អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា កង​កម្លាំង​ដែល​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​ វ៉េង ស្រេង គួរ​ទទួល​​បាន​​​ការ​លើក​ទឹកចិត្ត​

ដោយ សេក បណ្ឌិត
2019.03.03
Share on WhatsApp
Share on WhatsApp
សុខ ឥសាន ៦២២ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​អះអាង​ថា កង​កម្លាំង​ដែល​បាញ់​បង្ក្រាប​ក្រុម​កម្មករ​កាល​ពី​ដើ​ម​ឆ្នាំ ២០១៤ នោះ គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ព្រោះ​ពួក​គេ​បាន​បំពេញ​តួនាទី​ការពារ​ជាតិ​មាតុភូមិ និង​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ។ អ្នក​ការពារ​សិទ្ធិមនុស្ស​ថា ​ការ​ថ្លែង​បែប​នេះ គឺ​ជា​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វប្បធម៌​ហិង្សា និង​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​។

សមាជិក​ព្រឹទ្ធសភា​ និង​ជា​អ្នក​នាំ​ពាក្យ​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​បណ្ដាញ​សង្គម​តេលេក្រាម (Telegram) ​នៅ​ថ្ងៃ​ទី៣ មីនា ថា សកម្ម​ភាព​តវ៉ា​របស់​ក្រុម​កម្មករ​កាល​ពី​ដើម​ឆ្នាំ២០១៤ នោះ គឺ​ជា​អំពើ​ហិង្សា​កុប្បកម្ម​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​​ជា​ផ្នែក​មួយ​ផែន​ការ​បដិវត្តន៍​ពណ៌​របស់​គណបក្ស​ប្រឆាំង​។ លោក​បន្ត​ថា ប្រឈម​មុខ​នឹង​ស្ថាន​ភាព​បែបនេះ ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ គឺ​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ​ មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា អ្នក​ដែល​ត្រូវ​កាត់​ទោស​នោះ គឺជា​ក្រុម​គណបក្ស​ប្រឆាំង​ ព្រោះ​ពួក​គេ​​​ជា​អ្នក​ដឹកនាំ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា ចំណែក​កង​កម្លាំង​ដែល​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​បាញ់​សម្លាប់​​ពលរដ្ឋ​នោះ គួរតែ​ទទួល​បាន​​រង្វាន់​ជា​ទី​ពេញ​ចិត្ត​ទៅវិញ​ទេ ទើប​ជា​រឿង​ត្រឹម​ត្រូវ។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ចាស់​វស្សា​របស់​គណបក្ស​កាន់​អំណាច​នេះ ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ចាត់​ទុក​ថា ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​​មាន​អំពើ​​​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជន​ល្មើស​រួច​ទោស។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​តវ៉ា​របស់​ក្រុម​កម្មករ​កាល​ពី​ដើម​ឆ្នាំ ២០១៤ នោះ គឺ​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ មិន​មែន​ជា​រូបភាព​បដិវត្តន៍​ពណ៌​ ដូច​ការ​អះអាង​​របស់​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​នោះ​ឡើយ។ លោក​បន្ត​ថា ការ​បង្ក្រាប​ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់​ពលរដ្ឋ​នេះ ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត និង​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ​ មិន​មែន​ជា​ការ​​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​បែប​នេះ​ឡើយ៖ «តាម​ផ្លូវ​ច្បាប់​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ស្វែងរក យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ដែល​បាន​បាត់បង់​ជីវិត និង​បាត់​ខ្លួន​ហ្នឹង។ ហើយ​បើ​យើង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​បង្ក្រាប រហូត​មាន​មនុស្ស​ស្លាប់ ហើយ​ឱ្យ​មាន​រង​របួស​អ៊ីចឹង អា​ហ្នឹង គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​អំពើ​ហិង្សា ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ហ្នឹង​ជា​បន្ត​បន្ទាប់»

លោក​បន្ត​ថា​ ដោយសារ​តែ​ការ​មិន​អើពើ​រក​យុត្តិធម៌​បែបនេះ​ហើយ ទើប​នៅ​ពេល​ក្រោយៗ មក​ទៀត អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​ប្រើប្រាស់​រូបភាព​ហិង្សា​បាញ់​បង្ក្រាប​ពលរដ្ឋ​ដោយ​មិន​ញញើត​ដៃ ​ក្នុង​សំណុំ​រឿង​ដីធ្លី និង​ការ​តវ៉ា​នានា នៅ​ក្នុង​សង្គម​ តួយ៉ាង​ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះសីហនុ ជាដើម។ លោក​នៅ​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នាំ​ខ្លួន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​ក្រុម​កម្មករ និង​ករណី​ឃាតកម្ម​ដទៃ​ទៀត​ ព្រម​ទាំង​ករណី​ប្រើ​ប្រាស់​កម្លាំង​ហួសហេតុ​របស់​អាជ្ញាធរ​លើ​ពលរដ្ឋ ដើម្បី​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព​ក្នុង​សង្គម៖ «ប្រសិន​បើ​លើក​ឡើង​ថា អា​ហ្នឹង​មិន​មែន​ជា​ព្រឹត្តិការណ៍​ដូច​គ្នា អា​ហ្នឹង​ក៏​នៅ​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​អំពើ​ហិង្សា អ៊ីចឹង​យើង​ត្រូវ​តែ​រក​ឱ្យ​ឃើញ​ថា នរណា​ជា​អ្នក​បង្ក​ឱ្យ​មនុស្ស​ស្លាប់ បាញ់​មនុស្ស​ស្លាប់ រង​របួស ហើយ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ អា​ហ្នឹង​បាន​ធានា និង​ទប់​ស្កាត់​វប្បធម៌​នៃ​អំពើ​ហិង្សា​ហ្នឹង​បាន»

កាល​ពី​ដើម​ឆ្នាំ ២០១៤​ កន្លង​ទៅ កង​កម្លាំង​ចម្រុះ​​នៃ​របប​​លោក​ ហ៊ុន សែន បាន​បង្ក្រាប និង​​បាញ់​ប្រហារ​​យ៉ាង​ឃោរឃៅ​ទៅលើ​ហ្វូង​បាតុករ​ជា​កម្មករ-កម្មការិនី​ ដែល​​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​ នៅ​ផ្លូវ​ វេង ស្រេង និង​ក្បែរ​រោង​ចក្រ​យ៉ាក់ជីន (Yak Jin)។ ហេតុការណ៍​ហិង្សា​នៅ​គ្រានោះ បាន​បណ្ដាល​ឱ្យ​កម្មករ ៤ នាក់​បាត់​បង់​ជីវិត និង​ម្នាក់​ទៀត​បាត់​ខ្លួន ព្រម​ទាំង​ជិត ៤០នាក់​ផ្សេង​ទៀត​រង​របួស​។ បន្ថែម​ពីលើ​នេះ ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ​ជាង ២០ នាក់​ ក៏​​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត ៥ខែ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ ថ្លែង​ការពារ​ខ្លួន​ថា នេះ​ជា​ការ​បង្ក្រាប​ក្រុម​ជន​បង្ក​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក គ..ប លោក រ៉ុង ឈុន បាន​អះអាង​ថា បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​ នៅ​ពេល​នោះ មាន​គោល​បំណង​ទាម​ទារ​ឱ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ កែទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត និង​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​បោះ​ឆ្នោត។ ចំណែក​បាតុកម្ម​របស់​កម្មករ-កម្មការិនី​វិញ គឺ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ ដូច្នេះ​លោក​ថា របប​ក្រុង​ភ្នំពេញ​ត្រូវ​ញែក​រឿង​នេះ​ឱ្យ​ដាច់​ពី​គ្នា។ សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន និង​ផ្ដល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​បាញ់​បង្ក្រាប​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។