លោក សម រង្ស៊ី អះអាងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ បិទបាំងការពិតរបស់ខ្លួន ព្រោះស្ថាបនិកនៃគណបក្សនេះឈ្មោះ សឺង ង៉ុកមិញ ហៅអាចារ្យមៀន ដែលក្លែងធ្វើជាអាចារ្យ គឺជាជនក្បត់ជាតិ។ ពិសេសគណបក្សនេះបានបិទបាំងការពិត ២៤ឆ្នាំ នៅចន្លោះឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៧៥។
លោក សម រង្ស៊ី រៀបរាប់លម្អិតក្នុងវីដេអូដែលបង្ហោះក្នុងហ្វេសប៊ុក (Facebook) របស់លោកថា ដើមកំណើតនៃគណបក្សប្រជាជនកម្ពុជាឈ្មោះបក្សប្រជាជនបដិវត្តន៍ខ្មែរបង្កើតឡើងនៅឆ្នាំ១៩៥១ ដើម្បីរណបបក្សកុម្មុយនិស្តវៀតណាម ហើយចាំស្ដាប់បញ្ជាពីបរទេស។ លោកសរសេរសំណេរបន្ថែមទៀតថា នៅពេលបង្កើតរួច គណបក្សនេះ បានដឹកនាំកងកម្លាំងវៀតមិញ (Vietminh) ប្រយុទ្ធគ្នាច្រើនលើកច្រើនសាជាមួយកងកម្លាំងខេមរភូមិន្ទរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ។
លោក សម រង្ស៊ី បន្តថា ក្រោយសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវ (Genève) ខែកក្កដា ឆ្នាំ១៩៥៤ អន្តរជាតិបានបង្ខំឲ្យវៀតមិញដកទ័ពរបស់ខ្លួនទាំងអស់ចេញពីកម្ពុជា ដោយនាំកម្មាភិបាលគណបក្សប្រជាជនកម្ពុជាត្រឡប់ទៅទីក្រុងហាណូយប្រទេសវៀតណាមខាងជើងផងដែរ។
លោកបន្តអះអាងទៀតថា បក្សកាន់អំណាចបានបំផ្លើសព្រឹត្តិការណ៍ក្លែងក្លាយជាច្រើន ព្រោះខ្លាចការពិតដែលបង្ហាញថា គណបក្សនេះក្បត់ជាតិ ហើយបង្កើតឡើងដោយបរទេសឈ្លានពាន ដើម្បីលេបត្របាក់ទឹកដីខ្មែរ៖ « ក្នុងសម័យអាណានិគមបារាំង ចលនាកុម្មុយនិស្តយៀកមិញដឹកនាំដោយ ហូ ជីមិញ ជាអ្នកបង្កើតគណបក្សប្រជាជនកម្ពុជា ដែលពេលនោះមានឈ្មោះថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ក្រោមលេសមកដេញបារាំងពីប្រទេសកម្ពុជា។ បំណងពិតពួកយួនកុម្មុយនិស្ត គឺគ្រាន់តែចង់គ្រប់គ្រងកម្ពុជាជំនួសបារាំងតែប៉ុណ្ណោះ»។
ការលើកឡើងនេះ ក្នុងពេលគណបក្សកាន់អំណាច កំពុងអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតគណបក្ស។ ឆ្នាំនេះគណបក្សប្រជាជនកម្ពុជាមិនរៀបចំពិធីជួបជុំរំលឹកខួបបក្សទេ ដោយសារស្ថានភាពការឆ្លងជំងឺកូវីដ១៩ (Covid-19)។ តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានចេញសារលិខិតដើម្បីរំលឹកខួប៧០ឆ្នាំ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ។
ប្រធានគណបក្សរូបនេះ មិនបានរៀបរាប់លម្អិតពីប្រវត្តិគណបក្សនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ឈ្មោះដើម គឺបក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ លោក ហ៊ុន សែន បន្តថា គណបក្សនេះ បានដឹកនាំប្រជាជនតស៊ូប្រយុទ្ធយ៉ាងអង់អាច ដើម្បីរំដោះប្រទេសពីការឈ្លានពានត្រួតត្រារបស់បរទេស ផ្ដួលរំលំរបប ប៉ុល ពត និងកសាងមាតុភូមិឲ្យមានសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។ លើសពីនេះ លោក ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា បានលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងសុខុដុមរនាម។
ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន នេះ ក្រុមអង្គការជាតិ-អន្តរជាតិ រួមទាំងប្រទេសប្រជាធិបតេយ្យធំៗ រិះគន់ជាបន្តបន្ទាប់ថា រដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា បំផ្លាញគោលការណ៍ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធអស់ជាច្រើនឆ្នាំមកហើយ ដែលរួមមានការបង្ក្រាបលើគណបក្សសង្គ្រោះជាតិដែលមានឥទ្ធិពលក្នុងការឈ្នះឆ្នោត ការកៀបសង្កត់លើអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម ដើម្បីបន្តក្តោបក្តាប់អំណាចតវង្សត្រកូលរបស់លោក ហ៊ុន សែន។ មកទល់ពេលនេះ របបលោក ហ៊ុន សែន នៅតែបន្តធ្វើទុក្ខបុកម្នេញឥតឈប់ឈរទៅលើក្រុមអ្នកប្រជាធិបតេយ្យ។ ដោយសារតែបែបនេះ សហគមន៍អន្តរជាតិ បានដាក់ទណ្ឌកម្មបន្ទាប់លើសេដ្ឋកិច្ចកម្ពុជា និងបុគ្គលកំពូលៗ របស់គណបក្សកាន់អំណាច ក្នុងនោះដូចជា សហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយជាដើម។
ឆ្លើយតបចំពោះការលើកឡើងរបស់មេបក្សប្រឆាំងវិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា លោក សម រង្ស៊ី មានចេតនាមួលបង្កាច់លើគណបក្សកាន់អំណាច។ លោក សុខ ឥសាន បានចោទលោក សម រង្ស៊ី វិញថា តែងតែប្រឌិតរឿងនានា ដើម្បីចោទប្រកាន់ចំពោះក្រុមមនុស្ស ដែលលោកមិនពេញចិត្ត៖ «គណបក្សប្រជាជនកម្ពុជាមិនបានយល់ដូចគាត់អ៊ីចឹងទេ។ គាត់ទេដែលយល់អ៊ីចឹងណា ព្រោះគាត់តាំងខ្លួនជាអ្នកប្រឆាំងរួចទៅហើយ។ អ៊ីចឹងអាចំណុចវិជ្ជមានគាត់មិននិយាយ។ គាត់និយាយរកតែចំណុចអវិជ្ជមាន ហើយបំផ្លើសការពិតទៅទៀត។ គាត់ហ្នឹងគេហៅថា សតិអារម្មណ៍របស់គាត់ ក៏ដូចជាមនោគមវិជ្ជារបស់គាត់ វប្បធម៌របស់គាត់ គឺតែងតែនិយាយលាបពណ៌ទៅលើដៃគូប្រកួតប្រជែងជានិច្ចជាកាលអ៊ីចឹង»។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវយល់ថា ពលរដ្ឋខ្លះអាចមិនដឹងការពិតតែគ្មាននរណាម្នាក់ អាចបិទបាំង ឬបំភ្លៃប្រវត្តិសាស្ត្របានឡើយ។ អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត មាស នី មិនចង់បកស្រាយបន្ថែមពីលើអ្នកនយោបាយទេ តែលោកថា ចំពោះអ្នកសិក្សាអាចដឹងច្បាស់ពីប្រវត្តិនិងគោលបំណងនៃការបង្កើតគណបក្សប្រជាជនកម្ពុជាតាមរយៈការស្រាវជ្រាវ និងការអានសៀវភៅ។
លោកបន្ថែមថា កម្លាំងខ្មែរវៀតមិញរបស់គណបក្សប្រជាជនកម្ពុជា បានស្ងប់ស្ងាត់និងត្រូវបានវៀតណាមយកទៅរក្សាទុកតាំងពីពេលកម្ពុជា ទទួលបានឯករាជ្យពីបារាំង។ លោកបន្តថា លុះចុងទសវត្សរ៍ឆ្នាំ៧០ ទើបកម្លាំងគណបក្សនេះត្រូវបានវៀតណាមរៀបចំឡើងវិញ ដោយមតិខ្លះលើកឡើងថា ដើម្បីរំដោះកម្ពុជា ឯមតិខ្លះថា ដើម្បីឈ្លានពានកម្ពុជា៖ «នៅក្នុងគូរបដិបក្ខនយោបាយខ្មែរហ្នឹង គេតែងតែចង់បានប្រៀប ទោះបីអាហ្នឹងគេលាក់លៀម ឬក៏បង្ហាញត្រង់យ៉ាងម្ដេចអាហ្នឹងវាជាកាតព្វកិច្ច ជាសិទ្ធិរបស់គេ។ តែខ្ញុំសុំមិនអត្ថាធិប្បាយថា តើលាក់ប៉ុណ្ណា ឬប៉ុណ្ណាទេ។ ប៉ុន្តែប្រវត្តិសាស្ត្រគេបានប្រាប់ការពិតហើយថា ដំណើរនេះ បានចេញពីណាមក ហើយប្រសិនបើមានគូរបដិបក្ខណាមួយព្យាយាមលាក់ ក៏លាក់មិនជិតដែរ»។
ជាមួយគ្នានេះ សមាជិកគណបក្សប្រជាជនកម្ពុជាកំពុងនាំគ្នាបង្ហោះសារអបអរខួបទី ៧០ឆ្នាំ។ ពួកគេមួយចំនួន បានបង្ហោះសារតាមគ្នា និងខ្លះទៀតមិនដឹងពីប្រវត្តិគណបក្សនេះទេ។ ចំណែកក្រុមមេដឹកនាំរបស់គណបក្សកាន់អំណាច និងកូនរបស់ពួកគេបានបន្តការបង្អួតទ្រឹស្ដីការអភិវឌ្ឍ និងទាមទារឲ្យពលរដ្ឋដឹងគុណគណបក្សកាន់អំណាច។
ប៉ុន្តែ លោក សម រង្ស៊ី អះអាងថា បក្សកាន់អំណាចមិនមែនជាអ្នកកសាង ឬអភិវឌ្ឍន៍ជាតិទេ។ ផ្ទុយទៅវិញ លោកថា គណបក្សនេះហ៊ានបំភ្លៃថា ការទាមទារឯករាជ្យពីបារាំង ថាជាស្នាដៃបក្សខ្លួនឯងទៅទៀត។ លោកអះអាងថា ការដណ្ដើមបានឯករាជ្យនេះ គឺជាស្នាព្រះហស្តរបស់ព្រះបាទ នរោត្តម សីហនុ ឯបក្សកាន់អំណាចវិញ គ្រាន់តែចេះសូត្រទ្រឹស្ដីសន្តិភាពក្លែងក្លាយ ឬសន្តិភាពអ្នកទោសក្នុងគុកឥតជញ្ជាំងដូចសម័យខ្មែរក្រហមប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។