គណបក្សសង្គ្រោះជាតិបដិសេធការចោទប្រកាន់របស់គណបក្សកាន់អំណាចថា ថ្នាក់ដឹកនាំគណបក្សនេះផ្តល់ថវិកាឲ្យគណបក្ស ដែលទើបត្រូវបានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិបង្កើតឡើង។ មន្ត្រីសង្គមស៊ីវិល ថា ទោះគណបក្សថ្មីជាគ្រាប់ពូជ ឬមែកធាង របស់គណបក្សសង្គ្រោះជាតិក្ដី ប៉ុន្តែគណបក្សនោះមិនអាចលូតលាស់ ឬទទួលបានការគាំទ្រពីពលរដ្ឋ ដូចគណបក្សសង្គ្រោះជាតិនោះឡើយ។
សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិបញ្ជាក់ ថា ថ្នាក់ដឹកនាំគណបក្សនេះ មិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយថ្មី ដែលមានស្ថាបនិកជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិនោះទេ។ ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិពេលនេះ ធ្វើឡើងក្រោយពេលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចោទប្រកាន់ លោក សម រង្ស៊ី ថា នៅពីក្រោយ គណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយទាំង៦របស់អតីតមន្ត្រីបក្សប្រឆាំង។
មន្ត្រីគណបក្សប្រជាជនកម្ពុជាថា លោក សម រង្ស៊ី បានយកលុយដែលបានពីការលក់នាឡិការបស់លោកជាង២០ម៉ឺនដុល្លារឲ្យ គណបក្សទើបបង្កើតថ្មីធ្វើសកម្មភាពនយោបាយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ គណបក្សសង្គ្រោះជាតិចាត់ទុកសំដីរបស់ លោក សុខ ឥសាន ថា ជាពាក្យចចាមអារាម។ គណបក្សនេះអះអាងថា គណបក្សបន្តធ្វើសកម្មភាពតស៊ូមតិដោយអហិង្សានៅលើឆាកអន្តរជាតិដើម្បីឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតបានឡើងវិញ ហើយប្រសិនបើគណបក្សនេះ មិនអាចចូលរួមការបោះឆ្នោតនោះទេ គណបក្សនេះនឹងធ្វើពហិការបោះឆ្នោតនៅពេលខាងមុខ។
អង្គការឃ្លាំមើលការបោះឆ្នោតនៅតែចាត់ទុកថា គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងតែមួយគត់ ដែលមានកម្លាំងនយោបាយប្រជែងអំណាចនឹងបក្សកាន់អំណាចបាន។អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា គណបក្សបង្កើតថ្មីមិនមែនជាគូប្រកួតជាមួយបក្សកាន់អំណាចឡើយ។ លោកជំរុញឲ្យមានការសម្របសម្រួលនយោបាយបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខដ៏ខ្លីជាមួយគណបក្សប្រជាជនកម្ពុជា៖ « បើសិនអ្នកប្រព្រឹត្តិហ្នឹងគណបក្សដែលមានការពាក់ព័ន្ធត្រូវតែមានការបញ្ជាក់មានភស្តុតាងយកស្អីមកបញ្ជាក់មកមានការអីមកបញ្ជាក់បានទេ ឬក៏ខ្លួនមិនចិត្តគ្រាន់តែខ្លួនមានការសង្ស័យថា គណបក្សនេះមានអ្នកប្រជាប្រិយភាពច្រើនចូលរួមក្រោយការបង្កើតធ្វើឲ្យបញ្ហាអញ្ចេះអញ្ចុះបង្កភាពអាក់ខាន អាហ្នឹងគឺអត់ត្រឹមត្រូវ»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា គណបក្សកាន់អំណាចកំពុងបារម្ភពីការចាប់កំណើតឡើងវិញរបស់គណបក្សសង្គ្រោះជាតិ។ ទោះយ៉ាងណាលោក គឹម សុខ យល់ថា គណបក្សប្រឆាំងអាចចូលរួមការបោះឆ្នោតបាន លុះត្រាតែគណបក្សនេះ មានផែនការច្បាស់លាស់ រៀបចំបណ្ដាញត្រឹមត្រូវ និងមានសាមគ្គីភាពផ្ទៃក្នុងជាដើម៖ «របបក្រុងភ្នំពេញរបស់លោក ហ៊ុន សែន គឺព្យាយាមទប់សូម្បីដង្ហើមឬក៏ស្រមោលលេចឡើងនៃចរន្តនយោបាយថ្មីរបស់គណបក្សសង្គ្រោះជាតិ»។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពាក់កណ្តាល ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។
គិតមកដល់ពេលនេះអតីតមន្ត្រីគណបក្សប្រឆាំងបានស្នើសុំបង្កើតគណបក្សចំនួន៦គណបក្សហើយ។ សង្គមស៊ីវិលថា ទោះគណបក្សថ្មីកើតចេញគ្រាប់ពូជ ឬមែកធាងពីគណបក្សសង្គ្រោះជាតិក្ដី ក៏មិនប្រាកដថា គណបក្សនោះមានកម្លាំងអាចក្លាយជាគូប្រកួតជាមួយគណបក្សកាន់អំណាចបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។