ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈ​ពេល​ជាង ២៦ឆ្នាំ​កន្លង​មក ប៉ះពាល់​ដល់​គោល​ការណ៍​នីតិរដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2019.10.25
រដ្ឋធម្មនុញ្ញ ៦២០ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo courtesy of National-Assembly.org.kh

រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ បាន​ឆ្លង​កាត់​ការ​ធ្វើ​វិសោធនកម្ម ឬ​ការ​កែប្រែ​ខ្លឹមសារ​ដើម​ជា​ច្រើន​ដង​រួច​មក​ហើយ​​​ក្នុង​រយៈ​ពេល​ជាង ២០ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ធ្វើ​វិសោធនកម្ម​ជា​បន្ត​បន្ទាប់​មក​នេះ ត្រូវ​បាន​អ្នក​ច្បាប់​​លើក​ឡើង​ថា ធ្វើឲ្យ​រដ្ឋធម្មនុញ្ញ​ចុះ​ទន់​ខ្សោយ និង​ប៉ះ​ពាល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

គិត​តាំង​ពី​ឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ៩លើក​ហើយ។ តើ​វិសោធនកម្ម​ទាំង​នោះ​មាន​អ្វី​ខ្លះ និង​ប៉ះ​ពាល់​បែប​ណា​ខ្លះ?

រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ និង​បានប្រកាសឲ្យប្រើនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល ដែល​មាន​ន័យ​ថា រាល់​ច្បាប់ ឬ​លិខិត​បទដ្ឋាន​ដទៃ​ទៀត ទាំង​ក្នុង​ពេល​អនុម័ត និង​អនុវត្ត​ត្រូវ​តែ​ស្រប​តាម​តាម​រដ្ឋធម្មនុញ្ញ។

ការ​ផ្ដួច​ផ្ដើម​គំនិត​ក្នុង​ការ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ជា​បុព្វសិទ្ធិ​របស់​ព្រះមហាក្សត្រ នាយក​រដ្ឋមន្ត្រី ប្រធាន​សភា តាម​សំណើ​សុំ​ពី​សមាជិកសភា ដែល​មាន​សំឡេង ១ ភាគ ៤ នៃ​សមាជិក​សភា​ទាំង​មូល។ ការ​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​រដ្ឋធម្មនុញ្ញ មិន​អាច​ធ្វើ​ឡើង​បាន​ទេ ប្រសិន​បើ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ប៉ះពាល់​ដល់​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ។

. អាណត្តិទី១

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែង​ពី​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ឯករាជ្យ​របស់​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង​បី គឺ​ស្ថាប័ន​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និង​តុលាការ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល ២៦ឆ្នំា​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​បាន​យក​រដ្ឋធម្មនុញ្ញ​មក​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ដ៏​សំខាន់​មួយ ដើម្បី​បម្រើ​ប្រយោជន៍​ឲ្យ​បក្ស​ខ្លួន តាម​រយៈ​ការ​ធ្វើ​កែប្រែ​តាម​ទៅ​តាម​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​ទៅ​វិញ។

ជា​ឧទាហរណ៍ ការ​ធ្វើ​វិសោធនកម្ម​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ១៩៩៤ នា​សម័យប្រជុំ​រដ្ឋសភា​វិសាមញ្ញនីតិកាលទី១ កែប្រែមាត្រា២៨។ ការ​កែប្រែ​នេះ ដើម្បី​ផ្ដល់​សិទ្ធិ​ដល់​ប្រមុខរដ្ឋ​ស្ដីទី ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម ឬ​ព្រះរាជក្រឹត្យ នៅ​ពេល​ព្រះមហាក្សត្រ​អវត្តមាន ដោយ​ព្រះរាជសារ​ប្រគល់​សិទ្ធិ​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​ជា​ប្រមុខ​រដ្ឋ​ស្ដីទី (វិសោធនកម្ម​មាត្រា ២៨ថ្មី ព្រះមហាក្សត្រ ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើ​ច្បាប់ ដែល​សភា និង​ព្រឹទ្ធសភា​អនុម័ត​រួច តាម​ការ​ស្នើ​របស់​គណៈរដ្ឋមន្ត្រី។ ក្នុង​ពេល​ព្រះមហាក្សត្រ​ប្រឈួន ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស គឺ​ព្រះអង្គ​មាន​សិទ្ធិ​ផ្ទេរ​អំណាច​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជ​ក្រម ទៅ​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​ជា​ប្រមុខ​រដ្ឋ​ស្ដីទី)

. អាណត្តិទី២

វិសោធនកម្ម​លើក​ទី២ គឺ​វិសោធនកម្ម​មាត្រា​ទាំង​ឡាយ​នៃ​ជំពូក​ទី៨ ដល់​ជំពូក​ទី១៤ នៃ​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ១៩៩៩ នា​សម័យ​ប្រជុំ​សភា​ជា​វិសាមញ្ញ នីតិកាល​ទី២ ដែល​វិសោធនកម្ម​នេះ ដើម្បី​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ព្រឹទ្ធសភា។ ការ​ធ្វើ​វិសោធនកម្ម​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា​នេះ ជា​ការ​បែងចែក​អំណាច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោយ​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច បាត់បង់​អាសនៈ​ដ៏​សន្ធឹកសន្ធាប់​នៃ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី២ ឆ្នាំ១៩៩៨ ក្រោយ​ពី​ភាគី​លោក ហ៊ុន សែន ដែល​ជា​ដៃគូ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​នាយក​រដ្ឋមន្ត្រី​ទី១ នៅ​ឆ្នាំ១៩៩៧។

ក្រោយ​មក​ភាគី​ទាំង​ពីរ ចរចា​គ្នា​ឡើង​វិញ បាន​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី២ ឆ្នាំ១៩៩៨។ ក្រោយ​ការ​បោះ​ឆ្នោត​ភាគី​ទាំង​ពីរ​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា ដើម្បី​ឲ្យ​លោក ជា ស៊ីម ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា រីឯ​សម្ដេច​ក្រុម​ព្រះ ធ្វើ​ជា​ប្រធាន​រដ្ឋសភា។

វិសោធនកម្ម​លើក​ទី៣ គឺ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា១៩ និង ២៩ ដែល​សភា​អនុម័ត​នៅ​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ២០០១ ដែល​ចែង​អំពី​ព្រះមហាក្សត្រ​ទ្រង់​បង្កើត និង​ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។ វិសោធនកម្ម​នេះ គឺ​សំដៅ​លើ​ព្រះមហាក្សត្រ​ទទួល​ស្គាល់​នាយក​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី ក្រោយ​ពី​សភា​ជ្រើសតាំង។ ហើយ​ការ​ប្រទាន​ឋានន្តរសក្ដិ ទៅ​ចំពោះ​មន្ត្រី​ណា ដែល​មាន​ស្នាដៃ​បម្រើ​ជាតិ មាន​ដូច​ជា យោធា និង​មន្ត្រី​រាជការ​ស៊ីវិល​ទៅ​តាម​ច្បាប់​កំណត់។

. អាណត្តិទី៣

ចំពោះ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី៤ វិញ គឺ​ជា​វិសោធនកម្ម ដ៏​ចម្រូងចម្រាស បង្កើត​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ឆ្នាំ​២០០៤ ដើម្បី​អនុញ្ញាត​ឱ្យ​រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល​ក្នុង​ពេល​តែ​មួយ ឬ​ហៅ​ថា បោះ​ឆ្នោត​ជា​កញ្ចប់។ ទាំង​អ្នក​ច្បាប់ និង​វិភាគ​យល់​ថា ការ​បង្កើត​ផ្លូវ​កាត់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គន្លង​ប្រជាធិបតេយ្យ ដែល​តាម​វិធី​ស្រប​ច្បាប់ គឺ​សមាជិក​រដ្ឋសភា​ទាំង​មូល​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ក្បាល​ដឹក​នាំ​រដ្ឋសភា​ជា​មុន​សិន ទើប​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ពី​គណបក្ស​ជាប់​ឆ្នោត​ឱ្យ​ដឹក​នាំ​គណៈរដ្ឋមន្ត្រី​ជា​ក្រោយ។ អ្នក​ច្បាប់​យល់​ថា ច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ពី​ព្រោះ​ច្បាប់​នេះ កាន់​តែ​បន្សាប​អំណាច​រដ្ឋសភា ហើយ​ពង្រឹង​អំណាច​របស់​រដ្ឋាភិបាល បន្ទាប់​ពី​កម្ពុជា​មាន​វិបត្តិ​នយោបាយ​ជាប់​គាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មិន​បាន ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៣។

ការប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ២០០៣របស់គណបក្សហ្វ៊ុនប៉ិច និង​គណបក្ស សម រង្ស៊ី ​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ។ ពេល​នោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី បាន​បង្កើត​សម្ព័ន្ធ​មួយ​រួម​គ្នា គឺ​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​មិន​គ្រប់ ២ ភាគ ៣ ដែល​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​ខ្លួន​ឯង​បាន។ សម្ពន្ធភាព​នេះ ធ្វើ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​របស់​លោក ហ៊ុន សែន ឈឺ​ក្បាល ដោយ​សារ​តែ​មិន​មាន​កូរ៉ុម​គ្រប់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ចុង​បញ្ចប់ គឺនៅពាក់កណ្ដាលឆ្នាំ២០០៤ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បោះបង់​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ជាមួយ លោក សម រង្ស៊ី ចោល ហើយ​ងាក​ទៅ​ចាប់​ដៃ​ជា​មួយ​លោក ហ៊ុន សែន ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គ្នា​បន្ត​ទៀត។

នៅ​ពេល​នោះ ទោះ​ជា​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​យល់​ព្រម​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក ហ៊ុន សែន ក្ដី ក៏​លោក ហ៊ុន សែន នៅ​តែ​ព្រួយ​បារម្ភ និង​សង្ស័យ​ថា បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក​អាច​មិន​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​លោក​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទៅ​មុខ​ទៀត ។ ដោយ​កើត​ចេញ​ពី​ភាព​មិន​ទុក​ចិត្ត​លើ​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ខ្លួន​ឯង​ផង និង​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច ផង លោក ហ៊ុន សែន ក៏​ផ្ដួចផ្ដើម​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ ដើម្បី​បោះ​ឆ្នោត​ជា​កញ្ចប់​តែ​ម្ដង។

ច្បាប់​ធម្មនុញ្ញ​បន្ថែម​មាត្រា​៣ និង​មាត្រា​៤ ដែល​លោក ហ៊ុន សែន សម្រេច​បាន​ដូច​បំណង​ ក្រោយ​ពី​ឆ្លង​កាត់​ព្យុះ​ភ្លៀង​នយោបាយ​នោះ គឺ​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន អនុប្រធាន​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ព្រម​ទាំង​ការ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដល់​បេក្ខជន​នាយក​រដ្ឋមន្ត្រី ក្នុង​ពេល​តែ​មួយ (ហៅ​ថា បោះ​ឆ្នោត​ជា​កញ្ចប់)។ នៅ​ពេល​នោះ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី មិន​បាន​ចូលរួម​ឡើយ។

បញ្ញត្តិ​ដើម​មាត្រា​៨២ និង​មាត្រា​១១៩ ​នៃ​រដ្ឋធម្មនុញ្ញ ដែល​មិន​ទាន់​បាន​កែប្រែ​នោះ គឺ​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​បង្កើត​ថ្នាក់​ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត ដាច់​ដោយ​ឡែក​ពី​គ្នា ពោល​គឺ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា​មុន​សិន ទើប​តំណាង​រាស្ត្រ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​គណបក្ស​ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន ឲ្យ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​តាម​ក្រោយ។

នៅ​ក្នុង​ឆ្នាំ២០០៤ នោះ ទោះ​បី​ជា​លោក ហ៊ុន សែន បាន​ជោគជ័យ​លើ​ការ​ធ្វើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​បោះ​ឆ្នោត​ជា​កញ្ចប់​បែប​នេះ​ក្ដី ប៉ុន្តែ​ដើម្បី​ឲ្យ​ច្បាប់​ថ្មី​នេះ​ចូល​ជា​ធរមាន​ទៅ​បាន​នោះ លុះ​ត្រា​តែ​ព្រះមហាក្សត្រ​ចុះ​ព្រះហស្តលេខា​ទទួល​ស្គាល់ និង​ប្រកាស​ឲ្យ​ប្រើ​ជា​មុន​សិន។

នៅ​ពេល​នោះ ព្រះ​បរម​រតនកោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ មិន​គាំទ្រ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ​ទេ ព្រះ​អង្គ​ក៏​យាង​ចេញពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េខាងជើង ដើម្បី​គេច​ចេញ​ពី​ការ​ចុះ​ព្រះហស្តលេខា​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។ ប៉ុន្តែ​មួយថ្ងៃ​មុន​យាង​ចេញពី​កម្ពុជា ព្រះអង្គ​បាន​សរសេរ​ចុតហ្មាយ​មួយ​ផ្ញើ​ទៅ​ជូន​លោក ជា ស៊ីម ដែល​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រមុខ​រដ្ឋ​ស្ដីទី ដោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា សេចក្ដីព្រាងច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ គឺជា​បញ្ហា​​​នាំ​ទៅ​រក​ភាព​ប្រេះស្រាំ​នៃ​ការ​បែក​បាក់​ជាតិ។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​អាច​ទទួលខុស​ត្រូវ​ចំ​ពោះ​កិច្ចការ​ដ៏​ធ្ងន់ធ្ងរ​នេះ​បានទេ។ ក្នុង​លិខិត​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​ព្រះអង្គ កាលណោះ គឺ​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​បន្ទូល​ផ្ដែផ្ដាំ​ទៅ ​លោក ជា ស៊ីម សូម​ឱ្យ​លោក ប្រើ​មនសិការ​របស់​លោក​ទៅ​ចុះ ក្នុង​ការ​សម្រេច​ថា តើ​ត្រូវ​ចុះហត្ថលេខា ឬ​មិន​ចុះហត្ថលេខា​លើ ​សេចក្ដីព្រាងច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ។

លោក ជា ស៊ីម ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី ក៏​មិន​ព្រម​ចុះហត្ថលេខា​លើ​សេចក្ដី​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ​ដែរ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខឹង​សម្បារ​យ៉ាង​ខ្លាំង ហើយ​ក៏បាន​បញ្ជា​ឲ្យ​លោក ហុក ឡង់ឌី អគ្គស្នងការ​នគរបាល​ជាតិ ដឹកនាំ​កម្លាំង​មួយ​ក្រុម មាន​ទាំង​ឆ្កែ​កាច​ផង​ទៅ​ហ៊ុមព័ទ្ធ​ផ្ទះ និង ​បង្ខំ​ឲ្យ​លោក ជា ស៊ីម ចាក​ចេញទៅ​ស្នាក់នៅ​ប្រទេស​ថៃ​មួយ​រយៈ ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក ញឹក ប៊ុនឆៃ ពេល​នោះ​ ជា​អនុប្រធាន​ទី២ ព្រឹទ្ធសភា និង​ជា​អគ្គលេខាធិការ​គណបក្ស ហ៊្វុនស៊ិនប៉ិច ​ឡើងជា​ប្រមុខ​រដ្ឋ​ស្ដីទី ពីព្រោះ​អនុប្រធាន​ទី​១​ អវត្តមាន​នៅ​ក្នុង​ប្រទេស ដើម្បី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ នៅ​ថ្ងៃ​ទី១៣ កក្ដដា​ ឆ្នាំ២០០៤។

ក្រោយ​ពី​លោក ញឹក ប៊ុនឆៃ ប្រមុខ​រដ្ឋ​ស្ដីទី ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​បង្កើត​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ បណ្ឌិត សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត បាន​ហៅ​វិសោធនកម្ម​នោះ​ថា ជា​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ។

ទោះ​ជា​យ៉ាង​ណា លោក ញឹក ប៊ុនឆៃ ដែល​ជា​ម្ចាស់​ហត្ថលេខា​លើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ ថ្មីៗ នេះ ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​យល់​ថា វា​ជា​រដ្ឋ​ប្រហារ​ធម្មនុញ្ញ​នោះ​ទេ។ លោក​ថា ហត្ថលេខា​របស់​លោក​នៅ​ពេលនោះ បាន​ជួយ​ស្រោចស្រង់​វិបត្តិ​នយោបាយ​កម្ពុជា​ឱ្យ​មាន​ស្ថិរភាព​ឡើងវិញ៖ «មិន​ខ្ញុំ​មិន​យល់​ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​អ្វី​ទេ ព្រោះ​ច្បាប់​នេះ ប្រើ​ដល់​សព្វ​ថ្ងៃ​ទៀត មក​ដល់​ពេល​នេះ បក្ស​តែ​មួយ​នៅ​តែ​ប្រើប្រាស់​ធម្មនុញ្ញ​បន្ថែម​នេះ​ដែរ ហើយ​កាល​ឯក​ឧត្ដម កឹម សុខា ត្រូវ​សភា​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​សភា​នោះ ក៏​បោះ​ឆ្នោត​ជា​កញ្ចប់​ដែរ គឺ​ប្រើ​ច្បាប់​នេះ​ដែរ»

មួយ​ឆ្នាំ​ក្រោយ​មក រដ្ឋធម្មនុញ្ញ​ក៏​ត្រូវ​សភា​ធ្វើ​ការ​កែប្រែ​ទៅ​លើ​មាត្រា​មួយ​ចំនួន​បន្តបន្ទាប់​ថែម​ទៀត ការ​ធ្វើ​វិសោធនកម្ម​លើក​ទី៥ និង វិសោធនកម្ម​លើក​ទី៦ នេះ គឺ​ជា​ការ​កែប្រែ​ពី​ចំនួន​កូរ៉ុម​នៃ​ចំនួន​សមាជិក​សភា និង​ព្រឹទ្ធសភា ដើម្បី​អនុម័ត​ច្បាប់​មួយ​ចំនួន ពី ២ ភាគ ៣ ទៅ ៥០ បូក ១ វិញ។

ក្រោយ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី​ចំនួន​សមាជិក​សភា​ពី ២ ភាគ ៣ ទៅ​ជា ៥០ បូក ១ វិញ ក្នុង​ការ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ផ្សេងៗ នោះ គឺ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អំណាច​កាន់​តែ​ខ្លាំង ទៅ​លើ​ការ​ធ្វើ​ច្បាប់​ផ្សេងៗ ដូច​ជា​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​ច្បាប់​សហជីព ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ និង​ច្បាប់​ដទៃ​មួយ​ចំនួន​ទៀត។

អ្នក​វិភាគ​នយោបាយ​​ បណ្ឌិត ឡៅ ម៉ុង​ហៃ កត់​សម្គាល់​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ជា​រដ្ឋធម្មនុញ្ញ​ដ៏​ល្អ កើត​ឡើង​ក្រោយ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ លោក​ថា ច្បាប់​កំពូល​របស់​ជាតិ​មួយ​នេះ បាន​កំណត់​យ៉ាង​ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​របស់​ស្ថាប័ន​កំពូលៗ របស់​ជាតិ ព្រមទាំង​មាន​ការ​បែង​ចែកអំណាច​ដាច់​ពី​គ្នា​រវាង​ស្ថាប័ន​កំពូល​ទាំង ៣ របស់​ជាតិ គឺ​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ​ ដើម្បី​ចៀសវាង​នូវ​ការ​រំលោភ​អំណាច​ណាមួយ​កើត​ឡើង​។ លោក​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ក៏​បាន​ធានា​យ៉ាង​ច្បាស់​​អំពី​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ។

ទោះ​ជា​យ៉ាង​ណា លោក​ថា រដ្ឋ​ធម្មនុញ្ញ​នេះ​មិន​ត្រូវ​បាន​រដ្ឋអំណាច​គោរព​ និង​អនុវត្ត​​តាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ ផ្ទុយ​ទៅវិញ​បែរ​ជា​មាន​ការ​កែប្រែ​ជា​ច្រើន​លើក​ច្រើន​សារ​ សម្រាប់​ផល​ប្រយោជន៍​នយោបាយ​របស់​ក្រុម​អ្នក​កាន់​អំណាច​ទៅវិញ ៖ «ការ​កែប្រែ​ផង និង​ការ​អនុវត្ត​ជាក់ស្ដែង​ផង មិន​គោរព​គោល​ការណ៍ ស្មារតី និង​ពាក្យ​ពេចន៍​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង នេះ​គឺ​បើក​ច្រក​ឱ្យ​មាន​ការ​រំលោភ​អំណាច​កាន់​តែ​ច្រើន​ទៅ ហើយ​និង​កាត់​បន្ថយ​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ ជា​អាទិ៍»

. អាណត្តិទី៤

វិសោធនកម្ម​លើក​ទី៧ ធ្វើនៅថ្ងៃទី១៥ ខែមករាឆ្នាំ២០០៨ នាសម័យប្រជុំសភាលើកទី៧ នីតិកាល​ទី៣ បន្ថែម​ជំពូក​ទី១៣ ថ្មី អំពី ការ​គ្រប់គ្រង​រដ្ឋបាល ដែល​បែងចែក រាជធានី ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវ​គ្រប់គ្រង​តាម​លក្ខខ័ណ្ឌ ដែល​មាន​ចែង​ក្នុង​ច្បាប់​អង្គការ។

. អាណត្តិទី៥

រីឯ​វិសោធនកម្ម​លើក​ទី៨ វិញ ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៤ វិសោធនកម្ម​មាត្រា ៧៦ រដ្ឋសភា​មាន​សមាជិក​យ៉ាង​តិច ១២០រូប​នោះ ទៅ​ចំនួន ១២៣រូប​វិញ ដែល​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ​មុខ​ច្បាប់ និង​តាម​វិធី​បោះ​ឆ្នោត​ជា​សម្ងាត់។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ គឺ​លើក​ទី៩ ឆ្នាំ២០១៧ គឺ​ជា​វិសោធនកម្ម​មួយ ដែល​អ្នក​ច្បាប់​ចាត់ទុកថា ជា​វិសោធនកម្ម​ដ៏​អាក្រក់​មួយ ក្នុង​ទិស​ដៅ​កែប្រែ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រាប់​បិទ​សិទ្ធិ​មន្ត្រី​បក្ស​ប្រឆាំង មិន​ឲ្យ​ធ្វើ​នយោបាយ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

មាត្រា៤២ កែ​ថ្មី​នៃ​ច្បាប់​គណបក្ស​នយោបាយ​ចែង​ថា គណបក្ស​នយោបាយ ត្រូវ​តែ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ ទោះ​ជា​ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្ដី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ។

រីឯ​មាត្រា ៣៨​ថ្មី កថាខណ្ឌ​ទី២ ចែង​ថា គណបក្ស​នយោបាយ​ណា ដែល​ប្រព្រឹត្តិ​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​វិសោធនកម្ម​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ជាធរមាន​ដទៃ​ទៀត ក្រសួង​មហាផ្ទៃ​អាច​ចាត់​វិធានការ សម្រេច​​ផ្អាក​​សកម្មភាព​​របស់​គណបក្ស​នយោបាយ​នោះ​ជា​បណ្ដោះអាសន្ន ក្នុង​រយៈ​ពេល​មួយ​ជា​កំណត់។ ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​នោះ ក្នុង​ករណី​​កំហុស​មាន​​លក្ខណៈ​​ធ្ងន់ធ្ងរ។ រីឯ​​មាត្រា​ ៤៤​ថ្មី (ពីរ) ​ចែង​ថា តុលាការ​អាច​សម្រេច​​ផ្អាក​​សកម្មភាព​គណបក្ស​នយោបាយ​មិន​លើស​ពី ៥​ឆ្នាំ និង​អាច​រំលាយ​គណបក្ស​នយោបាយ​មួយ​បាន ប្រសិន​បើ​គណបក្ស​នយោបាយ​នោះ​ប្រើប្រាស់​ជា​សារ​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត និង​យល់​ព្រម​​ដោយ​​ចំហ ឬ​​តុណ្ហីភាព ឬ​​ឃុបឃិត​ជាមួយ​ទណ្ឌិត​ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​នយោបាយ​នោះ។

ការ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី២០ កុម្ភៈ ឆ្នាំ២០១៧នោះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​សកម្មភាព​រៀបចំ ដើម្បី​ឆ្ពោះ​ទៅ​ចាប់​ខ្លួន​មេ​បក្ស​សង្គ្រោះ​ជាតិ និង​រំលាយ​បក្ស​ប្រឆាំង​មួយ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ ខុមហ្រ្វែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បន្ត​បន្ទាប់​ចុង​ក្រោយ​នេះ គឺ​ជា​ទម្រង់​នៃ​ការ​អនុវត្ត​របប​ដឹក​នាំ​ប្រទេស​បែប​ផ្ដាច់​ការ ឬ​កុម្មុយនិស្ត។ លោក​បញ្ជាក់​ថា របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ឆន្ទៈ​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស តាម​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ចោល​នោះ៖ «អំណាច​ប្រមូល​ផ្ដុំ​ទៅ​គណបក្ស​មួយ អ៊ីចឹង​ហើយ​បាន​ជា​គណបក្ស​ដឹក​នាំ​រដ្ឋ​តែ​មួយ​ហ្នឹង ក្លាយ​ទៅ​ជា​របប​ផ្ដាច់​ការ ជា​របប​កុម្មុយនិស្ត ប្រព័ន្ធ​កុម្មុយនិស្ត​ឲ្យ​គណបក្ស​តូចៗ ចូលរួម​មែន តែ​ការ​ដឹក​នាំ​រដ្ឋ មាន​គណបក្ស​តែ​មួយ»

រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​លើកទី៦ ដែល ប្រកាន់​យក​របប​សេរី​ពហុបក្ស របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​នេះ គឺ​ល្អ​ជាង​គេ​ក្នុង​ចំណោម​រដ្ឋធម្មនុញ្ញ​ចំនួន ៥ នៃ​របប​មុនៗ។ ល្អ​ត្រង់​ថា រដ្ឋធម្មនុញ្ញ​លើក​ទី៦ នេះ តម្រូវ​ឲ្យ​អ្នក​គ្រប់គ្រង​រដ្ឋ មិន​ថា​មក​ពី​គណបក្ស​ណា​ទេ គឺ​ត្រូវ​ធានា​ការពារ​សិទ្ធិ​មនុស្ស សេរីភាព និង​សេចក្ដីថ្លៃថ្នូរ​របស់​ពលរដ្ឋ​ខ្លួន ស្មើគ្នា​ចំពោះ​មុខ​ច្បាប់។ ការ​ពិត​ទៅ អ្នក​តាក់តែង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ បាន​ព្យាករ​ទុក​មុន​រួច​ហើយ​ថា ប្រទេស​កម្ពុជា​នៅ​ថ្ងៃខាងមុខ​ អាច​នឹង​មាន​ជន​ផ្ដាច់​ការ​ឡើង​កាន់​អំណាច​ម្ដង​ទៀត។ ដូច្នេះ​ហើយ ​ដើម្បី​ចៀសវាង មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រោម​របប​ផ្ដាច់​ការ អ្នក​តាក់តែង​​រដ្ឋធម្មនុញ្ញ ដែល​តំណាង​ឱ្យ​គណបក្ស​នយោបាយ​ចំនួន​បួន​នៅ​ពេល​នោះ បាន​មូល​មាត់​គ្នា​សរសេរ​ចែង​ខ្លឹមសារ​ក្នុង​មាត្រា ១៥៣ នៃ​រដ្ឋធម្មនុញ្ញ​ថា៖ «ការ​សើរើ ឬ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិន​អាច​ធ្វើ​បាន​ឡើយ កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ»

ក៏ប៉ុន្តែ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លឹមសារ​ដើម​នេះ​ទេ។ លោក​បាន​បញ្ជា​ឱ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ ច្បាប់​កំពូល​នេះ​ជា​ញឹកញាប់​ធ្វើ​ឱ្យ​ឯកសារ​ផែនទី​បំភ្លឺ​ផ្លូវ​មួយ​នេះ ធ្លាក់​ចុះ​ទន់​ខ្សោយ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ រហូត​ដល់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ក្លាយ​ជា​របប​ឯក​បក្ស ឬ​របប​ដឹក​នាំ​ដោយ​គណបក្ស​នយោបាយ​តែ​មួយ ដែល​អ្នក​សង្កេតការណ៍​ថា លោក​ថា ហ៊ុន សែន កំពុង​ដឹក​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​របប​ផ្ដាច់​ការ​វិញ។ នេះ​គឺ​ជា​អ្វី ដែល​អ្នក​តាក់តែង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ព្យាយាម​ចៀសវាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។