មេដឹកនាំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងឲ្យដឹងថា ក្រុមការងាររបស់ខ្លួនបានចុះជួបពលករនៅតាមតំបន់នានា នៃប្រទេសប្រទេសកូរ៉េ ដើម្បីកៀរគរកម្លាំងរួមគ្នាធ្វើបាតុកម្មប្រឆាំងរបបក្រុងភ្នំពេញ។ អ្នកដឹកនាំបាតុកម្ម អះអាងថា មកដល់ពេលនេះ នឹងមានបាតុករពី ៣ពាន់ ទៅ ៥ពាន់នាក់ចូលរួមក្នុងការទាមទារតវ៉ានេះ។
អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណនី ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៩ ខែកញ្ញាថា មូលហេតុដែលពលរដ្ឋខ្មែរ ជាពិសេសក្រុមពលករនៅប្រទេសកូរ៉េខាងត្បូងរាប់ពាន់នាក់ គ្រោងចូលរួមក្នុងការធ្វើបាតុកម្មនាពេលខាងមុខនេះ ព្រោះពួកគេមិនពេញចិត្តនឹងទង្វើរបបក្រុងភ្នំពេញដែលកំពុងរំលោភសិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សសង្គ្រោះជាតិ។ លោកបន្តថា ទង្វើដែលរបបក្រុងភ្នំពេញកំពុងប្រព្រឹត្តសព្វថ្ងៃនេះ មិនអាចបិទបាំងការពិតបានឡើយ៖ «ទទួលបានទិន្នន័យ ដែលពួកគាត់អាចចូលរួមពី ៣.០០០ទៅ ៥.០០០នាក់ នេះជាជំហានចុងក្រោយ ដែលពលរដ្ឋនៅប្រទេសកូរ៉េ ជាពិសេស គឺយុវជនហ្នឹង ដែលគាត់ប្ដេជ្ញាចិត្តថា ពួកគេត្រូវក្រោកឈរ » ។
លោក ម៉ាត់ វណ្ណនី រំពឹងថា សម្រែកនៃការទាមទាររបស់ក្រុមបាតុករលើកនេះ នឹងធ្វើឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍តាមរយៈយន្តការកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា។ លោកយល់ថា ស្ថិតក្នុងស្ថានភាពអាក្រក់ដូចសព្វថ្ងៃនេះ ក្រុមប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះមិនត្រូវព្រងើយកន្តើយទុកឲ្យរបបក្រុងភ្នំពេញធ្វើបាបពលរដ្ឋខ្លួនឯងទៀតទេ៖ «ការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនត្រឹមតែប៉ះពាល់តែពលរដ្ឋក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់សន្តិសុខនៅក្នុងតំបន់ អ៊ីចឹងទោះចង់មិនចង់សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិហ្នឹងគាត់នឹងអន្តរាគមន៍»។
បាតុកម្មដែលពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងគ្រោងធ្វើថ្ងៃទី២០ ខែតុលាការខាងមុខដឹកនាំដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង។ គោលបំណងនៃបាតុកម្មនេះ គឺដើម្បីទាមទារឱ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយបញ្ចប់ជម្លោះនយោបាយសព្វថ្ងៃ និងជួយសម្របសម្រួល ការធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀតនៅដើមខែវិច្ឆិកាខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថា នេះជាបាតុកម្មខុសច្បាប់ ទោះជាទទួលបានការអនុញ្ញាតពីអាជ្ញាធរប្រទេសកូរ៉េក៏ដោយ។ លោកចាត់ទុកថា ការធ្វើបាតុកម្មនេះ គឺជាការរំលោភកិច្ចសន្យាការងារ និងគោលការណ៍នៃការបំពេញការងារនៅក្រៅប្រទេស៖ «បើអ្នកឯងប្រឆាំងរាជរដ្ឋាភិបាល ដែលជាអ្នករកទីផ្សារ ដែលការងារឲ្យអ្នកឯងធ្វើការងារ បើអ្នកប្រឆាំងនឹងរាជរដ្ឋាភិបាលបានន័យថា អ្នកឯងបានសេចក្ដីអ្នកឯងមិនទទួលស្គាល់រាជរដ្ឋាភិបាលអ៊ីចឹងមានតែមកស្រុកវិញ»។
ពលករម្នាក់លោក ភន ផាន់ណា ដែលគ្រោងធ្វើបាតុកម្មនេះ និយាយថា យុទ្ធសាស្ត្រគំរាមកំហែងរបស់របបក្រុងភ្នំពេញនេះ នឹងមិនទទួលបានជោគជ័យទេ ព្រោះលោកថា ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងយល់ពីសិទ្ធិ និងប្រជាធិបតេយ្យ។ លោកបន្តថា ច្បាប់ប្រទេសកូរ៉េខាងត្បូងអនុញ្ញាតឱ្យពួកលោកធ្វើបាតុកម្មដោយសន្តិវិធីគ្មានអ្វីត្រូវខុសច្បាប់ដូចការអះអាងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនោះឡើយ៖ «ទោះបីជាមានការគំរាមកំហែងពីអាជ្ញាធររបបក្រុងភ្នំពេញយ៉ាងណា ប៉ុន្តែយើងជាពលករនៅប្រទេសកូរ៉េអត់ខ្លាចទេ កាន់តែគំរាមកំហែង គឺកាន់តែមានការចូលរួមកាន់តែច្រើន»។
អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណនី ឲ្យដឹងថា ក្រុមការងារលោកទទួលបានការអនុញ្ញាតពីអាជ្ញាធរប្រទេសកូរ៉េខាងត្បូងរួចហើយជុំវិញគម្រោងធ្វើបាតុកម្មនេះ។ អ្នកនាំពាក្យបាតុកម្មរូបនេះ អំពាវនាវឲ្យពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូង ចូលរួមការទាមទារនេះឲ្យបានច្រើន ដើម្បីទាញលោក ហ៊ុន សែន ឲ្យងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។