គ្រួសារ និងមេធាវីសង្ឃឹមថា តុលាការកំពូលនឹងទម្លាក់បទចោទលើសកម្មជនបក្សប្រឆាំង លោក គង់ សំអាន
2022.04.27
ក្រុមគ្រួសារ និងមេធាវីការពារក្ដីសង្ឃឹមថា តុលាការកំពូល នឹងចេញសាលដីកាមួយដែលយុត្តិធម៌សម្រាប់សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ដែលកំពុងជាប់ឃុំ គឺលោក គង់ សំអាន។ ការបង្ហាញក្តីសង្ឃឹមបែបនេះ គឺបន្ទាប់ពីតុលាការកំពូលបើកសវនាការលើបណ្ដឹងសារទុក្ខរបស់លោក គង់ សំអាន នៅថ្ងៃទី២៧ ខែមេសា ហើយគ្រោងនឹងប្រកាសសាលដីកា នៅដើមខែក្រោយ។ ក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំផ្សេងទៀត ក៏បាននាំគ្នាទៅលើកទឹកចិត្តនៅខាងមុខតុលាការ ហើយបន្ទាប់មកពួកគាត់ ទៅដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតអូស្ត្រាលីផងដែរ។
តុលាការកំពូលសម្រេចលើកពេលប្រកាសសាលដីកាលើសំណុំរឿងសកម្មជនបក្សប្រឆាំង លោក គង់ សំអាន ទៅថ្ងៃទី៤ ខែឧសភាខាងមុខ។ ក្រុមគ្រួសារ និងមេធាវីការពារក្ដីសង្ឃឹមថា សេចក្ដីសម្រេចរបស់តុលាការកំពូល នឹងមានការប្រែប្រួលប្រកបដោយយុត្តិធម៌ ខុសពីសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមក។
មេធាវីការពារក្ដីឲ្យលោក គង់ សំអាន គឺលោក សំ សុគង់ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការថា ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ នៅពេលសវនាការនេះ ប្រសិនបើតុលាការ បំពេញការងារដោយឯករាជ្យ ឥតលម្អៀង គឺកូនក្ដីរបស់លោក នឹងរួចផុតពីបទចោទប្រកាន់ ប៉ុន្តែបើតុលាការ មានភាពលម្អៀងនោះកូនក្តីរបស់លោក មិនសង្ឃឹម ទទួលបានយុត្តិធម៌ឡើយ ពោលគឺតុលាការ នឹងតម្កល់សំណុំរឿងទុកជាបានការដូចសំណុំរឿងនយោបាយផ្សេងៗ ទៀត៖ «ភស្តុតាងដែលតុលាការសំអាងនោះគឺលើតែវីដេអូ ក៏ដូចជាភស្តុតាងដែលផុសនៅលើគណនីហ្វេសប៊ុករបស់ជនជាប់ចោទហ្នឹង ពាក់ព័ន្ធនឹងការជួបជុំគ្នាហូបអាហារសាមគ្គី និងការហូបនំបញ្ចុកអីផ្សេងៗតែប៉ុណ្ណោះ។ ភស្តុតាងនេះ បើយើងយោងតាមមាត្រា៤៥៣ ដែលបទចោទរួមគំនិតក្បត់ មិនមែនជាភស្តុតាងដែលដាក់បន្ទុកគាត់រហូតដល់ពន្ធនាគាររហូតដល់៧ឆ្នាំទេ។ ភស្តុតាងនេះ វាមិនស៊ីជាមួយអង្គហេតុ ដូច្នេះតុលាការ គួរតែពិចារណា ឲ្យគាត់រួចផុតពីបទចោទ ហើយណាមួយគាត់ជាគ្រូបង្រៀន។គាត់មិនដែលក្បត់ជាតិទេ។ គាត់ស្រលាញ់ជាតិ បម្រើជាតិ»។
សវនាការនេះ តុលាការបានអនុញ្ញាតឱ្យគ្រួសាររបស់លោក គង់ សំអាន រួមមានប្រពន្ធ និងកូនៗ របស់លោក បានចូលស្ដាប់សវនាការ។
កូនស្រីរបស់លោក គង់ សំអាន គឺលោកស្រី គង់ មុយលី រៀបរាប់ថា នៅក្នុងបន្ទប់សវនាការ គឺឪពុករបស់លោកស្រី បានឡើងនិយាយពីបញ្ហាទុក្ខលំបាកក្នុងពន្ធនាគារទាំងអួលដើមក និងស្នើសុំឲ្យតុលាការ ដោះលែងគាត់ឲ្យមានសេរីភាពវិញ ព្រោះគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ដើម្បីឲ្យគាត់បានទៅព្យាបាលជំងឺផ្សេងៗ ដូចជា ឈឺធ្មេញ ជំងឺលើសឈាម និងជំងឺក្រពះជាដើម៖ «ខ្ញុំសូមសំណូមពរឲ្យខាងតុលាការ មេត្តាដោះលែង គាត់ ឲ្យគាត់មានសេរីភាព ព្រោះគាត់គ្មានកំហុសអ្វីនោះទេ។ គាត់ជាគ្រូបង្រៀនស្អាតស្អំ មិនគួរណាយកគាត់មកឃុំឃាំងអ៊ីចឹងទេ វាអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំណាស់។ សូមលោកពិចារណាដោះលែងគាត់ នៅថ្ងៃទី៤ ខែ៥»។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី២៧ មេសា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
លោក គង់ សំអាន អាយុ ៧០ឆ្នាំ គឺជាសមាជិកក្រុមប្រឹក្សាស្រុកមេមត់នៃគណបក្សសង្គ្រោះជាតិ។លោកត្រូវបានអាជ្ញាធរ ចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០២០។ តុលាការខេត្តត្បូងឃ្មុំបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន ៧ឆ្នាំពីបទរួមគំនិតក្បត់។ ទោសទណ្ឌនេះដោយសារតែគាត់ចូលរួមហូបនំបញ្ចុកសាមគ្គីជាមួយសកម្មជនដទៃទៀតនៃបក្សប្រឆាំង និងការលើកម្រាមដៃស្អាតក្នុងពេលបោះឆ្នោតឆ្នាំ២០១៨ ព្រមទាំងការបន្តគាំទ្រថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាដើម។ លោក គង់ សំអាន ក៏ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ខែក្នុងសំណុំរឿងផ្សេងទៀតដែរពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការតវ៉ាទាមទារឱ្យដោះលែងមេសហជីពលោក រ៉ុង ឈុន កាលពីឆ្នាំ២០២០។ ប៉ុន្តែសំណុំរឿងនេះ លោកបានអនុវត្តទោសរួចហើយ នៅឡើយតែសំណុំរឿងរួមគំនិតក្បត់។
សវនាការសំណុំរឿងលោក គង់ សំអាន នៅព្រឹកថ្ងៃទី២៧ ខែមេសា ក៏មានសកម្មជនបក្សប្រឆាំងមកពីខេត្តត្បូងឃ្មុំ និងក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណ ២០នាក់ ដែលជាប្រពន្ធ និងកូនៗ របស់សកម្មជននយោបាយកំពុងជាប់ឃុំ នាំគ្នាទៅលើកទឹកចិត្តដល់រូបលោក នៅខាងមុខតុលាការកំពូលដែរ។ក្រោយតុលាការចប់សវនាការភ្លាម ក្រុមស្ត្រីថ្ងៃស្រុក ក៏បាននាំគ្នាដើរដង្ហែក្បួនថ្មើរជើងចេញពីមុខតុលាការកំពូលឆ្ពោះទៅដាក់ញត្តិ នៅស្ថានទូតអូស្ត្រាលី ដែលជិតរដ្ឋសភា។ ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាដើរផងស្រែកទាមទារយុត្តិធម៌ផង និងមានកាន់ផ្ទាំងបដាដ៏ធំមួយដែលសរសេរថាយុត្តិធម៌ ត្រូវតែមានដល់អ្នកស្នេហាជាដាច់ខាត។
ដូចសព្វមួយដងការអនុវត្តសិទ្ធិដើរទាមទារយុត្តិធម៌នេះ ក៏ត្រូវបានក្រុមសមត្ថកិច្ច និងសន្តិសុខក្រុងភ្នំពេញជាច្រើននាក់ ព្យាយាមរារាំង រុញច្រាន និងស្រែកសម្លុតលើស្ត្រីទាំងនោះដែរ ប៉ុន្តែពុំមានហិង្សាលើរាងកាយធ្ងន់ធ្ងរឡើយ។ ទោះជាយ៉ាងណាក្ដី ក្រុមស្ត្រី ថ្ងៃសុក្រ នៅតែជម្នះដើរទៅមុខរហូតបានដាក់ញត្តិជូនស្ថានទូតអូស្ត្រាលីដោយជោគជ័យ។
តំណាងក្រុមស្ត្រីថ្ងៃស្រុក និងជាប្រពន្ធរបស់សកម្មជនបក្សសង្គ្រោះជាតិកំពុងជាប់ឃុំ លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា លើកឡើងថា មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្ត្រាលី បានចេញមកទទួលញត្តិពីពួកគាត់ដោយក្តីស្វាគមន៍។ លោកស្រីបញ្ជាក់ថា គោលបំណងនៃការដាក់ញត្តិនេះ ក្រុមស្ត្រីថ្ងៃស្រុក អំពាវនាវឲ្យឯកអគ្គរដ្ឋទូតអូស្ត្រាលី ជួយអន្តរាគមន៍ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្ដី និងឪពុករបស់ពួកគាត់ឲ្យមានសេរីភាព ដើម្បីមានឱកាសព្យាបាលជំងឺ និងថែទាំសុខភាព ព្រមទាំងចាប់ផ្ដើមជីវភាពនយោបាយឡើងវិញ ខណៈការបោះឆ្នោតឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។ លោកស្រីឲ្យដឹងថា មន្ត្រីស្ថានទូតអូស្ត្រាលី បានសន្យាថា នឹងបន្តលើកឡើងនូវសំណើរបស់ពួកគាត់ទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានដំណោះស្រាយ៖ «សុំឲ្យអូស្ត្រាលីជួយជំរុញឲ្យមានការដោះលែង មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។មួយទៀត គាត់ក៏ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលាដែរ ព្រោះគាត់ជាប្រទេសមួយ ដែលជួយកម្ពុជាច្រើនដូច្នេះ សូមជួយអ្វីក៏ដោយឲ្យមានលក្ខខណ្ឌ កុំចេះតែជួយៗ ហើយ ប្រជាពលរដ្ឋកម្ពុជា អត់មានសេចក្ដីសុខ ជាពិសេស ធ្វើបាបតែគណបក្សនយោបាយ សង្គ្រោះជាតិ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពនយោបាយនៅអាប់អួដូចរាល់ថ្ងៃនេះ លោក ហាក់ដូចជាពិបាកសង្ឃឹមថា សកម្មជននយោបាយបក្សប្រឆាំង អាចនឹងទទួល បានសេរីភាពឡើងវិញឡើយ។ ប៉ុន្តែ លោកយល់ថា ការបន្តឃុំខ្លួនលើសកម្មជននយោបាយទាំងនេះឲ្យរងទុក្ខវេទនាក្នុងពន្ធនាគារទាំងអយុត្តិធម៌នេះ គ្មានផលចំណេញសម្រាប់ជាតិឡើយ ហើយរដ្ឋាភិបាលនឹងបន្តទទួលរងការរិះគន់ និងសម្ពាធពីសហគមន៍អន្តរជាតិថែមទៀត៖ «បើបរិយាកាសនយោបាយនៅតែបន្តរបៀបនេះ ខ្ញុំយល់ថា ការផ្តល់ជំនួយផ្សេងៗ ពាក់ព័ន្ធនឹងការបោះឆ្នោត ជំនួយផ្សេងៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍនានា ឬក៏ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មអីផ្សេងៗ ក៏មានបញ្ហា ជាមួយនឹងបណ្តាប្រទេសលោកសេរី ដែលគេធ្លាប់ជួយកម្ពុជាយើងកន្លងមក។កន្លងមក យើងឃើញហើយដូចជារឿង EBA រឿង GSP អីជាដើម។ដូច្នេះបរិយាកាស នេះ ខ្ញុំគិតថា បើមិនមានបើកនូវលំហហ្នឹងទេ កម្ពុជាយើង អាចនឹងរងសម្ពាធ ឬអាចនឹងរងការរិះគន់ពីសហគមន៍ជាតិ-អន្តរជាតិបន្តទៀត ក្នុងន័យគេចង់ឲ្យកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប្រមាណ ៦០នាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ក្នុងនោះសកម្មជនមួយចំនួនត្រូវបានតុលាការកាត់ក្ដីដាក់ពន្ធនាគារពី៥ឆ្នាំទៅ៧ឆ្នាំ។ ករណីសកម្មជនខ្លះទៀត តុលាការកាត់ទោស៥ ប៉ុន្តែឱ្យអនុវត្តទោស ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ព្យួរ។ តុលាការកំពុងបើកសវនាការលើសកម្មជនមួយចំនួនទៀត ពីបទញុះញង់ រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ២០១៩ និងយុទ្ធនាការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសកាលពីឆ្នាំ២០១៨។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុកការឃុំសកម្មជនទាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។