ក្រសួង​ព័ត៌មាន មិន​ស៊ើប​អង្កេត​រឿង​ពុក​រលួយ និង​គ្រួសារ​និយម​ក្នុង​ក្រសួង​ទេ ព្រោះ​ចាត់​ទុក​ជា​រឿង​ធម្មតា

0:00 / 0:00

ក្រសួង​ព័ត៌មាន​ មិន​បើក​ការស៊ើប​អង្កេត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​ក្រសួង​កំពុង​ញាំញី​ដោយ​អំពើ​ពុក​រលួយ​និងបញ្ហា​បក្ខ​ពួក​គ្រួសារ​និយម​យ៉ាង​អនាធិ​បតេយ្យ​នោះ​ទេ ព្រោះ​ចាត់​ទុក​ថា ជា​រឿង ធម្មតា។ សង្គម​ស៊ីវិល​យល់​ថា ករណី​នេះ ត្រូវ​តែ​ធ្វើ​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​ និង​មាន​វិធានការ​ច្បាប់ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពី​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក ​ផុស ​សុវណ្ណ​ ប្រាប់​អាស៊ី​សេរី​ថា ថ្នាក់​ដឹក​នាំ​ក្រចោសួង​ព័ត៌មាន​មិន ​​សម្រេច​ឲ្យ​បើកការ​ស៊ើប​អង្កេត​នោះទេ ​ចំពោះ​ករណី​ដែល​មន្ត្រី​នៃ​ក្រសួង​នេះ​ទម្លាយ​ពី​រឿង​អំពើ ពុក​រលួយ​ក្នុង​ការ​តែងតាំង​មន្ត្រី និង​បញ្ហា​បក្ខពួក​គ្រួសារ​និយម ដែល​កើតមាន​​ក្នុង​ក្រសួង​ព័ត៌មាន។

លោក ​ផុស ​សុវណ្ណ​ និយាយ​លាយឡំ​ជាមួយ​សំណើច​តិចៗ ថា មូលហេតុ​ដែល​មិនឲ្យ​ស៊ើប​អង្កេត ​និង​គ្មាន​ចំណាត់​ការ ​ព្រោះ​ថ្នាក់​ដឹក​នាំ​ក្រសួង​ព័ត៌មាន​យល់​ថា​ ករណី​នេះ​ជា​រឿង​តូចតាច និង​សា​ មញ្ញ​ធម្មតា៖ « ដូច​ខ្ញុំ​ធ្លាប់​ឆ្លើយ​លើក​មុន​ចឹង​ថា ដោយសារ​ទាក់ទង​នឹង​វិស័យ​សារ​ព័ត៌មាន​នេះ អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​គ្នា​នេះ ខ្ញុំ​មិន​ហ៊ាន​ថា​ម៉េច​ទៀត​ទេ ព្រោះ​គាត់​ធ្វើ​ការ​ជា មួយ​គ្នា​តាំង​ពី​ណា​ពី​ណី​មក​គ្រាន់​តែ​ថា តំណែង​ផ្សេង​គ្នា ឧបមា​ថា គាត់​នៅ​ផ្នែក​ព័ត៌មាន អ្នក​អាន​ព័ត៌មាន​អី​ភាគ​ច្រើន​អ៊ីចឹង។ ខ្ញុំ​បាន​រាយ​ការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីដែរ សួរ​ថា មាន​ចំណាត់​ការ​អី លោក​ដូច​ជា​អត់​មាន​ចម្លើយ​អី​ថា​ម៉េចៗ ទេ។ អ៊ីចឹង​បាន​ន័យ​ថា លោក​យល់​ថា ការងារ​នេះ​ធម្មតា​ហើយ​មើល​ទៅ »

ទោះយ៉ាងណាក្តី​ លោក ​ផុស​ សុវណ្ណ ​ទទួល​ស្គាល់​ថា ​ក្រសួង​ព័ត៌មាន ​ពិត​ជា​មាន​បញ្ហា​គ្រួសារ​ និយម​មែន​ ប៉ុន្តែ​មិន​មាន​វិសមត្ថភាព​ការងារ​នោះ​ទេ ដោយសារ​ក្រសួង​ព័ត៌មាន​ មាន​អគ្គ​នាយកដ្ឋាន​ ច្រើន​ ហើយ​មន្ត្រី​ដែល​ជាប់​សាច់​ញាតិ​គ្នា​ បាន​បែកចែង​ការងារ​ធ្វើ​ទៅ​តាម​ជំនាញ និង​ទេព​កោសល្យ​ រៀងៗ ខ្លួន។ លោក​បន្តថា​ ថ្វីដ្បិត​រដ្ឋាភិបាល​មិន​គាំទ្រ​ឲ្យ​មាន​ក្រុម​គ្រួសារ​សាច់​ញាតិ​និយម​ក្នុង ស្ថាប័ន​រដ្ឋតែ​មួយ​ក្តី ប៉ុន្តែ​លោក​យល់​ថា ក្រសួងព័ត៌មាន ​គឺមាន​ករណី​ពិសេស​ដែល​រដ្ឋាភិបាល​ អាច យោគ​យល់​បាន៖ «កន្លែង​ខ្លះ​ក្រុម​គ្រួសារ​អីចឹង គឺ​វា​វិសមត្ថភាព​ការងារ​គ្នា។ ខ្ញុំ​ចង់​និយាយ​ថា ឧបមា​ថា កាន់​ផ្នែក​គណនេយ្យករ ហើយ​និង​ប្រធាន​អង្គភាព ដូច្នេះ​ករណី​នេះ ដូច​ជា​វា​មាន​វិសមត្ថភាព​គ្នា ដូច​ជា​ការងារ​នៅ​ផ្នែក​លេខ​កូដ​សម្ងាត់​អី​ផ្សេងៗ អី​វា​អាច​ថា ដឹង​ទៅ​វា​បែក​ធ្លាយ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​ព័ត៌មាន​ដូច​ខ្ញុំ​ធ្លាប់​លើក​ចឹង​តើ​ឲ្យ​ធ្វើ​ម៉េច​ឥឡូវ។ អ្នក​ខ្លះ​មាន​ជំនាញ ដុង​ត​គ្នា ចង់​និយាយ​ថា អ្នក​ចម្រៀង​ចុះ​បើ​ក្រុម​គ្រួសារ​ត្រកូល​គាត់​មិន​មែន​ជា​អ្នក​ចម្រៀង​តើ​គាត់​អាច​មក​ធ្វើ​ការ​បាន​ទេ ធ្វើ​ជា​អ្នក​ចម្រៀង​បាន​ទេ គឺ​វា​កម្រ​ណាស់។ ភាគ​ច្រើន កើត​ឡើង​ជា​ក្រុម​គ្រួសារ​ចំណង់​ចំណូល​ចិត្ត​ចឹង។ក្នុង​វិស័យ​សារព័ត៌មាន​នេះ វា​មាន​លក្ខណៈ​ពិសេស​អ៊ីចឹង​មួយ​ដែរ​ដែល​រដ្ឋាភិបាលក៏យោគយល់ដែរ»។

ការឆ្លើយតបនេះ បន្ទាប់ពីមន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​សរសេរ​ខិត​មួយ​ច្បាប់​ទម្លាយ​ពី​អំពើពុករលួយ និង​បញ្ហា​បក្ខពួក​គ្រួសារនិយមក្នុង​ក្រសួង​ព័ត៌មាន។

លិខិត​នោះ បង្ហាញ​អំពី​អំពើ​ពុករលួយ និង​គ្រួសារនិយម ជាពិសេស ការ​តែងតាំង​តួនាទី​ក្នុង​ក្រសួង ដែល​សុទ្ធ​តែ​ពូជ​ពង្ស អ្នក​ធំ​ក្នុង​ក្រសួង​ព័ត៌មាន​សែ​ស្រឡាយ លោក ឈុំ សុជាតិ រដ្ឋលេខាធិការ និង​ជា​នាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ព័ត៌មាន និងលោក លោក គាម ម៉ារិទ្ធីយ៉ា ឬហៅថា កែវ សោភ័ណ ដែល​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន។ ការទំលាយពីមន្រ្តីក្រសួងដែលសុំមិនបញ្ចេញ ឈ្មោះ ព្រោះខ្លាចការធ្វើបាបពីសំណាក់អ្នកធំក្នុងក្រសួង បានលើកករណី៤ ដែលទាក់ទងនឹង​អំពើ​ពុក​រលួយ បក្ខពួកនិយមក្នុងក្រសួងព័ត៌មាន ទី​១ គឺ​ការតែងតាំង លោក ប៉ែត ពិសី ជាប្អូនថ្លៃ លោក ឈុំ សុជាតិ ជា​ប្រធាន​នាយកដ្ឋាន បុគ្គលិក​ជំនួស​លោក កង សុវណ្ណ ដែលមិនទាន់​ចូលនិវត្តន៍​នៅឡើយ​។ ប្រភព ចោទ​ថា លោក ប៉ែត ពិសី ជា​បុគ្គល​អសមត្ថភាព​មិន​សម​នឹង​កាន់​តំណែង​នេះ​ទេ ព្រោះ​ទិញ​សញ្ញាប័ត្រ​ក្លែងបន្លំ ដើម្បី​ចូល​ក្របខ័ណ្ឌ​ក្រសួង ពុំ​ធ្លាប់​ឆ្លងកាត់​វគ្គ​សិក្ខា​របស់​សាលា​ភូមិន្ទ​រដ្ឋបាល និង​ពុំ​សូវ​ទៅ​បំពេញ​ការងារ និង​ភារកិច្ច​ជាប់​ជាប្រចាំ​តាមច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នោះ​ទេ។

លោក ប៉ែត ពិសី ត្រូវ​ជា​ប្អូន​ប្រុស​របស់​អ្នកស្រី ប៉ែត សិទ្ធិគុណ ដែលត្រូវជាភរិយារបស់លោក ឈុំ សុជាតិ។ អ្នកស្រី ប៉ែត សិទ្ធិគុណ ក៏ជា​ទីប្រឹក្សា​ក្រសួង និង​ជា​អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួងព័ត៌មាន។ ​កូន​ប្រុស ២នាក់ របស់លោក ឈុំ សុជាតិ ក៏ធ្វើ​ការ​នៅ​ក្រសួង​ព័ត៌មាន​ដែរ។ កូន​ប្រុស​លោក​ម្នាក់​ឈ្មោះ ហេង សុជាតិវិសាល ជា​អគ្គនាយក​រង​រដ្ឋបាល និង​ហិរញ្ញវត្ថុនិង កូន​ប្រុស​ម្នាក់​ទៀត កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក)។

ចំណុច​ទី​២ លិខិត​បង្ហាញ​ថា ក្រៅពី​លោក ប៉ែត ពិសី នោះ លោក គាម ម៉ារិទ្ធីយ៉ា ឬ​ហៅថា កែវ សោភ័ណ ដែល​ជា​អនុរដ្ឋលេខាធិការ ក៏​មាន​ភរិយា និង​កូនបង្កើត​ពីរ​នាក់​ធ្វើការ​ក្នុង​ក្រសួង​ព័ត៌មាន​ដែរ​។ ភរិយា​របស់​លោក ឈ្មោះ ដួង រ៉ានី ជា​អនុរដ្ឋ​លេខា​ធិការ​​ក្រសួង​ព័ត៌មាន ហើយ​មាន​កូ​ស្រី​ម្នាក់ ឈ្មោះ សោភ័ណ លក្ខណា ជាទី​ប្រឹក្សា​ក្រសួង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ជា​អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​។ រីឯ​កូនប្រុស ឈ្មោះ សោភ័ណ សុផាន់ណា ជា​មន្ត្រី និង​ជាទី​ប្រឹក្សា​ក្រសួង​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។ លិខិត​ដដែល​បញ្ជាក់​ថា លោក គាម ម៉ារិទ្ធីយ៉ា ជា​បុគ្គល​សកម្ម​ក្នុង​ការ​រត់ការ​ដំឡើង​ឋានៈ​តួនាទី​ទាំង​ក្នុង​ក្រសួង​ព័ត៌មាន និង​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ចំណុច​ទី​៣ មន្រ្តីក្រសួងព័ត៌មានរូបនេះ អះអាងថាដោយសារតែ​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ បាន​ធ្វើ​ឱ្យ​ក្រសួង​ព័ត៌មាន​មាន ជំនួយការ​ទីប្រឹក្សា​ក្រសួង​រហូតដល់​ជាង ៥០០​នាក់ ដែល​រួមមាន​មន្ត្រី​ចូលនិវត្តន៍ និង​មន្ត្រីរាជការ​មិនទាន់​ពេញ​សិទ្ធិ រួម​ទាំង​ជា​មន្ត្រីរាជការ​វ័យក្មេង​អាយុ​ពុំ​ទាន់ដល់ ៣០ឆ្នាំ​ផង។

ចំណុច​ទី​៤ លិខិត​នេះ ឱ្យ​ដឹង​ថា មាន​ប្រធាន​អគ្គនាយកដ្ឋាន និង​ប្រធាន​នាយកដ្ឋាន​ខ្លះ បាន​តែង តាំង​ខ្សែស្រឡាយ​សាច់ញាតិ​ឱ្យ​កាន់កាប់​ការងារ​នានា​ នៅក្នុង​អគ្គនាយក​ដ្ឋាន​ និង​នាយកដ្ឋាន​តែមួយ ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សហ​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ។

នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក​ ណុប វី មាន​ប្រសាសន៍​ថា នៅ​ពេលមាន​មន្ត្រីរបស់ក្រសួងព័ត៌មាន​ផ្ទាល់ ​មិនពេញ​ចិត្ត​ហើយទម្លាយ​ព័ត៌មាន​បែបនេះ​ គួរតែ​មានការ​ស៊ើប​អង្កេត​ឲ្យ​បានល្អិតល្អន់​ និងពន្យល់​ត្រឡប់​ទៅវិញឲ្យ​បាន​ច្បាស់​លាស់​ដើម្បីឲ្យ​អ្នក​ចោទ​ប្រកាន់ ​និង​សាធារណៈ​ជនអាច​ទទួល​យកបាន។ លោក​ ថ្លែងបន្តថា​ ការឆ្លើយតបថា​ រឿង​គ្រួសារ​ និយម​ក្នុងស្ថាប័ន​តែមួយ​គឺជារឿង​តូចតាច​សាមញ្ញនេះ​គឺមិនអាច​ទទួល​យក​បាន​ឡើយ៖ « ទី១ ប្រសិន​បើពួកគាត់មានសមត្ថភាពក្នុងការធ្វើការគឺជាចំណុចមួយដែលវាអាចជួយច្រើន ប៉ុន្តែចំណុចទី២ ធម្មតា​កាល​ណា​យើង​មាន​បង​ប្អូនយើងមាន សាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយវាអាចធ្វើឲ្យមានបញ្ហាដែរ ព្រោះ​ជា​ធម្មតា​ក្នុង​ករណី​សាច់​ញាតិ​បង​ប្អូន​គាត់​មាន​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ ឬ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ គឺ​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចាត់​វិធានការ ឬ​មួយ​ធ្វើ​ការ​ស៊ើប​អង្កេត​អ៊ី​ចឹង​ជា​ដើម។ មែនទែន​ទៅ សម្រាប់​ខ្ញុំ​គិត​ថា វាមិនមែនជារឿងធម្មតាទេ ព្រោះ​បើ​យើង​មិន​មាន​ប្រព័ន្ធ​ដែល​រឹងមាំ ដើម្បី​ធានា​អំពី​តម្លាភាព​ទេ វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា »

លោក ​ណុប​ វី​ បន្តថា ​ប្រសិនបើ​ក្រសួងសាមី ​មិនស៊ើប​អង្កេត​និងឆ្លើយតប​ករណីនេះ​ឲ្យបានត្រឹម​ ត្រូវទេ ​ស្ថាប័ន​ដទៃ​ទៀត ជាពិសេស​អង្គភាព​ប្រឆាំងអំពើពុករលួយ ​គួរតែ​ចូលរួម​បើកការ​ស៊ើប អង្កេត ​ពី​ព្រោះ​ការឆ្លើយ​តបបែបនេះ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពី​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​នោះ​ទេ។

រី​ឯ​ប្រធាន​គណៈកម្មការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​នឹង​អំពើពុករលួយ​អ្នកស្រី​ ម៉ម​ ស៊ី​ថា​ មានប្រសាសន៍​ថា ការ​ឆ្លើយ​តប​របស់​អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌​មាននេះ​ គឺមិនអាច​ទទួល​យកបានទេ ​ព្រោះជាការ​ លើក​ទឹកចិត្តឲ្យ​មានអំពើ​ពុករលួយ​និងមាន​បញ្ហាគ្រួសារ​និយម​ក្នុង​ស្ថាប័នរដ្ឋ។ អ្នកស្រី ​យល់ ​ថា​ សព្វថ្ងៃនេះ​មិនខ្វះ​ធនធាន​មនុស្ស​ខាងវិស័យ​ព័ត៌មាន​នោះទេ​ ដូច្នេះ​ការដាក់​គ្រួសារ​សាច់ញាតិ​ក្នុង​ ស្ថាប័ន​រដ្ឋតែមួយ ​គឺបង្ហាញ​ថា​ ការ​ដឹក​នាំ​មិន​ល្អ និង​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ « ក្រសួង​ខ្លួន​ឯង​មាន​បញ្ហា​ហើយ​ឲ្យ​ក្រសួង​ខ្លួន​ឯង​ស៊ើប​អង្កេត​អ៊ីចឹង​វា​ពិបាក​នឹង​មាន​តម្លាភាព និង​មាន​យុត្តិធម៌​ណាស់ ហើយ​យើង​នឹង​មិន​ទទួល​បាន​ភាព​ប្រាកដប្រជា​នោះ​ទេ។ ជា​យោបល់​ខ្ញុំ គួរ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ដូច​ជា​ខាង​អធិការកិច្ច និង​ខាង​សវនាកម្ម​អី គួរ​តែ​សិក្សា​ពិនិត្យ​មើល​ករណី​នេះ ដើម្បីជៀសវាងកុំឲ្យសាធារណៈជនរិះគន់ »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក​ ឱម ​យិនទៀង ​ជា​ច្រើន​លើក ​តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

មេ​ដឹក​នាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់​អហង្ការ​មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តែ​មួយ​នោះ​ឡើយ​ក៏ប៉ុន្តែ​ស្ថានភាព​ជាក់​ស្តែង​ស្ទើរគ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់​កំពុងតែ​ចាក់​ស្រេះ​ដោយ​បញ្ហា​គ្រួសារ​ឬបក្ខពួក​និយម​នេះ​។ អង្គការ​សង្គម​ស៊ីវិល ​សង្កេត​ឃើញ​ថា ​ការ​តែងតាំង​តែ​បក្ស​ពួក និង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ខ្លួន​ក្នុង​ស្ថាប័ន​រដ្ឋ​នេះ ក៏​បាន​ទាញ​ទម្លាក់​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល​ ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ ​គួរតែ​ធ្វើ​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​មាន​គ្រួសារ​សាច់​ញាតិ​ធ្វើ​ការ​ក្នុង​ស្ថាប័នរដ្ឋ​តែ​មួយ​ ដោយសារ​ថា ​ករណី​នេះ អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ពុក​រលួយ​ខ្ពស់ ​ធ្វើ​ឲ្យ​ការ​ដឹក​នាំ​និង​គ្រប់គ្រង​គ្មាន​តម្លាភាព ​ខ្វះ​ប្រសិទ្ធភាព ​និង​បង្ក​ការ​លំបាក​ដល់​បុគ្គលិក​ក្រោម​បង្គាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។