គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​រិះគន់​រដ្ឋាភិបាល​ថា អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ទោស​នយោបាយ

ដោយ ប្រាជ្ញ ចេវ
2024.11.05
គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​រិះគន់​រដ្ឋាភិបាល​ថា អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ទោស​នយោបាយ (រូបឯកសារ) លោក ខឿន វីរ៉ាត់ (រូបឈរ) មន្ត្រី​គណបក្ស​ភ្លើងទៀន ក្នុង​វគ្គបណ្ដុះបណ្ដាល​សមាជិក​បក្ស​នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក Khoeun Virath

ក្រុម​គ្រួសារ​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ រិះគន់​រដ្ឋាភិបាល​នៅតែ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ចំពោះ​អ្នក​ទោស​នយោបាយ​ដោយ​ពួកគាត់​សង្កេត​ឃើញ​ថា អាជ្ញាធរ​ហាក់​បង្ហាញ​ការ​ឱនលំទោន​ ចំពោះ​ក្រុម​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល «ហ៊ុន» បើ​ទោះបី​ជា​ពួក​គេ​ឆបោក​លុយ​ពលរដ្ឋ​អស់​រាប់​លាន​ដុល្លារ​ក្ដី។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​វិសមភាព​សង្គម​កើត​ឡើង ហើយ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។​​​​​​​​​​​​​​​​​​​

ក្រុម​គ្រួសារ​អ្នក​ទោស​នយោបាយ​សោកស្ដាយ​ ចំពោះ​សកម្មភាព​ ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​គ្រួសារ​របស់​ពួកគាត់​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ទាំង​កម្រាល និង​ឃោរឃៅ ផ្ទុយ​ស្រឡះ​ពី​ក្រុម​ឧកញ៉ា​រក​ស៊ី​ទុច្ចរិត​ ដែល​សមត្ថកិច្ច​មិន​ហ៊ាន​វាយ​ខ្នោះ និង​ទុក​ឱ្យ​ដើរ​ចូល​ក្នុង​ឡាន​តាម​សម្រួល។

កូនស្រី​របស់​សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​កំពង់ចាម លោក សាន អឿន គឺ​លោកស្រី សាន គន្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៥ ខែ​វិច្ឆិកា ថា គឺជា​រឿង​អយុត្តិធម៌ និង​មិន​ស្មើភាព​គ្នា​រវាង​អ្នក​មាន​លុយ និង​ឪពុក​លោកស្រី​ដែល​ជា​ជន​ស្អាត​ស្នំ ប៉ុន្តែ​បែរជា​អាជ្ញាធរ​ចាប់​ឪពុក​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស។ លោកស្រី​បន្ត​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​ឪពុក​លោកស្រី​យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ព្រៃស​ដោយ​មិន​បាន​ជូន​ដំណឹង​ឱ្យ​ក្រុម​គ្រួសារ និង​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ឡើយ។

លោកស្រី សាន គន្ធា៖ «ខាង​ខ្ញុំ​នៅ​ខាងក្រៅ​នេះ​ មាន​មន្ត្រី​អធិការ​ ប៉ុន្តែ​គេ​មិន​មក​ផ្ទាល់​ទេ។​ គេ​ផ្តាំៗ​ តាម​គ្នា​ដូច​ថា ​ផ្ដាំ​អ្នក​មាន​ឥទ្ធិពល​អ៊ីចឹង​ដែរ។ គេ​ផ្ដាំ​គ្នា​ឱ្យ​ខ្ញុំ​ឱ្យ​ម៉ែ​ខ្ញុំ​ទៅ​ជួប​គេ​ ដើម្បី​ធ្វើ​កិច្ច​សន្យា​អី​តិចតួច ​គេ​អាច​នឹង​ឱ្យ​គាត់​មក​វិញ​ហើយ ​គេ​ឱ្យ​សោហ៊ុយ​គាត់​មក​វិញ។ ខ្ញុំ​អត់​ទៅ​ទេ ថា​វា​អត់​មាន​រឿង​អី​ ដែល​ខ្ញុំ​ត្រូវ​ទៅ​ជួប​ពួកគាត់​ ពេល​ខ្ញុំ​ទៅ​ជួប​ពួកគាត់​មាន​តែ​ឱ្យ​ខ្ញុំ​ធ្វើ​កិច្ចសន្យា សុំទោស​សារភាព​អ៊ីចឹង​ខ្ញុំ​អត់​ទៅ​ទេ»

កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង​បី​នាក់​ បន្ទាប់​ពី​ពួកគាត់​មិន​បាន​ចូលរួម​គាំទ្រ​ការ​បើក​ការដ្ឋាន​ព្រែ​ជីក​ហ្វូណន។ ក្នុង​នោះ​រួមមាន ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​មក​ពី​គណបក្ស​ភ្លើង​ទៀន​លោក សាន អឿន និង​មនុស្ស​ពីរ​នាក់​ទៀត គឺជា​បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​បាទី ខេត្ត​តាកែវ មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​គឺ​លោក គឹម វឿន និង​លោកស្រី ញិប សារ៉ុម ដែល​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង។

ស្រដៀង​គ្នា​នេះ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ រៀបរាប់​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្ដី​លោកស្រី​វាយ​ដាក់​ខ្នោះ​រុញ​បញ្ចូល​ឡាន​ទាំង​មិន​បង្ហាញ​ពី​ដីកា​ចាប់​ខ្លួន​នោះ​ឡើយ ដែល​សកម្មភាព​ហាក់​បង្ហាញ​ថា ប្ដី​លោកស្រី​គឺជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ​លោកស្រី​មាន​ជំងឺ​មហារីក​មាត់​ស្បូន​ដំណាក់​កាលទី២ ដែល​ពេទ្យ​តម្រូវ​ឱ្យ​លោកស្រី​ត្រូវ​វះកាត់​ជា​បន្ទាន់ ប៉ុន្តែ​លោកស្រី​បាន​ពន្យារ​ពេល​រហូត​ដល់​ប្ដី​ចេញ​ពី​ពន្ធនាគារ​នៅ​ខែ​មីនា ខាងមុខ​ទើប​លោកស្រី​សម្រេច​ចិត្ត​វះកាត់។

លោកស្រី ថាច់ ចន្ធូ៖ «ខុសប្លែក​ពី​ប្ដី​ខ្ញុំ​ឆ្ងាយ​ប្ដី​ខ្ញុំ​គាត់​អត់​រត់​ទៅ​ណា​ទេ​គាត់​នៅ​ឱ្យ​គេ​ចាប់​ហើយ​មូលហេតុ​ដែល​ចាប់​ប្ដី​ខ្ញុំ​ដូច​អ្នក​ទោស​ស្លាប់​មនុស្ស​អ៊ីចឹង​ក្រៀក​ដៃ​ប្ដី​ខ្ញុំ​ដាក់​ខ្នោះដៃ​ប្ដី​ខ្ញុំ​ហើយ​អត់​យក​ដីកា​មក​បង្ហាញ​ប្ដី​ខ្ញុំ​ខុស​អី​ទេ។ និយាយរួម​ទៅ​ប្ដី​ខ្ញុំ​ជិត​ចេញ​អ៊ីចឹង​ខ្ញុំ​គ្រាន់​តែ​ថា ប្ដី​ខ្ញុំ​អនុវត្ត​ទោស​ហ្នឹង​គឺ​វា​គ្រប់គ្រាន់​ហើយ​សូម​ឱ្យ​កុំ​ចោទ​ហើយ​ទម្លាក់​ចោល​បទ​ចោទ​លើ​គាត់​ទាំង​ស្រុង»

ការ​រិះគន់​របស់​ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​ទាំងនេះ​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ជាប់ឃុំ​នយោបាយ និង​អ្នកមាន​លុយ​មានអំណាច ដោយ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច ឬ​ក្រុម​ឧកញ៉ា​ដែល​ជា​ឧក្រិដ្ឋជន​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​ការ​គោរព និង​ចាត់​វិធានការ​យឺតយ៉ាវ​បើ​ទោះ​ជា​ក្រុម​ជន​ល្មើស​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្ដី ប៉ុន្តែ​ផ្ទុយពី​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ដែល​អាជ្ញាធរ​បង្ហាញ​សកម្មភាព​ឃោរឃៅ​ចាប់​អូស វាយដំ គំរាមកំហែង និង​ចាប់​រុញច្រាន​បញ្ចូល​ឡាន ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ពី​ក្រៅ​ប្រទេស​យក​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​វិញ​ជាដើម។ ករណី​ជាក់ស្ដែង​ទីប្រឹក្សា​ផ្ទាស់​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​ឧកញ៉ា លី សាម៉េត មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ឬ​ចាប់​ទាំង​បង្ខំ​ឡើយ ពោល​គឺ​ឧកញ៉ា​រក​ស៊ី​ឆបោក​រូប​នេះ​បង្ហាញ​សកម្មភាព​ស្នាក់នៅ​ក្នុង​ផ្ទះ​ធម្មតា ដោយ​អះអាង​ថា កំពុង​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​កូន​របស់​លោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​មិន​បាន​រត់​គេច​ទៅ​ណា​នោះ​ទេ។ កាលពីថ្ងៃទី៤ ខែ​វិច្ឆិកា សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ឧកញ៉ា លី សាម៉េត ពី​ខេត្ត​ព្រះសីហនុ​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បន្ត​នីតិវិធី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​ឧកញ៉ា​រូប​នេះ​ពី​បទ​អ្វី​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃទី៥ ខែ​វិច្ឆិកា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់សម្គាល់​ឃើញ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​បច្ចុប្បន្ន​ហាក់​មាន​ការ​បែងចែក​ខុសគ្នា​ពី​រឿង​ឧក្រិដ្ឋជន និង​ក្រុម​ឧកញ៉ា​រក​ស៊ី​ឆបោក ពោល​គឺ​សកម្មជន​សង្គម​រង​ការ​ចាប់​ខ្លួន​ទាំង​បង្ខំ​ដោយ​សកម្មភាព​ឃោរឃៅ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លោក នី សុខា៖ «អ្នក​ជាប់​ឃុំ​មនសិការ​នេះ គឺ​យើង​ស្នើ​ជា​រឿយៗ ហើយ​ទាំង​សហគមន៍​ជាតិ​ទាំង​សហគមន៍​អន្តរជាតិ គេ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំងអស់​ហ្នឹង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ដើម្បី​បង្ក​លក្ខណៈ​ធ្វើ​យ៉ាងណា​ឈាន​ទៅ​ដល់​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​ឱ្យ​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​អ៊ីចឹង​អា​ហ្នឹង​ដែល​យើង​នៅតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះលែង​អ្នក​ទាំងអស់​នោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ»

ក្រុម​សាច់​ញាតិ​អ្នក​ជាប់ឃុំ​មនសិការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ក្រុម​គ្រួសារ​របស់​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​ការ​ចាប់​ខ្លួន​គ្រួសារ​របស់​ពួកគាត់​កន្លងមក​គឺជា​ការ​រើសអើង​និន្នាការ​នយោបាយ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ហើយ​រដ្ឋាភិបាល​គួរតែ​បញ្ឈប់​យក​អ្នក​ជាប់​ឃុំ​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ដាក់​សម្ពាធ​មក​លើ​គ្រួសារ​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។