អ្នកធ្វើការងារបោះឆ្នោតព្រួយបារម្ភថា មេបក្សប្រឆាំង គឺលោក កឹម សុខា អាចនឹងមិនបានចូលរួមក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិឆ្នាំ២០២២ ខាងមុខបើតុលាការបន្តផ្អឹបសំណុំរឿងអត់ចាត់ការដូចសព្វថ្ងៃនេះ។ មន្ត្រីបក្សកាន់អំណាចឆ្លើយតបថា ករណីលោក កឹម សុខា លែងគិតពីផលប្រយោជន៍ទៀតហើយ ខណៈសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ។
អ្នកធ្វើការងារបោះឆ្នោតលើកឡើងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែមានអ្នកគាំទ្ររាប់ម៉ឺននាក់ចាំបោះឆ្នោតឱ្យ ប៉ុន្តែករណីដែលបាត់បង់សិទ្ធិធ្វើនយោបាយបែបនេះនឹងធ្វើឱ្យម្ចាស់ឆ្នោតស្ទើរពាក់កណ្ដាលនគរបាត់បង់ក្ដីសង្ឃឹមរបស់ពួកគេ។ ចំណែកលោក កឹម សុខា ឯណោះរឹតតែខាតបង់ប្រយោជន៍នយោបាយដោយមិនអាចឈរឈ្មោះឱ្យអ្នកគាំទ្របោះឆ្នោតឱ្យបាន។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា លោក កឹម សុខា បាត់បង់ឱកាសម្ដងហើយ កាលពីការឆ្នោតជាតិ ឆ្នាំ២០១៨ កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឃើញវត្តមានគណបក្សប្រឆាំង ឬមេដឹកនាំបក្សមួយនេះ មានសិទ្ធិសេរីគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ លោកក៏ជំរុញទៅអ្នកនយោបាយ ជាពិសេស បក្សកាន់អំណាចធ្វើសម្បទានឱ្យគណបក្សប្រឆាំងដែលជាការបញ្ចប់វិបត្តិនយោបាយ ដើម្បីរួមគ្នាអភិវឌ្ឍន៍ជាតិ៖ «សម្រាប់សមាជិក ឬសកម្មជនគណបក្សប្រឆាំងបាត់បង់ទាំងការរំលាយផង បាត់បង់ទាំងសិទ្ធិនយោបាយផង យើងឃើញថា ឆ្នាំ២០២២ និងឆ្នាំ២០២៣ មិនដឹងយ៉ាងម៉េចផង មិនទាន់ឃើញពន្លឺនៃការដោះស្រាយរឿងក្ដីហ្នឹង»។
អ្នកធ្វើការងារបោះឆ្នោតនៅតែសង្កេតឃើញថា ករណីលោក កឹម សុខា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ ស្រដៀងគ្នានេះដែរ មេធាវីលោក កឹម សុខា លោក ផេង ហេង យល់ថា អ្នកដែលកាន់កូនសោ ដើម្បីបញ្ចប់បញ្ហានេះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំអំណាច។ លោកមេធាវីបន្តថា នៅពេលមានដំណោះស្រាយនយោបាយរួមការចោទប្រកាន់ទាំងឡាយលើលោក កឹម សុខា នឹងត្រូវបញ្ចប់៖ «សម្រាប់ខ្ញុំផ្ទាល់ខ្ញុំថា បើសិនជាមានដំណោះស្រាយនយោបាយជារួមនោះ ការងារអីៗ ទៅរលូនទាំងអស់គ្នាតែម្ដង»។
មេធាវីបក្សប្រឆាំងរូបនេះឱ្យដឹងទៀតថា ក្រុមមេធាវីមិនទាន់បានដាក់លិខិតទៅតុលាការស្នើទម្លាក់បទចោទលើលោក កឹម សុខា នៅឡើយទេ គិតមកដល់ពេលនេះ។
របបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ប៉ុន្តែជិត៤ឆ្នាំមកនេះអាជ្ញាធរមិនបានបង្ហាញភស្តុតាងរឹងមាំណាមួយដែលបញ្ជាក់ពីទោសកំហុសរបស់លោក កឹម សុខា នៅឡើយ។ តុលាការក្រុងភ្នំពេញបានផ្អឹបសំណុំរឿងទុកអត់ចាត់ការ ដោយត្រឹមតែបានបើការជំនុំជម្រះប៉ុណ្ណោះ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីប្រធានសាលាដំបូងរាជធានី ភ្នំពេញ លោក តាំង ស៊ុន ឡាយ បាននៅឡើយទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការចោទបក្សកាន់អំណាច ឬលោកនាយករដ្ឋមន្ត្រីមានឥទ្ធិលើសំណុំរឿងលោក កឹម សុខា ជាការមួលបង្កាច់ខុសពីការពិត។ លោកនៅតែអះអាងដដែលថា គ្មានការចរចាជាមួយបក្សប្រឆាំង ឬជាមួយលោក កឹម សុខា ដើម្បីបញ្ចប់ការចោទប្រកាន់នេះឡើយ៖ «រឿងគេថា រឿង កឹម សុខា ជារឿងនយោបាយគេថា តាំងដើមមកទេតើ អត់មានអីត្រូវភ្ញាក់ផ្អើលទេ យើងកុំទៅភ្ញាក់ផ្អើលអីជាមួយគាត់ឱ្យគាត់ភ្ញាក់ផ្អើលតែគាត់ទៅ»។

ផ្ទុយពីការអះអាងរបស់លោក សុខ ឥសាន លោក ហ៊ុន សែន តែងនិយាយពីករណីលោក កឹម សុខា ជាញឹកញាប់ហើយតុលាការតែងសម្រេចដូចទៅនឹងការនិយាយរបស់លោក ហ៊ុន សែន។ ករណីចុងក្រោយ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែកញ្ញា ឆ្នាំ២០២០ លោក ហ៊ុន សែន ថា សំណុំរឿងលោក កឹម សុខា នឹងត្រូវពន្យារដល់ឆ្នាំ២០២៤ ហើយចាប់តាំងពីពេលនោះ គេក៏សង្កេតឃើញថា តុលាការបានទុកសំណុំរឿងនេះឥតចាត់ការដូចការនិយាយរបស់ លោក ហ៊ុន សែន។
ទោះយ៉ាងណា លោក កឹម សុខា តែងអំពាវនាវដល់តុលាការទម្លាក់បទចោទ និងផ្តល់សិទ្ធិពេញលេញដល់រូបលោកវិញ។ រីឯ អ្នកឃ្លាំមើលសង្គមជំរុញទៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថា គួរធ្វើសកម្មភាពឱ្យកាន់តែសកម្មបន្ថែមទៀត និងត្រូវហ៊ានស្នើទៅលោក ហ៊ុន សែន ជជែករកដំណោះស្រាយជាតិ ដែលកម្ពុជាកំពុងជួបប្រទះ រួមទាំងវិបត្តិជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។