មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនលើកឡើងថាបេក្ខជន និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សភ្លើងទៀន រងការគំរាមកំហែងបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ដែលមាននិន្នាការទៅរកបក្សកាន់អំណាច ខណៈការបោះឆ្នោតកាន់តែជិតមកដល់។អ្នកនាំពាក្យបក្សកាន់អំណាច ច្រានចោលការចោទប្រកាន់នេះ ។ មន្ត្រីសង្គមស៊ីវិលលើកទឹកចិត្ត ដល់គណបក្សដែលជនរងគ្រោះទាំងអស់ ឲ្យធ្វើការប្តឹងដោយមានអំណះអំណាងច្បាស់លាស់ ។
បេក្ខជនឈរឈ្មោះ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់គណបក្សភ្លើងទៀន ត្អូញត្អែរថា ពួកគាត់ពិបាកអនុវត្តការងារ ដោយសារអាជ្ញាធរដែលស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច បង្កើនការគំរាមកំហែង និងបំភិតបំភ័យដល់ពួកគាត់ ។ មន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀនអះអាងថា មកទល់ពេលនេះ មានភ្នាក់ងារសង្កេតការណ៍មួយចំនួនរបស់គណបក្ស បានលាឈប់ជាបន្តបន្ទាប់ដោយសារ តែភ័យព្រួយពីសុវត្ថិភាព ក្រោយមានការគំរាមកំហែងពីអាជ្ញាធរ ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ខែឧសភា ថាការលើកឡើងរបស់ភ្នាក់ងារ និងបេក្ខជននៅតាមឃុំសង្កាត់ ដែលថាមានករណីគំរាមកំហែង ការបំភិតបំភ័យ ការបំផ្លាញស្លាកសញ្ញា និងការធ្វើទុក្ខបុកម្នេញដល់ក្រុមការងារ សកម្មជន បេក្ខជន និងភ្នាក់ងារសង្កេតការណ៍សឹងគ្រប់ឃុំនៅទូទាំងប្រទេសគឺជាការពិត ។ លោកបញ្ជាក់ថា ករណីគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញទាំងនេះ មិនដែលឃើញអាជ្ញាធរ និងគ.ជ.ប ចាត់វិធានការច្បាប់ឡើយ៖« នេះការលើក អោយល្អស្តាប់របស់ពួកគាត់ទេ តាមពិតទៅគាត់មិនមានវិធានការអីដែលជាក់ស្តែង ដើម្បីបង្ក្រាបនូវការគំរាមកំហែងទាំងអស់នោះទេ ឧទាហរណ៍ដូចជារឿងការលួចកាប់បំផ្លាញស្លាកគណបក្សក្តី លួចវាយសកម្មជនអី គឺមិនដែលរកឃើញមួយផងហ្នឹង » ។
ឆ្លើយតបករណីនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា នេះគ្រាន់តែជាការបំប៉ោងរបស់គណបក្សភ្លើងទៀន ដើម្បីធ្វើអោយបរិយាកាសមុនការបោះឆ្នោតអាប់អួរ ។ លោកបន្តថា បើមានករណីទាំងនេះកើតឡើង ហេតុអ្វីមិនប្តឹងតាមនីតិវិធី នៃការបោះឆ្នោត ៖« អឺ ការចោទនេះ ខ្ញុំយល់ថាគ្រាន់តែជាការចោទទេ បើគាត់ដាក់មានអ្នកណាហ៊ានទៅដករបស់គាត់ ពីព្រោះដាក់ មិនមែនដាក់មករដ្ឋអំណាចណា គឺដាក់ទៅគជប នុះ បើគជបទទួលស្គាល់ជាបេក្ខជន ឬមួយជាអ្នកសង្កេតការហើយ សួរថាអ្នកណាមានសិទ្ធិទៅដក អ្នកណាមានសិទ្ធិគំរាមកំហែង អត់ទេ តែយើងយល់ថាគាត់បានតែថា ក៏ប៉ុន្តែបើមានបាតុភាពអសកម្មដូចគាត់ថា គាត់ម្តេចមិនដាក់ពាក្យប្តឹង » ។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោតមើលឃើញថា ប្រសិនបើទង្វើរបស់គណបក្សកាន់អំណាចជាការពិត គឺជារូបភាពធ្វើទុក្ខបុកម្នេញផ្នែកនយោបាយម្តងហើយម្តងទៀត លើសកម្មជនគណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ដល់បរិយាកាសនយោបាយមិនល្អ នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា ខាងលោកមិនទាន់បានទទួលព័ត៌មានលំអិតអំពីភាពមិនប្រក្រតីទាក់ទងរឿងនេះទេ ប៉ុន្តែលោកយល់ឃើញថា អ្នករងគ្រោះ គួរធ្វើកំណត់ហេតុ ហើយលោកក៏លើកទឹកចិត្ត និងគាំទ្រអោយមានការប្តឹងនៅពេលមានករណីរំលោភសិទ្ធិ គំរាមកំហែង បំភិតបំភ័យ ឬធ្វើទុក្ខបុកម្នេញគ្រប់រូបភាពកើតឡើង ៖ « ជាអ្នករងគ្រោះ យើងមិនអាចនិងលើកឡើងតាមតែមាត់អោយគេដោះស្រាយបានទេ ការដោះស្រាយទាល់តែមានអំណះអំណាងអញ្ចឹងអឺ ... ទាល់តែគណបក្សនយោបាយហ្នឹងចេះធ្វើអំពីការកំណត់ហេតុ ឬក៏ស្ថានភាពអោយបានច្បាស់លាស់ ទោះបីថាដំណើរការភាពដោះស្រាយហ្នឹង វាមិនបានលទ្ធផល បានលទ្ធផលក៏ដោយ ចៀសជាងយើងលើកឡើងដែលវាអត់មាន អត់មានអំណះអំណាង អីចឹងសំរាប់ខ្ញុំ ការយល់ឃើញរបស់ខ្ញុំ សាក្សី ឬក៏កំណត់ហេតុ ឬក៏ការដាក់ពាក្យបណ្តឹងនេះ វាជារឿងមួយដែលសំខាន់ » ។
ទោះជាយ៉ាងណា មន្ត្រីគណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិល ពិនិត្យឃើញថា មកទល់ពេលនេះ បរិយាកាសនយោបាយ នៅតែស្ថិតក្នុងភាពបែបអាប់អួនៅឡើយ ដែលធ្វើឲ្យពួកគេ ព្រួយបារម្ភថា ការបោះឆ្នោតនៅពេលខាងមុខ នឹងមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។