គណបក្សកាន់អំណាចស្វាគមន៍ ការបង្កើតវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ការបង្កើតវិទ្យាស្ថាននេះ និងការបង្កើតគណបក្សនយោបាយផ្សេងៗនៅកម្ពុជា ជាការបង្ហាញថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ដែលវិទ្យាស្ថាននេះ អាចបំពេញការងារវិជ្ជាជីវៈរបស់ខ្លួនបានដោយសេរី ស្របតាមច្បាប់កម្ពុជា។ តែមន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានកម្ពុជា អះអាងថា ក្រុមបញ្ញវន្តមួយក្រុមបង្កើតវិទ្យាស្ថាននេះឡើង ដោយសារតែកម្ពុជាមិនមានប្រជាធិបតេយ្យពេញលេញ ហើយការបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីបណ្ដុះបណ្ដាលយុវជន និងប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់អំពីប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដ។
ក្រុមបញ្ញវន្តដែលជាថ្នាក់ដឹកនាំវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា រំពឹងថា វិទ្យាស្ថានដែលទើបបង្កើតនេះអាចនឹងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យប្រសើរឡើងវិញ តាមរយៈការអប់រំ បណ្ដុះបណ្ដាលយុវជនឱ្យបន្តវេនពីអ្នកនយោបាយជើងចាស់នៅពេលអនាគត ដោយមិនប្រកាន់និន្នាការនយោបាយទៀតផង។
តំណាងក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត មាស នី មានប្រសាសន៍នៅក្នុងពិធីប្រកាសឱ្យដំណើរការវិទ្យាស្ថាននេះថា គោលបំណងធំរបស់វិទ្យាស្ថាននេះ " ដើម្បីស្ដារប្រជាធិបតេយ្យ ផ្សះផ្សា និងបង្រួបបង្រួមជាតិ" ។ លោកបណ្ឌិត មាស នី បានលើកពីប្រវត្តិសាស្ត្រកម្ពុជាថា បានទទួលយករបបដឹកនាំតាមបែបប្រជាធិបតេយ្យបីដំណាក់កាលកន្លងទៅ តែនៅដំណាក់កាលនីមួយៗ មេដឹកនាំមិនបានអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យច្បាស់លាស់នៅឡើយ។ មេដឹកនាំកម្ពុជាកន្លងទៅបានឡើងកាន់អំណាចមិនមែនបានមកពីការបោះឆ្នោតដ៏ត្រឹមត្រូវតាមគន្លងប្រជាធិបតេយ្យឡើយ ការឡើងកាន់អំណាចតាមរយៈការដណ្ដើមអំណាចគ្នាប្រើកម្លាំងប្រដាប់អាវុធ៖ « រចនាសម្ព័ន្ធនយោបាយនៅកម្ពុជា ពិសេសរដ្ឋាភិបាលក្នុងជំនាន់នីមួយៗ ហាក់ដូចជាមើលមិនឃើញច្បាស់ថា តើទស្សនៈសំខាន់នៃប្រជាធិបតេយ្យចង់ដឹកនាំប្រទេសទៅកន្លែងណា ? ដូច្នេះហាក់ដូចជាដំណើរការនេះ ស្ថិតនៅក្រោមឥទ្ធិពលកុម្មុយនិស្តបន្តិចទៅ ខ្មែរក្រហមបន្តិចទៅ ហើយក៏អាចលាយឡំរបបយោធានិយមខ្លះទៀត យកមកប្រើក្នុងរចនាសម្ព័ន្ធនយោបាយ ដូច្នេះរចនាសម្ព័ន្ធនយោបាយបែបនេះ ពន្លកនៃប្រជាធិបតេយ្យហាក់មានការលំបាកក្នុងការលូតលាស់ »។
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់ចំណេញ និងមិនប្រកាន់និន្នាការនយោបាយ ដែលធ្វើការដើម្បីគាំទ្រ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាគោលការណ៍គ្រឹះចាំបាច់សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចនិងនយោបាយនៅប្រទេសកម្ពុជា។ វិទ្យាស្ថាននេះ បានសម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៤ មិថុនា ក្រោយពីបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការបង្កើតវិទ្យាសា្ថននេះឡើង ជាការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែរស់រវើកថែមទៀត៖ « ខ្ញុំយល់ឃើញថា ជាការល្អ បើសិនជាពួកគាត់ធ្វើតាមច្បាប់ត្រឹមត្រូវ និងគោរពវិជ្ជាជីវៈ »។
នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក បណ្ឌិត ប៉ា ច័ន្ទរឿន បានលើកពីចក្ខុវិស័យបីសំខាន់សម្រាប់រយៈពេលបីឆ្នាំទៅមុខ ដែលវិទ្យាស្ថាននេះត្រូវធ្វើគឺ ទី១ ការសិក្សាស្រាវជ្រាវ និងប្រឹក្សាយោបល់ រួមមាន ការសិក្សានិងអប់រំអំពី វប្បធម៌នយោបាយថ្មី ការសិក្សាពីប្រវត្តិគណបក្សនយោបាយនីមួយៗ និងការសិក្សាពីដំណើរការប្រជាធិបតេយ្យចុងក្រោយនៅកម្ពុជា។ ទី២ ការអប់រំនយោបាយ គឺការបណ្ដុះបណ្ដាលយុវជនពីជំនាញនយោបាយ ជំនាញនៃការគិត និងភាពជាអ្នកដឹកនាំវ័យក្មេង និងទី៣ ការផ្សព្វផ្សាយ ដូចជាការបោះពុម្ពផ្សាយអំពីប្រជាធិបតេយ្យ ការបើកវេទិកាសាធារណៈ ក្រោយពីជំងឺកូវីដ-១៩ បានបញ្ចប់ និងការចូលរួមពីប្រជាពលរដ្ឋជាដើម៖ « កំណត់បញ្ហាអាទិភាពគឺការសិក្សាពីវប្បធម៌នយោបាយថ្មី ថាតើរបៀបរបបនៃការធ្វើនយោបាយមានផ្នត់គំនិតបែបណា មានទស្សនៈបែបណា ? ហើយហេតុអ្វីបានជាធ្វើឱ្យសង្គមយើងអន់ថយ »។
នាយកគ្រប់គ្រងកម្មវិធីនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក បណ្ឌិត សេង សារី បន្ថែមថា អ្នកនយោបាយខ្មែរមួយចំនួនធំកន្លងទៅ មិនបានចូលរួមវគ្គបណ្ដុះបណ្ដាលអំពីជំនាញវិជ្ជាជីវៈនយោបាយពិតប្រាកដទេ ពួកគាត់មួយចំនួនបានតួនាទីដោយសារកត្តាចៃដន្យ និងបានមកពីបក្ខពួក៖ « កន្លងមកអ្នកនយោបាយចូលវិស័យនយោបាយមិនសូវបានចូលវគ្គបណ្ដុះបណ្ដាលត្រឹមត្រូវទេ ដោយសារតែគាត់ចូលតាមសែស្រឡាយ គាត់ចូលតាមការតស៊ូនយោបាយបង្ហាញពីការតស៊ូរបស់គាត់ ហើយគាត់ចូលគណបក្សទៅរៀនធ្វើនយោបាយ »។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជារបស់លោក មិនបានជ្រើសរើសមនុស្សឱ្យបម្រើការក្នុងគណបក្ស និងក្នុងជួររដ្ឋាភិបាលតាមរយៈបក្ខពួកឡើយ តែអ្នកធ្វើនយោបាយជាមួយគណបក្សកាន់អំណាចដោយសារតែមានទស្សនៈវិស័យនយោបាយដូចគ្នា៖ « យើងមិនអាចតាមបក្ខពួកទេ យើងអាចនិយាយថា ចូលតាមទស្សនៈនយោបាយដូចគ្នា ឬស្របគ្នា ទើបអាចចូលទៅគណបក្សនយោបាយបាន »។
ទោះបីជាលោក សុខ ឥសាន អះអាងបែបនេះក្ដី ក៏ភាពជាក់ស្ដែង គណបក្សនេះ ត្រូវបានគេមើលឃើញថា បានបញ្ចូលកូនចៅរបស់ខ្លួនទៅក្នុងតំណែង ស្ថាប័នកំពូលៗក្នុងជួររដ្ឋាភិបាល យុវជនដែលគ្មានសែស្រឡាយអ្នកធំកម្រឃើញឡើងកាន់តំណែងថ្នាក់ដឹកនាំណាស់។ ហ៊ុន សែន ក៏ធ្លាប់ទទួលស្គាល់ដែរថា លោកដាក់កូនលោកឱ្យកាន់តំណែងធំៗ ដោយបញ្ជាក់ថា បើសិនមិនយកកូនចៅរបស់លោកឱ្យធ្វើការទេ តើទៅយកអ្នកណាមកធ្វើ ព្រោះថា កូនរបស់គាត់សុទ្ធតែចប់ថ្នាក់បណ្ឌិតឯណោះ។
សម្រាប់លោក បណ្ឌិត សេង សារី ថា វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា គឺជាស្ថាប័នមួយដែលបណ្ដុះបណ្ដាលយុវជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីបើកឱកាសឱ្យយុវជនដែលចាប់អារម្មណ៍រឿងនយោបាយ ដោយស្មើភាពគ្នា។ លោកបញ្ជាក់ថា ចក្ខុវិស័យបីឆ្នាំទៅមុខ គឺបើក ក្រៅពីការស្រាវជ្រាវ ចងក្រងក្រងឯកសារ និងផ្សព្វផ្សាយនោះ គឺវិទ្យាស្ថាននេះនឹងបណ្ដុះជំនាញនយោបាយ ដោយអញ្ជើញអ្នកនយោបាយជើងចាស់មកពីគ្រប់គណបក្សនយោបាយជាគ្រូមកចែករំលែករំលែកដល់យុវជន ដែលចុះឈ្មោះចូលរៀន។ លោកបញ្ជាក់ថា វិទ្យាស្ថាននេះនឹងមានមុខវិជ្ជាចំនួន២០មុខ និងមាន២០វគ្គ ដូចជាវិទ្យាសាស្ត្រនយោបាយ អភិបាលកិច្ចល្អ ភូមិសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រជាដើម ហើយវគ្គសិក្សានីមួយៗមាន ៤៥ម៉ោង។ លោកពន្យល់ថា វគ្គសិក្សានីមួយៗ សិស្សត្រូវបង់វិភាគទានខ្លះចូលវិទ្យាស្ថានសម្រាប់ចំណាយលើថ្លៃរដ្ឋបាល។
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានបង្កើតឡើងដោយក្រុមបញ្ញវន្តមួយក្រុម នៅថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ បានចុះបញ្ជីស្របច្បាប់ជាអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ និងបានទទួលស្គាល់ជាផ្លូវការនៅខែមករា ឆ្នាំ២០២០។ វិទ្យាស្ថាននេះ មានលោក បណ្ឌិត ប៉ា ច័ន្ទរឿន ជាប្រធាន លោកបណ្ឌិត សេង សារី ជាប្រធានគ្រប់គ្រងគម្រោង និងសហស្ថាបនិក លោក បណ្ឌិត ឡៅ ម៉ុងហៃ ជាប្រធានប្រធានក្រុមប្រឹក្សាភិបាល លោកបណ្ឌិត តេង ឌឺឡុច ជាសមាជិកក្រុមប្រឹក្សាភិបាល លោក បណ្ឌិត មាស នី ជាទីប្រឹក្សា លោក ព្រាប កុល ជាសហស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេស និងលោកបណ្ឌិត រ៉ូ វណ្ណៈ ជាសហស្ថាបនិកជាដើម។
ចំពោះអ្នកគាំទ្រវិញ មានស្ថានទូត ស៊ុយអែត តំណាង USAIDតំណាងឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស តំណាងស្ថានទូតជប៉ុន និងតំណាងគណបក្សនយោបាយមួយចំនួនទៀត៕