ជុំវិញរឿងរបបក្រុងភ្នំពេញត្រៀមរៀបចំការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌលើកទីបី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ អ្នកជំនាញខាងឃ្លាំមើលកិច្ចការបោះឆ្នោត និងជាមន្ត្រីជាន់ខ្ពស់របស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ថ្លែងប្រាប់អាស៊ីកាលពីយប់ថ្ងៃទី៦ មីនា នេះថា លោកចង់ឃើញស្ថាប័ន គ.ជ.ប និងរដ្ឋាភិបាល ពិចារណាដាក់បញ្ចូលការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ ទៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឬថ្នាក់ជាតិ ចៀសជាងរៀបចំការបោះឆ្នោតនេះដាច់ដោយឡែកតែឯងនោះ។ លោក កន សាវាង្ស ថា ការធ្វើដូច្នេះ គឺដើម្បីកាត់បន្ថយការចំណាយថវិកាជាតិយ៉ាងច្រើន ដោយសារតែនេះគ្រាន់តែជាការបោះឆ្នោតអសកលតែប៉ុណ្ណោះ។ លោក កន សាវាង្ស ក៏មើលឃើញដែរថា ផ្អែកតាមការសង្កេតមួយរយៈកន្លងមក ក្រោយរដ្ឋាភិបាលលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ ចោលមក លោកថា ប្រជាពលរដ្ឋមួយចំនួន ហាក់នឿយណាយលែងសូវចាប់អារម្មណ៍ ឬចូលរួមសកម្មក្នុងរឿងដំណើរការបោះឆ្នោត តែពួកគេខ្វល់ខ្វាយនឹងរឿងប្រទេសជាតិទៅវិញ៖ «ទោះបីថា មានការបោះឆ្នោតយ៉ាងម៉េច ក៏គាត់ហាក់ដូចជាមានការនឿយណាយ ហើយនិយាយឲ្យចំគាត់បែរជាមានការព្រួយបារម្ភពីរឿងប្រទេសជាតិរបស់គាត់ទៅវិញ ដែលជារឿងធំ ដូចជាទាក់ទងទៅហ្នឹងរឿងស្ថានភាពការរស់នៅអីផ្សេងៗ ... កាលណាមានគំនាបអី គាត់គិតយ៉ាងម៉េច។ ទាំងនេះ គឺជាអ្វីដែលប្រជាពលរដ្ឋចាប់អារម្មណ៍។ រឿងទាំងអស់នេះ សំខាន់ដែលធ្វើឲ្យពួកគាត់មិនមានការចាប់អារម្មណ៍ទាក់ទងទៅនឹងរឿងការបោះឆ្នោតហ្នឹង គាត់លើកហេតុផលមួយ គឺទាក់ទងនឹងរឿងថា អ្វីដែលគាត់ខំប្រឹងបញ្ចេញសំឡេង អ្វីដែលគាត់ខំប្រឹងយកចិត្តទុកដាក់ទៅលើតំណាងរបស់ពួកគាត់ បែរជាអត់មាន ហើយបែរជាសំឡេងនោះត្រូវបាន ... អាសនៈដែលគាត់ខំប្រឹងស្រឡាញ់យកទៅចែកតំណាងរបស់គាត់ បែរជាត្រូវយកទៅចែកអ្នកផ្សេង។ នេះហើយជាអ្វីដែលពួកគាត់មានការបញ្ចេញយោបល់បែបហ្នឹង»។
យ៉ាងណាក៏ដោយ លោក កន សាវាង្ស ថា យោបល់ទាំងនេះមិនមែនឆ្លុះបញ្ចាំងឲ្យឃើញពីការយល់ឃើញរបស់ពលរដ្ឋទាំងអស់ជាទូទៅនោះទេ ព្រោះពុំទាន់មានការសិក្សាស្រាវជ្រាវ ច្បាស់លាស់នោះទេ។ លោក កន សាវាង្ស មានប្រសាសន៍ សំណូមពររបស់លោកពីខាងដើមនេះ គឺដោយលោកមិននិយាយដល់ពីរឿងរ៉ាវនៃវិបត្តិនយោបាយ និងការទាមទារឲ្យមានការបោះឆ្នោតជាតិឡើងវិញ ពីសំណាក់សហភាពអឺរ៉ុបនោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។