កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៧ បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ដោយពុំមានការចេញសេចក្តីថ្លែងការណ៍រួម ខណៈសហរដ្ឋអាមេរិក (U.S.) និងរុស្ស៊ី (Russia) ខ្វែងគំនិតគ្នាជុំវិញរឿងសង្គ្រាមនៅអ៊ុយក្រែន (Ukraine)។
កិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ គឺជាកិច្ចប្រជុំសំខាន់ជាងគេមួយដែលពិភពលោកបានទន្ទឹងរង់ចាំមើលក្នុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២នេះ។ ក្រៅពីមានមេដឹកនាំអាស៊ានចូលរួម កិច្ចប្រជុំកំពូលនេះអនុញ្ញាតឱ្យក្រុមមេដឹកនាំកំពូលៗនៅលើពិភពលោកមកពីប្រទេសចំនួន ៨ ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន (Japan) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) កូរ៉េខាងត្បូង (South Korea) ឥណ្ឌា (India) ចិន (China) និងរុស្ស៊ី (Russia) ជួបអង្គុយទល់មុខគ្នាពិភាក្សា ផ្តោតលើបញ្ហាប្រឈមសំខាន់ៗនៅតំបន់អាស៊ីបូព៌ា។
គិតត្រឹមម៉ោងផ្សាយនេះ ក្រសួងការបរទេសកម្ពុជា នៅមិនទាន់ចេញផ្សាយសេចក្តីប្រកាសព័ត៌មានណាមួយជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះនៅឡើយទេ។ រីឯ គេហទំព័រផ្លូវការរបស់អាស៊ានវិញ បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ស្តីពីការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចកាន់តែប្រសើរឡើង ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឋាមពលសម្រាប់ការរើបឡើងវិញក្រោយវិបត្តិកូវីដ១៩ និងការលើកកម្ពស់ភាពជាអ្នកស្ម័គ្រចិត្តសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សារព័ត៌មាន ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ (The Washington Post) របស់អាមេរិក រាយការណ៍ឱ្យដឹងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា រុស្ស៊ី និងសហរដ្ឋអាមេរិក មិនបានឯកភាពគ្នាលើពាក្យពេចន៍មួយចំនួនដែលនឹងត្រូវប្រើនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះទេ ដែលជាហេតុធ្វើឱ្យកិច្ចប្រជុំកំពូលនេះមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី តាស (TASS) បានផ្សាយនៅថ្ងៃដដែលដោយស្រង់ប្រសាសន៍រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សេហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ថា សេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) មិនអាចសម្រេចបានទេដោយសារតែភាគីអាមេរិក និងដៃគូទទូចឱ្យវាយតម្លៃលើស្ថានភាពនៅអ៊ុយក្រែន ដែលរុស្ស៊ីមិនអាចទទួលយកបាន។
សេតវិមានរបស់លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) ឱ្យដឹងតាមរយៈ សេចក្តីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកាថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ លោក ចូ បៃឌិន បានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានអាស៊ានជាមជ្ឈភាព។ លោក ចូ បៃឌិន បានលើកឡើងពីបញ្ហាប្រឈមនានានៅក្នុងតំបន់ និងសាកល។ លោកបានគូសបញ្ជាក់ពីសេរីភាពនាវាចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាស ដែលត្រូវតែគោរពនៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ លោក ចូ បៃឌិន បានគូសបញ្ជាក់ថា រាល់វិវាទទាំងឡាយនៅក្នុងតំបន់នេះ ត្រូវតែដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកក៏បានលើកឡើងពីកង្វល់ជំុវិញការគំរាមកំហែងបង្កឡើងដោយប្រទេសកូរ៉េខាងជើង (North Korea) ហើយលោកក៏បានថ្កោលទោសប្រទេសរុស្ស៊ី ដោយប្រើភាសាធ្ងន់ៗថា ប្រទេសនេះបានធ្វើសង្គ្រាមយ៉ាងព្រៃផ្សៃ និងដោយមិនត្រឹមត្រូវនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រៅពីនោះ លោកក៏បានលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងវិបត្តិកាន់តែដុនដាបនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងរវាងអាមេរិក និងចិនវិញ លោក ចូ បៃឌិន គូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងប្រកួតប្រជែងយ៉ាងស្វាហាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន (PRC) ហើយនឹងនៅតែនិយាយការពិតជុំវិញការណ៍ដែលប្រទេសនេះ រំលោភបំពានសិទ្ធិមនុស្ស។ លោកក៏បានគូសបញ្ជាក់ឡើងវិញពីសារសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ផងដែរ។
ក្រៅពីពុំមានការចេញសេចក្តីថ្លែងការណ៍រួម កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ បានបញ្ចប់ទៅ ដោយពុំមានការថតរូបជុំគ្នារវាងក្រុមមេដឹកនាំទាំង១៨ប្រទេសដែលជាសមាជិកនៃកិច្ចប្រជុំកំពូលនេះឡើយ។ ការណ៍នេះអាចឆ្លុះបញ្ចាំងពីភាពតានតឹងនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហ៊ុន សែន ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន កំពុងរងនូវការរិះគន់ថា មិនអាចជួយសម្របសម្រួលដោះស្រាយបញ្ហាសំខាន់ៗនៅលើពិភពលោកបាន ជាពិសេសបញ្ហានៅអ៊ុយក្រែន ខណៈមេដឹកនាំរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) បានសម្រេចមិនមកចូលរួមកិច្ចប្រជុំកំពូលនេះនៅកម្ពុជា។ លោក ហ៊ុន សែន ថាលោកសោកស្តាយដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មិនបានជួបគ្នានៅកម្ពុជាដើម្បីរកដំណោះស្រាយជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ រីឯ មេដឹកនាំកំពូលរបស់ចិន គឺលោកប្រធានាធិបតី ស៊ី ជីងពីង (Xi Jinping) ក៏បានខកខានមិនបានមកចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជា ដោយបញ្ជូននាយករដ្ឋមន្ត្រីមកចូលរួមវិញ។ ជាជាងជ្រើសរើសយកកម្ពុជា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានសម្រេចជ្រើសរើសយកប្រទេសឥណ្ឌូនេស៊ី (Indonesia) ធ្វើជាទីតាំងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ធំជាងគេចំនួន២០ ហៅកាត់ថា G20៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។