គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​ឪពុក​លោក ស៊ន តារា នៅ​ក្រៅ​ឃុំ

0:00 / 0:00

គ្រួសារ និង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​ឪពុក​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ព្រោះ​ពួកគាត់​ថា ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។

តុលាការ​កំពូល​គ្រោង​បើក​សវនាការ​លើ​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើ អតីត​ទាហាន​សឹក​រង​ខេត្ត​កំពង់​ស្ពឺ និង​ជា​ឪពុក​របស់​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត នៅ​ថ្ងៃ​ទី៥ ខែមីនា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន»។

ប្អូន​ប្រុស​របស់​លោក ស៊ន តារា គឺ​លោក ស៊ន សារ៉ាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​តាម​បណ្ដាញ​សង្គម​ស៊ីកណល (Signal) នៅ​ថ្ងៃ​ទី៤ ខែមីនា ថា បច្ចុប្បន្ន​ស្ថានភាព​សុខភាព​របស់​ឪពុក​លោក​ធម្មតា​ បើ​ទោះ​ជា​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​មាន​ជន​ជាប់​ឃុំ​ណែន​តាន់​តាប់​ក៏​ដោយ។ លោក​ថា គ្រួសារ​របស់​លោក​នឹង​ព្យាយាម​ដើរ​តាម​នីតិវិធី​ច្បាប់ ហើយ​លោក​សង្ឃឹម​ថា តុលាការ​នឹង​ដោះ​លែង​ឪពុក​របស់​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

អ្នក​អត្ថាធិប្បាយ​បញ្ហា​សង្គម និង​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម លោក ស៊ន តារា ដែល​រស់​នៅ​ប្រទេស​បារាំង​បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក ដែល​ហាក់​មាន​បំណង​ផ្ញើ​សារ​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថា អ្នក​ដែល​គ្រោង​បង្ហោះ​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូន ដែល​លោក ហ៊ុន សែន អះអាង​ថា ចង់​វាយ​ប្រហារ​លើ​ផ្ទះ​របស់​លោក​នោះ បែរ​ជា​អ្នក​ទាំង​នោះ មានសេរីភាព ខណៈ​ដែល​ឪពុក​របស់​លោក​ជា​ជន​ស្លូត​ត្រង់​ត្រូវ​ជាប់​ពន្ធនាគារ។ លោក​ថា ភាព​ខុស​គ្នា​ទាំង​ពីរ​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន គោរព​ឱ្យ​តម្លៃ​ឃាតក​ប៉ុនប៉ង​សម្លាប់​ក្រុម​គ្រួសារ​លោក ជាង​អ្នក​កាន់​អាវុធ​បម្រើ​ជាតិ បម្រើ​បក្ស​កាន់​អំណាច​និង​បម្រើ​ស្មោះស្ម័គ្រ​នឹង​លោក​ហ៊ុន សែន​ជាង៤០ឆ្នាំមក​ហើយ​នេះ។ លោក​ថា មូលហេតុ​នេះ​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ស្អប់​របប​អយុត្តិធម៌​នេះ ហើយ​សង្ឃឹម​ថា នឹង​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​ណា​មួយ។

កាល​ពី​ឆ្នាំ២០២៣ កន្លង​ទៅ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា​នឹង​ធ្វើ​ទុក្ខបុកម្នេញ​គ្រួសារ​ លោក ស៊ន តារា​ ដើម្បី​ជា​ការ​សងសឹក​ដែល​កាល​នោះ លោក ស៊ន តារា​ មិន​ព្រម​បញ្ឈប់​រិះគន់​រដ្ឋាភិបាល​រឿង​គ្មាន​លុយ​រៀប​ចំ​ពិធី​បុណ្យ​អុំទូក និង​ថា​យក​លុយ​ទៅ​រៀប​ចំ​ស៊ី​ហ្គេម ដោយ​មិន​គិត​គូរ​ពី​ពលរដ្ឋ​ក្រីក្រ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែមីនា។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា តុលាការ​គួរ​ពិចារណា​ដោះ​លែង​លោក សុខ ស៊ុនណារ៉េត​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​តុលាការ​នៅ​តែ​អាច​បន្ត​​ធ្វើ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​បាន។ ម្យ៉ាង​ទៀត លោកថា សំណុំ​រឿង​លោក សុខ ស៊ុនណារ៉េត ត្រូវ​បាន​មតិ​ជាតិ និង​អន្តរជាតិ​ថា​ជា​ការ​ចោទ​ប្រកាន់​ធ្វើ​ឡើង​ដោយ​សារ លោក ស៊ន តារា​ បន្ត​រិះគន់​មក​លើ​រដ្ឋាភិបាល។

លោក អំ សំអាត៖«លោក សុខ ស៊ុនណារ៉េត ជា​មួយ​លោក​ ស៊ន តារា ថា ដោយ​សារ​តែ​លោក ស៊ន តារា​ ជា​សកម្មជន​នយោបាយ​សកម្ម ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត អ៊ីចឹង​ទៅ ប្រសិន​​បើ​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ធ្វើ​បាន​ក៏​វា​បញ្ចៀស​នូវ​ការ​រិះ​គន់​ផ្សេង​ៗ​ច្រើន​ទៀត​ដែរ​ ហើយ​ដំណើរ​ការ​នៅ​តែ​ដំណើរ​ការ​ធម្មតា​​ដើម្បី​ជៀសវាង​ការ​រិះ​គន់​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ​អី​ជា​ដើម»។

ពលរដ្ឋ និង​អ្នកវិភាគ​ចាត់​ទុក​ថា​ករណី​ចាប់​ខ្លួន​ឪពុក​របស់​លោក ស៊ន តារា គឺ​ដូចគ្នា​នឹង​ករណី​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហៃ វណ្ណា នៅ​ប្រទេស​ជប៉ុន​ដែរ។ ពួក​គាត់ មើល​ឃើញ​ថា គោលបំណង​របស់​លោក ហ៊ុន សែន គឺ​ចង់​ឱ្យ​លោក ស៊ន តារា​ ធ្វើ​ដូច​លោក ហៃ វណ្ណា ដែល​បាន​ចេញ​វីដេអូ​សុំទោស​ និង​ចុះចូល​​ជា​មួយ​គណបក្ស​កាន់​អំណាច​ ដែល​ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ធ្វើ​ជា​ចំណាប់​ខ្មាំង។ ពួក​គាត់​យល់​ថា​លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ស្មោកគ្រោក​ ដោយ​មិន​ខ្លាច​ការ​រិះគន់​នេះ ព្រោះ​លោក តែង​តែ​ធ្វើ​បាន​ជោគជ័យ។ ប៉ុន្តែ លោក ហ៊ុន សែន និង​គ្រួសារ​របស់​លោក​ នឹង​ជាប់​ឈ្មោះ​អាក្រក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។