រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អះអាងថា កម្ពុជាមិនខ្វល់ចំពោះការរិះគន់ណាមួយពាក់ព័ន្ធនឹងឥទ្ធិពលនោះទេ សំខាន់គឺ កម្ពុជាមានកិច្ចសហការនឹងគ្រប់ប្រទេសទាំងអស់ ដើម្បីធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាមឲ្យបោះជំហានទៅមុខជានិច្ច។
លោក ទៀ បាញ់ លើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រមានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ សីហា ខណៈក្រុមអ្នកវិភាគរិះគន់ថា កុម្មុយនិស្តចិនកំពុងតែរឹតចំណងមិត្តភាពកាន់តែខ្លាំងជាមួយកម្ពុជា ក្នុងពេលសហរដ្ឋអាមេរិកកំពុងតែសង្ស័យថា មានមូលដ្ឋានទ័ពចិននៅកំពង់ផែសមុទ្ររាមផងនោះ។
លោក ទៀ បាញ់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននោះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី និងបានពិភាក្សា អំពីបញ្ហាមួយចំនួនជាមួយចិន។ លោកបន្ថែមថា ក្រសួងការពារជាតិបានបង្កើត អនុគណៈកម្មការពីរគឺ អនុគណៈកម្មាធិការសហប្រតិបត្តិការយោធា និងអនុគណៈកម្មាធិការសហប្រតិបត្តិការបច្ចេកទេសយោធា សម្រាប់ធ្វើការជាមួយកងទ័ពចិន។
ចំពោះបញ្ហាដែលសហរដ្ឋអាមេរិកចោទថា កម្ពុជាបានផ្ដល់មូលដ្ឋានទ័ពចិននៅរាមនោះ លោក ទៀ បាញ់ បានឆ្លើយតបជាថ្មីទៅកាន់អ្នកសារព័ត៌មានថា លោកមិនខ្វល់ពីការចោទប្រកាន់ ឬការរិះគន់ណាមួយនោះទេ៖ « ខ្ញុំបាននិយាយច្បាស់ហើយថា នៅក្នុងដែនអធិបតេយ្យរបស់យើង ច្បាស់ណាស់ ពេលដែលយើងមានលទ្ធភាព មានគេឯងជួយ យើងត្រូវតែបំពេញ ដើម្បីអធិបតេយ្យរបស់យើង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យរបស់យើង ដូច្នេះ យើងមិនចាំបាច់ស្តាប់អ្នកណាថា អ៊ីចេះ ថាអ៊ីចុះនោះ គឺវាហួសពេល ដែលយើងគិតគូរ ហើយមានតែធ្វើដំណើរទៅមុខ ដើម្បីធ្វើទំនើបកម្មសមុទ្ររាម គឺទៅមុខជានិច្ច » ។
ទោះបីជាបែបនេះក្ដី អ្នកវិភាគព្រួយបារម្ភថា កម្ពុជាអាចជួយសម្រួលដល់ការប្រើប្រាស់ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងកាលៈទេសៈណាមួយ ដែលប្រទេសចិនត្រូវការ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ឌឹ វ៉លស្រ៊ីត ជ័រណល (The Wall Street Journal) បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយរដ្ឋាភិបាលកុម្មុយនិស្តចិន ដើម្បីអនុញ្ញាតឱ្យកងទ័ពចិននៅសមុទ្ររាម។ កិច្ចព្រមព្រៀងសម្ងាត់នោះអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
