ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀនត្រៀមខ្លួនចូលធ្វើការដោយ ប្តេជ្ញាបំរើពលរដ្ឋអស់ពីសមត្ថភាព
2022.07.04

ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សនយោបាយមួយចំនួនដែលមាននិន្នាកាទៅរកប្រជាធិបតេយ្យ ត្រៀមខ្លួនចូលធ្វើការនៅតាមឃុំសង្កាត់ ដោយប្ដេជ្ញាថា ពួកគេនឹងធ្វើការងារឱ្យល្អបម្រើប្រជាពលរដ្ឋ។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋបាលខេត្តនានាទូទាំងប្រទេសនឹងចាប់ផ្ដើមប្រកាសសុពលភាពក្រុមប្រឹក្សាឃុំសង្កាត់នៅតាមមូលដ្ឋានក្នុងពេលឆាប់ៗនេះ។ សង្គមស៊ីវិលសាទរចំពោះការប្រកាសសុពលភាព និងអំពាវនាវអោយក្រុមប្រឹក្សាដែលជាប់ឆ្នោតទាំងនោះធ្វើការរួមគ្នាបំរើពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសេចក្ដីសុខរបស់ពលរដ្ឋ។
ជំទប់ទី១ និងទី២ ជាប់ឆ្នោតគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រៀមខ្លួន និងអន្ទះសារចូលធ្វើការងារដើម្បីជួយទៅដល់ប្រជាពលរដ្ឋ និងដំណើរការផ្សេងៗក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ។ ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពីក្រសួងមហាផ្ទៃចាប់ផ្ដើមប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅទូទាំងប្រទេស ដែលនឹងចូលកាន់តំណែងជាបន្តបន្ទាប់ ។ ពិធីប្រកាសចូលកាន់តំណែងមេឃុំ-ចៅសង្កាត់ និង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ធ្វើឡើងតាមឃុំ-សង្កាត់ដោយ មានគណៈអភិបាល រាជធានីខេត្ត ជាអធិបតី។
ជំទប់ទី១ ជាប់ឆ្នោតគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំដំណាក់សុក្រំ ខេត្តកំពត លោក អ៊ួន សុផល ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃ៣ ខែកក្កដាថា លោកបានត្រៀមខ្លួនរួចស្រេចសម្រាប់អាណត្តិថ្មីនេះ ព្រោះលោកធ្លាប់ធ្វើជាជំទប់ទី២កាលពីអាណត្តិទី៤ ហើយពេលនេះលោកបានជាប់ជាជំទប់ទី១។ លោក អ៊ួន សុផល បារម្ភថា ទោះបីជាមានគណបក្សចំនួន៣ជាប់ក្នុងឃុំ ប៉ុន្តែការអនុវត្តរបស់គណបក្សកាន់អំណាចកន្លងមក តែងតែយកអំណាចថ្នាក់លើមកប្រើដោះស្រាយបញ្ហាក្នុងឃុំសង្កាត់ ដោយមិនសូវហ៊ានសម្រេចចិត្តដោយខ្លួនឯងនោះទេ៖ «បំបាត់នូវការរើសអើង និន្នាការនយោបាយ មិនចង់អោយមានការរើសអើង សម្រាប់ប្រជាពលរដ្ឋក្នុងឃុំ។ ទី២ ខ្ញុំនិងបន្តសកម្មភាពអភិវឌ្ឍន៍ផ្នែកកសិកម្ម ដូចជាការផលិត និងការរកទីផ្សារ ក៏ដូចជាការផ្តល់នូវពូជផ្សេងៗ ការរៀបចំធ្វើយ៉ាងណាអោយមានទឹកផ្នែកកសិកម្ម ទឹកសម្រាប់ហូបក្នុងគ្រួសារ ក៏ដូចជាបច្ចេកទេសផ្សេងៗ គឺយើងនឹងទំនាក់ទំនងរកដៃគូ ដើម្បីជួយសម្រាប់ឃុំដំណាក់សុក្រំ ហើយជាពិសេសជំនាញចំណេះដែលខ្លួនឯងមាន គឺយើងនឹងបំរើជូនប្រជាពលរដ្ឋ អោយអស់ពីដៃពីជើងតាមសមត្ថភាពដែលយើងអាចធ្វើទៅបាន»។
លោក អ៊ួន សុផល បន្ថែមថា លោកនឹងបន្ត សហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជា ស្ថាប័នឥណទាន ស្ថាប័នបច្ចេកទេស ស្ថាប័នផ្តល់ជំនួយ មន្ទីរកសិកម្ម និងស្ថាប័នផ្សេងៗទៀត ដើម្បីចូលរួមគ្នាអភិវឌ្ឍន៍ក្នុងឃុំរបស់លោក។
ចំណែកជំទប់ទី១ ជាប់ឆ្នោតគណបក្សភ្លើងទៀនឃុំគំរូ ខេត្តបន្ទាយមានជ័យ លោក សាន់ សៀកគីន លើកឡើងថា លោកបានត្រៀមខ្លួនរួចហើយសម្រាប់បំរើពលរដ្ឋតាមគោលការណ៍របស់គណបក្ស ហើយឆ្លើយតបទៅនិងដំណោះស្រាយជូនប្រជាពលរដ្ឋជារួមពីទុក្ខកង្វល់ផ្សេងរបស់ពលរដ្ឋ។ លោក សាន់ សៀកគីន ថ្លែងថា លោកអន្ទះសារ ចង់ចូលធ្វើការបំរើពលរដ្ឋ ព្រោះលោកយល់ថា ពលរដ្ឋក្នុងឃុំកំពុងជួបទុក្ខលំបាកច្រើន ពិសេសគឺកូនក្មេង ដែលត្រូវម្តាយឳពុកធ្វើចំណាកស្រុក ដោយគ្មានអ្នកមើលថែឱ្យបានត្រឹមត្រូវ៖ «សំខាន់ជាងគេគឺស្មោះត្រង់! ស្មោះត្រង់វាបង្កប់នូវតម្លាភាព នូវការតាំងចិត្តឈឺឆ្អាលចំពោះបញ្ហាប្រជាពលរដ្ឋ ហើយយើងយកបញ្ហានោះទៅដោះស្រាយនៅក្នុងសាលាឃុំ ទោះបីគណបក្សភ្លើងទៀនមាន២សំឡេង (អាសនៈ) ក៏ដោយ ប៉ុន្តែយើងនឹងតស៊ូមតិ ហើយខ្ញុំជឿជាក់ថា អ្វីដែលយើងលើកឡើង អោយតែមានភាពច្បាស់លាស់ ហើយយើងជំរុញទឹកចិត្តអោយសមាជិកក្រុមប្រឹក្សាដទៃទៀតចូលរួម យើងនឹងប្រើសិល្បៈនៃការដឹកនាំ អោយគាត់មើលឃើញសារៈសំខាន់ នៃការដោះស្រាយជូនប្រជាពលរដ្ឋ ទោះជាដំណោះស្រាយនោះបានដោះស្រាយកន្លងមកបានខ្លះ ឬក៏ជាសារថ្មីអ្វីក៏ដោយ អោយតែយើងមានគំនិតចេះបញ្ចុះបញ្ចូល លើកទឹកចិត្តរបស់គាត់ ក្រុមប្រឹក្សាដទៃទៀត ខ្ញុំជឿថា ប្រាកដជាគាត់នឹងចូលរួមសហការ ហើយនឹងដោះស្រាយដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា»។
ទាក់ទងនឹងបញ្ហានេះ មេឃុំគំរូជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យលោក នាម ឃាម ប្រាប់វិទ្យុអាស៊ីសេរីថា លោកនិងបែងចែកទៅតាមការងារដែលច្បាប់បានកំណត់ ទៅតាមសមត្ថភាពស្របទៅតាមដៃគូរអង្គការនានា ដែលធ្លាប់សហការកន្លងមក ។ លោក បន្តថា និងរួបរួមសាមគ្គីគ្នាធ្វើការងារដើម្បីផលប្រយោជន៍ពលរដ្ឋ៖ «ទេបើសិនសំរាប់ខ្ញុំ វាមិនមានអារម្មណ៍អីផង។ មានអារម្មណ៍ថា បើប្រកាសធ្វើសុពលភាពទៅ យើងនឹងចាប់ដៃគ្នាកសាងភូមិឃុំបន្ត ដែលមានក្នុងនោះ មានគណបក្សភ្លើងទៀន២រួបរួម១ និងប្រ/ជ (គណបក្សប្រជាជន) ៤។ ចឹងទេ ដល់ប្រកាសទៅ យើងមានទៅគិតគូរអីទៀតមានតែសហការគ្នា បំរើប្រជាពលរដ្ឋតែប៉ុណ្ណោះទេ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំនៅខេត្តបាត់ដំបងលោក អ៊ិន គង់ជិត លើកឡើងថា កន្លងមករដ្ឋបាលថ្នាក់ក្រោមជាតិ គឺគ្រប់គ្រងដោយគណបក្សតែមួយ ដែលធ្វើអោយកន្លែងមួយចំនួនបញ្ហាច្រើន ដោយសារតែអាជ្ញាធរឃុំមួយចំនួនខ្វះសមត្ថភាពក្នុងការដោះស្រាយជូនពលរដ្ឋ ។ លោកបន្តថា កត្តាគ្មានដំណោះស្រាយនាំឲ្យពលរដ្ឋអស់ជំនឿ និងបោះឆ្នោតអោយគណបក្សផ្សេងចូលរួមក្នុងឃុំសង្កាត់ ដើម្បី ប្រជែងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានពួកគាត់។ លោក អ៊ិន គង់ជិត អះអាងថា អំពើពុករលួយ បក្ខពួកនិយម និងអសមត្ថភាព ក៏ជាឧបសគ្គក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដែរ៖ «ការដែលពួកគាត់ត្រៀមខ្លួនសម្រាប់ចូលទៅកាន់មុខតំណែងនេះ វាជាការចូលរួមបង្កើតអោយមានប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ដោយសារពួកគាត់ ជាតំណាងអោយសំឡេងភាគតិច គាត់អាចពាំនាំនូវក្តីកង្វល់របស់សំឡេងពួកគាត់ហ្នឹង ទៅដាក់នៅក្នុងក្រុមប្រឹក្សា ដើម្បីលើកជាបញ្ហាដោះស្រាយ កាត់បន្ថយជំលោះ ហើយនឹងបង្កើតអោយមាន ការរក្សាសណ្តាប់ធ្នាប់នូវថ្នាក់មូលដ្ឋាន ហើយចូលរួមក្នុងការអភិវឌ្ឍន៍ហ្នឹងបន្តទៀត»។
លោក អ៊ិន គង់ជិត អំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ ពួតដៃគ្នាធ្វើការងារដើម្បីប្រយោជន៍រួមនៅក្នុងមូលដ្ឋាន និងអនុវត្តគម្រោងនានារបស់រដ្ឋាភិបាលអោយមានតម្លាភាព ហើយផ្តល់សេវាល្អទាក់ទងនិងការអប់រំ សេវាសុខភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយរបស់គណបក្សនីមួយៗដែលបានឃោសនាបោះឆ្នោត។
ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ គណបក្សប្រជាជនកម្ពុជាទទួលបាន ៩ពាន់៣រយ (៩,៣៧៦) អាសនៈ គណបក្សភ្លើងទៀន ២ពាន់១រយ៩៨(២,១៩៨ )អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ១៩ អាសនៈ គណបក្សខ្មែររួបរួមជាតិ ១៣អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦ អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ ៥អាសនៈ គណបក្សយុវជនកម្ពុជា ៣ អាសនៈ គណបក្សកម្ពុជានិយម ១ អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១ អាសនៈ។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្ដេជ្ញាថា ពួកគេនឹងខិតខំបំពេញការងារ ដោយមិនឱ្យគណបក្សកាន់អំណាចដឹកនាំមូលដ្ឋានបែបជិះសេះលែងដៃដូចពេលមុនៗទៀតបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។