មេធាវីកំពុងស្វះស្វែងរកដំណោះស្រាយដើម្បីអាចឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ
2023.02.02

ក្រុមមេធាវីការពារក្ដីអនុប្រធានគណបក្សភ្លើងទៀន កំពុងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការចរចាជាមួយភាគីដើមបណ្ដឹង ដើម្បីរកច្រកចេញ ដែលអាចឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ។ អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើសំណុំរឿងនេះមិនពាក់ព័ន្ធរឿងនយោបាយ លោក ថាច់ សេដ្ឋា ទំនងអាចទទួលបានសេរីភាពឡើងវិញ។
សហមេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ម្នាក់គឺលោកមេធាវី សឺន ជុំជួន ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី០១ ខែកុម្ភៈថា ក្រុមមេធាវីលោក ថាច់ សេដ្ឋា បានប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ប្រឆាំងដីកាឃុំខ្លួនលោក ថាច់ សេដ្ឋា របស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ពេលនេះតុលាការជាន់ខ្ពស់មួយនេះបានទទួលពាក្យបណ្ដឹងរបស់មេធាវីរួចហើយ តែតុលាការមិនទាន់ឆ្លើយតបនៅឡើយទេ។ លោកមេធាវីរំពឹងថា សាលាឧទ្ធរណ៍ នឹងឆ្លើយតបលើសំណើមេធាវីក្នុងសប្ដាហ៍នេះ។
លោកមេធាវី សឺន ជុំជួន លើកឡើងទៀតថា ប្រសិនបើសាលាឧទ្ធរណ៍ចាត់ទុកដីកាឃុំខ្លួនសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ក្រុមមេធាវី នឹងប្ដឹងទៅសាលារាជធានីភ្នំពេញស្នើឱ្យលោក ថាច់ សេដ្ឋា អាចនៅក្រៅឃុំ ឬក៏ស្នើតុលាការឱ្យទម្លាក់បទចោទពីលោក ថាច់ សេដ្ឋា។

មេធាវី សឺន ជុំជួន៖ «ក្នុងករណីដែលយើងរកឃើញថា មិនមានធាតុផ្សំគ្រប់គ្រាន់ទាក់ទងអ្វីដែលជាការចោទប្រកាន់របស់តុលាការទេគឺយើងស្នើឱ្យទម្លាក់បទចោទ នេះចំណុចទី១ ចំណុចទី២ ប្រសិនបើយើងរកឃើញថា ពិតជាមានតម្រុយអីអ៊ីចឹងមែនយើងនឹងស្នើមាននៅក្រៅឃុំបណ្ដោះអាសន្ន»។
លោកមេធាវី សឺន ជុំជួន ឱ្យដឹងទៀតថា ពេលនេះលោកក៏បានស្វះស្វែងជួបចរចាជាមួយភាគីដើមបណ្ដឹងផងដែរ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់លោក ថាច់ សេដ្ឋា។ លោកបន្តទៀតថា ពេលនេះភាគីដើមបណ្ដឹង បានយល់ព្រមឱ្យលោកជួបជាមួយមេធាវីការពារក្ដីរបស់ពួកគេ។
លោកមេធាវី សឺន ជុំជួន៖ «ជួបជាមួយក្រុមការងាររបស់គាត់(ភាគីដើមបណ្ដឹង) អ្នកជំនួយការផ្ទាល់អីអ៊ីចឹងណា តាមធម្មតាបើគាត់មានការទទួលស្គាល់ថា មានការជំពាក់ពិតប្រាកដអីហ្នឹងប្រហែលមិនពិបាកអីទេ ប៉ុន្តែគ្រាន់តែថា សុំឱ្យយើងទៅជជែកពិភាក្សាជាមួយមេធាវីទៅដោយសារគាត់មានមេធាវី»។
គិតមកដល់ពេលនេះ លោក ថាច់ សេដ្ឋា បានជាប់ពន្ធនាគារអស់រយៈពេល១៦ថ្ងៃ។ អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនលោក កាលពីល្ងាចថ្ងៃទី១៦ ខែមករា ក្នុងសំណុំរឿង «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកស្អុយកាលពីអំឡុងឆ្នាំ២០១៩។ ភាគីដើមបណ្ដឹងគឺក្រុមហ៊ុនឯកជនមួយ ឈ្មោះ ក្រុមហ៊ុន រិន ឆាយ ផនសប។
ទោះយ៉ាងណាក្រុមមេធាវីលោក ថាច់ សេដ្ឋា សង្កេតឃើញថា សេកចំនួន៥សន្លឹកដែលភាគីដើមបណ្ដឹងយកមកចោទប្រកាន់លោក ថាច់ សេដ្ឋា គឺមានភាពមិនប្រក្រតី។ លោកមេធាវីលើកឡើងថា បើទោះជាលោក ថាច់ សេដ្ឋា បានចុះហត្ថលេខាលើសែកនោះមែនក្ដី ប៉ុន្តែ លោក ថាច់ សេដ្ឋា មិនទាន់បានចុះការបរិច្ឆេទថ្ងៃខែឆ្នាំ នៃការបើកប្រាក់ និងចំនួនទឹកប្រាក់ដែលបើកឱ្យភាគីដើមបណ្ដឹងនៅឡើយទេ។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីភាគីប្ដឹងលោក ថាច់ សេដ្ឋា បាននៅឡើយទេ នៅថ្ងៃទី០១ ខែកុម្ភៈ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា តុលាការចោទប្រកាន់លើលោក ថាច់ សេដ្ឋា គឺមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់។ លោកបន្តទៀតថា ការមានវិធានការផ្លូវច្បាប់លើលោក ថាច់ សេដ្ឋា ពេលនេះ មិនប៉ះពាល់ដំណើរការនៃការបោះឆ្នោតនាខែកក្កដាខាងមុខឡើយ។

លោក សុខ ឥសាន៖ «អត់មានពាក់ព័ន្ធនឹងការដំណើរការការងារនយោបាយឆ្ពោះទៅរកការបោះឆ្នោតទេពីព្រោះនេះកំហុសបុគ្គលជាបទល្មើសរបស់បុគ្គលទោះបីគាត់(លោក ថាច់ សេដ្ឋា)បើគាត់ល្មើសច្បាប់ហើយគឺគាត់ត្រូវទទួលខុសចំពោះមុខច្បាប់»។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ទ សង្កេតឃើញថា សំណុំរឿងនេះពាក់ព័ន្ធរឿងនយោបាយច្រើនជាងករណីជំពាក់លុយ។ លោក គីមសួរ ភីរិទ្ទ នៅតែចង់ឃើញ គណបក្សកាន់អំណាច បង្កបរិយាកាសល្អមុនការបោះឆ្នោត ដើម្បីជាការកសាងផលប្រយោជន៍ជូនជាតិទាំងអស់គ្នា។
លោក គីមសួរ ភីរិទ្ទ៖ «បើស្ដាប់ឯកឧត្តម ថាច់ សេដ្ឋា គាត់មានប្រសាសន៍ប្រាប់ បើតាមសំណុំរឿងលុយវាមិនវិវឌ្ឍន៍ទៅអ៊ីចឹងទេណាតែដោយសារកន្លងមក យើងជាប់ជំពាក់លើបញ្ហាហ្នឹង ហើយយើងជាអ្នកនយោបាយថ្នាក់ដឹកនាំកំពូលផង អ៊ីចឹងអាចមានសំពាធនយោបាយមានហេតុផលនៅពីក្រោយលើការងារបណ្ដឹងរឿងចេញសេកហ្នឹងទៀត»។
លោក ថាច់ សេដ្ឋា ជាមេដឹកនាំគណបក្សភ្លើងទៀនម្នាក់ក្នុងចំណោម ៣នាក់ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ខណៈការបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់ក្នុងខែកក្កដា ខាងមុខ។
ទាក់ទងរឿងនេះ អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនមែនជាសាមញ្ញដូចការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឡើយ។ លោកបន្តទៀតថា ការឃុំខ្លួនលោក ថាច់ សេដ្ឋា និងចាត់ការផ្លូវច្បាប់លើមេដឹកនាំគណបក្សភ្លើងទៀនផ្សេងទៀត គឺជាចេតនារបស់គណបក្សកាន់អំណាច ដោយមិនចង់ឱ្យគណបក្សភ្លើងទៀន អាចធ្វើសកម្មភាពនយោបាយបានទូលំទូលាយ។

លោក គឹម សុខ៖ «គេ(គណបក្សកាន់អំណាច)បារម្ភពីរយ៉ាងម៉្យាងទី១ខ្លាចគណបក្សភ្លើងទៀនហ្នឹងកើនសំឡេងហើយទី២កាលណាកម្លាំងហ្នឹងមានទឹកចិត្តដល់ម្ល៉ឹងទៅហើយគេហៅថា ប្រកួតមិនខ្លាចថ្ងៃក្រោយតវ៉ាតាមផ្លូវឬតវ៉ាជាចំហលើរឿងអយុត្តិធម៌លើគណបក្ស ហើយការតវ៉ាជាចំហហ្នឹងហើយបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភណាស់ខ្លាចមាន»។
នៅពេលតុលាការកំពុងមានចំណាត់ការលើមេដឹកនាំគណបក្សភ្លើងទៀន ជាបន្តបន្ទាប់បែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានប្រើទាំងហិង្សា និងផ្លូវតុលាការលើគណបក្សភ្លើងទៀន។ ដូចគ្នានេះដែរ គណបក្សកាន់អំណាច បានដាក់ផែនការក្នុងមហាសន្និបាតគណបក្សតំណាងទូទាំងប្រទេសរបស់ខ្លួន កាលពីពេលថ្មីៗនេះ ដោយប្ដេជ្ញាកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។