយ​​ជន​ប្រព្រឹត្ត​ល្មើស​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​នោះ។ ​

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​សង្កេតឃើញ​ថា​ គណបក្ស​ប្រជាជនកម្ពុជា ដែល​កំពុង​កាន់អំណាច​ មាន​ភាព​លេច​ធ្លោ​ជាង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ស្ទើរ​គ្រប់​បែប​យ៉ាង​ ដូច​ជា ​មាន​អ្នក​ចូលរួម​ហែ​ច្រើន ក្បួន​ហែ​បក្ស​ធំៗ​​​ និង​ការ​ដាក់​តាំង​រូប ឃោសនា​របស់​គណបក្ស​ ​នៅ​តាម​​ចិញ្ចើម​ផ្លូវ​​ធំៗ ជា​ដើម។ ​លើស​ពី​នេះ​ទៀត​ ពួកគេ​ថា ​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​ប្រើប្រាស់​ឡាន​ដោះ​ស្លាក​លេខ​ចេញ​ និង​ឡាន​ស្លាក​លេខ​រដ្ឋ​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត ដោយ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ទប់​ស្កាត់​ឡើយ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​​នៅ​​ថ្ងៃ​​ទី១២ ខែ​កក្កដា​នេះ​ថា រយៈ​ពេល​ជិត​ពីរ​សប្ដាហ៍​នៃ​ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយ ពុំ​មាន​អំពើ​ហិង្សា ការ​សម្លាប់​សកម្មជន​នយោបាយ​ ឬ​ការ​គំរាមកំហែង​លើ​អ្នក​ចូលរួម​ឃោសនា​បោះឆ្នោត​​ឡើយ​។ លោក​បន្ត​ទៀត​ថា ការ​ឃោសនា​បោះឆ្នោត ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​នេះ គឺ​គណបក្ស​​ប្រជាជនកម្ពុជា​បង្ហាញ​ភាព​លេចធ្លោ​ជាង​គេ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​១៨​ដែល​ចូលរួម​រក​សំឡេង​ឆ្នោត។ អ្នកឃ្លាំមើល​ការបោះឆ្នោត​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ស្ថាប័ន​របស់​លោក​រក​ឃើញ​ថា ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​កាន់អំណាច​មាន​ប្រើប្រាស់​ឡាន​ស្លាក​លេខ​រដ្ឋ មួយ​គ្រឿង​​និង​ឡាន​ដោះ​ស្លាក​លេខ​ចេញ​ពី​ឡាន​ចំនួន​៤​គ្រឿង​។ លោក កន សាវាង្ស ជំរុញ​ទៅ​ គ.ជ.ប និង​គណបក្ស​កាន់អំណាច​​ ពិនិត្យ​មើល​ករណី​នេះ។

No_Plague_Election.jpg
រថយន្ត​ដោះស្លាកលេខ បិទនិមិត្តសញ្ញា​គណបក្សប្រជាជនកម្ពុជា ដែល​ត្រូវបាន​ខុមហ្វ្រែល​រកឃើញថា បាន​បម្រើដល់ការឃោសនាបោះឆ្នោត ២០២៣។ រូប៖ អង្គការខុមហ្វ្រែល

លោក កន សាវាង្ស៖«ខ្លួន​ឯង​ផ្ទាល់​ គណបក្ស​នយោបាយ​ខ្លួន​ឯង​ផ្ទាល់​ក៏​ជា​សមត្ថកិច្ច​មួយ​នៅក្នុង​ការ​ចូលរួម​ហ្នឹង​ដែរ​ អ៊ីចឹង​គួរតែ​ពិនិត្យ​មើល​ហើយ​ក៏​គួរតែ​មាន​បណ្ដឹង​អី​សម្រាប់​កិច្ចការ​ទាំង​អស់​ហ្នឹង​ដើម្បី​តម្លាភាព​បើ​មិន​អ៊ីចឹង​ទេ យើង​មិន​អាច​លើកឡើង​ថា ការប្រើប្រាស់​ធនធាន​រដ្ឋ​ឬ​ក៏​ការ​ប្រើប្រាស់​អ្វី​ផ្សេង​ហ្នឹង​ដែល​គាំទ្រ​គណបក្ស​នយោបាយ​មាន​ភាព​លំអៀង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​គឺ​មិន​អាច​និយាយ​បាន​ទេ​ទាល់តែ​ខ្លួន​ឯង​ពិនិត្យ​មើល​និង​តាមដាន​នូវ​ស្ថានភាព​ទាំង​អស់​ហ្នឹង​ផង​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា មានតែ​គណបក្ស​ប្រជាជនកម្ពុជា បាន​ធ្វើ​ការ​ឃោសនា​​ទ្រង់ទ្រាយ​លើស​ពី​គណបក្ស​ដទៃទៀត។ លោក រស់ សុដ្ឋា លើកឡើង​ទៀត​ថា នៅ​ពេល​ឃើញ​ក្បួន​ឃោសនា​ បែប​នេះ​អាច​ឱ្យ​គេ​ដឹង​មុនពី​លទ្ធផល​​បោះឆ្នោត។ ទោះ​យ៉ាងណា មន្ត្រី​សង្គមស៊ីវិល រូប​នេះ ចង់​ឃើញ គណបក្ស​ប្រជជនកម្ពុជា ធ្វើ​ជា​គណបក្ស​គំរូ​ក្នុង​ការ​គោរព​ច្បាប់ និង​​នីតិវិធី​នៃ​ការ​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត។

លោក រស់ សុដ្ឋា៖«គណបក្ស​ប្រជាជន​គឺ​ជា​កម្លាំង​នយោបាយ​ចាស់ទុំ​មួយ​ យើង​យល់​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ហើយ​ណា​បើ​ចង់​ឱ្យ​ប្រជាពលរដ្ឋ និង​គណបក្ស​ផ្សេងៗ​​យល់​ថា ជាប់​ឆ្នោត​ ដោយ​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​គេ​ហៅ​ថា ភាព​ស្រប​ច្បាប់​កាន់អំណាច​ដោយ​ពេញ​ដៃ​ដោយ​ពេញមុខ​ពេញមាត់​ ទាល់តែ​យើង​គោរព​គោលការណ៍​ គោរព​ច្បាប់»។

យុទ្ធនា​ការឃោសនា​រក​សំឡេង គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​បោះឆ្នោត ដែល​​ត្រូវ​ចាប់ផ្ដើម​កាលពី​​ថ្ងៃ​ទី​១ កក្កដា ដល់​ថ្ងៃ​ទី២១ ខែ​កក្កដា​។ ដំណើរការ​បោះឆ្នោត​ អាណត្តិ​ទី​៧​នេះ​ក៏​មិន​ខុស​ពី​អាណត្តិ​​​មុន​ដែរ គឺ​មិន​មាន​ការចូលរួម​សង្កេតការណ៍​ពី​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ដូចជា សង្គម​ស៊ីវិល​ឯករាជ្យ​ជាតិ អន្តរជាតិ ខណៈ​របិទ​មិន​ឱ្យ​គណបក្ស​ប្រឆាំង​ត្រូវបាន​គ.ជ.ប ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​ផាត់ចេញ​ពី​សង្វៀន​ប្រកួត។​

ទាក់ទង​ករណី​នេះ​​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា បើ​អ្នកណា​បាន​ឃើញ​ ការ​ហែ​ក្បួន​របស់​គណបក្ស​ប្រជាជនកម្ពុជា ​ប្រើ​ឡាន​ស្លាក​លេខ​រដ្ឋ ឬ​ឡាន​ដោះ​ស្លាក​លេខ​ចេញ​​ពី​ឡាន ពួកគេ​គួរ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ គ.ជ.ប។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច រូប​នេះ​អះអាង​ថា គណបក្ស​របស់​លោក​តែងតែ​ណែនាំ​ដល់​សមាជិក និង​អ្នក​គាំទ្រ​របស់​ខ្លួន​ឱ្យ​ធ្វើ​ការ​ឃោសនា​គោរព​តាម​ច្បាប់ តែ​បើ​ជន​ណា​ដែល​ចូលរួម​ហែ​ក្បួន​មិន​គោរព​តាម​ច្បាប់ គឺ​ជន​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​​មុខ​ច្បាប់​ដោយ​ខ្លួន​ឯង។

លោក សុខ ឥសាន៖«គេ​ណែនាំ​មិន​ឱ្យ​មាន​ការ​ធ្វើ​អ្វី​ដែល​មិន​ប្រក្រតី​ខុស​ឆ្គង​ចំពោះ​គោលការណ៍​ហ្នឹង​ទេ បាទ​ដូច្នេះ​បើ​បុគ្គល​ណា​ធ្វើ​ខុស​​ទៅ​ប្ដឹង​ទៅ​គេ​ផាកពិន័យ​បុគ្គល​ហ្នឹង​ហើយ​ប្រាប់​អ្នក​ថត​រូប​ហ្នឹង​ផង​ ហើយ​ក៏​បង្ហោះ​តាម​ហ្វេសប៊ុក​ទេ ឱ្យ​ផ្ញើ​ហ្នឹង​ទៅ​ប្ដឹង»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា និង​អគ្គលេខាធិការ​រង ​គ.ជ.ប លោក សោម សូរីដា បាន​ទេ​ នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា។

ទោះ​យ៉ាងណាក្ដី អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ.ជ.ប ដោះស្រាយ​ភាព​មិន​ប្រក្រតី​ ដែល​កើត​ឡើង​ក្នុង​​ពេល​ឃោសនា​បោះឆ្នោត លុះ​ត្រា​តែ​មាន​ពាក្យ​ប្ដឹង​មក​ គ.ជ.ប។

បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត ហាម​មិន​ឱ្យ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​​ធនធាន​​របស់​រដ្ឋ​ដើម្បី​ការ​ធ្វើការ​ឃោសនា និង​ការ​ដឹក​ជញ្ជូន​អ្នកបោះឆ្នោត​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ទេ។

កន្លង​ទៅ​ បើ​ទោះ​ជា​មុន​ពេល​រដូវ​កាល​ឃោសនា​រក​សំឡេង​ឆ្នោត​ក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ជួប​កម្មករ​រោងចក្រ​ ឬ​នៅ​ពេល​លោក ថ្លែង​សារ​ជា​សាធារណៈ​ម្ដងៗ ប្រធាន​គណបក្សកាន់អំណាច រូប​នេះ តែងតែ​អំពាវនាវ​ទៅ​ពលរដ្ឋ​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា ហើយ​បើទោះជា​បែបនេះ ក្ដី​គេ​មិន​ដែល​ឃើញ គ.ជ.ប មាន​វិធានការ​ណា​មួយ​លើ​លោក ហ៊ុន សែន ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។