ការថ្លែងបែបនេះ ធ្វើឡើងស្របពេលដែលភ្លៀងធ្លាក់ផ្ទួនៗគ្នារយៈពេលជាង ១០ថ្ងៃ នៅខេត្តនេះ បង្កឲ្យផ្លូវលំចូលទៅកាន់ការិយាល័យបោះឆ្នោតមួយចំនួនត្រូវកាត់ផ្ដាច់និងពិបាកធ្វើដំណើរ។
បញ្ហាអាកាសធាតុត្រូវបានមន្ត្ររៀបចំការបោះឆ្នោតចាត់ទុកថា ជាបញ្ហាធំចម្បងបំផុតដែលអាចរាំងស្ទះមិនឲ្យពលរដ្ឋតាមជនបទក្នុងខេត្តមណ្ឌលគិរី មកបោះឆ្នោតបាន។ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឲ្យដឹងថា ពលរដ្ឋនៅភូមិដាច់ស្រយាលមួយចំនួនត្រូវជិះដំរី អ្នកខ្លះត្រូវដើរថ្មើរជើងកាត់ផ្លូវព្រៃរាប់សិបគីឡូម៉ែត្រ និងខ្លះទៀតត្រូវដេកផ្លូវមួយយប់តាមព្រៃភ្នំដើម្បីរង់ចាំបោះឆ្នោត។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី លោក ទី ឈឿន នៅថ្ងៃទី២២ ខែកក្កដា ឲ្យដឹងថា ការិយាល័យបោះឆ្នោតនៅខេត្តមណ្ឌលគិរី នៅឃុំដាច់ស្រយាលមួយចំនួនមិនស្ថិតនៅកៀកនឹងភូមិឋានរស់នៅរបស់ពលរដ្ឋទេ។ លោកបន្តថា ពលរដ្ឋរស់នៅរាយប៉ាយតាមសហគមន៍នានា តាមតំបន់ព្រៃ ពិសេសជនជាតិដើមភាគតិច ហើយនៅកន្លែងខ្លះការិយាល័យបោះឆ្នោត មានចម្ងាយរហូតដល់ ៣០គីឡូម៉ែត្រពីផ្ទះពលរដ្ឋក៏មាន។
លោកបញ្ជាក់ថា ចំនួនភាគរយអ្នកបោះឆ្នោតមួយភាគធំ គឺអាស្រ័យទៅលើអាកាសធាតុនារដូវវស្សានេះ៖ «ក្នុងករណីអាកាសធាតុមិនបានប៉ះពាល់ ដូចជាឧបសគ្គអ៊ីចឹង អ្នកបោះឆ្នោតនឹងមានកំណើនជាងមុន ព្រោះលើកនេះគណបក្សនយោបាយចាស់ទុំអស់ហើយ។ តែបើក្នុងករណីភ្លៀងមានខ្យល់អ្វីមួយ គឺយើងមិនអាចសន្និដ្ឋានបានទេ ព្រោះអីពេលទឹកជន់ម្ដងៗ អណ្ដែតទាំងឈើហ៊ុប អណ្ដែតទាំងគុម្ពឫស្សី ការឆ្លងកាត់ម្តងៗត្រូវរង់ចាំ ឬយកខ្សែតោង។ ភូមិគាត់ទៅទីតាំងការិយាល័យបោះឆ្នោតហ្នឹង យ៉ាងហោចជាង ១០គីឡូក៏មាន។ ពេលខ្លះចាស់ពិបាកធ្វើដំណើរក៏មិនបានបោះឆ្នោតដែរ»។
លោកបន្តថា បើសិនជាការបោះឆ្នោតធ្វើឡើងនៅរដូវប្រាំង នោះពលរដ្ឋអាចនឹងមានលទ្ធភាពច្រើនក្នុងការចូលរួមបោះឆ្នោត ប៉ុន្តែអ្វីៗទាំងស្ថិតនៅលើច្បាប់បោះឆ្នោត។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការ និចហ្វិច (Nicfec) លោក សំ គន្ធាមី មាន
ប្រសាសន៍ថា កន្លងទៅសង្គមស៊ីវិលធ្លាប់ស្នើសុំទៅ គ.ជ.ប ជាច្រើនដងច្រើនសាឲ្យពិចារណាពីការរៀបចំចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅរដូវប្រាំង ប៉ុន្តែ គ.ជ.ប បដិសេធ។
លោកបន្តថា កាលពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់ នៅតាមការិយាល័យបោះឆ្នោតមួយចំនួន ត្រូវព្យុះភ្លៀងបោកបក់ បង្កជាបញ្ហារំខានយ៉ាងខ្លាំងដល់ដំណើរការបោះឆ្នោត។ លោកបញ្ជាក់ថា នៅអាណត្តិខាងមុខ តំណាងរាស្ត្រគួរតែគិតគូរពិចារណាលើពេលវេលានៃការបោះឆ្នោត ដើម្បីបង្កភាពងាយស្រួលក្នុងការចូលបំពេញសិទ្ធិរបស់ពលរដ្ឋ៖ «ភ្លៀងហ្នឹងពិតជាបង្កការលំបាកណាស់ ទាំងបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហ្នឹងមានបញ្ហាច្រើនណាស់។ តំណាងរាស្ត្រគួរណាស់ពិចារណាផ្លាស់ប្ដូរឲ្យការបោះឆ្នោតហ្នឹងធ្វើឡើងនៅរដូវប្រាំងវិញ»។
ទោះយ៉ាងណាក៏ដោយ នៅក្នុងគោលនយោបាយរបស់គណបក្សដែលចូលរួមប្រកួតប្រជែងទាំង ៨ មិនឃើញមានគោលនយោបាយគណបក្សមួយណាដែលបង្ហាញថា នឹងធានាពលរដ្ឋចូលរួមបោះឆ្នោតដោយងាយស្រួលនោះឡើយ។ ក្រុមអ្នកតាមដានបញ្ហាសង្គមយល់ថា គណបក្សនយោបាយទាំងអស់អាចភ្លេចគិតនូវបញ្ហារំខានដែលបណ្ដាលពីអាកាសធាតុនេះ។ បញ្ហាអាកាសធាតុពិតជាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធផលនៃការបោះឆ្នោត និងប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត។
ច្បាប់បោះឆ្នោតចែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ សប្ដាហ៍ទី៤ នៃខែកក្កដា ជារៀងរាល់ឆ្នាំបោះឆ្នោត។
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ខេត្តមណ្ឌលគិរី មានពលរដ្ឋជាង ៣០.០០០នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ មានការិយាល័យបោះឆ្នោតចំនួន ៩២ការិយាល័យ ក្នុង ២១ ឃុំ/សង្កាត់។ ក្នុងនោះការិយាល័យបោះឆ្នោតថ្មីមួយដែលពិបាកធ្វើដំណើរទៅដល់ជាងគេ ហើយតម្រូវឲ្យ គ.ជ.ប ដឹកសម្ភារៈបោះឆ្នោតតាមឧទ្ធម្ភាគចក្រ ឬយន្តហោះធុនតូច ដើម្បីបានទៅដល់ការិយាល័យបោះឆ្នោតនៅភូមិអន្ទ្រង ឃុំស្រែឈូក ស្រុកកែវសីមា។ ក្រៅពីនោះ ការិយាល័យបោះឆ្នោតនៅឃុំមួយចំនួនក្នុងស្រុកកោះញ៉ែក ស្រុកអូររាំង និងស្រុកពេជ្រាដា ក៏ត្រូវដឹកហិបឆ្នោតតាមដំរី ឬរទេះគោបរកាត់ព្រៃ និងជិះទូកឆ្លងទន្លេទៀតផង។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឲ្យដឹងថា កម្ពុជាបានទទួលសម្ពាធទាបពីលើអាងទន្លេមេគង្គ បណ្ដាលឲ្យមានភ្លៀងធ្លាក់កម្រិតមធ្យមនៅតាមតំបន់ខ្ពង់រាបរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។