ការ​បោះឆ្នោត​ជា​សិទ្ធិ​នយោបាយ និង​ជា​ការ​ទទួលខុសត្រូវ​ដ៏​សំខាន់​របស់​ពលរដ្ឋ​គ្រប់រូប

0:00 / 0:00

ការ​បោះ​ឆ្នោត គឺ​ជា​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​គ្រប់ៗ រូប ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ការ​អនុវត្តន៍​សិទ្ធិ​បោះ​ឆ្នោត ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ពង្រឹង​គុណភាព​នៃ​ការ​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ តាំង​ពី​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ជាតិ។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា ខាងមុខ។ តាម​រយៈ​ការ​បោះ​ឆ្នោត ពលរដ្ឋ​មាន​សិទ្ធិ​សម្ងាត់​លើ​សន្លឹក​ឆ្នោត ដើម្បី​ជ្រើសរើស​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត ដោយ​គ្មាន​ការ​បំភិតបំភ័យ និង​គំរាម​កំហែង​នោះ​ឡើយ។

ក្នុង​សង្គម​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស ជា​ម្ចាស់​សិទ្ធិ​អំណាច និង​ជា​អ្នក​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​តាម​ឆន្ទៈ និង​សតិសម្បជញ្ញៈ​របស់​ខ្លួន ចំពោះ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ ដែល​គេ​ពេញ​ចិត្ត។ ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ថ្នាក់​ជាតិ និង​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ជា​ការ​អនុវត្តន៍​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មាន​លក្ខណៈ​ជា​សកល និង​ដោយ​សម្ងាត់។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​គឺ​ជា​ម្ចាស់​វាសនា នៃ​ប្រទេសជាតិ ពីព្រោះ​ជា​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ ហើយ​ការ​ទៅ​បោះ​ឆ្នោត​នេះ គឺ​មាន​សារៈ​សំខាន់​ណាស់ ក្នុងរយៈពេល៥ឆ្នាំម្តង ដើម្បី​ជ្រើសរើស​តំណាង ចេញ​ពី​គណបក្ស​នយោបាយ ដែល​ចូលរួម​ការ​បោះ​ឆ្នោត ទាំង​ការ​ដឹកនាំ​ថ្នាក់​ជាតិ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់៖ «ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ណា​មួយ ដែល​ខ្លួន​ពេញ​ចិត្ត តាម​រយៈ​សន្លឹក​ឆ្នោត គឺ​ត្រូវ​បាន​រក្សា​ដោយ​ភាព​សំងាត់ នៅ​ក្នុង​ការ​គូស តាម​ឆន្ទៈ​របស់​ខ្លួន ហើយ​ដាក់​ចូល​ក្នុង​ហឹប​ឆ្នោត។ មិន​មាន​អាច​ដឹង តាម​រយៈ​សាតឺឡាយ (Satellite) ឬ គ្មាន​នរណា​មួយ ដែល​គេ​អាច​ដឹង​ថា យើង​បោះ​ឆ្នោត​ឲ្យ​នរណា​ទេ ហើយ​អ៊ីចឹង​ប្រជាពលរដ្ឋ ទោះ​បី​ថា នៅ​ខាង​ក្រៅ មាន​ការ​គំរាម​កំហែង ឬ​ការ​ទិញ​ទឹក​ចិត្ត​ក៏​ដោយ ពលរដ្ឋ​កុំ​មាន​ការ​ព្រួយ​បារម្ភ សូម​ឲ្យ​បញ្ចេញ​នូវ​ឆន្ទៈ​របស់​ខ្លួន »

ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នេះ​ដែរ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ពេល​ថ្មីៗ នេះ ព្រះអង្គ​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​គ្រប់ៗ គ្នា ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់​នោះ​ឡើយ។ ព្រះអង្គ​មាន​បន្ទូល​ក្នុង​ព្រះរាជសារ​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បោះ​ឆ្នោត​ឲ្យ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ ដែល​ខ្លួន​ពេញ​ចិត្ត ព្រោះ​ជា​ការ​បោះ​ឆ្នោត​ជា​សកល ដោយសម្ងាត់ តាម​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។កម្មការិនី​រោងចក្រ​កាត់ដេរ ឃែនធើរ៉េន អាប់ភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., LTD) អ្នកស្រី សាន់ សុផា ប្រាប់​ថា អ្នកស្រី​នឹង​ទៅ​បោះ​ឆ្នោត ដើម្បី​ជ្រើសរើស​ចៅ​សង្កាត់ និង​មេឃុំ ដែល​គិតគូរ​ពី​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ។ អ្នកស្រី​បន្ត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ​កម្មករ​នៅ​តែ​ជួប​បញ្ហា​ជា​ច្រើន ដូចជា ប្រាក់ខែ​តិចតួច ធ្វើការ​ច្រើន​ម៉ោង និង​ទំនិញ​សព្វ​សារពើ​ឡើង​ថ្លៃ​បច្ចុប្បន្ន ជា​ដើម៖ « ខ្ញុំ​ចង់​ទៅ​បោះ​ឆ្នោត ហើយ​ការ​បោះ​ឆ្នោត​មាន​ការ​សំខាន់។ ខ្ញុំ​អត់​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ថា ជន​ណា​ដឹង​ថា ខ្ញុំ​បោះ​ឆ្នោត​ឲ្យ​ជន​ណា​នោះ​ទេ។ បាន​ជា​ខ្ញុំ​ចង់​ទៅ​បោះ​ឆ្នោត ព្រោះ​សន្លឹក​ឆ្នោត​សំខាន់ ខ្ញុំ​នឹង​បោះ​ឲ្យ​នរណា ដែល​គាត់​មើល​ឃើញ​ប្រជាពលរដ្ឋ​សំខាន់ ដើម្បី​រើស​តំណាង ដែល​ខ្ញុំ​ពេញ​ចិត្ត »

ចំណែក​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) កញ្ញា ណុប ទិត្យបូរ៉ាវី ដែល​បាន​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​ប្រមាណ៥ខែមកនេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ភាគី​ក្រុមហ៊ុន ឲ្យ​ដឹង​ថា កញ្ញា​ក៏​នឹង​ទៅ​បោះ​ឆ្នោត​ដែរ ដើម្បី​ជ្រើសរើស​តំណាង​ពលរដ្ឋ​ពិត​ប្រាកដ ទោះ​បី​ជា​បារម្ភ​ថា ការ​បោះ​ឆ្នោត​នេះ មិន​មាន​ភាព​យុត្តិធម៌​ក៏​ដោយ៖ « ខ្ញុំ​នឹង​ទៅ​បោះ​ឆ្នោត​ដែរ ដើម្បី​ជ្រើសរើស​តំណាង ដែល​អាច​ជួយ និង​គិតគូរ​ដល់​ពលរដ្ឋ នៅ​ពេល​ជួប​ទុក្ខ​លំបាក។ ក្តី​បារម្ភ​ក៏​ពួក​ខ្ញុំ​នៅ​តែ​បារម្ភ​ដែរ ព្រោះ​ពេល​ខ្លះ​យើង​អត់​អាច​ទុក​ចិត្ត​បាន​ថា តើ​ការ​បោះ​ឆ្នោត​នេះ មាន​ភាព​យុត្តិធម៌ ឬ​អត់ »

បន្ថែម​ពី​នេះ អ្នក​បោះ​ឆ្នោត​មានសិទ្ធិ​ទទួល​បាន​ព័ត៌មាន​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​តម្លាភាព ចូលរួម​ប្រជុំ និង​បញ្ចេញ​មតិ​យោបល់​ដោយ​សេរី ដើម្បី​ពិភាក្សា​អំពី​បេក្ខជន ឬ​បេក្ខនារី និង​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​ប្រកួតប្រជែង​បោះ​ឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន ដោយ​គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​ទិញ​សន្លឹក​ឆ្នោត​នោះ​ឡើយ។

មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស​ គូស​បញ្ជាក់​ថា ឆ្នោត​មួយ​សន្លឹក​របស់​ម្ចាស់​ឆ្នោត គឺ​មាន​សារៈ​ប្រយោជន៍​ដល់​ជាតិ និង​ដល់​ខ្លួន​ឯង​ផង។ លោក​បន្ត​ថា តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ ពលរដ្ឋ​មាន​ឱកាស​ជ្រើសរើស ឬ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​ថ្មី​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​ទទួល​ខុសត្រូវ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ នៅ​តាម​មូលដ្ឋាន៖ « ការ​បោះ​ឆ្នោត​ជា​សកល គឺ​ជា​ការ​បោះ​ឆ្នោត​មួយ ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ - សង្កាត់ និង​ជ្រើសរើស​ថ្នាក់​ជាតិ។ សរុប​ទៅ​ការ​បោះ​ឆ្នោត​ទាំង​ពីរ​លើក​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សម្រាប់​ប្រទេស​ដែល​មាន​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ពីព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​របស់​ខ្លួន និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​ដែរ »

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា​ខាង​មុខ ដែល​មាន​គណបក្ស​នយោបាយ​ចូលរួម ចំនួន ១៧ គណបក្ស។ ក្នុង​ចំណោម​គណបក្ស​ទាំង​អស់​នោះ​មាន​គណបក្ស​ធំៗ ចំនួន ៤ ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-សង្កាត់ គ្រប់​ចំនួន២៥ ខេត្ត​ក្រុង​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ គណបក្ស​កាន់​អំណាច បាន​ដាក់​បេក្ខជន​ឈ្មោះ បាន១០០% ​នៅ​តាម​ឃុំ-សង្កាត់​​ទូទាំង​ប្រទេស រីឯ​គណបក្ស​ភ្លើង​ទៀន​វិញ ដាក់​បេក្ខជន​បាន ១ពាន់ ៦រយ​ឃុំ-សង្កាត់។

ដើម្បី​បោះ​ឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ផ្លូវការឆ្នាំ២០២១ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មាន​សុពលភាព។ ប្រសិនបើ មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ក៏​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព បាត់ ឬ​កែ​តម្រូវ សាមីខ្លួន​អាច​ទៅ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ នៅ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត (គ.ឃ.ស.ប.) ឬ​នៅ​អាជ្ញាធរ​ឃុំ-សង្កាត់ ដែល​ខ្លួន​ត្រូវ​ទៅ​បោះ​ឆ្នោត។ ការ​ស្នើសុំ​នេះ​មាន​រយៈ​ពេល ៣០ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា នា​វេលា​ម៉ោង ៥:៣០នាទី​ល្ងាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។