ក្រសួងការពារជាតិប្រាប់ក្រុមនាយទាហាន កុំភ្ញាក់ផ្អើលចំពោះផែនការកែទម្រង់ឋានន្តរសក្ដិ
2019.05.02

ក្រសួងការពារជាតិអះអាងថា នឹងមិនមានការកាត់ ឬទម្លាក់សក្ដិមន្ត្រីយោធាជាន់ខ្ពស់នោះឡើយ។ ការបកស្រាយនេះ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសពីគម្រោងកែទម្រង់ជួរកងទ័ព ដោយចង់រក្សាទុកនាយឧត្ដមសេនីយ៍តែពីររូប ហើយមន្ត្រីជាន់ខ្ពស់យោធាដទៃទៀត អាចត្រូវបន្ថយឋានន្តរសក្ដិដើម្បីឱ្យសមស្របទៅនឹងតួនាទី។
រដ្ឋលេខាធិការក្រសួងការពារជាតិ លោក នាង ផាត ដែលជាតំណាងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានច្រានចោលការលើកឡើងដែលថា ក្រសួងគ្រោងនឹងទម្លាក់ឋានន្តរសក្ដិមន្ត្រីយោធាជាន់ខ្ពស់នៅក្នុងជួរកងទ័ព។ លោកស្នើឱ្យនាយទាហានទាំងអស់ កុំមានការភ្ញាក់ផ្អើលចំពោះព័ត៌មានមិនពិតនេះ ព្រោះរដ្ឋាភិបាលមានផែនការច្បាស់លាស់ក្នុងការកែទម្រង់ឋានន្តរសក្ដិមន្ត្រីយោធា។
នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃទី០២ ឧសភា បន្ទាប់ពីលោក នាង ផាត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់ក្រសួងការពារជាតិ។
លោក ឈុំ សុជាត បានស្រង់សម្ដីលោក នាង ផាត ឱ្យដឹងទៀតថា ការកែទម្រង់ឋានន្តរសក្ដិនេះ ត្រូវធ្វើឡើងជាជំហាន និងជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការបញ្ជា ព្រមទាំងការកសាងកងទ័ពដែលមានគុណភាព ស្របតាមការវិវឌ្ឍនៃសភាពការណ៍ជាតិ និងអន្តរជាតិ។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានៃការចាប់អនុវត្តកំណែទម្រង់ឋានន្តរសក្ដិមន្ត្រីយោធានេះឡើយ។
អាស៊ីសេរីបានទាក់ទងទៅលោក ឈុំ សុជាត ដើម្បីសាកសួរបន្ថែមអំពីរឿងនេះដែរ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
កាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីបំណងចង់បន្ថយចំនួននាយឧត្តមសេនីយ៍ផ្កាយមាស៤ ឱ្យនៅសល់តែពីរនាក់ គឺរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ខណៈកម្ពុជាមានមេទ័ពផ្កាយ៤ រាប់សិបនាក់ ទាំងក្នុងជួរទ័ពប្រយុទ្ធ និងទ័ពបម្រើ។ ក្រៅពីនេះ លោកក៏ចង់ឱ្យមានការបន្ថយចំនួនឧត្ដមសេនីយ៍ផ្កាយ៣ ផ្កាយ២ និងផ្កាយ១ ឱ្យសមមាត្រទៅនឹងតួនាទីជាក់ស្ដែងរបស់ពួកគេផងដែរ ហើយជាពិសេសលោកបានអះអាងថា លោកនឹងទប់ស្កាត់មិនឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងតំណែងដល់ផ្កាយ៤ នោះឡើយ។
លោក ហ៊ុន សែន បានបញ្ជាក់នៅក្នុងខ្សែអាត់សំឡេងមួយដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកថា នេះជាការកែទម្រង់ជួរកងទ័ព ដើម្បីកុំឱ្យមានអតិផរណាឋានន្តរសក្ដិមន្ត្រីយោធា។ បុរសខ្លាំងរូបនេះ ក៏ចង់ដាក់ចេញកំណែទម្រង់របៀបនេះក្នុងជួរប៉ូលិសជាតិផងដែរ៖ «ខ្ញុំគាំទ្រអំពីកុំឱ្យ (ហ៊ុន ម៉ាណែត) ឡើងផ្កាយ៤ ឱ្យសោះ គឺឡើងត្រឹមតែផ្កាយ៣ បានហើយ ហើយថ្ងៃក្រោយអាចថា អនាគតទុកតែផ្កាយ៤ ពីរទេ គឺទុកផ្កាយ៤ ជារដ្ឋមន្ត្រីការពារជាតិមួយ និងអគ្គបញ្ជាការកងទ័ពមួយបានហើយ។ ហើយក្រៅពីនោះ គឺពាក់ផ្កាយ៣ ទាំងអស់»។
កំណែទម្រង់ដែលលោក ហ៊ុន សែន ចង់ធ្វើនេះ ហាក់ផ្ដល់ប្រយោជន៍ខ្លាំងដល់អំណាចរបស់លោក ព្រោះបច្ចុប្បន្ន កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត គឺជាឧត្តមសេនីយ៍ផ្កាយ៣ កំពុងក្ដាប់ទ័ពជើងគោក ដែលជាអង្គភាពទ័ពមានអំណាចជាងគេនៅកម្ពុជា។
អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសជាជនភៀសខ្លួន ថ្លែងថា កំណែទម្រង់ពិតប្រាកដ ត្រូវផ្ដោតលើការធ្វើទំនើបកម្មកងទ័ព និងធ្វើឱ្យកងទ័ពមានអព្យាក្រឹត្យភាពពិតប្រាកដ មិនមែនត្រឹមតែជាការផ្លាស់ប្ដូរឋានន្តរសក្ដិនោះទេ។ លោកជឿជាក់ថា មានមន្ត្រីយោធាជាន់ខ្ពស់មិនតិចនាក់ឡើយ ដែលមិនគាំទ្រគំនិតកែទម្រង់នេះ ព្រោះពួកគេអាចយល់ច្បាស់ថា អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើ គឺដើម្បីរៀបចំឱ្យកូនប្រុសច្បងរបស់លោកឡើងទៅកាន់តួនាទីជាអគ្គមេបញ្ជាការកងទ័ព។
លោកបន្តថា ហេតុដូច្នេះទើបបានជាលោក ហ៊ុន សែន ឱ្យក្រសួងការពារជាតិចេញមុខប្រកាសបែបនេះ ដើម្បីសម្រួលទឹកចិត្តមន្ត្រីយោធាជាន់ខ្ពស់ទាំងនោះវិញ។ ក៏ប៉ុន្តែ លោកយល់ថា លោក ហ៊ុន សែន នឹងមិនបោះបង់ចោលបំណងនេះឡើយ គ្រាន់តែប្ដូរយុទ្ធសាស្ត្រធ្វើរឿងនេះ ដោយសន្សឹមៗវិញប៉ុណ្ណោះ៖ «អ្វីដែលលោក ហ៊ុន សែន ធ្វើ គាត់ដឹងអំពីប្រតិកម្មថា កងទ័ពទាំងអស់នោះ មានចំនួនភាគច្រើនលើសលប់ មិនស្ដាប់តាមផែនការរបស់គាត់ទេ។ ម្ល៉ោះហើយទើបគាត់ដកថយទៅវិញ ហើយងាកទៅរកយុទ្ធសាស្ត្រថ្មីក្នុងការដែលគាត់អាចពង្រឹងកម្លាំងសក្ដានុពលរបស់គាត់ តាមវិធីរបស់គាត់ដូចជា អាចកម្ចាត់ ឬសង្កត់ក្រុមទាំងឡាយណាដែលគាត់អាចធ្វើបានសិន ក្នុងកាលៈទេសៈបច្ចុប្បន្ន»។
អ្នកវិភាគរូបនេះ ជឿជាក់ថា ក្នុងជួរកងទ័ព ក៏បានអ្នកនាយទាហានខ្លះ ចង់ឱ្យកងទ័ពមានឯករាជ្យពិតប្រាកដ ដាច់ចេញពីលោក ហ៊ុន សែន ផងដែរ។ លោករំឭកដល់ក្រុមនាយទាហានជាន់ខ្ពស់ទាំងនោះ ឱ្យប្រុងប្រយ័ត្នចំពោះប្រតិបត្តិការអំណាចនិយមរបស់លោក ហ៊ុន សែន ព្រោះពួកគេក៏អាចក្លាយជាជនរងគ្រោះនៃនយោបាយនេះដែរ។ លោកបន្ថែមថា អ្វីដែលមេទ័ពកំពូលៗត្រូវធ្វើនោះ គឺលើកតម្កើងអព្យាក្រឹត្យភាពរបស់ខ្លួនក្នុងកិច្ចការពារជាតិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕