អនុប្រធានបក្សប្រឆាំងថា ការបន្តធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន សែន មកលើមន្ត្រីបក្សប្រឆាំង រឹតតែដុតកំហឹងឲ្យពលរដ្ឋខ្មែរឈឺចាប់
2019.05.02
អនុប្រធានបក្សប្រឆាំងថា ការបន្តធ្វើទុក្ខបុកម្នេញ ពីរបបលោក ហ៊ុន សែន មកលើមន្ត្រីបក្សប្រឆាំងឥតស្រាកស្រាន្តបែបនេះ រឹតតែដុតកំហឹងឲ្យពលរដ្ឋខ្មែរឈឺចាប់ កាន់តែខ្លាំង និង ឈានទៅរកការក្រោកឡើងរបស់ពលរដ្ឋ ដើម្បីផ្លាស់របបដឹកនាំសព្វថ្ងៃ ក្នុងពេលឆាប់ៗ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងនិរទេសខ្លួន នៅសហរដ្ឋអាមេរិក ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣០ ខែមេសាថា ចំណាត់ការរបស់របបលោក ហ៊ុន សែន បែបនេះ បង្ហាញកាន់តែច្បាស់ថា កំពុងតែដឹកនាំប្រទេសទៅរករបបផ្ដាច់ការ បែបកុម្មុយនិស្តខ្មែរក្រហម ឬរបប ប៉ុល ពត៖ «អ្វីៗ ដែលកើតថ្ងៃនេះ មកលើសកម្មជនគណបក្ស សង្គ្រោះជាតិ ហ្នឹង គឺបង្ហាញពីចរិតពិត និងសកម្មភាពពិតរបស់លោក ហ៊ុន សែន ដោយមិនញញើតនឹងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត ដែលកំពុងបំពេញបេសកកម្មសិទ្ធិមនុស្សនៅកម្ពុជា»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានព្រមានរបបលោក ហ៊ុន សែន ថា ការធ្វើទុក្ខបុកម្នេញមិនឈប់ឈរបែបនេះ មិនបានធ្វើឲ្យសកម្មជនគណបក្ស សង្គ្រោះជាតិ បាក់ស្បាត ឬ បាក់ស្មារតីនោះឡើយ។ ផ្ទុយទៅវិញ ការបង្ក្រាប និងការជិះជាន់ គឺនឹងនាំឲ្យមានការរើបម្រះ ជាក់ជាមិនខាន៖ «ព្រោះយើងដឹងហើយថា ដូចម្សៅ កាលណាយើងច្របាច់នៅលើដៃ គឺច្របាច់កាន់តែខ្លាំង ម្សៅមិននៅក្នុងដៃទៀតទេ វានឹងចេញតាមចង្វែកដៃវិញ។ ដូចរឺស័រដែរ កាលណាអ្នកឯងសង្កត់កាន់តែខ្លាំង ដល់របូតមកវិញ វានឹងលោតកាន់តែខ្ពស់»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងស្របពេលដែលតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចេញដីកាកោះហៅមន្ត្រីបក្សប្រឆាំងប្រាំរូប ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី៩ និង ១៦ ខែ ឧសភា។ ដីកានោះបញ្ជាក់ថា អ្នកទាំងប្រាំ សង្ស័យពីបទជាប់ពាក់ព័ន្ធនឹងការបំពានដីការបស់តុលាការកំពូល ដែលរម្លាយគណបក្ស សង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ កន្លងទៅនោះ។
ក្នុងចំណោមមន្ត្រីទាំងប្រាំរូបនោះ មានបីរូបជាមន្ត្រីជាប់ឆ្នោតឃុំប្រឹក្សាឃុំ-សង្កាត់ពីខាងគណបក្សសង្គ្រោះជាតិ រួមមាន ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ទួលតាឯកលោក ម៉ក់ រ៉ា និង ចៅសង្កាត់ចម្ការសំរោងលោក ឃួន ចំរើន។ មន្ត្រីពីររូបទៀត គឺមន្ត្រីក្រុមប្រឹក្សាខេត្តជាប់ឆ្នោតពីកូតាគណបក្ស សង្គ្រោះជាតិ លោក ឌឹម សារឿន និង សមាជិកគណៈប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សនេះ គឺលោក គង់ ប៊ុនហ៊ាង។
ដីកាកោះនេះ ចេញស្របពេលដែលស្ថានភាពរំលោភសិទ្ធិមនុស្ស នៅតែអាក្រក់ និងក្នុងពេលដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត កំពុងបំពេញបេសកកម្មត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ទោះជាយ៉ាងនេះក្ដី មន្ត្រីគណបក្សប្រឆាំង មិនភ្ញាក់ផ្អើលខ្លាំង ទៅនឹងចំណាត់ការនេះទេ ព្រោះប្រព័ន្ធតុលាការកម្ពុជា រងការរិះគន់ ថាជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង។ ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា នេះជាទម្រង់នៃការបំភិតបំភ័យមួយបែបដែរ ព្រោះមន្ត្រីបក្សប្រឆាំងជាច្រើន ត្រូវតុលាការចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក៏ព្រោះតែសកម្មភាពនយោបាយរបស់ខ្លួន។
ប៉ុន្តែកញ្ញាបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយមួយរូប ដែលមានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី នៅសង្កាត់អូរចាររបស់កញ្ញា កញ្ញានឹងទៅបង្ហាញខ្លួន ព្រោះកញ្ញាមិនបានធ្វើអ្វីខុសនោះឡើយ បើគ្រាន់តែបញ្ចេញមតិ និង សកម្មភាពនយោបាយស្របរដ្ឋធម្មនុញ្ញកម្ពុជានោះ៖ «យើងមានការព្រួយបារម្ភ អំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែយើងមិនតក់ស្លុតទេ ពីព្រោះរាល់ការបញ្ចេញមតិរបស់យើង គឺអត់មានខុសច្បាប់ឯណា។ ផ្ទុយទៅវិញ យើងមានតែជួយលើកស្ទួយដល់សង្គម និងប្រទេសជាតិ។ ដូច្នេះថ្ងៃទី៩ ខែឧសភា ខ្ញុំ ស៊ិន ចាន់ពៅរ៉ូហ្សេត នឹងសម្រេចចិត្តយ៉ាងច្បាស់លាស់ និងចូលខ្លួនទៅបំភ្លឺតាមដីកាកោះ ព្រោះខ្ញុំមិនបានធ្វើអ្វីឲ្យខូចដល់សណ្ដាប់ធ្នាប់សន្តិសុខសង្គម ឬប្រទេសជាតិទេ»។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត រម្លឹកយុវជនដទៃដូចជាកញ្ញា ឲ្យភ្ញាក់រលឹក និងស្គាល់អំពីសិទ្ធិរបស់ខ្លួន ក្នុងជីវភាពនយោបាយ។ យុវជនមានភារកិច្ចសំខាន់ ក្នុងការទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រទេសជាតិរបស់ខ្លួន ដែលមិនត្រូវឲ្យអ្នកនយោបាយមួយក្រុមណា ជាអ្នកកាងផ្ដាច់មុខនោះឡើយ៖ «យើងជាយុវជនខ្មែរ! យើងត្រូវមានការទទួលខុសត្រូវចំពោះខ្លួនយើង ខ្លួនឯង។ យើងត្រូវតែមានការខុសត្រូវចំពោះគ្រួសារខ្លួនឯង។ យើងត្រូវតែមានការទទួលខុសត្រូវ ចំពោះសង្គមជាតិយើងផងដែរ។ ប្រទេសខ្មែរមិនមែនជាប្រទេសរបស់ឯកឧត្ដម សម រង្ស៊ី ឯកឧត្ដម កឹម សុខា សម្តេច ហ៊ុន សែន តែប៉ុន្មាននាក់នោះទេ។ វាជាប្រទេសរបស់យើង។ យើងខ្វល់ខ្វាយពីជាតិរបស់យើង។ ដូចខ្ញុំ ទោះបីខ្ញុំមិនទៅចូលរួមបក្សណា ខ្ញុំរង់ចាំគណបក្សសង្គ្រោះជាតិត្រឡប់មកវិញ ដោយស្របច្បាប់។ ខ្ញុំនឹងទៅបម្រើពលរដ្ឋផងដែរ។ ខ្ញុំមានក្តីសង្ឃឹមជានិច្ចថា គណបក្សសង្គ្រោះជាតិ នឹងត្រឡប់មកវិញ»។
របបលោក ហ៊ុន សែន បានរម្លាយគណបក្ស សង្គ្រោះជាតិ ជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយហាមឃាត់សិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់ចំនួន ១១៨រូប។ ប៉ុន្តែ មន្ត្រីទាំងប្រាំរូបនេះ មិនស្ថិតក្នុងចំណោមអ្នកទាំងនោះ នោះឡើយ។ មន្ត្រីគណបក្ស សង្គ្រោះជាតិ ចាត់ទុកការរម្លាយគណបក្ស សង្គ្រោះជាតិ នេះ គឺគ្រាន់តែមាននៅលើតែក្រដាសប៉ុណ្ណោះ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ពីមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ជុំវិញការចេញដីកាទាំងនេះនៅឡើយទេ។ ប៉ុន្តែ លោក ជិន ម៉ាលីន ធ្លាប់អះអាងថា ចៅក្រម ឬព្រះរាជអាជ្ញាមានឆន្ទានុសិទ្ធិ ក្នុងការចេញដីកាកោះដោយខ្លួនឯង។
ក្រោយប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសម្ដងហើយម្ដងទៀតថា លោកនឹងធ្វើដំណើរវិលទៅស្រុកខ្មែរវិញ ក្នុងឆ្នាំ២០១៩ នេះ និងអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោកឡើង ដើម្បីផ្លាស់ប្ដូរលោក ហ៊ុន សែន និងក្រុមគ្រួសារត្រកូល ហ៊ុន ពីការដឹកនាំផ្ដាច់ការសព្វថ្ងៃ មន្ត្រីរបបលោក ហ៊ុន សែន បានតាមធ្វើទុក្ខបុកម្នេញមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានជាប់ជាប្រចាំ។ លោក ហ៊ុន សែន ថែមទាំងគំរាមថា នឹងជីកទាំងឫសរចនាសម្ព័ន្ធគណបក្សប្រឆាំង ដែលនៅសេសសល់។
ប៉ុន្តែ លោក អេង ឆៃអ៊ាង ថាទង្វើបែបនេះ គឺជាការភ័យខ្លាចរបស់លោក ហ៊ុន សែន ទៅវិញទេ ដែលខ្លាចបាត់បង់អំណាច ដោយសារកម្លាំងប្រជាពលរដ្ឋ ដែលនឹងក្រោកតវ៉ាប្រឆាំងនឹងការបន្តក្រាញអំណាចរបស់លោកតែប៉ុណ្ណោះ។ ថ្ងៃណាមួយ ការដឹកនាំបែបនេះ នឹងដល់ទីបញ្ចប់៖ «អ្វីដែលរបបលោក ហ៊ុន សែន ធ្វើនេះ វានឹងមិនបានជោគជ័យទេ សម្រាប់មហិច្ឆតា ដើម្បីបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ សេរីភាពនយោបាយ។ វាមានតែធ្វើឲ្យខ្លួនឯង កាន់តែបរាជ័យ ហើយសហគមន៍ជាតិ និង អន្តរជាតិ គេមើលឃើញកាន់តែច្បាប់អំពីអំពើ និងគំនិតអាក្រក់របស់ខ្លួនតែប៉ុណ្ណឹង!»។
ក្រោយការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ របបលោក ហ៊ុន សែន កំពុងរងទណ្ឌកម្ម និងសម្ពាធពីអន្តរជាតិជុំទិស។ សហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA ស្របពេលដែលតំណាងរាស្ត្រអាមេរិក កំពុងស្នើច្បាប់ឲ្យព្យួរការអនុគ្រោះពន្ធ GSP។
បើស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន នៅតែអាប់អួដូច្នេះ មន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគថា របបលោក ហ៊ុន សែន ចៀសមិនផុតពីទណ្ឌកម្មបន្ថែមនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។