មេដឹកនាំគណបក្សប្រឆាំងឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់ជាស្ថាពរនូវភាពចម្រូងចម្រាសលើចំណុចមួយចំនួនដែលនៅសេសសល់ពីរការចរចាគ្នារបស់ក្រុមដឹកនាំនៃគណបក្សទាំងពីរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ទាក់ទិនទៅនឹងការធ្វើវិសោធនកម្មនៃសេចក្ដីព្រាងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
តាមរយៈសារអេឡិចត្រូនិក (Email) និងទំព័រហ្វេកប៊ុក (Facebook) របស់លោក សម រង្ស៊ី កាលពីយប់ថ្ងៃទី១ មីនា ឲ្យដឹងថា ចំណុចសំខាន់ៗ រួមមាន ទី១ គឺកិច្ចព្រមព្រៀងនេះជាជំហាននយោបាយចុងក្រោយមួយឆ្ពោះរកការអនុម័តដោយរដ្ឋសភានូវច្បាប់បោះឆ្នោតថ្មីមួយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។ ទី២ គឺកិច្ចព្រមព្រៀងនេះ ក៏ជាដំណាក់កាលចុងក្រោយមួយផងដែរ ដើម្បីបើកផ្លូវឲ្យរដ្ឋសភាអនុម័តច្បាប់ថ្មីមួយទៀតពាក់ព័ន្ធនឹងការបោះឆ្នោតដែរ គឺច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគណបក្សទាំងពីរបានយល់ព្រមលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះទាំងស្រុងហើយ។
ចំណុចទី៣ នៃកិច្ចព្រមព្រៀងបញ្ជាក់ថា បន្ទាប់ពីរដ្ឋសភាអនុម័តច្បាប់ទាំងពីរនេះហើយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងចាប់ផ្ដើមជ្រើសរើសសមាជិកចំនួន ៩ នៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មីដែលជាវិធានការនៃការអនុវត្តលក្ខន្តិកៈថ្មីនៃ គ.ជ.ប ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤។ ផ្អែកតាមលក្ខន្តិកៈនេះ គ.ជ.ប ថ្មី នឹងមានសមាជិក ៤រូបពីខាងគណបក្សប្រជាជនកម្ពុជា ៤រូបទៀតពីខាងគណបក្សសង្គ្រោះជាតិ ហើយម្នាក់ទៀតជាមនុស្សអព្យាក្រឹតពីខាងសង្គមស៊ីវិល។
រីឯចំណុចទី៤ គឺច្បាប់បោះឆ្នោតថ្មីនេះនឹងនាំឲ្យគណបក្សទាំងពីរធ្វើការជាមួយគ្នាដើម្បីធានាការគោរពមូលដ្ឋានគ្រឹះនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូចជាសុក្រឹតភាព និងតម្លាភាពនៃដំណើរការបោះឆ្នោតដើម្បីធានានូវការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ។ សេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ និងសង្គមស៊ីវិល។ ហាមមិនឲ្យមានការគំរាមកំហែងផ្នែកនយោបាយ។ ហាមការទិញសន្លឹកឆ្នោត និងសមធម៌ការធ្វើយុទ្ធនាការឃោសនាការបោះឆ្នោត។
លទ្ធផលនៃការចរចានេះ គឺបានមកពីការធ្វើសម្បទានគ្នាទៅវិញទៅមកដែលគណបក្សទាំងពីរកំពុងសម្រេចលើវាសនាប្រទេសជាតិ ហើយថា លទ្ធផលនេះគឺផ្លែផ្កាដ៏ប្រសើរនៃវប្បធម៌សន្ទនាគ្នាដែលគណបក្សទាំងពីរបានចាប់យកទន្ទឹមគ្នាដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធីក្នុងគោលដៅបម្រើ និងការពារឧត្ដមប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។