លទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គិតត្រឹមយប់ថ្ងៃទី០៥ ខែមិថុនា ឱ្យដឹងថា នៅទូទាំងប្រទេស គណបក្សភ្លើងទៀនកំពុងមានប្រៀបជាងបក្សកាន់អំណាចតែ ៤ឃុំប៉ុណ្ណោះ។ ការបោះឆ្នោតនេះរងនូវការរិះគន់ថា ធ្វើឡើងក្នុងស្ថានភាព អាក្រក់ជាងពេលណាៗទាំងអស់។
ឃុំទាំង៤ដែលគណបក្សភ្លើងទៀនកំពុងមានប្រៀបលើគណបក្សកាន់អំណាចនៅទូទាំងប្រទេស ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៥២ ដែលគណបក្សនេះអាចឈ្នះតំណែងមេឃុំ រួមមាន ៣ឃុំនៅខេត្តកំពង់ធំ គឺឃុំចំណាលើនៅស្រុកស្ទោង ឃុំដូង និងឃុំក្រយានៅស្រុកប្រាសាទបល្ល័ង្គ និង១ឃុំនៅខេត្តកំពង់ចាម គឺឃុំផ្តៅជុំក្នុងស្រុកជើងព្រៃ។ ក្រៅពីនោះ គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខទាំងស្រុង។ នេះបើយោងតាមលទ្ធផលបឋមប្រកាសដោយ គ.ជ.ប គិតត្រឹមយប់ថ្ងៃទី៥ ឈានចូលព្រឹកថ្ងៃទី៦ ខែមិថុនា។ ពុំមានគណបក្សដទៃទៀតណាមួយ ទទួលបានសំឡេងឆ្នោតនាំមុខបក្សកាន់អំណាចនៅតាមឃុំ-សង្កាត់ដទៃទៀតនៅទូទាំងប្រទេសឡើយ។
រីឯ ឃុំ-សង្កាត់ដែលគណបក្សភ្លើងទៀនធ្លាប់សង្ឃឹមច្រើនថានឹងអាចឈ្នះគណបក្សកាន់អំណាច ដូចជានៅសង្កាត់អូចារ ក្រុងបាតដំបង ខេត្តបាត់ដំបងរបស់បេក្ខជនល្បីឈ្មោះដែលជាអតីតមេឃុំរបស់គណបក្សសង្គ្រោះជាតិ គឺអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរបស់កូនស្រីអតីតមេឃុំគណបក្សសង្គ្រោះជាតិ លោក ចៅ វាសនា គឺកញ្ញា ចៅ រតនៈ និងឃុំសង្កាត់ដទៃទៀត ដូចជានៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាមរបស់បេក្ខជន លោក គង់ រ៉ៃយ៉ា គណបក្សភ្លើងទៀនពុំបានឈ្នះបក្សកាន់អំណាចនោះទេ។ ក៏ប៉ុន្តែ គណបក្សនេះទទួលបានសំឡេងឆ្នោតគាំទ្រនៅលេខរៀងទីពីរបន្ទាប់ពីបក្សកាន់អំណាច នៅស្ទើគ្រប់ឃុំសង្កាត់នៅទូទាំងប្រទេស។
ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) របស់លោក យ៉េង វីរៈ ទទួលបានសំឡេងគាំទ្រទីពីរបន្ទាប់ពីគណបក្សកាន់អំណាចនៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវនៅខេត្តរតនគិរី។ គណបក្សនេះ ក៏ទទួលបានសំឡេងប្រដំប្រសងទីបីបន្ទាប់ពីគណបក្សភ្លើងទៀននៅឃុំបរខាំ ស្រុកអូរយ៉ាដាវដដែល។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រទីពីរបន្ទាប់ពីគណបក្សកាន់អំណាចនៅឃុំកោះស្នែង ស្រុកបរីអូរស្វាយសែនជ័យក្នុងខេត្តស្ទឹងត្រែង។ រីឯ គណបក្សខ្មែរួបរួមជាតិរបស់លោក ញ៉ឹក ប៊ុនឆៃ ទទួលបានសំឡេងទីពីរបន្ទាប់ពីបក្សកាន់អំណាចនៅឃុំប៉ឹស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នៅភ្នំពេញ និងខេត្តសំខាន់ៗដទៃទៀតដូចជាខេត្តកណ្តាល តាកែវ ស្វាយរៀង ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តសៀមរាប ជាដើម គណបក្សប្រជាជនកម្ពុជាសុទ្ធតែទទួលបានសំឡេងឆ្នោតនាំមុខគេ។
ទោះជាយ៉ាងណា គ.ជ.ប នៅពុំទាន់ប្រកាសឱ្យដឹងពីលទ្ធផលនៃការបែងចែកអាសនៈសម្រាប់តំណែងមេឃុំ ឬចៅសង្កាត់ ជំទប់ទី១ ឬចៅសង្កាត់រងទី១ និងជំទប់ទី២ ឬចៅសង្កាត់រងទី២ សម្រាប់លទ្ធផលបោះឆ្នោតឃុំសង្កាត់នៅទូទាំងប្រទេសនៅឡើយទេគិតត្រឹមយប់ថ្ងៃទី៥ ខែមិថុនា។ បើតាម គ.ជ.ប លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះនឹងត្រូវប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ថា មានពលរដ្ឋជិត ៧៨% ឬស្មើនឹងជាង ៧លាន១សែននាក់បានចេញទៅបោះឆ្នោត ក្នុងចំណោមពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៩លាន២សែននាក់ ខណៈតួលេខនេះអាចកើនឡើងបន្ថែមទៀត។ ផ្អែកតាមតួលេខនេះ ចំនួនពលរដ្ឋចេញទៅបោះឆ្នោតឃុំ-សង្កាត់នៅអាណត្តិនេះ បានធ្លាក់ចុះប្រមាណជាង ១២% បើធៀបនឹងចំនួនពលរដ្ឋចេញទៅបោះឆ្នោតនៅមុនពេលរម្លាយគណបក្សសង្គ្រោះជាតិកាលពីអាណត្តិទី៤ ដែលមានរហូតដល់ជាង ៩០%។
បើតាមលោក ប្រាជ្ញ ចន្ទ ដដែល មានការិយាល័យបោះឆ្នោតប្រមាណ ៣០ការិយាល័យក្នុងចំណោមការិយាល័យបោះឆ្នោតសរុបជាង ២ម៉ឺន៣ពាន់ការិយាល័យ ត្រូវបានផ្លាស់ប្តូរទីតាំងទៅកន្លែងក្បែរៗនោះ ដោយសារការបារម្ភពីបញ្ហាបាក់ច្រាំងទន្លេ។ លោក ប្រាជ្ញ ចន្ទ វាយតម្លៃថា ទោះបីមានបញ្ហារំខានខ្លះៗដែលបង្កឡើងដោយកត្តាអាកាសធាតុក៏ដោយ ក៏ដំណើរការនៃការបោះឆ្នោតនេះបានប្រព្រឹត្តទៅជាប្រក្រតីដូចតាមការគ្រោងទុកក្នុងបរិយាកាសមួយដែលលោកហៅថាមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។
ផ្ទុយពីការអះអាងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅក្នុងស្ថានភាព «អាក្រក់ជាងពេលណាៗទាំងអស់»៖«យើងឃើញលទ្ធផលម្តងនេះ វាដូចជាអាក្រក់មែនទែនសម្រាប់ការបោះឆ្នោត ព្រោះយើងឃើញតាំងពីការរៀបចំការបោះឆ្នោតនេះ រហូតមកដល់បោះឆ្នោត រាប់សន្លឹកឆ្នោត វាស្ថិតនៅក្នុងគំនាប ក្នុងការគំរាមកំហែង ហើយការប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ ដូចជាមិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទេ។ ខ្ញុំធ្លាប់តែចូលរួមជារៀងរាល់អាណត្តិ ឃើញថាម្តងនេះអាក្រក់ជាងពេលមុនៗ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ លោកអះអាងថា ការបោះឆ្នោតនេះ គឺជាការបោះឆ្នោត «ដ៏ល្អបំផុត» ។ លោកជំរុញឱ្យគណបក្សភ្លើងទៀនដាក់ពាក្យប្តឹងចំពោះការចោទប្រកាន់ទាំងនោះ៖ « ចំពោះគណបក្សប្រឆាំងដែលនិយាយថា ជាការបោះឆ្នោតដ៏អាក្រក់បំផុតសម្រាប់គាត់ អាហ្នុងគឺជាការបោះឆ្នោតត្រឹមត្រូវ ដ៏ល្អបំផុតរបស់គណបក្សប្រជាជនកម្ពុជា។ ការណ៍ដែលចោទឡើងថាមានភាពមិនប្រក្រតីដោយប្រការណាមួយ សួរថាតើគណបក្សប្រឆាំង ឬគណបក្សប្រកួតប្រជែងមានបានដាក់ពាក្យប្តឹងតាមនីតិវិធីទៅ គ . ជ . ប ដែរឬទេ ? បើអត់ដាក់ពាក្យប្តឹងទេ បានសេចក្តីថាបាតុភាពអសកម្មដែលកើតឡើងនោះគឺគ្រាន់តែជាការចោទប្រកាន់ ហើយយើងអាចចាត់ទុកថាជាការប្រឌិតនូវព័ត៌មានសិប្បនិម្មិតប៉ុណ្ណោះ » ។
ទោះជាយ៉ាងណា នៅមុនការបោះឆ្នោតនេះ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្ដែងការព្រួយបារម្ភ ដោយសារតែឃើញមានលំនាំនៃការគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ខ្លួនបេក្ខជនមួយចំនួនដាក់ពន្ធនាគារ។ យ៉ាងហោចណាស់ មានបេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន ៦នាក់ត្រូវអាជ្ញាធរចាប់ខ្លួននៅមុន និងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
ស្រដៀងគ្នានេះ អង្គការសមាជិកសភាអាស៊ាន (APHR) ក៏បានថ្កោលទោសចំពោះយុទ្ធនាការយាយី និងបំភិតបំភ័យលើសមាជិកគណបក្សប្រឆាំងអំឡុងពេលឃោសនាបោះឆ្នោតនេះដែរ ជាពិសេស ការធ្វើទុក្ខបុកម្នេញលើបេក្ខជនគណបក្សភ្លើងទៀន។ សមាជិកសភាម៉ាឡេស៊ី និងជាសមាជិកនៃអង្គការ APHR អ្នកស្រី ម៉ារៀ ជិន អាប់ឌុលឡា (Maria Chin Abdullah) លើកឡើងថា វាជារឿងដែលមិនអាចទៅរួចនោះទេ ដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងបរិយាកាសមួយ ដែលពោរពេញទៅដោយការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយប្រឆាំង។ អ្នកស្រីបន្តថា ថ្វីបើគណបក្សចំនួន១៧ ត្រូវបានគេអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតក្ដី ដំណើរការទាំងមូលមិនអាចចាត់ទុកថា ជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពហុបក្សបានឡើយ នៅពេលដែលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មិនព្រមឱ្យអ្នកដែលអាចតតាំងយកអំណាចពីពួកគេ ធ្វើយុទ្ធនាការឃោសនាបានដោយសេរី និងមានសុវត្ថិភាពនោះ។
ដោយឡែក អតីតរដ្ឋមន្ត្រីការបរទេសថៃ និងជាសមាជិកអង្គការ APHR លោក កាសិត ភីរម្យ(Kasit Piromya) លោកសរសេរនៅក្នុងអត្ថបទមួយចុះផ្សាយជាភាសាអង់គ្លេសនៅលើគេហទំព័រអនឡាញ ឈ្មោះ ឌឹ ឌីប្លូម៉ាត
(The Diplomat) កាលពីថ្ងៃទី០១ ខែមិថុនា ថា ពិភពលោកមិនត្រូវភាន់ច្រឡំដោយសារតែភាពពហុបក្សដែលមានតែសម្បកក្រៅនៅកម្ពុជានោះទេ។ លោកផ្តល់អនុសាសន៍ថា ប្រទេសក្នុងតំបន់ និងដៃគូដទៃទៀតចាំបាច់ត្រូវបញ្ជូនសារឱ្យច្បាស់ទៅកម្ពុជាថា ការបោះឆ្នោតមិនត្រឹមត្រូវបែបនេះ នឹងមិនត្រូវបានគេទទួលស្គាល់នូវភាពស្របច្បាប់ដល់គណបក្សកាន់អំណាចនោះទេ ជាពិសេសក្នុងពេលដែលសេរីភាពជាមូលដ្ឋាន និងសិទ្ធិមនុស្សត្រូវបានគណបក្សនេះយកមកជាន់ឈ្លីស្ទើរតែជារៀងរាល់ថ្ងៃនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។