បក្ស​ភ្លើងទៀន​ថា ​បណ្ដឹងប្រឆាំងលោក សុន ឆ័យ​ នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​កាន់​តែ​អាក្រក់

ដោយ យ៉ង ចាន់តារា
2022.06.14
Share on WhatsApp
Share on WhatsApp
បក្ស​ភ្លើងទៀន​ថា ​បណ្ដឹងប្រឆាំងលោក សុន ឆ័យ​ នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​កាន់​តែ​អាក្រក់ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន។
រូប៖ គណបក្សភ្លើងទៀន

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង ​លោក ថាច់ សេដ្ឋា​ ចាត់​ទុក​ពាក្យ​បណ្តឹង​របស់​បក្ស​កាន់​អំណាច​មក​លើ​មន្រ្តី​ជាន់​ខ្ពស់​​បក្ស​ភ្លើង​ទៀន​ ដោយ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ជា​បន្ត​បន្ទាប់​នេះ ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ និង​កាន់​តែ​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​អាក្រក់។ ប្រតិកម្ម​របស់​មន្រ្តី​បក្ស​ភ្លើទៀន​បែប​នេះ​ កើត​ឡើង​ក្រោយ​ពី​តំណាង​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក គី តិច​ បាន​ប្តឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ​ ក្រោយ​ពី​លោក​បាន​រិះគន់​ថា​ ដំណើរ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥ ​នេះ ​មិន​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ឡើយ។

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ លើក​ឡើង​ថា​ អ្នក​នយោបាយ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញ​ទស្សន​ និង​បង្ហាញ​ព័ត៌មាន​ចំពោះ​ករណី​នៃ​ដំណើរ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក ថាច់ សេដ្ឋា​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា​ថា ការ​បញ្ចេញ​មតិ​យោបល​របស់​អ្នក​នយោបាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ លទ្ធផល​ការ​បោះឆ្នោត​គឺ​ស្ថិត​ក្នុង​ក្របខណ្ឌ​ត្រឹម​ត្រូវ។ លោក​បន្ត​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (..)​ គួរ​តែ​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​ការ​រិះគន់​ពី​ភាព​មិន​ឯករាជ្យ និង​ត្រូវ​តែ​មាន​ការ​កែសម្រួល​ស្ថាបនា​សមាភាព​របស់ គ..ប ឱ្យ​មាន​ភាព​អព្យាក្រឹត្យ។

Thach_Setha_112220_Lightningbug_003.jpg
លោក ថាច់ សេដ្ឋា​ អនុប្រធាន​ និង​ជា​អ្នក​នាំ​ពាក្យគណបក្ស​ភ្លើងទៀន​។ រូបគេផ្ដល់ឱ្យ

បន្ថែម​ពី​នេះ ​លោក ថាច់ សេដ្ឋា​ លើក​ឡើង​បន្ត​ថា​ គណបក្សកាន់​អំណាច​គួរ​ពិនិត្យ​អង្គហេតុ​នៃ​ដំណើរ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥​នេះ​ ដោយ​សកម្មជន​បក្ស​ភ្លើង​ទៀត​មួយ​ចំនួន​តែង​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​គ្រប់​រូបភាព​ពី​អាជ្ញាធរ​បក្ស​កាន់​អំណាច។ ក្រៅ​ពី​នេះ លោក​មើល​ឃើញ​ថា​ ក្នុង​ដំណើរ​បោះឆ្នោត​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន​ ចាំ​កត់​ឈ្មោះ​ពលរដ្ឋ​ពេល​ទៅ​បោះឆ្នោត​ និង​បិទការិយាល័យ​រាប់​សន្លឹកឆ្នោត​ស្ងាត់ៗ​ក្រោយ​ពី​បញ្ចប់​ការ​បោះឆ្នោត។ លោក ថាច់ សេដ្ឋា​ យល់​ថា​ បញ្ហា​ទាំង​នេះ​ គួរ​តែ​មាន​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី ​រវាង​បណ្ដា​គណបក្ស​នយោនបាយ​ និង​ស្ថាប័ន​ គ..ប​ ដើម្បី​ស្ថាបនា​កែ​លម្អ​បរិយាកាស​នយោបាយ​ឱ្យ​មាន​ភាព​ល្អ​ឡើង​វិញ៖ «ហើយ​ថា ប្រសិន​បើ​មាន​ ហេតុការណ៍​ហ្នឹង​វា​កើត​ឡើង​ ពិត​ ឬ​មិន​ពិតបើ​ពិត​យើង​ត្រូវ​តែ​ជជែក​គ្នា​កែ​សម្រួល​ កែ​លម្អ​កុំ​ឱ្យ​បញ្ហា​នេះ​ កើត​ឡើង​នៅ​ថ្ងៃ​ក្រោយ​ទៀត​ ដើម្បី​ផ្ដល់​ការ​ទុក​ចិត្ត គូរ​ប្រជែង​ គូរ​ប្រកួត​ លើ​សង្វៀន​ទាំង​អស់​គ្នា ហ្នឹងទីមួយ។ ទី​ពីរ​ វា​ផ្តល់​នូវ​ការ​ទុក​ចិត្ត​ ដល់​សហគមន៍​ជាតិ ​និង​អន្តរជាតិ​ផង​។ ពួក​យើង​ខ្ញុំ​ ក៏​មាន​បណ្ដឹង​ច្រើន​ដែរ​ ដោយ​សារ​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នោះ​។ ដូច្នេះ​ វា​ជា​សមត្ថកិច្ច​ របស់​ គ..ប​ ហើយ​គាត់​សម្រេច​យ៉ាង​ម៉េច​ អាហ្នឹង​ជា​រឿង​របស់ ​គ..ប​។ បើ​យើង​គ្រាន់​តែ​បញ្ចេញ​ទស្សន​ការ​បោះឆ្នោត​ លទ្ធផល​បោះឆ្នោត​ យើង [គណ​បក្ស​ប្រជាជន​កម្ពុជាទាញ​ទៅ​ប្តឹង​ រឿង​បរិហា​កេរ្តិ៍​ រឿង​ព្រហ្ម​ទណ្ឌ។ អាហ្នឹង​ មិន​ដឹង​ថា​ យើង​ហ៊ាន​បញ្ចេញ​មតិ​បែប​ណា ​តទៅ​ទៀត​ទេ​។ យើង​គ្រាន់​តែ​មិន​សប្បាយ​ចិត្ត​និយាយ​ទៅ​គេ​ប្ដឹង​ដែរ»

ប្រតិកម្ម​របស់​មន្រ្តី​បក្ស​ភ្លើង​ទៀន​បែប​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​តំណាងមេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្ដឹង​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ​។ បណ្ដឹង​ដែល​ចុះហត្ថ​លេខា ​ដោយ​លោក ​គី តិច​ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​មិថុនា បាន​ប្តឹង​ លោក សុន ឆ័យ ​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូងរាជធានី​ភ្នំពេញ​ ដោយ​ទាមទារ​ឱ្យ​តុលាការ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​ច្បាប់​ និង​ទាមទារ​ឱ្យលោក សុន ឆ័យ បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​ ១លាន​ដុល្លា​ ឬ​ស្មើ​ ៤ពាន់​លានរៀល​ដល់​បក្ស​កាន់​អំណាច។ បណ្ដឹង​របស់​គណបក្ស​កាន់​អំណាច​នេះ ក្រោយ​ពេល​គណបក្ស​មួយ​ចំនួន ជាពិសេស​គណបក្ស​ភ្លើង​ទៀន​រិះគន់​ថា ដំណើរ​ការបោះឆ្នោត​មិន​មាន​ភាព​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ និង​មាន​លក្ខណៈ​អាក្រក់​ជាង​អាណត្តិ​ណាៗ ទាំង​អស់។

វិទ្យុ​អាស៊ីសេរី ​មិន​អាច​ទាក់ទង​តំណាង​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ លោក គី តិច​ និង​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន​ ដើម្បី​សាក​សួរ​បន្ថែម​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៤​ មិថុនា។ ចំណែក​ឯ​ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ​ ក៏​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម​ចំពោះ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ពេល​ថ្មីៗនេះ​ លោក សុន ឆ័យ បាន​ថ្លែង​ជា​សាធារណៈ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការ​តស៊ូ​របស់​គណបក្ស​ភ្លើង​ទៀន គឺ​ដើម្បី​បង្រួប​បង្រួម​ជាតិ​សារ​ជា​ថ្មី។ លោក​បន្ត​ថា​ រយៈពេល​ជាង៥​ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ច្រើន​ និង​ស្ថិត​ក្រោម​អំណាច​បក្ស​តែ​មួយ​ និង​មាន​ការ​ដឹក​ប្រទេស​ដោយ​មាន​សភា​ឯកបក្ស​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​ លោក ហ៊ុន សែន។ ចំណែក​ឯ គ..ប ដែល​ជា​អ្នក​កាត់​សេចក្ដី​អំពី​ការ​បោះឆ្នោត​ ក៏​ត្រូវ​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​បក្ស​តែ​មួយ​បែប​នេះ​ដែរ។ លោក​លើក​ឡើង​បែប​នេះ​ ចាប់​តាំង​ពី​មាន​ការ​រម្លាយគណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ២០១៧​ គេ​មើល​ឃើញ​ថា សមាស​ភាព​ដឹកនាំ គ..ប ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ចេញ​ពី​មន្រ្តី​ជួរមុខ​នៃ​គណបក្ស​កាន់​អំណាច។ លោក គី តិច ចោទ​លោក សុន ឆ័យ ដែល​រិះគន់​ពី​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ​ថា ជា​អំពើ​ទុច្ចរិត បំភ្លៃ​ខុស​ការ​ពិត ផ្ដល់​ព័ត៌មាន​ក្លែងក្លាយ ទម្លាក់​កំហុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម។

ទោះ​ជា​យ៉ាង​ណា បណ្ដឹង​ប្រឆាំង​នឹង លោក សុន ឆ័យ​ នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី១៣ មិថុនា​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​អាណត្តិ​នេះ មាន​ប្រជាពលរដ្ឋ​ចូល​រួម​ប្រមាណ ៨០% ហើយ​ដំណើរ​ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត មើល​ឃើញ​ថា បរិបទ​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​អួរអាប់​ ដោយ​សារ​តែ​ទៅ​តុលាការ​បាន​សម្រេច​សាល​ក្រម​កាត់​ក្ដី​លើ​សកម្មជន​បក្សប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ លោក​បន្ត​ថា បញ្ហា​នយោបាយ​ដែល​យក​មក​ដោះស្រាយ​តាម​ផ្លូវ​តុលាការ និង​មាន​ការ​សម្រេច​សាល​ក្រម​កាត់​ទោស​ក្រុម​បក្ស​ប្រឆាំង​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរ​បន្ថែម​ទៀត។

លោក អំ សំអាត​ ព្រួយ​បារម្ភ​ថា​ ករណី​របស់​ លោក សុន ឆ័យ នេះ​អាច​នឹង​មាន​ការ​ដោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ដូច​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែរ។ លោក​អំពាវ​នាវ​ ដល់​អ្នកនយោបាយ​ទាំង​អស់​គួរតែ​មាន​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​ត្រូវ​ងាក​មក​ផ្សះផ្សា​ចរចា​គ្នា​តាម​រយៈ​វប្បធម៌​កិច្ច​សន្ទនា​ ដើម្បី​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ ​ទើប​ជា​រឿង​ប្រសើរ៖ «អ៊ីចឹង​ទៅ នៅ​ពេល​ដែរ​ លោក សុន ឆ័យ ត្រូវ​បាន​ រង​បណ្ដឹង​នៅ​តុលាការ​បន្ថែម​ទៀត ហ្នឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​ អំពី​ការ​រិះគន់​ហ្នឹង​កាន់​តែ​ច្រើន​ទៀត​សម្រាប់​កម្ពុជា ទាក់ទង​នឹង​បញ្ហា លទ្ធិ​ប្រជាធិបតេយ្យ​ ក៏​ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អ្វី​ដែរ អង្គការ​សង្គម​ស៊ីវិល​យើង ចង់​ឃើញ​ហ្នឹង អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​តែ គោរព​ទៅ​តាម​ក្រម​សីលធម៌ យើង​ចង់​ឃើញ​អ្នក​នយោបាយ​ទាំងអស់​បន្ត​វប្បធម៌​នៃ​ការ​សន្ទនា​គ្នា។ ដូច​ពេល​កន្លង​ទៅ ជា​បទ​ពិសោធន៍ ដែល​យើង​ឃើញ​ថា រាល់​ការ​បោះឆ្នោត​ម្ដងៗ ការ​បោះឆ្នោត​ហើយ​តែងតែ​មាន​វិបត្តិ​នយោបាយ»

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ថាច់ សេដ្ឋា​ ឱ្យ​ដឹង​ថា​ ការ​ជ្រើសរើស​ការ​ប្តឹង​ផ្ដល់​គ្នា​តាម​ផ្លូវ​តុលាការ​នឹង​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​ និង​កាន់​តែ​បង្ក​នូវ​បរិយាកាស​នយោបាយ​កាន់​តែ​អាក្រក់​ នៅ​មុនការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​នៅ​ឆ្នាំ​២០២៣ ​ខាង​មុខ។ លោក​សង្កត់ធ្ងន់​ថា​ តំណាង​នៃ​បក្សកាន់​អំណាច​គួរចរចា​គ្នា​ដោយ​សន្តិ​វិធី និង​សហការ​ធ្វើ​ការងារ​ជាមួយ​គ្នា​នៅ​មូលដ្ឋាន​ដើម្បី​អភិវឌ្ឍ​ឃុំ​សង្កាត់​ ជំនួស​ឱ្យ​ការ​ប្ដឹងផ្ដល់​សហការី​របស់​លោក​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។