សាច់ញាតិយុវជនមាតាធម្មជាតិ និងយុវជនខ្មែរថាវរៈ បួងសួងនៅមុខព្រះអង្គទេព ខេត្តសៀមរាប ដើម្បីសុំឲ្យតុលាការដោះលែងគ្រួសារពួកគេឲ្យមានសេរីភាពឡើងវិញ។ មន្ត្រីសិទ្ធិមនុស្សយល់ថា នេះជាសិទ្ធិរបស់ពួកគេដែលជឿជាក់លើវត្ថុស័ក្ដិសិទ្ធិថា នឹងអាចជួយឲ្យសាច់ញាតិរបស់ពួកគេមានសេរីភាពឆាប់ៗ។
ក្រុមស្ត្រីដែលជាសាច់ញាតិរបស់យុវជនទាំងនោះ បានយកកម្រងផ្កា រូបថត និងមានសរសេរឈ្មោះយុវជនដែលកំពុងជាប់ពន្ធនាគារទាំងនោះ លើក្រដាសសតូចមួយ អុជធូបបន់ស្រន់សុំឲ្យតុលាការដោះលែងពួកគេ។ ការបន់ស្រន់នេះ គឺនៅចំថ្ងៃមាឃបូជា ដែលជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយផងដែរ។
ប្រពន្ធសកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ឲ្យដឹងថា លោកស្រីមានជំនឿថា ទឹកដីកេរ្តិ៍ដំណែលដ៏ស័ក្ដិសិទ្ធិមួយនេះ នឹងអាចជួយឲ្យប្ដីលោកស្រីមានសេរីភាពឡើងវិញ។ លោកស្រីបន្តថា លោកស្រីពុំមានជំនឿលើប្រព័ន្ធតុលាការនោះទេ ដោយសារតុលាការមួយនេះ ពុំមានភាពឯករាជ្យឡើយ៖ « ថ្ងៃនេះ ជាថ្ងៃបុណ្យមាឃបូជា អ៊ីចឹងខ្ញុំបានមកបួងសួងដល់វត្ថុស័ក្ដិសិទ្ធិដែលនៅអង្គរតូចហ្នឹងឲ្យជួយថែរក្សាប្ដីខ្ញុំក៏ដូចជាអ្នកទោសមនសិការទាំងអស់ហ្នឹង ហើយក៏បន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិឲ្យតុលាការហ្នឹងដោះលែងពួកគាត់ឆាប់ៗ » ។
បងស្រីព្រះសង្ឃខ្មែរថាវរៈ ព្រះតេជព្រះគុណ កើត សារ៉ាយ គឺលោកស្រី កើត យី រៀបរាប់ថា លោកស្រីបន់ស្រន់នៅថ្ងៃមាឃបូជាលើទឹកដីអង្គរនេះ គឺលោកស្រីសង្ឃឹមថា បុព្វបុរស និងដូនតា អាចជំរុញចិត្តតុលាការឲ្យដំណើរការក្ដីដោយយុត្តិធម៌ នាពេលសវនាការខាងមុខនេះ។ លោកស្រីទទូច និងស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់លើសកម្មជនទាំងនោះ និងដោះលែងពួកគេវិញ៖ « ខ្ញុំយល់ឃើញថា ទង្វើដែលលោកប្អូនខ្ញុំធ្វើនេះ វាមិនខុសនឹងច្បាប់ទេ។ លោកធ្វើដើម្បីប្រទេសជាតិទាំងមូល។ ឥឡូវប្រព័ន្ធតុលាការខ្ញុំមិនសូវមានជំនឿ បានខ្ញុំមកធ្វើពិធីបុណ្យស្រន់ ដើម្បីឲ្យតុលាការឲ្យដោះលែងឲ្យលោកប្អូនខ្ញុំ ដើម្បីឲ្យបានជួបជុំគ្រួសារ ហើយក៏លោកត្រូវការរៀនសូត្របន្ត » ។
តុលាការកំពូលបាន សម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនខ្មែរថាវរៈ មួយចំនួន ក្រោមហេតុផលថា ដើម្បីការពារជនជាប់ចោទមិនឱ្យប្រព្រឹត្តបទល្មើសជាថ្មី និងការពារសណ្ដាប់ធ្នាប់សាធារណៈ។
តុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏បានលើកពេលបើកសវនាការជំនុំជម្រះសំណុំរឿងរបស់ក្រុមយុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ជាច្រើនលើកច្រើនសារមកហើយ។ ទោះជាយ៉ាងណាតុលាការមួយនេះ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងពួកគេជាថ្មីម្ដងទៀត នៅក្នុងខែកុម្ភៈខាងមុខ ព្រមទាំងសវនាការករណីសុំនៅក្រៅឃុំរបស់ក្រុមយុវជនមាតាធម្មជាតិ៣រូប ដែលនឹងប្រព្រឹត្តទៅនៅដើមខែកុម្ភៈផងដែរ។ តុលាការបានចោទប្រកាន់ក្រុមយុវជនទាំងនោះ ពីបទផ្ដើមគំនិត និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក គុជ គឹមឡុង ដើម្បីសួរនាំបន្ថែមអំពីករណីនេះ នៅថ្ងៃទី២៨ មករា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ការបន់ស្រន់លើវត្ថុស័ក្ដិសិទ្ធិតាមប្រពៃណី ឬវប្បធម៌ខ្មែរនេះ គឺដោយសារពួកគេយល់ថា ក្រុមយុវជនទាំងនោះមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកទទូចឲ្យតុលាការគួរទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងក្រុមយុវជនទាំងនោះឲ្យមានសេរីភាពវិញ ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ អង្គការជាតិ និងអន្តរជាតិជាដើម៖ « គាត់នៅតែសង្ឃឹមថា យុត្តិធម៌នឹងមានសម្រាប់កូនគាត់ ហើយចង់ឲ្យតុលាការហ្នឹងមានដោះលែងកូនគាត់ឲ្យបានឆាប់ អ៊ីចឹងបានគាត់ធ្វើនេះទៅតាមជំនឿនៃវប្បធម៌ និងជំនឿទៅលើការជឿជាក់លើវត្ថុស័ក្ដិសិទ្ធិជាដើម។ សហគមន៍ជាតិមួយចំនួន និងសហគមន៍អន្តរជាតិហ្នឹងគេយល់ថា ការចាប់ និងការឃុំខ្លួនហ្នឹង គឺមានការប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ » ។
ក្រុមប្រទេសប្រជាធិបតេយ្យ សង្គមស៊ីវិលជាតិ-អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅតែស្នើយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងនេះ ហើយងាកមកគោរពសិទ្ធិពលរដ្ឋវិញ។ សហគមន៍ជាតិ និងអន្តរជាតិទាំងនោះគូសបញ្ជាក់ថា មានតែធ្វើបែបនេះ ទើបកម្ពុជាអាចចៀសផុតពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។