អ្នកជំនាញកិច្ចការបោះឆ្នោត និងគណបក្សនយោបាយមួយចំនួនរិះគន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពុំបានបង្ហាញតម្លាភាពពេញលេញក្នុងរឿងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីរៀបចំការបោះឆ្នោតឡើយ។ ការរិះគន់នេះ កើតមានឡើងខណៈ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ និងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីគ្រប់គ្រងទិន្នន័យនានាពាក់ព័ន្ធនឹងការបោះឆ្នោត។
ទន្ទឹមពេលដែល គ.ជ.ប កំពុងរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ និងប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីគ្រប់គ្រងទិន្នន័យនានាពាក់ព័ន្ធនឹងការបោះឆ្នោតជំនួសឱ្យការគ្រប់គ្រងដោយដៃ អ្នកជំនាញកិច្ចការបោះឆ្នោត និងគណបក្សនយោបាយមួយចំនួន វាយតម្លៃថា គ.ជ.ប ខ្វះតម្លាភាពនៅក្នុងកិច្ចការនេះ។ ពួកគេថា កង្វះតម្លាភាពនេះ ធ្វើឱ្យបាត់បង់ទំនុកចិត្តមកលើស្ថាប័ននេះ។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា ការប្រើប្រាស់កម្មវិធីកុំព្យូទ័រនានាដើម្បីជួយសម្រួលដល់កិច្ចការរៀបចំការបោះឆ្នោតគឺជារឿងល្អ ដែលអាចធ្វើឱ្យការងាររៀបចំការបោះឆ្នោតបានលឿន និងសុក្រឹត។ ក៏ប៉ុន្តែលោកចង់ឃើញ គ.ជ.ប បង្ហាញតម្លាភាពក្នុងរឿងនេះទៅដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យពួកគេជឿទុកចិត្តលើកម្មវិធីកុំព្យូទ័រទាំងនេះ តាមរយៈការដាក់ឱ្យប្រើប្រាស់សាកល្បង និងការទទួលយកមតិយោបល់កែលម្អនានា៖ « កន្លងមកយើងមិនបានទទួលនូវការឃើញអនុវត្តជាក់ស្តែងអំពីចំណុចទាំងអស់នេះទេ។ វាមានការត្រៀម ប៉ុន្តែ យើងឃើញឧទាហរណ៍ដូចជាការចុះបញ្ជីបេក្ខជនគណបក្សនយោបាយអញ្ចឹង គ . ជ . ប ថានឹងធ្វើការសាកល្បង។ ប៉ុន្តែ ដោយសារស្ថានភាពកូវីដ គ . ជ . ប មិនបានធ្វើរឿងទាំងអស់នេះទេ តែ គ . ជ . ប បានយកទៅអនុវត្តជាផ្លូវការនៅពេលនៅក្នុងដំណាក់កាលនៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ។ នេះហើយដែលជាចំណុចមួយដែលយើងគិតថាដំណើរការនេះ វាមិនបានឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីដំណើរការនៃការរៀបចំហ្នុងឱ្យមានការទុកចិត្តពីភាគីពាក់ព័ន្ធនោះ គឺនៅត្រង់ចំណុចអស់ហ្នុង »។
ស្រដៀងគ្នានឹងការវាយតម្លៃនេះដែរ អ្នកជំនាញកិច្ចការបោះឆ្នោតមួយរូបទៀត និងជានាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិច (NICFEC) លោក សម គន្ធាមី ក៏យល់ស្របដែរថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះពីសំណាក់ គ.ជ.ប បង្កឱ្យមានការលំបាកច្រើនដោយសារតែ គ.ជ.ប ពុំបានផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមុន៖ «វាពិបាកជឿទុកចិត្តដែរដោយសារពុំបានបង្ហាញតម្លាភាពច្បាស់លាស់ ឱ្យអតិថិជន ឬអ្នកដែលគេចូលមើលគេជឿទុកចិត្ត»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា គ.ជ.ប ទទួលស្គាល់ថា បច្ចេកវិទ្យាជួយឱ្យដំណើរការបោះឆ្នោតកាន់តែល្អប្រសើរ និងធ្វើឱ្យមានទំនុកចិត្តកាន់តែច្រើនអំពីម្ចាស់ឆ្នោត។ លោកថា កន្លងទៅ គ.ជ.ប បានរៀបចំការចុះឈ្មោះដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រ និងបានបង្កើតកម្មវិធីផ្ទៀងផ្ទាត់មើលឈ្មោះស្ទួនគ្នា ឬទិន្នន័យសំណៅដៃស្ទួនគ្នាជាដើម ដែលលោកអះអាងថា សុទ្ធតែទទួលបានការទទួលស្គាល់ថា ជាកម្មវិធីដែលមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកថា គ.ជ.ប ក៏បានដាក់ឱ្យប្រើកម្មវិធីស្រង់ឈ្មោះក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះនៃគណបក្សនយោបាយដោយទាញចេញមកពីបញ្ជីឈ្មោះនៃអ្នកបោះឆ្នោតទាំងអស់។
លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប បានតាមដានកម្មវិធីទាំងនេះដោយប្រុងប្រយ័ត្ន និងទទួលបានការសាទរពីគណបក្សនយោបាយ៖ « ការវិវត្តន៍បន្ថែមទៀត ខ្ញុំចង់ជម្រាបជូនថា ពីមុនមកសម្រាប់អ្នកដែលមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត លោកមានសិទ្ធិបោះឆ្នោត។ ប៉ុន្តែ ត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបម្រើឱ្យការបោះឆ្នោត។ ពីមុនត្រូវការយករូបថតទៅ ត្រូវការនេះត្រូវការនោះ។ ប៉ុន្តែ បច្ចុប្បន្នមិនទាមទារអីទេ។ ទាមទារតែ សាមីខ្លួនដែលមានឈ្មោះនៅក្នុងបញ្ជី ហើយបើមិនមានឯកសារសម្រាប់បោះឆ្នោតទេ លោកអាចមានពេលមួយខែមុនថ្ងៃបោះឆ្នោត គឺទៅជួបជាមួយនឹងគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតតាមឃុំសង្កាត់នីមួយៗ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណនេះ ហើយឈ្មោះរបស់សាមីខ្លួននឹងត្រូវទាញនិងព្រីនចេញពីម៉ាស៊ីនកុំព្យូទ័រតែម្តង ដោយសាមីខ្លួនគ្រាន់តែយកឯកសារនោះទៅបញ្ជាក់នៅអាជ្ញាធរឃុំសង្កាត់ដើម្បីបោះត្រាបញ្ជាក់ភាពត្រឹមត្រូវ និងទទួលស្គាល់ថាជាពលរដ្ឋក្នុងឃុំសង្កាត់នោះពិតប្រាកដ ហើយឯកសារនោះគឺប្រើប្រាស់សម្រាប់ការបោះឆ្នោតបានតែម្តង »។
ទន្ទឹមនឹងការសម្រួលដោយប្រើប្រព័ន្ធកុំព្យូទ័រទាំងនេះ លោក ហង្ស ពុទ្ធា ពន្យល់បន្ថែមថា ការផ្ញើរលទ្ធផលរាប់សន្លឹកឆ្នោត ក៏គ.ជ.បប្រើប្រាស់ប្រព័ន្ធអនឡាញ បូករួមទាំងការបូកសរុប និងផ្ទៀងផ្ទាត់នូវលទ្ធផលឆ្នោតរបស់គណបក្សនយោបាយនីមួយៗដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រផ្ទៀងផ្ទាត់បន្ថែមពីលើការធ្វើដោយដៃ។ ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា និងការរាប់សន្លឹកឆ្នោតនៅតែធ្វើដោយដៃនៅឡើយទេ។
ជុំវិញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងកិច្ចការរៀបចំការបោះឆ្នោតនេះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា មើលឃើញមិនខុសពីក្រុមអ្នកជំនាញកិច្ចការបោះឆ្នោតដែរថា គ.ជ.ប នៅមិនទាន់បង្ហាញតម្លាភាពគ្រប់គ្រាន់នៅឡើយទេ៖ « ខ្ញុំដូចជាមិនបានឃើញអ្វីដែលជាតម្លាភាពច្រើនទេពាក់ព័ន្ធទៅនឹងការរៀបចំការងាររបស់ គ . ជ . ប នេះពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកវិទ្យាផ្សេងៗដែល គ . ជ . ប រៀបចំឡើងកន្លងមកនេះ។ គឺថា គ . ជ . ប ដូចជាមិនបានបង្ហាញថា ខ្លួនត្រូវធ្វើអី កែប្រែបែបម៉េច ប្រើប្រាស់បច្ចេកវិទ្យាបែបណាដើម្បីឱ្យគណបក្សនយោបាយ ឱ្យសាធារណជនបានដឹងទេ។ ឧទាហរណ៍ថា ការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ចុះបញ្ជីបេក្ខជន គឺថាវានៅមានលក្ខណៈដែលមិនរលូននៅឡើយ ហើយមានការរឹតត្បិតច្រើន ការកំណត់ពេលវេលាគឺប្រថុចញ៉ុច ធ្វើឱ្យមានការលំបាកដល់គណបក្សនយោបាយជាដើម »។
ដោយឡែក អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា លោកថាគណបក្សរបស់លោកពុំបានតាមដានលម្អិតជុំវិញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ គ.ជ.ប ដើម្បីចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះទេ ដោយសារគណបក្សរបស់លោកទើបសម្រេចចិត្តធ្វើសកម្មភាពឡើងវិញនៅចុងឆ្នាំកន្លងទៅ។ ទោះយ៉ាងណា លោកថា ការរៀបចំប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះកន្លងទៅ គ.ជ.ប ទទួលបានជំនួយពីប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀត៖ « តាមព័ត៌មាន ការបោះឆ្នោតអីហ្នុង គេមិនទាន់បោះឆ្នោតតាមកុំព្យូទ័រ អត់ទាន់អាចធ្វើទៅបានទេ។ គ្រាន់តែថា ទិន្នន័យអីទាំងអស់ហ្នុង គេកែសម្រួលឱ្យបានលឿនជាងមុនតែប៉ុណ្ណឹង ហើយមានជប៉ុននៅអមនៅជួយខាងហ្នុងដែរ។ ខ្ញុំបានទាក់ទងទៅឃើញថា មានជំនួយបច្ចេកទេសពីខាងជប៉ុន ហើយរាល់ការប្រជុំ ឬរបាយការណ៍ទិន្នន័យអីក៏គេបានបញ្ចូលគ្រប់គណបក្សទៅក្នុងក្រុមមួយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ផ្តល់ព័ត៌មានតាមហ្ស៊ូម (ZOOM) តាមអនឡាញអីជាដើម »។
កម្ពុជាត្រៀមរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ខាងមុខនេះ។ ការបោះឆ្នោតនេះ មានគណបក្សសរុបចំនួន ១៧ ចូលរួម ក៏ប៉ុន្តែ ពុំមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ហើយត្រូវតុលាការកំពូលរម្លាយចោលកាលពីចុងឆ្នាំ២០១៧កន្លងទៅ ចូលរួមនោះទេ ស្របពេលដែលនៅតែពុំទាន់ការចរចាដោះស្រាយវិបត្តិនយោបាយនៅឡើយ។ គ.ជ.ប រងការរិះគន់ថា ខ្វះឯករាជ្យ ពុំអព្យាក្រឹត្យ និងជាឧបករណ៍ចាំប្រថាប់ត្រាផ្តល់ភាពស្របច្បាប់ឱ្យគណបក្សកាន់អំណាច ដោយសារតែសមាជិកជាន់ខ្ពស់ រហូតដល់សមាជិកថ្នាក់កណ្តាលរបស់ស្ថាប័ននេះ ភាគច្រើនសុទ្ធសឹងតែជាមន្ត្រីតែងតាំងដោយបក្សកាន់អំណាច ខណៈពុំមានតំណាងមកពីគណបក្សនយោបាយដទៃទៀត ឬអង្គការសង្គមស៊ីវិលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។