សកម្មជនបក្សសង្គ្រោះជាតិមួយក្រុមដែលកំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ នាំគ្នានិពន្ធបទចម្រៀង និងច្រៀង ដើម្បីបង្ហាញអំពីទុក្ខសោករបស់ពួកគេ និងបញ្ហាអយុត្តិធម៌នៅក្នុងសង្គមព្រមទាំងរិះគន់ការដឹកនាំរបស់របបក្រុងភ្នំពេញ។ ពួកគេលើកឡើងថា នឹងព្យាយាមតាក់តែងបទចម្រៀង ឲ្យកាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញឲ្យប្រជាពលរដ្ឋបានស្តាប់ និងបានយល់ដឹងអំពីបញ្ហាសង្គម និងនយោបាយនៅក្នុងប្រទេសកម្ពុជា។
បទចម្រៀងដែលសកម្មជនបក្សសង្គ្រោះជាតិ បានតាក់តែងនិពន្ធ និងបានច្រៀងរួចរាល់នោះ មានជាង ១០បទហើយ និងត្រូវបានផ្សព្វផ្សាយនៅលើផេកហ្វេសប៊ុក «ផលិតកម្មព្រះអាទិត្យរះ»។ បទចម្រៀងទាំងនោះ មានដូចជាបទបណ្ដាំបណ្ឌិត កែម ឡី បទអភិវឌ្ឍន៍ក្លែងក្លាយ បទអាសូរកោះកុងក្រៅ ទឹកភ្នែករាស្ត្រខ្មែរ ឈាមអ្នកតស៊ូខេត្តប៉ៃលិន និងបទបំណុលខ្មែរវ័ណ្ឌក ព្រមទាំង បទចម្រៀងមួយចំនួនទៀត រៀបរាប់អំពីរឿងរ៉ាវស្មោកគ្រោកជាច្រើននៅក្នុងសង្គមក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងរៀបរាប់អំពីទុក្ខសោក និងជីវិតតស៊ូរបស់ពួកគេផងដែរ។
ក្រុមសកម្មជនបក្សសង្គ្រោះជាតិ ដែលនាំគ្នាផលិតបទចម្រៀងទាំងនោះមានគ្នា ៦នាក់ រួមមាន៖ លោក ឃិន សាម៉ន លោកស្រី ឡេង សុទ្ធារី លោក សោម សារ៉ាវុធ លោក ទុំ ប៊ុនថន រួមទាំងពលករ ២រូបទៀត ដែលមានសមត្ថភាព និងចូលរួមជួយដល់ការផលិតបទចម្រៀងទាំងនេះ។
លេខាធិការនៃគណៈកម្មាធិការប្រតិបត្តិស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ឃិន សាម៉ន ដែលជាអ្នកតែងចម្រៀងផង និងច្រៀងផងនោះ លើកឡើងថា គោលបំណងនៃការធ្វើបទចម្រៀងនេះគឺ ដើម្បីក្រើនរំលឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឲ្យចេះឈឺចាប់នឹងរឿងអយុត្តិធម៌ដែលកើតមានក្នុងសង្គមខ្មែរ ហើយចូលរួមឈឺឆ្អាលនឹងរឿងនយោបាយ។
លោក ឃិន សាម៉ន បញ្ជាក់ថា លោកមានបំណងបង្កើតបទចម្រៀង និងកំណាព្យដែលរៀបរាប់ពីជីវិតអ្នកដែលបានលះបង់ និងតស៊ូក្នុងសង្គមជាតិជាច្រើនទៀត និងបទចម្រៀងដែលអប់រំដល់ប្រជាពលរដ្ឋឲ្យងាកមកស្រលាញ់ជាតិ ហើយនឹងផ្សព្វផ្សាយ នៅក្នុងផេកហ្វេសប៊ុក (Facebook page) ឈ្មោះផលិតកម្ម ខ្មែរសង្គ្រោះជាតិ ក្នុងពេលឆាប់ៗ ខាងមុខនេះ៖ « បទដែលខ្ញុំបានតែងកន្លងមកហ្នឹង បានដប់បទជាងហើយដែលផ្ដោតសំខាន់ទៅលើខ្លឹមសារអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដែលបានកើតឡើងពីមុនមក ហើយនឹងពេលបច្ចុប្បន្ន ហើយអត្ថន័យនៃបទចម្រៀង គឺសុទ្ធតែជាបទមនសិការជាតិទាំងអស់។ ហើយបទក្រើនរំលឹកឲ្យមានការចូលរួម ការភ្ញាក់រលឹក ងាកមកស្រលាញ់ជាតិ ងាកមកចូលរួមជួយសង្គម កុំឲ្យបណ្ដែតបណ្ដោយពេលវេលាចូលរួមជាមួយនឹងស្រី ស្រា ល្បែង ផឹកស៊ី ដែលជាល្បែងពារលាអាវាសែនៅក្នុងសង្គមហ្នឹង តាមរបបលោក ហ៊ុន សែន ហើយមួយទៀត វាបានឆ្លុះបញ្ចាំងអំពីភាពអយុត្តិធម៌ដែលប្រជាពលរដ្ឋខ្មែរបានរងទុក្ខនៅក្នុងរបបដឹកនាំលោក ហ៊ុន សែន កន្លងមកហ្នឹង » ។
ទោះជាយ៉ាងណា លោក ឃិន សាម៉ន រៀបរាប់ថា ការផលិតបទចម្រៀងទាំងនេះ មានការលំបាកខ្លាំងសម្រាប់ក្រុមរបស់លោក ដោយសារតែពុំមានឧបករណ៍គ្រប់គ្រាន់នោះទេ។ លោកបញ្ជាក់ថា ពួកលោកថតបទចម្រៀងទាំងនេះ តាមរយៈកម្មវិធី ស្មូល ខារ៉ាអូខេ (Smule Karaoke)ក្នុងទូរស័ព្ទស្មាតហ្វួន (Smart Phone) ជាមួយនឹងខ្សែកាសធម្មតាមួយ ហើយត្រូវរកកន្លែងស្ងាត់បំផុត និងមិនឮសំឡេងខ្យល់រំខាន។ ក្នុងបទចម្រៀងមួយបទ លោកចំណាយពេល ៣ថ្ងៃទើបថតបានមួយបទ ហើយក្នុងការថតសំឡេង គឺប្រមាណ ១០ ទៅ ១២ដង ទើបអាចយកជាការបាន ដោយសារពេលខ្លះខុសសំឡេង ខុសចង្វាក់។ ដូច្នេះតម្រូវឲ្យលោកថតសារជាថ្មីឡើងវិញ ដោយសារក្នុងកម្មវិធី ស្មូល ខារ៉ាអូខេ (Smule Karaoke)នេះ មិនមានកម្មវិធីគ្រប់គ្រាន់ឲ្យកែតម្រូវនោះទេ៖ « អ្វីដែលខ្វះខាតសម្រាប់ខ្ញុំនោះ គឺផ្នែកកុំព្យូទ័រ ទី២ ឧបករណ៍សម្រាប់ គេហៅថាកាសដែលសម្រាប់យើងរីខត (Record) សំឡេងហ្នឹងឲ្យបានល្អ។ បើអាច យើងនឹងព្យាយាមស្វះស្វែងរកសប្បុរសជន មានគាត់ជួយជ្រោមជ្រែងបញ្ហាទិញឧបករណ៍ថតសំឡេងហ្នឹង គឺវាជារឿងល្អ ប៉ុន្តែខ្ញុំមិនសង្ឃឹមទៅដល់ថ្នាក់ហ្នឹងពេកទេ ពីព្រោះដែលយើងធ្វើនេះ គឺយើងធ្វើនៅក្នុង គេហៅភាពខ្វះខាតមួយ ប៉ុន្តែបើសិនជាមានសប្បុរសជនគាត់ជួយជ្រោមជ្រែងខ្ញុំដល់ស្ទូឌីយោតែម្ដង អាហ្នឹងគឺជារឿងល្អមែនទែន ដែលងាយស្រួលនៅក្នុងការថត នៅក្នុងការកាត់តរូបភាព ដំឡើង Mix ដំឡើងអីសព្វបែបយ៉ាង សព្វយ៉ាងធ្វើឲ្យបទចម្រៀងកាន់តែឮច្បាស់ល្អ កាន់តែមានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋខ្មែរថែមទៀត » ។
សកម្មជនបក្សប្រឆាំងរូបនេះ ត្អូញត្អែថា លោកនៅខ្វះខាតឧបករណ៍ជាច្រើនទៀត ដើម្បីសម្រួលដល់ការថតចម្រៀងរបស់លោក ដូចជា កុំព្យួទ័រ ឧបករណ៍ស្រូបសំលេង និងស្ទឌីយោជាដើម។
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត និងជាអ្នកច្រៀងបទ ជំហរស្ត្រីភៀសខ្លួននយោបាយ លោកស្រី ឡេង សុទ្ធារី ឲ្យដឹងថា អត្ថន័យនៃបទចម្រៀងទាំងនេះ បង្ហាញអំពីភាពជូរចត់ ការលះបង់ ការធ្វើបាបប្រជាជនស្លូតត្រង់ ភាពអយុត្តិធម៌ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញចាប់ចង និង ធ្វើទុក្ខបុកម្នេញ ធ្វើឲ្យព្រាត់ប្រាស់ម្តាយកូន ប្រពន្ធប្តី រហូតត្រូវរត់ភៀសខ្លួន៖ «...
លោកស្រី បន្តថា ប្រជាពលរដ្ឋចូលចិត្តចម្រៀង ដូច្នេះក្រុមលោកស្រីសម្រេចនិពន្ធពីរឿងសង្គមជាតិ ហើយច្រៀងតាមលំនាំបទចម្រៀងពីដើម ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បានដឹងឮ៖ « យើងធ្វើបទចម្រៀងហ្នឹង ព្រោះយើងមើលឃើញថា ប្រទេសកម្ពុជា ត្រូវពលរដ្ឋរបស់យើងគាត់បានភ្លើតភ្លើនទៅជាមួយហ្នឹងសិល្បៈ និងការរាំច្រៀង ដូច្នេះយើងចង់បញ្ជ្រាបចូលព័ត៌មានទាំងឡាយនោះដាស់កុលបុត្រ តាមវិធីសាស្ត្រយើងនិយាយអំពីស្មារតីនៃការតស៊ូរបស់យើង ការដែលយើងបាត់បង់ទឹកដី ជ្រៀតចូលនូវពាក្យថា បាត់បង់ EBA ត្រូវអ្នកខ្លះរឹត គាបសង្កត់សិទ្ធសេរីភាពរបស់ពលរដ្ឋរបស់យើងទូទាំងប្រទេស ហើយធ្វើឲ្យពួកយើងក្លាយទៅជា ប៉ុល ពត ម្ដងទៀត » ។
រីឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា ការតែងចម្រៀង និងសកម្មភាពផ្សេងៗ របស់សកម្មជនគណបក្សសង្គ្រោះជាតិនេះ គឺជាទង្វើប្រព្រឹត្តល្មើសច្បាប់ទាំងអស់៖ « រាល់ទង្វើទាំងអស់ដែលគាំទ្រ ឬទង្វើដែលបម្រើឲ្យក្រុមឧទ្ទាមក្រៅច្បាប់នោះ សុទ្ធតែជាទង្វើប្រព្រឹត្តល្មើសច្បាប់ទាំងអស់ ពីព្រោះក្រុមអស់នេះដែលគាំទ្រអតីតបក្សប្រឆាំង ឥឡូវនេះ គាំទ្រក្រុមឧទ្ទាមក្រៅច្បាប់នេះ ដែលធ្វើដើម្បីបំបែកបំបាក់ផ្ទៃក្នុងរវាងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេស ហើយនឹងប្រជាជន ដូចជាបញ្ហាញុះញង់កុំឲ្យសងបំណុលមីក្រូហិរញ្ញវត្ថុជាដើម។ ជាពិសេស គឺញុះញង់ឲ្យមានការបែកបាក់រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាង ដោយយកបញ្ហាតូចតាចទៅពង្រីកជារឿងធំ ហើយញុះញង់ដោយមានសតិអារម្មណ៍ គេហៅថា ប្រកាន់ពូជសាសន៍ទៀតផង » ។
ដោយឡែក នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយយ៉ាងសកម្មស្របតាមរដ្ឋធម្មនុញ្ញ។ លោកបន្តថា ការបញ្ចេញមតិ ដើម្បីរិះគន់ក្នុងន័យស្ថាបនា មិនថា តាមរយៈបទចម្រៀងក្ដី គំនូរក្ដី គឺជាការចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែការបញ្ចេញមតិនោះ ត្រូវប្រកបដោយក្រមសីលធម៌ មិនមានការជេរប្រមាថ ឬក៏តិះដៀលដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ៖ « បើយើងនិយាយជាទូទៅ សេរីភាពក្នុងការបញ្ចេញមតិ វាមានច្រើនបែប តាមការបញ្ចេញមតិក្ដី តាមចម្រៀងក្ដី តាមបែបនិពន្ធក្ដី តាមសំណេរក្តី អ្វីផ្សេងៗ ហ្នឹង គឺគេចាត់ទុកថា សេរីភាពក្នុងការបញ្ចេញមតិ អ៊ីចឹងការបញ្ចេញមតិ គឺជាការមួយល្អសម្រាប់រិះគន់ក្នុងន័យស្ថាបនា លើកលែងតែការបញ្ចេញមតិហ្នឹង វាជាការមើលងាយ ឬក៏ជាការជេរប្រមាថ ដែលប៉ះពាល់ដល់កិត្តិយសអ្នកដទៃ » ។
រហូតមកដល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណជិត ២០០នាក់ហើយ ដែលបានភៀសខ្លួនរស់នៅក្រៅប្រទេស ដោយសារការតាមយាយី និងការធ្វើ ទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ក្រោមហេតុផលនយោបាយ។ ទោះជាយ៉ាងណា ពួកគេនៅតែបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិដដែល តាមរូបភាពផ្សេងៗ។
សម្រាប់ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិដែលមានទេពកោសល្យផ្នែកតែងនិពន្ធ និងច្រៀងទាំងនេះ ប្ដេជ្ញាថា ពួកគេនឹងខិតខំបង្កើតបទចម្រៀងឲ្យកាន់តែច្រើនថែមទៀតពាក់ព័ន្ធនឹងរឿង សង្គមជាតិ ប្រសិនបើពួកគេមានកន្លែង និងឧបករណ៍ថតចម្រៀងត្រឹមត្រូវ និងគ្រប់គ្រាន់។ ពួកគេ ក៏បានអះអាងថា មកដល់ពេលនេះ មានប្រជាពលរដ្ឋជាច្រើន បានចាប់អារម្មណ៍ និងគាំទ្របទចម្រៀងរបស់ពួកគេនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។