អ្នកនាំពាក្យរដ្ឋាភិបាលថា លោក អ៊ុក ទូច បើនៅកម្ពុជាអាចនឹងជាប់ទោសពីបទប្រមាថលោក ហ៊ុន សែន
2022.10.25

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមិនសុខចិត្តទេ ដែលសហរដ្ឋអាមេរិកមិនមានចំណាត់ការផ្លូវច្បាប់ណាមួយ លើលោក អ៊ុក ទូច ដែលយកស្បែកជើងគប់តម្រង់ក្បាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។ លោក ផៃ ស៊ីផាន ថា ប្រសិនបើលោក អ៊ុក ទូច នៅប្រទេសកម្ពុជាអាចនឹងជាប់ទោសពីបទ ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ឲ្យដឹងកាលពីយប់ថ្ងៃទី២៥ តុលាថា សហរដ្ឋអាមេរិកមិនដាក់ទោសលោក អ៊ុក ទូច នោះ គឺជាបរិបទច្បាប់របស់សហរដ្ឋអាមេរិក ប៉ុន្តែបើនៅប្រទេសកម្ពុជាវិញ លោក អ៊ុក ទូចនឹងមិនអាចគេចវេះពីផ្លូវច្បាប់ឡើយ។
លោក ផៃ ស៊ីផាន បានចាត់ទុកទង្វើរបស់ លោក អ៊ុក ទូច ថា ជាទង្វើអសីលធម៌៖ «...»។
ទោះបីជាយ៉ាងនេះក្ដី នៅពេលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីសួរលោក ផៃ ស៊ីផាន ថា ប្រសិនបើនៅកម្ពុជាវិញ តើតុលាការកម្ពុជានឹងកាត់ទោសលោក អ៊ុក ទូច កម្រិតណា?
លោក ផៃ ស៊ីផាន បដិសេធមិនឆ្លើយទេ ដោយបង្វែរឲ្យសួរមេធាវី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមេធាវី គី តិច ជំនួសវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមេធាវី លោក ហ៊ុន សែន គឺលោក គី តិច ដើម្បីសុំសួរអំពីបញ្ហានេះបានទេ កាលពីយប់ថ្ងៃទី២៥ តុលា។
ប៉ូលិសសហរដ្ឋអាមេរិកបានយកស្បែកជើងរបស់លោក អ៊ុក ទូច ដែលលោកយកគប់តម្រង់ក្បាលលោក ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីថ្ងៃទី១១ ឧសភានោះ ផ្ញើជូនលោក អ៊ុក ទូច ដល់គេហដ្ឋានរបស់លោកនៅរដ្ឋកាលីហ្វូ័រញ៉ា (California) សហរដ្ឋអាមេរិក។
លោក អ៊ុក ទូច បញ្ជាក់ថា លោកនឹងលក់ស្បែកជើងនេះ ដោយដាក់ឲ្យដេញថ្លៃក្នុងតម្លៃ ១លានដុល្លារសហរដ្ឋអាមេរិក។ លោកអះអាងថា នឹងយកលុយបានពីការលក់ស្បែកជើងនេះ ទៅចែកជូនអ្នកអត់ឃ្លាន និងអ្នកតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «»។
ពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់បានយកស្បែកជើងគប់តម្រង់ទៅលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលដែលលោកកំពុងសំណេះសំណាល និងថតរូបជាមួយអ្នកគាំទ្រនៅមុនពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១១ ឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងពេលថ្ងៃម៉ោងនៅសហរដ្ឋអាមេរិក។ លោក អ៊ុក ទូច អះអាងថា មូលហេតុដែលលោកធ្វើបែបនេះ ដោយសារទ្រំាមិនបានដោយសារតែ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានសម្លាប់សាច់ញាតិរបស់លោក និងពលរដ្ឋខ្មែរជាច្រើននាក់ទៀត។
ក្រោយពីលោក ហ៊ុន សែន ត្រឡប់ទៅដល់កម្ពុជាវិញ លោកនាយករដ្ឋមន្ត្រី ខឹងលោក អ៊ុក ទូច យ៉ាងខ្លាំង ដោយលោកបានចោទសួរសហរដ្ឋអាមេរិកថា តើករណីគប់ស្បែកជើងមកលើរូបលោកនៅឯសហរដ្ឋ-អាមេរិកនោះ ជាសិទ្ធិបញ្ចេញមតិ ឬជាហិង្ស?។ លោក ហ៊ុន សែន ព្រមានថា ប្រសិនបើករណីនេះ អាមេរិកចាត់ទុកជាសិទ្ធិបញ្ចេញមតិ នៅកម្ពុជាវិញ ក៏អាចធ្វើបានដែរ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Chad Roedemeier កាលពីខែឧសភា មិនឆ្លើយតបនឹងសំណួរអ្នកកាសែតពាក់ព័ន្ធនឹងករណីនេះទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋអាស៊ានដទៃទៀត ដែលបានទៅចូលរួមប្រជុំនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានប្រកបដោយជោគជ័យ។
ទោះជាយ៉ាងណាអ្នកជំនាញច្បាប់អន្តរជាតិ និងកិច្ចការនយោបាយកញ្ញា សេង ធារី ធ្លាប់ឲ្យវិទ្យុអាស៊ីសេរី នៅមុនពេលតុលាការចាប់ខ្លួនកញ្ញាថា ការគប់ស្បែកជើងនេះ ប្រសិនបើមិនប៉ះពាល់ទៅលើលោកហ៊ុន សែន នោះទេ គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលមិនពេញចិត្តនឹងការដឹកនាំរបស់លោកហ៊ុន សែន៖
«លោក ហ៊ុន សែន ដឹងថា ប្រសិនបើគាត់ទៅជាន់ដីសហរដ្ឋអាមេរិកគាត់នឹងជួបប្រទះអ្នកតវ៉ាប្រឆាំងគាត់។ បើអីចឹងគាត់បានត្រៀមមុនតាមមនុស្សដែលគាត់អាចទិញបានគាត់ អាចលោមបានតាមលុយក្ដីតាមឋានៈក្ដី។ ខ្ញុំបានឃើញរូបភាពតាមហ្វេសប៊ុករបស់គាត់ហើយខ្ញុំបានចាប់អារម្មណ៍ថា មានអ្នកចូលរួមច្រើន តែរបបផ្ដាច់ការនេះក៏មានលុយនៅក្នុងការជួលមនុស្សដែរ។ គេជួលឱ្យម្នាក់ ១០០ដុល្លារម្នាក់ ៥០០ដុល្លារ ចំពោះរបរផ្ដាច់ការនេះអត់មានបញ្ហាទេ ព្រោះជារបបផ្ដាច់ការផងហើយជារបបពុករលួយផង»។
លោក អ៊ុក ទូច ឲ្យដឹងថា រយៈពេលពីរអាទិត្យ ក្រោយពីលោក បានគប់ស្បេកជើងតម្រង់លោកក្បាលលោក ហ៊ុន សែននោះ គឺនៅក្នុងខែមិថុនា ប៉ូលីសស៊ើបអង្កេតសម្ងាត់បានទៅជួបលោក ដល់ផ្ទះ សួរនាំលោកអំពីមូលហេតុដែលលោកយកស្បែកជើងគប់លោក។ រហូតដល់ថ្ងៃប៉ូលិសបានផ្ញើស្បែកជើងប្រគល់លោកដល់ផ្ទះវិញ នៅក្នុងខែតុលានេះ តុលាការ ឬ ប៉ូលិសសហរដ្ឋអាមេរិកមិនមានចំណាត់ការផ្លូវច្បាប់ណាមួយលើលោកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។