បក្សកាន់អំណាច​ប្តេជ្ញា «កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុលនិយម» ឱ្យ​អស់​ពី​កម្ពុជា

ដោយ មាន ឫទ្ធិ
2023.01.29
Share on WhatsApp
Share on WhatsApp
បក្សកាន់អំណាច​ប្តេជ្ញា «កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុលនិយម» ឱ្យ​អស់​ពី​កម្ពុជា (រាប់ពីឆ្វេងទៅស្តាំ) លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស លោក ហ៊ុន សែន ប្រធានគណបក្ស និងលោក សាយ ឈុំ អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា នៅក្នុងមហាសន្និបាត​គណបក្សតំណាង​ទូទាំង​ប្រទេសកាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក SPM

បក្ស​កាន់អំណាច​ប្តេជ្ញា​កម្ចាត់ «នយោបាយ និង​សកម្មភាព​ជ្រុលនិយម» គ្រប់​រូបភាព​ឱ្យ​អស់​ពី​សង្គម​កម្ពុជា។ ការប្តេជ្ញាចិត្ត​នេះ គឺជា​ផ្នែកមួយ​នៃ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់អំណាច រយៈពេល​ពីរ​ថ្ងៃ ដែល​ទើបនឹង​បិទបញ្ចប់​ទៅ​កាលពី​ថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ។ ទន្ទឹមនឹង​ការប្តេជ្ញាចិត្ត​នេះ គណបក្ស​នេះ នៅតែ​មិនទាន់​ហ៊ាន​ដាក់​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​នេះ​នៅឡើយទេ ដោយ​បន្ត​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​​ដដែល។

សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​របស់​បក្ស​កាន់អំណាច ដែល​ធ្វើឡើង​នៅ​មិនដល់​៦ខែ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ ប្រកាស​ជាចំហ​ថា ខ្លួន«ចាំបាច់»ត្រូវ​កម្ចាត់​​ឱ្យ​អស់​ពី​សង្គម​កម្ពុជា​នូវ​អ្វីមួយ​ដែល​គណបក្ស​នេះ​ហៅថា «នយោបាយ និង​សកម្មភាព​ជ្រុល​និយម» គ្រប់រូបភាព។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បិទបញ្ចប់​មហាសន្និបាត​បក្ស កាលពី​ល្ងាច​ថ្ងៃទី២៩ ខែមករា ថា គណបក្ស​កាន់អំណាច​ធ្វើ​ដូច្នេះ​ដើម្បី «កែប្រែ​ឥរិយាបថ» ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដើម្បី​បញ្ចៀស​ការចាត់ទុក​គ្នាជា​សត្រូវ ដែល​ធ្វើឱ្យ​បែកបាក់​ឯកភាព​ជាតិ៖

លោក ឈឹម ផលវរុណ៖ «ឥឡូវនេះ យើង​ចូល​ដល់​វប្បធម៌​នយោបាយ​មួយ​ដែលយើង​អាយុ​៣០ឆ្នាំ​ហើយ​នៃ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ អ៊ីចឹង រាជរដ្ឋាភិបាល​ដែលមាន​ភារកិច្ច​ក្នុងការ​ធានា​នូវ​សណ្តាប់ធ្នាប់​សង្គម​ទាំងមូល គឺ​អាច​ចេញជា​គោលការណ៍​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​មិនឱ្យ​មាន​ចរិត​នយោបាយ​ជ្រុលនិយម​ហួសហេតុ។ នេះ​ជា​កត្តា​សំខាន់ណាស់ មិនមែន​ត្រឹមតែ​កត្តា​ច្បាប់​ទេ។ យើងចង់​មនុស្សម្នាក់ៗ​នាំគ្នា​កែឥរិយាបថ។ នេះជា​ចំណុចល្អ ជា​សេចក្តីសុខសាន្ត​ដល់​ពលរដ្ឋ​ដែល​យើង​មើលឃើញ​ទាំងអស់គ្នា គឺ​សន្តិភាព​យើងបាន​ហើយ។ ឥឡូវគឺ​យើងឈាន​ដល់​ការថែរក្សា​សន្តិភាព។ តែអ្វី​ដែល​បំផ្លាញ​សន្តិភាព​គឺចរិត​នយោបាយ​ជ្រុលនិយម​ហួសហេតុ​ដែល​បំផ្លាញ​ឱ្យក្លាយ​ទៅជា​ភាពជា​សត្រូវ»

ទន្ទឹមនឹងនេះ គណបក្សប្រជាជន​កម្ពុជា​គូសបញ្ជាក់​​ថា គណបក្ស​ខ្លួន​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ប្រទូសរ៉ាយ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ប្រទេសហ្វាំងឡង់ (Finland) ដើម្បី​គេចចេញ​ពី​ការតាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ថា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ​ទេ​ដែល​ជា​អ្នកធ្វើ​នយោបាយ «ជ្រុលនិយម» តាមរយៈ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នារយៈពេល​ចុងក្រោយ​នេះ៖

លោក គឹម សុខ៖ «អ្នកដែល​ធ្វើ​អំពើជ្រុលនិយម​គឺ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ប្រើ​កម្លាំងជ្រុល បំភ្លៃ​ច្បាប់​ជ្រុល បំផ្លាញ​គេជ្រុល សម្លាប់​ប្រជាធិបតេយ្យ​ជ្រុល បិទគូរ​ប្រជែង​មិនឱ្យ​ចូលរួម​ប្រកួត​ជ្រុល ហើយ​រៀបចំ​ប្រកួត​តែឯង ជោគជ័យ​ក៏ប្រកាស​តែឯង ហើយ​យុត្តិធម៌​ក៏ប្រកាស​តែឯង។ គឺ​គណបក្ស​ប្រជាជន​ខ្លួនឯងទេ​ដែល​ជ្រុល​នោះ ចំណែក​ឯ គណបក្ស​នយោបាយ​នានា​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​គ្មានអី​ជ្រុលទេ គឺគេ​គ្រាន់តែ​ទាមទារ​ឱ្យ​មាន​ការប្រកួត​មួយ​ដែលស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សេរី យុត្តិធម៌ បើក​ចំហ។ មាន​អី​ត្រូវជ្រុល

លោក គឹម សុខ បកស្រាយ​បន្ត​ថា ការណ៍​ដែល​គណបក្ស​កាន់អំណាច​បន្ត​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​កម្ទេច​បែបនេះ ទំនងជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅមាន​ការ​ព្រួយបារម្ភ​ខ្ពស់​អំពី​ចលនា​នៃ​គណបក្ស​នយោបាយ​ស្របច្បាប់​ដទៃទៀត​ ជាពិសេស​គណបក្ស​ភ្លើងទៀន ដែល​អាច​ដណ្តើម​អំណាច​ពី​ខ្លួនបាន។

រីឯ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា វិញ លោក​បារម្ភ​ថា ការបន្ត​លាប​ពណ៌គ្នា​ថា​ជាក្រុម «ជ្រុល​និយម» ដោយ​គណបក្ស​កាន់អំណាច​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ ឬ​ស្ថាប័ន​រដ្ឋ​ខ្វះ​ឯករាជ្យ នឹង​ធ្វើឱ្យ​សង្គម​កម្ពុជា​រឹតតែ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង៖

លោក ឯម សុវណ្ណារ៉ា៖ «យើង​ឃើញ​ការប្តេជ្ញាចិត្ត​ហើយនឹង​ការចេញ​សារនយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​កន្លងមក​នេះ វាធ្វើឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ឃើញ​រងគ្រោះ​ច្រើន ដូចជា លោក សុន ឆ័យ លោក គង់ គាំ លោក ថាច់ សេដ្ឋា ជាដើម...។ ឧទាហរណ៍​ថា ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​មករិះគន់​គណបក្ស​ប្រឆាំង​ជាដើម ដល់​ពេល​គណបក្ស​ប្រឆាំង​ចាប់ផ្តើម​រិះគន់​វិញ ហាក់ដូចជា​មាន​សារ​គំរាមកំហែង ហើយ​ស្ថាប័ន​សាធារណៈ​ជាច្រើន​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​របស់​រដ្ឋ ហាក់​ដូចជា​ចេញសារ​មក ស្ថាប័ន​ហ្នឹង​មិនមែនជា​តំណាង​ឱ្យ​ស្ថាប័ន​សាធារណៈ​ឯករាជ្យ​ទេ។ ហាក់ដូចជា​តំណាង​ឱ្យ​បក្ស។ នេះជា​ក្តីបារម្ភ​ធ្វើឱ្យ​សង្គមជាតិ​ហាក់ដូចជា​បែងចែក​លែងមាន​អព្យាក្រឹត្យភាព ឈរ​នៅ​កណ្តាល​ដែល​ពលរដ្ឋ​អាច​ពឹង​អាស្រ័យ​បាន។ ជា​កិច្ចការ​មួយ​ដែល​យើង​ចេះតែ​បារម្ភ​ជាទូទៅ ហើយ​បើ​កាលណា​សង្គមជាតិ​កម្ពុជា​ប្រឈម​បញ្ហា​បែងចែក ឬ​ចោទប្រកាន់​គ្នា លាបពណ៌​គ្នា មិនចេះ​ចប់​មិនចេះហើយ វា​អត់អី​ខុសពី​របបមុនៗ ដែល​ផ្លាស់ប្តូរ​របប ឬក៏​ផ្លាស់ប្តូរ​អ្នកដឹកនាំ​តាម​បដិវត្ត ឬក៏​កម្លាំងទេ»

ទន្ទឹមនឹង​ការប្តេជ្ញាចិត្ត​កម្ចាត់ «នយោបាយ និង​សកម្មភាព​ជ្រុលនិយម» នេះ មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​សម្រេច​បន្ត​ដាក់ឈ្មោះ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី៧​ខាងមុខនេះ។ គណបក្ស​នេះ នៅតែ​មិនហ៊ាន​ដាក់​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ផ្លូវការ​សម្រាប់​អាណត្តិ​ទី៧​នេះឡើយ ដោយ​គ្រាន់តែ​ដាក់ថា​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូបទៀត គឺលោក សួស យ៉ារ៉ា បដិសេធ​មិន​បញ្ជាក់​ពេលវេលា​ជាក់លាក់​ថាតើ​ពេល​ណា​គណបក្ស​នេះ​នឹង​ដាក់ឈ្មោះ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផ្លូវការ​នោះ។ តែ​លោកថា គណបក្ស​នឹង​បញ្ជាក់​ក្រោយ​ការបោះឆ្នោត​រួច៖

លោក សួស យ៉ារ៉ា៖ «រឿងបញ្ហា​អាណត្តិ​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ថា​ដល់​ពេលណា​នោះ គឺ​មិនពិបាក​និយាយ​ទេ ពីព្រោះ​សំខាន់​បំផុត​គឺការបោះឆ្នោត​អាណត្តិទី៧ ខែ៧ ខាងមុខនេះ គឺ​បេក្ខភាព​របស់​យើង​តែមួយ​គត់​គឺសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន។ អ៊ីចឹង នៅពេល​ដែល​គាត់​ជាប់ឆ្នោត​ហើយ ពេលវេលា​ខាងមុខ ឯកឧត្តម ហ៊ុន ម៉ាណែត ពេលណា​ គឺជា​រឿង​អាណត្តិ​ដែល​យើង​នឹង​បញ្ជាក់​ថែមទៀត»

ជុំវិញ​រឿងនេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន កំពុង «បោកប្រាស» ផ្ទៃក្នុង​គណបក្ស​ខ្លួនឯង​ផង និង​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ឱ្យ​គណបក្ស​នេះផង ដោយសារ​ថា ក្រោយ​បោះឆ្នោត​រួច លោក ហ៊ុន សែន អាច​នឹង​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​ទៅ​កូន​របស់​លោក គឺលោក ហ៊ុន ម៉ាណែត៖

លោក គឹម សុខ៖ «មើលទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​វិធីណា​ក្រៅតែ​ពី​បោកប្រាស​ផ្ទៃក្នុង​ខ្លួនឯង​ផង និង​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដើម្បី​សម្រេច​ផែនការ​ផ្ទេរអំណាច​ពី​គាត់​ទៅកូន​ប្រុស​របស់​គាត់​នោះទេ ដោយសារ​តែ​លោក ហ៊ុន ម៉ាណែត និយាយ​ពី​ដំណើរ​នៃការ​ផ្ទេរ​អំណាច មិនមែនជា​បុគ្គល​ដែលមាន​គីឡូ​ប្រកួតប្រជែង​ទេ​ទាំង​នៅក្នុង​ផ្ទៃក្នុង​គណបក្ស ទាំង​នៅក្នុង​ផ្ទៃក្នុង​ជាតិ។ តែ​គឺជា​គីឡូ​នាំរឿង គីឡូ​បង្ក​បញ្ហា​ដល់​គណបក្ស​ប្រជាជន​ផង ដល់​ប្រទេសជាតិ​កម្ពុជា​ផង»

កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជិត​៤០ឆ្នាំ​មកនេះ ត្រូវបាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា កំពុង​ដើរឆ្ពោះ​ទៅរក​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​បែប​ផ្តាច់ការ​តពូជពង្ស​វង្សត្រកូល​គ្រួសារ «ហ៊ុន» មិន​ខុស​ពី​នៅ​ប្រទេសកូរ៉េខាងជើង​ដែល​គ្មាន​អ្នក​រាប់រក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហាញ​ចេតនា​ជា​សាធារណៈ​ថា លោក​មិនត្រឹម​តែ​ចង់ធ្វើ​ជា​ឪពុក​នាយករដ្ឋមន្ត្រី​ទេ តែ​លោក​ចង់ធ្វើ​ដល់ទៅ​​ជីតា​នាយករដ្ឋមន្ត្រី​ទៀតផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។