មន្ត្រី​ក្រសួង​ព័ត៌មាន​ទម្លាយ​​រឿង​ពុក​រលួយ និង​​បក្ខពួក​គ្រួសារ​និយម​​ក្នុង​​ក្រសួង​​នេះ

ដោយ សេក បណ្ឌិត
2019-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
រូប៖ ក្រសួងព័ត៌មាន

មន្ត្រី​ក្រសួង​ព័ត៌មាន​ទម្លាយ​ថា ក្រសួង​ព័ត៌មាន​កំពុង​ញាំញី​ដោយ​អំពើពុករលួយ និង​បញ្ហា​បក្ខពួក​គ្រួសារនិយម​យ៉ាង​អនាធិបតេយ្យ និង​នាំ​ឱ្យ​មន្ត្រី​មួយ​ចំនួន​មិន​សប្បាយចិត្ត។ សង្គម​ស៊ីវិល យល់​ថា ករណី​នេះ គួរតែ​មាន​ការស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់។

មន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​សរសេរ​ខិត​មួយ​ច្បាប់​ទម្លាយ​ពី​អំពើពុករលួយ ក្នុង​ការ​តែងតាំង​មន្ត្រី ក៏ដូចជា​បញ្ហា​បក្ខពួក​គ្រួសារនិយម ដែល​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​ក្រសួង​ព័ត៌មាន។

លិខិត​នោះ បង្ហាញ​ចំនួន ៤​ចំណុច​។ ទី​១ គឺ​ការតែងតាំង លោក ប៉ែត ពិសី ជា​ប្រធាន​នាយកដ្ឋាន បុគ្គលិក​ជំនួស​លោក កង សុវណ្ណ ដែល​កំពុង​កាន់​តួនាទី និង​មិនទាន់​ចូលនិវត្តន៍​នៅឡើយ​។ ប្រភព ចោទ​ថា លោក ប៉ែត ពិសី ជា​បុគ្គល​អសមត្ថភាព​មិន​សម​នឹង​កាន់​តំណែង​នេះ​ទេ ព្រោះ​ទិញ​សញ្ញា ប័ត្រ​ក្លែងបន្លំ ដើម្បី​ចូល​ក្របខ័ណ្ឌ​ក្រសួង ពុំ​ធ្លាប់​ឆ្លងកាត់​វគ្គ​សិក្ខា​របស់​សាលា​ភូមិន្ទ​រដ្ឋបាល និង​ពុំ​សូវ​ទៅ​បំពេញ​ការងារ និង​ភារកិច្ច​ជាប់​ជាប្រចាំ​តាមច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​រាជការ​ស៊ីវិល​នោះ​ទេ។

លោក ប៉ែត ពិសី ត្រូវ​ជា​ប្អូន​ប្រុស​របស់​អ្នកស្រី ប៉ែត សិទ្ធិគុណ ជា​ទីប្រឹក្សា​ក្រសួង និង​ជា​អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួងព័ត៌មាន។ អ្នកស្រី ប៉ែត សិទ្ធិគុណ ក៏មានស្វាមី និងកូនប្រុស ២នាក់ ធ្វើ​ការ​នៅ​ក្រសួង​ព័ត៌មាន​ដែរ។ ស្វាមីរបស់អ្នកស្រី ឈ្មោះ ឈុំ សុជាតិ មានតួនាទីជារដ្ឋលេខាធិការ និង​​ជា​​នាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ព័ត៌មាន និង​កូន​ប្រុស​ឈ្មោះ ហេង សុជាតិវិសាល ជា​អគ្គនាយក​រង​រដ្ឋបាល និង​ហិរញ្ញវត្ថុ។ ចំណែក​កូន​ប្រុស​ម្នាក់​ទៀត កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក)។

ចំណុច​ទី​២ លិខិត​បង្ហាញ​ថា ក្រៅពី​លោក ប៉ែត ពិសី នោះ លោក គាម ម៉ារិទ្ធីយ៉ា ឬ​ហៅថា កែវ សោភ័ណ ដែល​ជា​អនុរដ្ឋលេខាធិការ ក៏​មាន​ភរិយា និង​កូនបង្កើត​ពីរ​នាក់​ធ្វើការ​ក្នុង​ក្រសួង​ព័ត៌មាន​ដែរ​។ ភរិយា​របស់​លោក ឈ្មោះ ដួង រ៉ានី ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ហើយ​មាន​កូ​ស្រី​ម្នាក់ ឈ្មោះ សោភ័ណ លក្ខណា ជាទី​ប្រឹក្សា​ក្រសួង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ជា​អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​។ រីឯ​កូនប្រុស ឈ្មោះ សោភ័ណ សុផាន់ណា ជា​មន្ត្រី និង​ជាទី​ប្រឹក្សា​ក្រសួង​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។ លិខិត​ដដែល​បញ្ជាក់​ថា លោក គាម ម៉ារិទ្ធី​ ជា​បុគ្គល​សកម្ម​ក្នុង​ការ​រត់ការ​ដំឡើង​ឋានៈ​តួនាទី​ទាំង​ក្នុង​ក្រសួង​ព័ត៌មាន និង​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ចំណុច​ទី​៣ ដោយសារតែ​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ បាន​ធ្វើ​ឱ្យ​ក្រសួង​ព័ត៌មាន​មាន ជំនួយការ​ទីប្រឹក្សា​ក្រសួង​រហូតដល់​ជាង ៥០០​នាក់ ដែល​រួមមាន​មន្ត្រី​ចូលនិវត្តន៍ និង​មន្ត្រីរាជការ​មិនទាន់​ពេញ​សិទ្ធិ រួម​ទាំង​ជា​មន្ត្រីរាជការ​វ័យក្មេង​អាយុ​ពុំ​ទាន់ ៣០​ឆ្នាំ​ផង។

ចំណុច​ទី​៤ លិខិត​នេះ ឱ្យ​ដឹង​ថា មាន​ប្រធាន​អគ្គនាយកដ្ឋាន និង​ប្រធាន​នាយកដ្ឋាន​ខ្លះ បាន​តែង តាំង​ខ្សែស្រឡាយ​សាច់ញាតិ​ឱ្យ​កាន់កាប់​ការងារ​នានា​ក្នុង​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​តែមួយ ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សហ​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ជាច្រើន​លើក​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន រួមមាន លោក អ៊ុក គឹមសេង លោក មាស សុភ័ណ្ឌ និងលោក ផុស សុវណ្ណ តែ​មិន​មាន​អ្នកទទួល​ទូរស័ព្ទ។ រដ្ឋមន្ត្រី​ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM ) លោក ណុប វី មាន​ប្រសាសន៍​ថា នៅ​ពេល​មានការ​ចោទប្រកាន់​បែបនេះ ក្រសួង​ព័ត៌មាន គួរតែ​បើក​ការស៊ើបអង្កេត និង​ពិនិត្យ​ឡើង វិញ​ឱ្យ​បាន​ល្អិតល្អន់។ លោក​ថា ប្រសិនបើ​មាន​ករណី​ពុករលួយ និង​មាន​បញ្ហា​បក្ខពួក​និយម​គ្រួសារ និយម​ដូច​ចោទប្រកាន់​មែន គឺ​វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​ការងារ​គ្មាន​ប្រសិទ្ធភាព ប៉ះពាល់​ការ​ពង្រឹង​ស្ថាប័ន និង​បង្ហិន​ថវិកាជាតិ ព្រមទាំង​ប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម​ថែមទៀត​៖ «រាល់​​ការ​​លើក​ឡើង រាល់​​ការ​ចោទ​ប្រកាន់​​នានា ​គឺ​​ខ្ញុំ​​គិត​​ថា ក៏​​មាន​​ចេតនា ​ដើម្បី​​ធ្វើ​ឱ្យ​​មាន​​តម្លាភាព​​ធ្វើ​​ឱ្យ​​ការងារ​​ក្នុង​​ស្ថាប័ន​​មាន​​ប្រសិទ្ធភាព​​ផង​​ដែរ។ ទាក់ទង​នឹង​ការចោទប្រកាន់​ផ្សេងៗ​គួរតែ​មាន​ការពិនិត្យ​ដោយ​យកចិត្តទុកដាក់ ហើយ​មានការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ដើម្បី​ស្វែងរក​ថា​ការ​ចោទប្រកាន់​នេះ​ពិត ឬ​មិន​ពិត?»

មានការ​កត់សម្គាល់​ថា ក្រសួង​ព័ត៌មាន បាន​តែងតាំង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ទ្រង់ទ្រាយ​ធំ​ជា​បន្ត បន្ទាប់។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ក្រសួង​តែង​តែង​ទីប្រឹក្សា​ជាង ១​រយ​នាក់ (១០៦) នាក់ ហើយ​កាល​ថ្ងៃ​ទី​១៥ ខែ​មិថុនា មានការ​តែងតាំង ៦៧​នាក់ និង​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ មានការ​តែងតាំង​ចំនួន ៤៧​នាក់​ផង​ដែរ​។ ក្នុង​ចំណោម​ទីប្រឹក្សា ដែល​តែងតាំង​ទាំងនោះ​ក៏​មាន​អ្នក​មកពី​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ដែរ ដូចជា​មកពី​ទូរទស្សន៍​បាយ័ន របស់​កូនស្រី​លោក ហ៊ុន សែន ទូរទស្សន៍​ស៊ីធីអិន (CTN) របស់​ឧកញ៉ា គិត ម៉េង កាសែត ខ្មែរ ថា​ម​ស៍ និង​កាសែត ភ្នំពេញ​ប៉ុស្តិ៍ ជាដើម។ លើស​ពី​នេះ​ទៀត មនុស្ស​ដែល​ទទួល​បាន​តែងតាំង​មួយ​ចំនួន ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​ស្និទ្ធស្នាល និង​តែងតែ​ដើរ​ផឹកស៊ី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​មួយ​ចំនួន​ទៀត។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ក៏​ជំរុញ​ឱ្យ​មានការ​ស៊ើបអង្កេត ចំពោះ​ការចោទប្រកាន់​អំពី​ភាព​មិន​ប្រក្រតី​នេះ​ដែរ ដើម្បី​បញ្ជៀស​ការរិះគន់​។ លោក​បន្ត​ថា ស្ថាប័ន​រដ្ឋាភិបាល ល្មម​ដល់ពេល​គិត​គួរ និង​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​តែងតាំង និង​ផ្ដល់​ឋានៈ ដល់​មន្ត្រី​ក្នុង​ស្ថាប័ន ហើយ​ត្រូវតែ​លុបបំបាត់​បញ្ហា​បក្ខពួក​និយម និង​គ្រួសារនិយម​តាម​គ្រប់​មន្ទីរ ស្ថាប័ន និង​ក្រសួង ព្រោះ​ករណី​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ ក៏ដូចជា​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល៖ «គួរតែ​ដំឡើង​ឋានៈ​បុណ្យ​ស័ក្ដិ​ដល់​មន្ត្រី​ដែល​មាន​សមត្ថភាព និង​មន្ត្រី​ដែល​ទទួល​បាន​ការ​គោរព​ស្រលាញ់​ក្នុងចំណោម​មន្ត្រី​ដែល​ធ្វើការ​ដូចគ្នា​ហើយ​កាល​ណា មាន​ភាព​ស៊ីសង្វាក់​គ្នា​មានការ​គោរព​គ្នា ធ្វើ​ឱ្យ​កើតឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ដែរ»

ទោះជា​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ឡើយ​ក្ដី ក៏​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភាកន្លង​ទៅ លោក​បាន​សរសេរ​ត្អូញត្អែរ​លើ​ហ្វេសប៊ុក​ម្ដង​ថា មន្ត្រី​ក្នុង​ក្រសួង​​ព័ត៌មាន​មួយ​ចំនួន អសកម្ម​មិន​ឃើញ​មុខ​ទៅ​ធ្វើ​ការងារ​ទេ ប៉ុន្តែ​មាន​វត្តមាន​ពេល​បើក​ប្រាក់ខែ​។ លោក​ថែមទាំង​ព្រមាន​បង្ហោះ​រូប​មន្ត្រី​អសកម្ម​ទាំងនោះ​លើ​ហ្វេសប៊ុក​ទៀត​ផង តែ​វិធានការ​របស់​លោក​បាន​ស្ងប់ស្ងាត់​ទៅវិញ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ជា​ច្រើន​លើក តែ​​គ្មាន​​អ្នក​ទទួល​​ទូរស័ព្ទ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​ថា មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តែមួយ​នោះ​ឡើយ​។ ក៏ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​វិញ គឺ​ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​កំពុងតែ​ចាក់ស្រេះ​ដោយ​បញ្ហា​គ្រួសារ ឬ​បក្ខពួក​និយម​នេះ៕

កំណត់សម្គាល់៖ យើង​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការ​ភាន់ច្រឡំ ឈ្មោះ និង​តួនាទី​របស់​ឈ្មោះ ឈុំ សុជាតិ។ យើង​ខ្ញុំ​សូម​កែ​តម្រូវ​ឈ្មោះ និង​តួនាទី​ ឈុំ សុជាតិ ក្នុង​សេចក្ដីរាយការណ៍​នេះ ជា​រដ្ឋលេខាធិការ និង​ជា​នាយខុទ្ទកាល័យ​នៃ​ក្រសួង​ព័ត៌មាន គឺ​មិនមែន​​លោក ឈុំ សុជាត នាយឧត្ដមសេនីយ៍ និង​​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ទេ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល