បក្សកាន់អំណាចពិចារណាសំណើសុំជួបចរចារបស់បក្សប្រឆាំង
2016.06.08
គណបក្សសង្គ្រោះជាតិ ស្វះស្វែងរកការជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា វិញ ដើម្បីប្រើប្រាស់យន្តការដែលមានស្រាប់ គឺវប្បធម៌សន្ទនា ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នា។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអោយដឹងថា គណបក្សនេះកំពុងពិចារណានឹងជូនដំណឹងដល់គណបក្សប្រឆាំងវិញ ថាតើនឹងជួបគ្នាចរចាអំពីបញ្ហាការវិវឌ្ឍន៍នយោបាយនាពេលបច្ចុប្បន្ន ឬយ៉ាងណា?
អគ្គលេខាធិការរដ្ឋសភា បានបញ្ជូនសំណើផ្ទាល់មាត់ទៅអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង នៅថ្ងៃទី៨ ខែមិថុនា អំពីការចង់ជួបរបស់គណបក្សសង្គ្រោះជាតិ ដើម្បីបន្តវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ។
អគ្គលេខាធិការរដ្ឋសភា និងជាសមាជិកគណបក្សប្រជាជនកម្ពុជា លោក ឡេង ប៉េងឡុង ឲ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ថា ក្រោយពីលោកបានទទួលសំណើផ្ទាល់មាត់ពីលោក ហ៊ុល ប៊ុនថា មន្ត្រីគណបក្សសង្គ្រោះជាតិថា ចង់ជួបពិភាក្សាគ្នាជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា តាមរយៈវប្បធម៌សន្ទនាឡើងវិញ លោកក៏បានបញ្ជូនសំណើនេះទៅអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃដដែល។
លោក ឡេង ប៉េងឡុង បញ្ជាក់ថា លោក ស ខេង ទទួលយកសំណើនេះ តែមិនទាន់ឆ្លើយតបទេ ដោយសារបច្ចុប្បន្ននេះលោកជាប់រវល់៖ «ជួនកាលគណបក្សគេជួបគ្នានៅឯណា? ជួបជាសម្ងាត់? ជួបជាឯកជន? ខ្ញុំអត់ដឹងក៏មាន»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រោយពីគណបក្សទាំង២ បានបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះ គឺគណបក្សទាំងពីរមានកិច្ចព្រមព្រៀងមួយទៀតកាលពីខែធ្នូ ឆ្នាំ២០១៥ គឺក្រុមពង្រឹងវប្បធម៌សន្ទនា។ បញ្ហានេះហើយដែលគណបក្សសង្គ្រោះជាតិ ចង់ឲ្យដៃគូសន្ទនាងាករកការសន្ទនាវិញ អំពីការវិវឌ្ឍន៍នយោបាយចុងក្រោយ៖ «គ្មានអ្វីល្អជាងការជួបគ្នាទេ នៅលើពិភពលោកក៏ចឹងដែរ យើងដឹងហើយ នៅសម័យសង្គ្រាមត្រជាក់ មេដឹកនាំជួបគ្នាទើបដោះស្រាយបញ្ហាបាន គ្មានជម្រើសអ្វីក្រៅពីជួបគ្នានេះទេ»។
កិច្ចព្រមព្រៀងរវាងក្រុមសំឡេងភាគច្រើនដឹកនាំដោយលោក ស ខេង និងក្រុមសំឡេងភាគតិចនៃរដ្ឋសភាដឹកនាំដោយលោក កឹម សុខា កាលពីខែធ្នូ ឆ្នាំ២០១៥ នោះ មាន ៤ចំណុច គឺទី១ បង្កើតក្រុមការងារពិនិត្យមើលសេចក្ដីព្រាងច្បាប់ផ្សេងៗ មានច្បាប់សហជីពជាដើម ទី២ ពិនិត្យមើលការងារតំណាងរាស្ត្រ ទី៣ បន្តការដោះស្រាយការងារនៅសេសសល់ និងទី៤ បង្កើតក្រុមការងារពង្រឹងវប្បធម៌សន្ទនាដែលមានសមាសភាពម្ខាង ៦នាក់។ ខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រីឯ ខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក ប៉ុល ហំម ប្រធានគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ។ លោក អេង ឆៃអ៊ាង ឲ្យដឹងថា ក្រុមពង្រឹងវប្បធម៌សន្ទនានេះ តាំងពីបានបង្កើតមកគឺបានជួបគ្នាតែម្ដងទេ កាលពីខែមករា ឆ្នាំ២០១៦។
ការស្វះស្វែងរកការជួបគ្នាតាមរយៈក្រុមពង្រឹងវប្បធម៌សន្ទនានេះ នៅស្របពេលមេដឹកនាំស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងតំណាងរាស្ត្រពីររួបទៀតកំពុងជាប់បណ្ដឹងនៅតុលាការក្រៅពីសកម្មជន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ព្រមទាំងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប កំពុងជាប់ពន្ធនាគារនោះ។
មន្ត្រីឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា វប្បធម៌សន្ទនាដែលគណបក្សទាំងពីរប្រើប្រាស់កន្លងមកនេះគ្មានប្រសិទ្ធភាពទេ ពីព្រោះថា ការសន្ទនា ឬកិច្ចព្រមព្រៀងនានា គ្មានអ្នកទីបីឯករាជ្យ ដូចជាព្រះមហាក្សត្រចូលរួមដឹងឮទេនោះ៖ «គ្មានដំណើរការល្អទៅថ្ងៃក្រោយទេ ថ្ងៃក្រោយប្រេះឆាដដែល គ្មានអ្វីល្អជាងគណបក្សប្រឆាំងធ្វើការតស៊ូទេ ការតស៊ូរបស់គណបក្សប្រឆាំងដែលអាចនាំឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
វប្បធម៌សន្ទនានេះ មេដឹកនាំគណបក្សទាំងពីរ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់មានអំនួតថា គណបក្សទាំងពីរបានបង្កើតវប្បធម៌សន្ទនានេះបាន គឺជាប្រវត្តិសាស្ត្រសម្រាប់លោកទាំងពីរ និងបន្តឲ្យក្មេងជំនាន់ក្រោយ ហើយថែមទាំងជំរុញឲ្យមានវប្បធម៌សន្ទនានេះពីថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋានទៀតផង។
អ្នកវិភាគលើកឡើងថា ជាទូទៅអ្នកនយោបាយខ្មែរបានប្រើរូបមន្តដដែលៗ ក្នុងការដោះស្រាយបញ្ហា គឺតាមរយៈការចរចា ឬវប្បធម៌សន្ទនាក្នុងការដោះស្រាយបញ្ហារយៈពេលខ្លី ហើយចរចាគ្នាដើម្បីបែងចែកអំណាច និងផលប្រយោជន៍គ្នា ដែលគ្មានភាគីទីបីចូលរួម ហើយមិនយូរប៉ុន្មានភាគីទាំងពីរតែងតែក្បត់គ្នា និងងាកចេញពីវប្បធម៌សន្ទនានេះ៕