តើ​​កម្ពុជា​​គួរ​​ធ្វើ​យ៉ាងណា​​​កុំ​ឱ្យ​​ការ​​អភិវឌ្ឍ​​កំពង់ផែ​​រាម​​ក្លាយ​ជា​​ទំនាស់​​រ៉ាំរ៉ៃ​​នៅ​​ថ្ងៃ​​អនាគត​?

0:00 / 0:00

រឿងរ៉ាវ​​ដែល​​កម្ពុជា​​អនុញ្ញាត​ឱ្យ​​ចិន​​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម បច្ចុប្បន្ន​​កំពុង​ក្លាយ​ជា​​បញ្ហា​ចម្រូងចម្រាស​​កាន់តែ​ខ្លាំង​​ឡើង និង​គួរ​ឱ្យ​​ព្រួយបារម្ភ​​នៅ​ក្នុង​​តំបន់ ស្រប​​ពេល​ដែល​​សហរដ្ឋ​អាមេរិក និង​​សម្ព័ន្ធមិត្ត​​របស់​ខ្លួន​​ប​ន្ត​​លើកឡើង​​ពី​​កង្វល់​​នេះ​។ នៅ​​ចំពោះ​មុខ​​បញ្ហា​​នេះ តើ​​កម្ពុជា​​គួរ​ដោះស្រាយ​​យ៉ាងណា ដើម្បី​​កុំ​ឱ្យ​​រឿងរ៉ាវ​​នេះ​​ក្លាយ​ជា​​ទំនាស់​​ភូមិសាស្ត្រ​​នយោបាយ​រ៉ាំរ៉ៃ​​នៅ​​ថ្ងៃ​ខាងមុខ​?

ការណ៍​​ដែល​កម្ពុជា​​អនុញ្ញាត​ឱ្យ​ប្រទេស​​​​កុម្មុយនិស្ត​​ចិន​​​អភិវឌ្ឍ​​កំពង់ផែ​​កងទ័ពជើងទឹក​រាម ហើយ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ លួច​​ឱ្យ​​ចិន​​ប្រើប្រាស់​​ផ្ដាច់មុខ ឬ​ដាក់​មូលដ្ឋានទ័ព​នោះ ទំនងជា​​មិន​​ងាយ​​នឹង​សាប​រលាប ឬ​​បិទ​​បញ្ចប់​​ឡើយ​។ បើ​ទោះ​បី​ជា​​ទាំង​​ភាគី​​កម្ពុជា និង​​ចិន​​បាន​​បដិសេធ​រឿង​នេះ​​ជា​ហូរហែរ​​រួច​មក​ហើយ​​ក៏ដោយ ក៏​​ការ​បដិសេធ​ទាំងនេះ​​នៅ​តែ​​មិន​អាច​​ធ្វើ​ឱ្យ​​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​​ជ្រះស្រឡះ​ចិត្ត​​នៅ​ឡើយ​​ទេ​។ បញ្ហា​​នេះ​រឹតតែ​​កើន​​កម្តៅ​ខ្លាំង ​និង​​ត្រូវ​បាន​សារព័ត៌មាន​ល្បីៗ​នៅ​​លើ​ពិភពលោក​យក​មក​​ចុះផ្សាយ​ព្រោងព្រាត ជា​ពិសេស​​នៅ​ពេល​ដែល​កម្ពុជា និង​​ចិន​​បាន​បើក​​ការដ្ឋាន​​ជា​ផ្លូវការ​​អភិវឌ្ឍ​​គម្រោង​​ធ្វើ​​ទំនើបកម្ម​​កំពង់ផែ​​កងទ័ពជើងទឹក​រាម​​នេះ កាល​ពី​​ថ្ងៃ​ទី​៨ ខែ​មិថុនា​។

អ្នកនាំពាក្យ​​ស្ថានទូត​​សហរដ្ឋអាមេរិក​​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូ​ដឺ​ម៉ៃ​យើរ (Chad Roedemeier) ប្រាប់​វិទ្យុ​​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​​ថា សហរដ្ឋអាមេរិក និង​​ប្រទេស​​នានា​​នៅ​ក្នុង​តំបន់​បាន​លើកឡើង​​ពី​កង្វល់​​របស់​ខ្លួន​​អំពី​​កង្វះ​តម្លាភាព​​ជុំវិញ​​ចេតនា​​ពិតប្រាកដ លក្ខណៈ និង​​វិសាលភាព​​នៃ​ការ​អភិវឌ្ឍ​​គម្រោង​​នេះ​។ លោក​​ថា ប្រជាជន​​កម្ពុជា ប្រទេស​ជិត​ខាង អាស៊ាន និង​​តំបន់​​ទាំងមូល​​នឹង​ទទួល​បាន​​ផល​ប្រយោជន៍​​ប្រសិនបើ​​កម្ពុជា និង​​ចិន​​បង្ហាញ​​តម្លាភាព​​ជុំវិញ​​រឿង​នេះ​​ឱ្យ​បាន​​កាន់តែ​ច្រើន​ជាង​មុន​​នោះ​។ អ្នកនាំពាក្យ​​ស្ថានទូត​​សហរដ្ឋអាមេរិក​​រូប​នេះ កត់សម្គាល់​ថា វត្តមាន​​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​ផ្ដាច់មុខ​​​នៅ​​កំពង់ផែ​​កងទ័ព​ជើង​ទឹក​រាម នឹង​​ក្លាយ​ជា​ការ​គំរាមកំហែង​ដល់​ស្វ័យភាព​​របស់​​កម្ពុជា ព្រមទាំង​​ប៉ះពាល់​ដល់​​សន្តិសុខ​​ក្នុង​តំបន់​។

​សហរដ្ឋអាមេរិក​តែង​​លើកឡើង​​ពី​​កង្វល់​ទាំង​នេះ​​ជាមួយ​​កម្ពុជា​​ជា​ទៀងទាត់​​នៅ​​រៀងរាល់​​ពេល​​មាន​ជំនួប​​សំខាន់ៗ​ជាមួយ​​ថ្នាក់​ដឹកនាំ​​កម្ពុជា​។ ជាក់ស្តែង​​ដូច​ជា​ជំនួប​​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អេ​ន​ថូ​នី ប្ល៊ី​ន​ឃិន (Anthony Blinken) និង​​រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា លោក ប្រាក់ សុខុន នៅឯ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នៅ​​រដ្ឋធានី​វ៉ា​ស៊ីន​តុ​ន (Washington D.C.) កាល​ពី​ពាក់កណ្តាល​​ខែ​ឧសភា និង​​ក្នុង​​ដំណើរ​​ទស្សនកិច្ច​​របស់​​អនុរដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក អ្នកស្រី វិ​ន​ឌី ហ្សឺ​មេន (Wendy Sherman) មក​កាន់​​កម្ពុជា​​កាល​ពី​​ខែ​មិថុនា ឆ្នាំ​​កន្លង​​ទៅ​។

​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​​ថ្មី​​នៃ​​ប្រទេស​​អូស្ត្រាលី គឺ​លោក អេ​ន​ថូ​នី អាល់​បា​នី​ស៊ី (Anthony Albanese) ក៏បាន​​លើក​ឡើង​ជា​​សាធារណៈ​​អំពី​​កង្វល់​​របស់​​អូស្ត្រាលី​ជុំវិញ​​រឿង​​សង្ស័យ​​អំពី​ការ​ដាក់​​មូលដ្ឋានទ័ព​ចិន​​នៅ​​កំពង់ផែ​​រាម​នេះ​ដែរ​។ លោក​​បាន​​អំពាវនាវ​​ឱ្យ​​ចិន​​បង្ហាញ​​តម្លាភាព​​ជុំវិញ​រឿង​នេះ​។​

សហ​ស្ថាបនិក​​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​​កម្ពុជា និង​​ជា​​អ្នក​ជំនាញ​​ភូមិសាស្ត្រ​​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ លើកឡើង​ថា ដំណោះស្រាយ​​ដ៏​ឆ្លាត​​វៃ​មួយ​​ដែ​ល​​កម្ពុជា​គួរ​​ធ្វើ ក្រៅតែ​ពី​​ការបង្ហាញ​​តម្លាភាព គឺ​កម្ពុជា​​គួរតែ​​អនុញ្ញាត​ឱ្យ​​ប្រទេស​​មហាអំណាច​ទាំងអស់​​ចូល​មក​​អភិវឌ្ឍ​​កំពង់ផែ​កងទ័ពជើងទឹក​រាម​ប្រកប​ដោយ​​តម្លាភាព ដោយ​មិន​​ត្រូវ​ឱ្យ​ប្រទេស​​​កុម្មុយនិស្ត​​​ចិន​​អភិវឌ្ឍ​កំពង់ផែ​​នេះ​តែឯង​​នោះ​ទេ​។ លោក​ថា ការ​ធ្វើ​ដូច្នេះ​គឺ​​ដើម្បី​​បញ្ចៀស​​នូវ​​ការ​ចោទ​ប្រកាន់ និង​​ការ​សង្ស័យ​​នានា​ដូច​នា​ពេល​បច្ចុប្បន្ន​នេះ​៖ «​បើសិន​ជា​យើង​​មាន​លទ្ធភាព​​នៅ​ក្នុង​​ការ​​កៀរគរ​​អូសទាញ​​បញ្ចុះបញ្ចូល​​ឱ្យ​​មហាអំណាច​ដទៃទៀត​​មក​​ធ្វើ​ការ​​វិនិយោគ​​នៅ​ក្នុង​​តំបន់​ដែល​ជា​​ការ​ប្រទាញប្រទង់​​នេះ​​បាន វា​​ជា​រឿង​​មួយ​​ដែល​​ល្អ​ដែល​​វិសេសវិសាល​​ដើម្បី​លប់​បំបាត់​​ការ​សង្ស័យ​ផង ការ​ចោទ​ប្រកាន់​​ផង ហើយ​យើង​អាច​ទទួល​បាន​​ផល​ប្រយោជន៍​​ពី​​ការ​អភិវឌ្ឍ​​ធ្វើ​​ទំនើបកម្ម​​សម្រាប់​​កម្ពុជា ក្នុង​ន័យ​​សេដ្ឋកិច្ច​ផង ក្នុង​ន័យ​ធ្វើ​ទំនើបកម្ម​​កងទ័ព​ដើម្បី​ក្នុង​ន័យ​ស្វ័យ​​ការពារ​ជាតិ​ផង​។ នេះ​​ជា​​រឿង​​មួយ​​ដែល​​ល្អ ដែល​គួរ​តែ​​សាទរ និង​​គួរតែ​​អនុវត្ត​»​។

បណ្ឌិត រ៉ូ វណ្ណៈ ពន្យល់​ថា ក្នុង​ករណី​​ដែល​​បញ្ហា​ចម្រូងចម្រាស​​ដែល​​កម្ពុជា​​អនុញ្ញាត​ឱ្យ​​ចិន​​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម​​នេះ​​ចេះ​តែ​​បន្ត​អូស​បន្លាយ នោះ​ប្រទេស​ជិតខាង​​របស់​​កម្ពុជា​មួយចំនួន​ទៀត​​ដែល​មាន​ទំនោរ​​ទៅ​រក​​សហរដ្ឋអាមេរិក​​ក៏​​ជៀស​​មិន​​ផុត​​នឹង​​លើកឡើង​​ពី​​កង្វល់​​ចំពោះ​​សន្តិសុខ​របស់​​ប្រទេស​​ពួកគេ​រៀងៗ​ខ្លួន​​ដែរ​៖ «​ជា​ការ​​យល់​ឃើញ ក្នុង​ន័យ​​សន្តិសុខ ភាគី​ដែល​​ហៅ​ថា រង​ការ​គំរាមកំហែង ប្រសិនបើៗ​​មាន​​ករណី​​ដែល​​ចិន​​អាច​​កសាង​​មូលដ្ឋាន​​យោធា​​នៅ​​កំពង់ផែ​រាម​​មែន គឺ​វៀតណាម ថៃ សិង្ហ​បុរី គឺ​ជា​​ប្រទេស​​ដែល​​គាត់​​ព្រួយបារម្ភ​​ជាងគេ​។ ខ្ញុំ​គិត​ថា​​ វៀតណាម​​គាត់​​នឹង​លើកឡើង​​នៅ​ក្នុង​​ជំនួប​​ប្រជុំ ឬ​ក៏​​អន់​ណាស់​​នៅ​ក្នុង​​ជំនួប​​ទ្វេ​ភាគី​​ណាមួយ ដោយសារតែ​​យើង​​ដឹង​ហើយ​​ថា ​វា​​ជា​​បញ្ហា​​ព្រួយបារម្ភ​​ទាក់ទង​​សន្តិសុខ​​តំបន់​។ អ៊ីចឹង សន្តិសុខ​​ដើរ​តួនាទី​​សំខាន់​ជាង​ផល​ប្រយោជន៍​​សេដ្ឋកិច្ច​​នៅ​ក្នុង​​កា​​រ​ប្រកួតប្រជែង​​ភូមិសាស្ត្រ​​នយោបាយ​ដ៏​​ក្តៅ​គគុក​»​។​

​រីឯ អ្នកជំនាញ​​កិច្ចការ​​អន្តរជាតិ​មួយ​រូប​​ទៀត គឺ​បណ្ឌិត អៀ សុផល វិញ លោក​​ផ្តល់​អនុសាសន៍​​ថា ដំណោះស្រាយ​​ដ៏​​ប្រសើរ​​បំផុត​​សម្រាប់​​កម្ពុជា​​គឺ​​ការ​បង្កើន​ទំនុកចិត្ត និង​អនុញ្ញាត​ឱ្យ​មាន​អ្នក​សង្កេតការណ៍​​បរទេស​​ចូលរួម​​ឃ្លាំមើល​​ដំណើរការ​​អភិវឌ្ឍ​​នេះ​។ លោក​​ថា បញ្ហា​ស្ថិត​នៅ​ត្រង់​ថា​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​​មានដំណើរ​​​​ទស្សនកិច្ច​​ទៅ​​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​​នេះ​ក្នុង​​លក្ខណៈ​រឹតត្បិត​បំផុត​។ លោក​ពន្យល់​ថា ចិន​​កំពុ​ង​​ចាប់អារម្មណ៍​ពង្រីក​អំណាច​យោធា​របស់​ខ្លួន​​នៅ​លើ​ពិភពលោក ខណៈ​ចិន​​មាន​​កងទ័ព​ជើងទឹក​ធំ​​ជាងគេ​បង្អស់​​នៅ​លើ​ពិភពលោក ក៏ប៉ុន្តែ​នៅ​ពេលដែល​​គ្មាន​មូលដ្ឋាន​​កងទ័ពជើងទឹក កប៉ាល់​​របស់​ចិន​​នឹង​ត្រូវ​​ត្រលប់​មក​​ចូល​ចត​​ក្នុង​ប្រទេស​ខ្លួន​វិញ​។ លោក​បន្ត​ថា ក្រៅ​ពី​នេះ ចិន​​ក៏​​កំពុងតែ​​បារម្ភ​​ពី​​សម្ព័ន្ធភាព​​យោធា​ត្រី​ភាគី​​អូ​ឃឹ​ស (AUKUS) រវាង​​អាមេរិក អង់គ្លេស និង​អូស្ត្រាលី ដែល​​ចិន​​យល់​ថា​ ជា​ការ​​គំរាមកំហែង​​ដល់​​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​​នៅ​ក្នុង​តំបន់​។

វិទ្យុ​​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ និង​ប្រធាន​​គម្រោង​ធ្វើ​ទំនើបកម្ម​​កំពង់ផែ​​កងទ័ពជើងទឹក​រាម​លោក ចៅ ភិ​រុណ ដើម្បី​​សុំ​អត្ថាធិប្បាយ​​ជុំវិញ​ការ​លើក​ឡើងជា​ដំណោះស្រាយ​​របស់​​ក្រុម​អ្នកជំនាញ​ទាំងនេះ​​បាន​ឡើយ នៅ​ថ្ងៃទី​២១ ខែមិថុនា​។ កាល​ពី​ពេល​​ថ្មីៗ​នេះ លោក ទៀ បាញ់ បាន​​ធានា​​អះអាង​​នៅ​​ចំពោះ​មុខ​​ក្រុម​មន្ត្រី​​ការពារជាតិ​​មកពី ៤០​ប្រទេស នៅក្នុង​​ស​និ្ន​សីទ​​កំពូល​ស្ដីពី​សន្តិសុខ​អាស៊ី ឬ​ហៅថា កិច្ចសន្ទនា​​សាំង​ហ្គ្រី​ឡា (Shangri-La Dialogue) ថា កំពង់ផែ​​កងទ័ពជើងទឹក​រាម​នឹង​​នៅតែ​​ជា​​កម្មសិទ្ធិ​​របស់​​កម្ពុជា​​ជា​ដរាប​។ លោក​​ផ្តល់​អំណះអំណាង​​ថា ​ការ​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម​​នេះ គឺ​ជា​​កាតព្វកិច្ច​​របស់​កម្ពុជា​​ដែល​ជា​​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​។

ទោះជា​យ៉ាងណា សម្រាប់​​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​​នយោបាយ និង​​កិច្ចការ​​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា វិញ លោក​យល់​ថា ស្របពេល​ដែល​​ចិន​​កំពុង​​បង្ហាញ​​មហិច្ឆតា​​​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​​នៅ​តាម​​បណ្តា​ប្រទេស​មួយ​​ចំនួន​នៅ​​តំបន់​​មហាសមុទ្រ​ប៉ាស៊ីហ្វិក ភាព​ល្អូកល្អឺន​​របស់​​ក​ម្ពុ​ជា​ជាមួយ​​ចិន និង​​ស្ថានភាព​​ភូមិសាស្ត្រ​​របស់​​កម្ពុជា​​នៅ​ក្នុង​​គម្រោង​​យុទ្ធសាស្ត្រ​គំនិត​ផ្តួចផ្តើម​​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ (BRI) របស់​ចិន អាច​ធ្វើ​ឱ្យ​​ក្រុម​ប្រទេស​លោកខាងលិច​កាន់តែ​សង្ស័យ​ជុំវិញ​រឿង​ការ​លួច​ដាក់​មូលដ្ឋាន​ទ័ព​ចិន​​នៅ​​កម្ពុជា​​នេះ​៖ «​កម្ពុជា​ជា​ផ្លូវ​មួយ​​ភ្ជាប់​​វិថី​សូត្រ​​របស់​​ចិន ឬ​ក៏​យុទ្ធសាស្ត្រ BRI របស់​ចិន​​បាន​​រលូន​​ដែរ ព្រោះ​​គេ​​ឃើញ​​ចិន​​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​​បណ្តា​​កោះ​មួយ​ចំនួន​​ដូចជា ​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឬ​ប៉ាស៊ីហ្វិក ដូចជា​គេ​ហៅថា​ ពាណិជ្ជកម្ម និង​សន្តិសុខ ដែល​យើង​​ឃើញ​​មាន​​កោះ​សូ​ឡូ​ម៉ុង​​មួយ​​ដែល​​បាន​​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ​​ចិន​។ នេះ​​ជា​​បញ្ហា​​ក្តៅៗ​ដែល​​យើង​​មើល​ឃើញ​​ពី​គោល​នយោបាយ​​ការបរទេស ​និង​សន្តិសុខ​​របស់​​ចិន គឺ​​ពង្រីក​ខ្លាំង​។ អ៊ីចឹង កម្ពុជា​​ដែល​​មាន​សម្ព័ន្ធភាព​ល្អជា​មួយ​ចិន​ពិបាក​ បើសិនជា​មិនបាន​លាង​ជម្រះ​​បញ្ហា​​មន្ទិល​សង្ស័យ​ហ្នឹង​ទេ ​ធ្វើ​ឱ្យ​លោកខាងលិច​​កាន់តែ​​សង្ស័យ ឬ​ក៏​​កាន់តែ​​មិន​ទុកចិត្ត​​ទៅលើ​ជំហរ​អព្យាក្រឹត​របស់​កម្ពុជា​​ដែរ​»​។​

​ប្រទេស​​ចិន​​បច្ចុប្បន្ន​​មាន​​មូលដ្ឋានទ័ព​នៅ​ក្រៅ​ប្រទេស​​តែមួយ​គត់ គឺ​​នៅ​​ប្រទេស​ជី​បូ​ទី (Djibouti) ស្ថិតនៅ​ភូមិ​ភាគ​ខាងកើត​​នៃ​​ទ្វីប​​អា​ព្រិ​ក​។ នៅមុន​​ពេល​​ឈាន​ទៅ​​ដាក់​​មូលដ្ឋានទ័ព​​នៅ​​ជី​បូ​ទី​កាលពី​ឆ្នាំ​២០១៧ ចិន​​ក៏​បាន​​ចេញ​មុខ​​បដិសេធ​ថា​ មិនមាន​​គម្រោង​ដាក់​មូលដ្ឋានទ័ព មិន​ខុស​ពី​​អ្វី​ដែល​​ខ្លួន​កំពុង​​បដិសេធ​​នៅ​​កំពង់ផែ​​កងទ័ពជើងទឹក​រាម​រ​បស់​​កម្ពុជា​​ដែរ​។ ដូចគ្នា​នេះ​ដែរ នៅ​ពេល​ដែល​​ចិន​ចាប់ផ្តើម​​សាងសង់​​កោះ​សិប្ប​និមិត្ត​​កាល​ពី​ឆ្នាំ​២០១៥​ នៅ​តំបន់​​ប្រជុំ​​កោះ​ស្ព្រា​ត​លី (Spratly Islands) ដែល​​កំពុង​មាន​ជម្លោះ​ដណ្តើម​​អធិបតេយ្យ​ជាមួយ​​ប្រទេស​មួយ​ចំនួន​​នៅ​​សមុទ្រ​ចិន​​ខាងត្បូង មេដឹកនាំ​​ចិន​​បាន​​ធានា​​អះអាង​​ប្រាប់​​ពិភពលោក និង​​សហរដ្ឋអាមេរិក​​ថា ចិន​​នឹង​មិន​​ធ្វើ​យោ​ធូប​នីយកម្ម​​នៅ​លើ​កោះ​នោះ​ឡើយ​។ ក៏ប៉ុន្តែ អ្វីៗ​បាន​​ប្រែប្រួល​​ដោយ​​ចិន​​បាន​​បង្កើត​​មូលដ្ឋាន​ទ័ព​​នៅ​ទីនោះ នៅ​ពេល​ដែល​​ខ្លួន​​បាន​សាងសង់​រួច ខណៈ​​អង្ករ​​បាន​​ក្លាយ​ជា​​បាយ​។ ក្រៅ​ពី​នេះ សេចក្តី​រាយការណ៍​​នានា ​កាល​ពី​​ចុងឆ្នាំ​​២០២១ ឱ្យ​ដឹង​ថា ចិន​ក៏​មាន​ផែន​ការ​ដាក់​​មូលដ្ឋានទ័ព​​នៅ​​កំពង់ផែ​មួយ​​នៅ​​ប្រទេស​អារ៉ាប់​រួម (UAE) និង​​បាន​​ចុះ​កិច្ចព្រមព្រៀង​​យោធា​ជាមួយ​​កោះស​ឡូ​មុង (Solomon islands) នៅ​​តំបន់​​មហាសមុទ្រ​​ប៉ាស៊ីហ្វិក ដែល​មាន​ចម្ងាយ​​មិន​​ដល់ ២​ពាន់​គីឡូម៉ែត្រ​​ពី​​ប្រទេស​អូស្ត្រាលី (Australia)​។ របាយការណ៍​​ក្រសួង​ការពារ​ជាតិ​​អាមេរិក កាល​ពី​ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ក្រៅពី​កម្ពុជា ចិន​​មាន​​បំណ​ង​​ពិចារណា​​ដាក់​​មូលដ្ឋាន​ទ័ព​​នៅ​​ប្រទេស​​ថៃ សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត​​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។