គ្រួសារ​សព​អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ត្បូង​ឃ្មុំ អំពាវនាវ​រក​យុត្តិធម៌

ដោយ មាន ឫទ្ធិ
2022.10.17
Share on WhatsApp
Share on WhatsApp
គ្រួសារ​សព​អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ត្បូង​ឃ្មុំ អំពាវនាវ​រក​យុត្តិធម៌ (រូបតំណាង) គណបក្ស ភ្លើងទៀន ក្នុង​ពិធី​បើក​ទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​គណបក្ស ប្រចាំ​ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២១។
រូប៖ គណបក្សភ្លើងទៀន

គ្រួសារ​សព​អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន​ម្នាក់ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខេត្តត្បូងឃ្មុំ អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​ជួយ​វែក​មុខ​រក​ឃាតក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ការ​អំពាវនាវ​នេះ កើត​មាន​ឡើង​ក្រោយ​ពី​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់សម្លាប់ ក្នុង​ពេល​កំពុង​រក​ត្រី កាល​ពី​ទាប​ភ្លឺ​ថ្ងៃអាទិត្យ ទី១៦ ខែតុលា។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន នៅ​មិន​ទាន់​អាច​បញ្ជាក់​សំណុំរឿង​នេះបាន​ថា តើ​​​ជា​ករណី​ឃាតកម្ម​នយោបាយ ឬ​យ៉ាង​ណា​នោះ​ទេ។

ជន​រង​គ្រោះ​ជា​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នោះ​ មាន​ឈ្មោះ ប៉ូ ហ៊ីនលាន ភេទ​ប្រុស អាយុ ៤៩ឆ្នាំ ជា​អ្នក​ភូមិ​ព្រីង ឃុំចក ស្រុក​អូរាំងឪ។ ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​កូន ៣នាក់​ក្នុង​បន្ទុក។

ប្រពន្ធ​ជន​រង​គ្រោះ លោកស្រី វេន គឹមយី ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ល្ងាច​ថ្ងៃ​ទី១៧ ខែតុលា​ថា ប្តី​លោកស្រី​ត្រូវ​បាន​គេ​បាញ់​ចំនួន ៣គ្រាប់​ពី​ក្រោយ​ខ្នង បណ្ដាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ កាល​ពី​ម៉ោង​ប្រមាណ ៣កន្លះ ទៀប​ភ្លឺ ថ្ងៃអាទិត្យ ទី១៦ ខែតុលា។ លោកស្រី​ថា ករណី​បាញ់​សម្លាប់​នេះ កើត​មាន​ឡើង​ក្នុង​ពេលដែល​ប្ដី​លោកស្រី​បាន​ចេញ​ទៅ​រក​ត្រី​នៅ​តាម​វាលស្រែ ចម្ងាយ​ប្រមាណ ២គីឡូម៉ែត្រពីផ្ទះ។ ប្រពន្ធ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា ប្ដី​លោកស្រី​ជា​មនុស្ស​ស្លូត​ត្រង់ មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ម្នាក់​ទេ ហើយ​តែងតែ​ទទួល​បាន​នូវ​ការ​ស្រឡាញ់​រាប់អាន​ពី​អ្នក​ជិត​ខាង។ លោកស្រី​សំណូមពរ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​វែក​មុខ​រក​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​មិន​ដឹង​ជា​សង្ស័យ​អ្នក​ណា​ទេ ពីព្រោះ​អី​ខ្ញុំ​អត់​បាន​ឃើញ។ ខ្ញុំ​សួរ​ប៉ូលិស​ថា តើ​បាញ់​ប្ដី​ខ្ញុំ តើ​ជា​អ្នក​ណា? ដល់​រួច​ទៅ​ប៉ូលិស​គាត់​បាន​និយាយ​ថា សន្តិសុខ​ភូមិ​អ្នក​បាញ់។ ខ្ញុំ​ថា មិន​មែន​សន្តិសុខ​ភូមិ​អ្នក​បាញ់​ទេ ព្រោះ​អី​សន្តិសុខ​ភូមិ គាត់​អត់​មាន​កាំភ្លើង​ទេ។ ប៉ូលិស​បាន​គាត់​មាន​កាំភ្លើង។ អ៊ីចឹង គាត់​អត់​និយាយ​ជាមួយ​ខ្ញុំ​ទៀត​ទេ។ និយាយ​តែ​ប៉ុណ្ណឹង គាត់​អត់​និយាយ​អី​វែង​ឆ្ងាយ​ទៀត​ទេ។ ខ្ញុំ​ចង់​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ដោយ​វែក​មុខ​រក​ជន​ល្មើស ដែល​សម្លាប់​ប្ដី​ខ្ញុំ​ឱ្យ​ខាង​តែ​បាន។ ខ្ញុំ​គ្មាន​ពាក្យពេចន៍​អី​និយាយ​ទៀត​ទេ»

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា បច្ចុប្បន្ន​លោកស្រី និង​ក្រុម​គ្រួសារ​កំពុង​ត្រៀម​រៀបចំ​បុណ្យ​គម្រប់​ខួប ៧ថ្ងៃ​ឱ្យ​ប្ដី​តាម​ប្រពៃណី។

មេ​ប៉ុស្តិ៍​ឃុំចក លោក អន សំអុន បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​ឃាតកម្ម​នេះ​ទេ ដោយ​រុញ​ឱ្យ​ទៅ​សួរ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​វិញ៖ «ឥឡូវ បើសិនជា​បង​ចង់​បាន​ព័ត៌មាន បង​ទាក់ទង​ទៅ​ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្តត្បូងឃ្មុំ ពីព្រោះ​ខ្ញុំ​ខាង​នេះ ករណី​រឿង​នេះ ក៏​ខ្ញុំ​អត់​បាន​សាកសួរ​ទៅ​លើ​ជន​ណា​ម្នាក់​ឡើយ ដោយសារ​ខាង​ជំនាញ គេ​ធ្វើ​នីតិវិធី​ឡើង​ទៅ​លើ​អស់​ហើយ»

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ស្រុក​អូរាំងឪ លោក វង់ សុភី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៧ ខែតុលា។ រីឯ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ុន មាគ៌ា បាន​ចុច​ផ្ដាច់​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃ​ដដែល។

ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ប្រាប់ វិទ្យុ​អាស៊ី​សេរី ថា លោក​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ករណី​នេះ​ថា ជា​ឃាតកម្ម​នយោបាយ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​មុន​សិន៖ «បើ​តាម​យើង​ស្ដាប់​ហេតុផល​ទៅ វា​មិន​គួរ​ដល់​ថ្នាក់​បែប​ហ្នឹង។ ត្រឹម​តែ​ខាង​ប្រជា​ការពារ​អី មាន​កាំភ្លើង​រហូត​ទៅ​ដល់​បាញ់​ប្រជាពលរដ្ឋ វា​ដូច​ជា​អនាធិបតេយ្យ​ពេក​ហើយ។ ដូច្នេះ ខ្ញុំ​យល់​ថា ត្រូវតែ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់លាស់ ដើម្បី​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស កុំ​ឱ្យ​ធ្វើ​បែប​នេះ​តទៅ​ទៀត គ្រាន់​តែ​ប្រជាពលរដ្ឋ មិន​ថា សកម្មជន​ទេ សូម្បី​តែ​ប្រជាពលរដ្ឋ ក៏​យើង​មិន​ត្រូវ​ធ្វើ​បែប​នេះ​ដែរ គ្រាន់​តែ​គាត់​ទៅ​រក​ត្រី រក​អី​ដើម្បី​ចិញ្ចឹម​ជីវិត។ អ្នក​ក្រីក្រ ហើយ​ទៅ​ធ្វើ​បែប​នេះ វា​អយុត្តិធម៌​ខ្លាំង​ណាស់»

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្តត្បូងឃ្មុំ និង​ខេត្តកំពង់ចាម លោក ឡេង សេងហាន ទទូច​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ឱ្យ​ស្វែងរក​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន និង​ផ្តល់​សំណង​ទៅ​ឲ្យ​សាច់ញាតិ​ជន​រង​គ្រោះ​ប្រកប​ដោយ​យុត្តិធម៌៖ «យើង​យល់​ឃើញ​ថា អំពើ​ឃាតកម្ម​នេះ គឺ​ជា​អំពើ​មួយ ដែល​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់ ដែល​បាន​ចែង ដែល​កំពុង​ចូល​ជា​ធរមាន​នៅ​កម្ពុជា ហើយ​ជា​ការ​ស្នើ​ទទូច​ដែរ សូម​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់​ការ​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ទៅ ហើយ​ផ្តល់​សំណង​ទៅ​ឲ្យ​សាច់ញាតិ​ជន​រង​គ្រោះ​ដោយ​យុត្តិធម៌ ដែល​គាត់​អាច​ទទួល​យក​បាន»

កន្លងទៅ មាន​ករណី​ហិង្សា​ជា​ច្រើន​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រម្លាយ​ចោល ព្រម​ទាំង​គណបក្ស​ភ្លើង​ទៀន ជា​ពិសេស នៅ​មុន និង​ក្រោយ​រដូវ​កាល​បោះ​ឆ្នោត​ម្ដងៗ។ ជន​រង​គ្រោះ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ពិការ​អស់​មួយ​ជីវិត ខ្លះ​ទៀត ត្រូវ​បាន​គេ​លួច​វាយ​ធ្វើ​បាប ​រួច​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក ហើយ​ខ្លះ​ទៀត ត្រូវ​បាន​ជន​ល្មើស​កាប់​សម្លាប់​ក្នុង​ថ្លុក​ឈាម ដូច​ជា ករណី​លោក ស៊ិន ខុន នៅ​ភ្នំពេញ ជា​ដើម។ អាជ្ញាធរ​តែង​បដិសេធ​ករណី​ឃាតកម្ម​ទាំង​នោះ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ និង​ថា សមត្ថកិច្ច​មិន​អាច​ចាប់​ជន​ដៃដល់​បាន​ ដោយសារ​តែ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់។ ក៏​ប៉ុន្តែ ការ​បកស្រាយ​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ រិះគន់​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដល់​សកម្មជន​នយោបាយ ដែល​ជា​ជន​រង​គ្រោះ​ទេ។ ពួក​គេ​ថា ហេតុការណ៍​ទាំង​នេះ បង្កើត​ឱ្យ​មាន​ជា​អំពើ​និទណ្ឌភាព​បន្ថែម​ទៀត​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។