ប្រជាពលរដ្ឋមួយចំនួនអះអាងថា រយៈពេលជាង ២ឆ្នាំមកនេះ គឺមេឃុំចៅសង្កាត់ដែលរដ្ឋាភិបាលក្រុងភ្នំពេញលើកបន្តុប បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧នោះ មិនសូវបានយកចិត្តទុកដាក់បម្រើពលរដ្ឋបានដិតដល់ឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា បញ្ហានេះកើតឡើងដោយសារមានគណបក្សតែមួយដឹកនាំឃុំសង្កាត់ ទើបធ្វើឱ្យមន្ត្រីមូលដ្ឋានជិះសេះលែងដៃដោយគ្មានគណបក្សប្រឆាំងត្រួតពិនិត្យ។
ចាប់តាំងពីអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេកាលពីឆ្នាំ២០១៧មក គឺតំណែងមេឃុំចៅសង្កាត់របស់គណបក្សប្រឆាំងមួយនេះជិត៥០០ឃុំសង្កាត់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូននោះ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្រមូលយកទៅគ្រប់គ្រង។
ប្រជាពលរដ្ឋម្នាក់នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនថា ចាប់តាំងពីអាជ្ញាធរប្លន់តំណែងមេឃុំដែលលោកបោះឆ្នោតជូន កាលពីឆ្នាំ២០១៧មក គឺអាជ្ញាធរឃុំនេះហាក់មិនសូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដូចកាលដែលមានគណបក្សប្រឆាំងនៅធ្វើការជាមួយគណបក្សកាន់អំណាចនោះទេ។ ពលរដ្ឋរូបនេះ បញ្ជាក់ថា ផលលំបាករបស់មេឃុំឯកបក្សនេះ ដូចជាការធ្វើលិខិតស្នាមជូនពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានយឺតយ៉ាវ ដែលធ្វើឱ្យពួកគាត់ធុញទ្រាន់ ព្រោះផ្លូវភក់ពិបាកធ្វើដំណើរក្នុងរដូវវស្សា និងមានដីហុយពិបាកដកដង្ហើមក្នុងរដូវប្រាំងជាដើម៖ «គឺគាត់ធ្វើអីតាមការចាត់តាំងទេ គឺគាត់គ្មានរកវិធីសាស្ត្រយ៉ាងម៉េចប្រទេសរីកចំរើនអត់ទេ គឺគាត់ធ្វើការតាមតែគោលការណ៍តែថ្នាក់លើបញ្ជាប៉ុណ្ណឹង។ គោរពថ្នាក់ទៅមិនសូវយកមតិរបស់ប្រជាពលរដ្ឋទៅដោះស្រាយ វាមានបញ្ហាដូចជាអយុត្តិធម៌ខ្លះៗនៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រយោជន៍សាធារណៈការថែរក្សារចនាសម្ព័ន្ធអីហ្នឹងវាគ្មានផែនការណ៍ច្បាស់លាស់ទេ»។
ស្រដៀងគ្នាដែននេះដែរ ប្រជាពលរដ្ឋម្នាក់ទៀតនៅឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម រៀបរាប់ថា ប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោករាប់រយគ្រួសារមិនពេញចិត្តនឹងមេឃុំគណបក្សប្រជាជននោះទេ ដែលបានកាន់តំណែងដោយសាររដ្ឋាភិបាលក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិនោះ ពីព្រោះអាជ្ញាធរឃុំនេះមិនបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋឡើយ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ កន្លងទៅពួកគាត់បានផ្ដិតស្នាមមេដៃប្រមាណ២០០នាក់ ទាមទារឱ្យមេឃុំនេះលុបចោលគម្រោងធ្វើអាជីវកម្មដីភ្នំចេញ ប៉ុន្តែអាជ្ញាធរមិនធ្វើតាមពួកគាត់នោះទេ ផ្ទុយទៅវិញគឺក្រុមឈ្មួញខិលខូចកាយដីភ្នំលក់ដោយសេរី។ ពលរដ្ឋរូបនេះ បន្ថែមថា ពួកគាត់ចង់បានមេឃុំថ្មីដែលមានចំណេះដឹង ទាំងផ្នែកការអភិវឌ្ឍ និងចេះជួយដោះស្រាយជម្លោះរបស់ប្រជាពលរដ្ឋដោយសុក្រឹត និងយុត្តិធម៌៖ «ណាមួយប្រជាពលរដ្ឋមិនពេញចិត្តគាត់ដោយសារមានអាជ្ញាប័ណ្ណ មួយចេញពីអភិបាលខេត្តប្រាប់ថា ទុកជាទីទួលសុវត្ថិភាពហើយ គាត់នៅតែឱ្យមេភូមិផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋថា ត្រូវតែគេមកយកអីចឹង។ ប្រជាពលរដ្ឋប្រាប់ទីអស់ហ្នឹងជាទីទួលសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងពីរខេត្តហើយ សមគួរតែអ៊ំកុំឱ្យក្រុមហ៊ុនគេចូលមកអីចឹង ដល់តែគាត់នៅតែឱ្យគេចូលមកធ្វើសកម្មភាព។ អាណត្តិក្រោយប្រហែលគេមិនបោះឆ្នោតឱ្យគាត់ធ្វើមេឃុំទេ»។
ចំណែកប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ប៊ុន សុទ្ធី វិញ អះអាងថា លោកសោកស្ដាយជាខ្លាំងដែលបាត់បង់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលពួកគេបោះឆ្នោតជូនកាលពីឆ្នាំ២០១៧កន្លងទៅ។ លោកបន្តថា ចៅសង្កាត់បច្ចុប្បន្នដែលដឹកនាំគណបក្សប្រជាជនកម្ពុជានោះ បំពេញការងារប្រកាន់និន្នាការគណបក្សនយោបាយ ពីព្រោះកន្លងទៅឱ្យតែអ្នកគាំទ្រគណបក្សប្រឆាំងស្ទើរតែគ្រប់គ្នាតែងជួបការលំបាកនៅពេលទៅរកសេវាកម្មពីអាជ្ញាធរសង្កាត់នេះ ដូចជាការធ្វើលិខិតស្នាម ដើម្បីខ្ចីប្រាក់ពីធនាគារ ឬបញ្ជាក់សំបុត្រកំណើតតែងយឺតយ៉ាវ ក្រោយហេតុផលថា ខ្វះនេះខ្វះនោះដោះសាជារៀងរហូត៖ «ជាក់ស្ដែងមានអ្នកដែលខ្ញុំស្គាល់គាត់ត្អូញត្អែរថា កាលមុនមានបក្ស២ បើបក្សមួយធ្វើមិនកើតទៅរកបក្សមួយទៀត វារាងលឿនជាងនេះ ដល់តែពេលមានតែមួយអីចឹង ដល់គាត់ពឹងតែមួយ ដល់ពេលចិត្តគេមិនចង់ធ្វើ ព្រោះគេស្អប់យើងពីណាមកគេថាអ្នកនេះមកពីបក្សនេះបក្សអីចឹងឯកសារនៅទុកចោលគាំង អ្នកខ្លះធ្វើឱ្យគាត់យកលុយហើយធ្វើមកឯកសារខុសដល់សុំឱ្យតែគាត់អត់កែទេ ហើយស្ដីឱ្យប្រជាពលរដ្ឋទៀត»។
លោកបន្ថែមថា អាជ្ញាធរចៅសង្កាត់ប៉ោយប៉ែតមិនសូវយកចិត្តដាក់ចំពោះប្រជាពលរដ្ឋទេ ទើបធ្វើឱ្យផ្លូវថ្នល់នៅតំបន់ព្រំដែននេះមិនសូវមានការអភិវឌ្ឍ និងមានសំរាមគរតាមដងផ្លូវ ហើយមានក្លិនស្អុយពិបាកដកដង្ហើម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិទៀតផង ពីព្រោះជាតំបន់ឆ្លងកាត់របស់ភ្ញៀវទេសចរបរទេស។
ទោះជាយ៉ាងណាប្រជាពលរដ្ឋខ្លះមានយោបល់ផ្ទុយពីការលើកឡើងនេះ។ ពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក រី ជេត្ថា រៀបរាប់ថា ថ្វីត្បិតតែអាជ្ញាធរសង្កាត់ប៉ោយប៉ែតទើបតែឡើងកាន់តំណែងប្រមាណ ២ឆ្នាំក្ដី ក៏លោកគាំទ្រចំពោះការដឹកនាំរបស់លោកសង្កាត់នេះ ព្រោះធ្វើការងាររហ័សរហួន ហើយបានធ្វើផ្លូវថ្នល់ថ្មីៗជាច្រើនកន្លែងធ្វើឱ្យលោកធ្វើដំណើរបានស្រួលជាងពេលមុន៖ «ខ្ញុំអត់ទេ តែទៅមេឃុំធ្វើហើយ ធម្មតាយើងទៅមិនមែនមេឃុំធ្វើឱ្យយើងតែម្នាក់ណា មានគ្រប់គ្នាដែរ គេធ្វើយូរតិចក៏មិនអី ព្រោះអីគេមិនធ្វើសម្រាប់តែយើងម្នាក់ណា បើថាលឿនក៏យឺតតិចក៏យើងថាមិនល្អដែរ ប៉ុន្តែយើងមើលឃើញដែរការងារគេច្រើនអីចឹងមិនថាយើងទៅធ្វើតែម្នាក់ឯងណា»។
ទាក់ទងនឹងបញ្ហានេះ ចៅសង្កាត់ប៉ោយប៉ែត លោក ភោគ លន់ មានប្រសាសន៍ថា លោកប្រឹងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើសេចក្ដីត្រូវរបស់ប្រជាពលរដ្ឋដោយមិនគិតពីការនឿយហាត់ និងមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយឡើយ។ លោកចៅសង្កាត់ដែលមានពលរដ្ឋរស់នៅជាង៥ម៉ឺននាក់(៥០,០០០)រូបនេះបន្ថែមថា រយៈពេលជាង២ឆ្នាំកន្លងមកដែលលោកគ្រប់គ្រងនោះ តែងតែមានប្រជាពលរដ្ឋគ្រប់និន្នាការគណបក្សនយោបាយទៅរកសេវាកម្មនៅក្នុងសង្កាត់របស់លោកយ៉ាងកុះករជារៀងរាល់ថ្ងៃទៀតផង៖ «មិនគិតរឿងការបែងចែកអីចឹងទេ អីចឹងយើងរស់នៅម៉េចសាមគ្គីផ្ទៃក្នុងបាន ម៉េចជាតិតែមួយបាន សង្គមតែមួយ។ទាល់តែយើងត្រូវតែអនុវត្តខ្មែរតែមួយប្រជាពលរដ្ឋតែមួយរដ្ឋាភិបាលតែមួយសាសនាតែមួយ។អីចឹងវាយើងវាមិនអាចមានការបែងចែកអីចឹងបានទេ»។
ទោះជាយ៉ាងនេះក្ដីប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង លើកឡើងថា មេឃុំចៅសង្កាត់សព្វថ្ងៃនេះធ្វើការងារបែបជិះសេះលែងដៃ ដោយមិនមានគណបក្សណាត្រួតពិនិត្យការងាររបស់ខ្លួនឡើយ ពីព្រោះរដ្ឋាភិបាលជាគណបក្សតែមួយ។ លោកសង្កាត់ធ្ងន់ថា ការដឹកនាំបែបនេះមិនល្អនោះទេ ព្រោះមានចំណុចចន្លោះប្រហោងច្រើនដែលអាជ្ញាធរមូលដ្ឋាន ប្រព្រឹត្តអំពើពុករលួយងាយស្រួលជាងមានគណបក្សច្រើនធ្វើការងាររួមគ្នានៅឃុំសង្កាត់។ មន្ត្រីសង្គមស៊ីវិលរូបនេះមានការព្រួយបារម្ភទៀតថា ស្របពេលដែលកញ្ចប់ថវិកាដែលថ្នាក់ជាតិទម្លាក់ទៅអាជ្ញាធរមូលដ្ឋានឆ្នាំ២០២០កាន់តែច្រើននោះ គេរឹតតែត្រូវមានការប្រុងប្រយ័តខ្លាំង ក្នុងការចាយវាយថវិកាទាំងនោះឱ្យបានជាប្រយោជន៍សាធារណៈពិតប្រាកដ៖ «ហើយអីចឹងធ្វើឱ្យការសម្រេចចិត្តហ្នឹងគឺ អត់សូវបានសួរនាំប្រជាពលរដ្ឋទេ ប៉ុន្តែបើសិនជាយើងមានការត្រួតពិនិត្យតុល្យភាពនោះគឺធ្វើឱ្យការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិហ្នឹងវាអាចធ្វើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយហ្នឹងការយកចិត្តទុកដាក់ខ្ពស់ ហើយហ្នឹងប្រើប្រាស់គ្រប់មធ្យោបាយគ្រប់លទ្ធភាពដែលខ្លួនមាន ដើម្បីបំពេញទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទៅវិញបាទ»។
រដ្ឋាភិបាលក្រុងភ្នំពេញបានអនុម័តថវិកាឃុំ-សង្កាត់ នៅឆ្នាំ២០២០នេះ ដែលគិតជាមធ្យមក្នុងឃុំសង្កាត់នីមួយៗមានជាង១២ម៉ឺនដុល្លារអាមេរិក(១២២.០០០)។ ក្នុងនោះថវិកាសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ប្រមាណ ៧ម៉ឺនដុល្លារ ដែលចំនួននេះ គឺកើនឡើងទ្វេដងបើប្រៀបធៀបកាលពីឆ្នាំ២០១៨។
ការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤កន្លងទៅ គណបក្សសង្គ្រោះជាតិទទួលបាន ៤៨៩ឃុំ និងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥ពាន់ ៧នាក់(៥០០៧)។ សមាជិកក្រុមប្រឹក្សាទាំងនេះបានចូលកាន់តំណែងប្រមាណ ៣ខែប៉ុណ្ណោះ ក៏ត្រូវបញ្ចប់តួនាទីវិញ ដោយសារតែតុលាការរបបក្រុងភ្នំពេញរំលាយបក្សនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ប្រធានគណបក្សនេះ គឺលោក កឹម សុខា ឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ ប៉ុន្តែអង្គការជាតិ និងអន្តរជាតិជាច្រើនមើលឃើញថា ការចោទប្រកាន់នេះជារឿងនយោបាយ ហើយថា ការរម្លាយគណបក្សសង្គ្រោះជាតិ គឺដោយសារ គណបក្សប្រជាជនកម្ពុជាខ្លាចចាញ់ការបោះឆ្នោតឆ្នាំ២០១៨ ពីព្រោះពេលនោះ អ្នកគាំទ្រគណបក្សប្រឆាំងមានប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។