ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើកិច្ចការតម្លាភាពគណនេយ្យភាព និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសម៉ិកស៊ីកូ ជិត ១០០នាក់ បានមកជួបពិភាក្សាគ្នានៅសណ្ឋាគារសាន់វ៉េ (Sunway) ក្នុងរាជធានីភ្នំពេញ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ តុលា ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អស្ដីពីភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (Open Government Partnership) ឬហៅកាត់ជាភាសាអង់គ្លេសថា អូជីភី (OGP) ដើម្បីផ្សព្វផ្សាយពីគុណតម្លៃ យន្តការ គោលបំណង និងសហគមន៍របស់ អូជីភី ជូនដល់រដ្ឋាភិបាលកម្ពុជា។
អង្គការសង្គមស៊ីវិលធំៗចំនួន៥ លើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជា ឲ្យចូលរួមជាសមាជិក ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ អូជីភី។
ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយអូជីភី ជាកម្មវិធីមួយដែលជួយលើកកម្ពស់ឲ្យមានការជឿទុកចិត្តគ្នារវាងដៃគូអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាល រដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិល និងអង្គការសង្គមស៊ីវិលជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ហើយអូជីភី នេះ ក៏ធានាឲ្យមានតម្លាភាព គណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អ បំបាត់អំពើពុករលួយ។ សព្វថ្ងៃនេះ មានប្រទេសចំនួន៦៣ នៅលើពិភពលោកជាសមាជិកសមាគមរបស់អូជីភី។
ក្រុមអង្គការសង្គមស៊ីវិល រួមមាន គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) សមាគមយុវជនខ្មែរ (KYA) អង្គការសីលការ និងអង្គការតម្លាភាពអន្តរជាតិ (TI) ចង់ឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាចូលជាសមាជិកនេះ ដោយសង្ឃឹមថា កម្ពុជា អាចមានតម្លាភាព គណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អ គ្មានអំពើពុករលួយ។
សារសំខាន់ទី១ គឺបង្កើនទំនុកទុកចិត្តយ៉ាងខ្លាំងក្លាក្នុងសំណាក់រាជរដ្ឋាភិបាល ខ្លួនឯងផ្ទាល់ និងប្រជាជនដែលជាម្ចាស់ឆ្នោតនៅក្នុងការសម្រេចជោគវាសនាក្នុង ប្រទេស។ ទី២ លើកកម្ពស់កិត្តិយសកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសជាតិ ព្រោះកាលណាយើងក្លាយជាសមាជិកអូជីភី បានន័យថា ជារដ្ឋាភិបាលមួយមានការទទួលខុសត្រូវ ជារដ្ឋាភិបាលមានតម្លាភាព ជារដ្ឋាភិបាលមានការផ្ដួចផ្ដើម។ ទី៣ លើកកម្ពស់នូវភាពសមភាព បានន័យថា ពលរដ្ឋកម្ពុជា ត្រូវបានគោរពស្រឡាញ់ស្មើៗគ្នា និងផ្តល់ឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍ ឬបានផលពីការអភិវឌ្ឍ។ ទី៤ គឺកំណើនសេដ្ឋកិច្ច គឺជាឱកាសសំខាន់បំផុតបើកចំហយ៉ាងសំខាន់ និងផ្តល់អាទិភាពដល់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និងចុងក្រោយ គឺធានានូវនិរន្តរភាពក្នុងការអភិវឌ្ឍ។
នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន គិតថា ប្រសិនបើកម្ពុជា ចូលរួមជាសមាជិកអូជីភី នេះ គឺកម្ពុជា អាចមានអត្ថប្រយោជន៍ជាច្រើន៖ «សារសំខាន់ទី១ គឺបង្កើនទំនុកទុកចិត្តយ៉ាងខ្លាំងក្លាក្នុងសំណាក់រាជរដ្ឋាភិបាលខ្លួនឯងផ្ទាល់ និងប្រជាជនដែលជាម្ចាស់ឆ្នោតនៅក្នុងការសម្រេចជោគវាសនាក្នុងប្រទេស។ ទី២ លើកកម្ពស់កិត្តិយសកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសជាតិ ព្រោះកាលណាយើងក្លាយជាសមាជិកអូជីភី បានន័យថា ជារដ្ឋាភិបាលមួយមានការទទួលខុសត្រូវ ជារដ្ឋាភិបាលមានតម្លាភាព ជារដ្ឋាភិបាលមានការផ្ដួចផ្ដើម។ ទី៣ លើកកម្ពស់នូវភាពសមភាព បានន័យថា ពលរដ្ឋកម្ពុជា ត្រូវបានគោរពស្រឡាញ់ស្មើៗគ្នា និងផ្តល់ឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍ ឬបានផលពីការអភិវឌ្ឍ។ ទី៤ គឺកំណើនសេដ្ឋកិច្ច គឺជាឱកាសសំខាន់បំផុតបើកចំហយ៉ាងសំខាន់ និងផ្តល់អាទិភាពដល់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និងចុងក្រោយ គឺធានានូវនិរន្តរភាពក្នុងការអភិវឌ្ឍ»។
ទាក់ទងបញ្ហានេះ អ្នកវិភាគសង្គម លោក កែម ឡី ឲ្យដឹងថា អូជីភី គឺជាឧបករណ៍ថ្មីមួយក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អ ឲ្យមានតម្លាភាព គណនេយ្យភាពក្នុងសង្គម ដើម្បីឈានទៅបំបាត់អំពើពុករលួយ។ លោកបន្តថា បើមើលតាមក្របខ័ណ្ឌច្បាប់ និងគោលការណ៍នានា កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ចូលរួមជាសមាជិកអូជីភីនេះ សំខាន់ គឺនៅត្រង់ថា រដ្ឋាភិបាលព្រមស្ម័គ្រដាក់ចិត្តចូលរួមក្នុងអូជីភី នេះ ឬក៏អត់?
លោកបន្តថា រដ្ឋាភិបាលអាចចំណេញពីការចូលរួមជាសមាជិកនេះ ដោយអាចជួយជំរុញបន្ថែមនូវកំណែទម្រង់រដ្ឋសំខាន់ៗ រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រោះអូជីភី គឺជាឧបករណ៍អន្តរប្រទេស អន្តរតំបន់ ហើយសមាសភាពសំខាន់ៗក្នុងអូជីភី គឺអាចជួយទាំងរដ្ឋាភិបាល និងអាចជួយដល់យន្តការអាស៊ានផង៖ «រដ្ឋាភិបាលត្រូវសិក្សាអូជីភី ឲ្យច្បាស់ដែរ ថាវាជួយរដ្ឋាភិបាល ឬសម្លាប់រដ្ឋាភិបាល។ តាមពិត វាជាឧបករណ៍មួយជួយពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល ទាក់ទងទៅនឹងអភិបាលកិច្ចល្អទូទៅតែម្តង»។
ដើម្បីអាចចូលជាសមាជិកសមាគមរបស់ អូជីភី បាន កម្ពុជា ត្រូវមានលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៤។ ទី១ ត្រូវមានតម្លាភាពថវិកា គឺធ្វើយ៉ាងណាឲ្យថវិកាជាតិ និងថវិកាថ្នាក់ក្រោមជាតិមានតម្លាភាព ក្នុងការធ្វើផែនការថវិកា និងការចាត់ចែងគ្រប់គ្រងថវិកាជាសាធារណៈ ដោយបើកចំហឲ្យសាធារណជនដឹង។ ទី២ ការទទួលបានព័ត៌មាន និងបើកចំហព័ត៌មាន។ ទី៣ ការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ និងទី៤ ការចូលរួមពាក់ព័ន្ធពីពលរដ្ឋ។
យ៉ាងណា អំពើពុករលួយនៅកម្ពុជា ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា កំពុងតែជាសត្រូវចំពោះការអភិវឌ្ឍប្រទេស ហើយអាចជាការរាំងស្ទះមួយដល់ដំណើរចូលជាសមាជិក អូជីភី។ ប្រទេសកម្ពុជា ឈរលំដាប់ទី១៦០ ក្នុងចំណោមប្រទេស១៧៥ លើពិភពលោក ដែលមានអំពើពុករលួយខ្លាំងជាងគេ។ នេះ បើតាមការស្រាវជ្រាវរបស់អង្គការតម្លាភាពអន្តរជាតិកាលពីឆ្នាំ២០១៣។
យ៉ាងណា នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី គិតថា រដ្ឋាភិបាលកម្ពុជា នៅតែអាចត្រៀមខ្លួនចូលជាសមាជិក អូជីភី បាន ប៉ុន្តែត្រូវយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់ច្បាប់មួយចំនួន ដូចជា ច្បាប់ប្រឆាំងអំពើពុករលួយត្រង់ចំណុចប្រកាសទ្រព្យសម្បត្តិជាសម្ងាត់។ លោកបញ្ជាក់ថា ប្រទេសផ្សេងៗដែលប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព មិនដែលប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ទេ គឺត្រូវប្រកាសសាធារណៈ។ មួយទៀត កម្ពុជា ត្រូវមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ការពារសាក្សី ដើម្បីជំរុញឲ្យពលរដ្ឋមានភាពក្លាហាន និងឆន្ទៈចូលរួមប្រឆាំងអំពើពុករលួយជាមួយរដ្ឋាភិបាល។
តំណាងរដ្ឋាភិបាលនៅមិនទាន់ឆ្លើយតបយ៉ាងណា ចំពោះការទទូចចង់ឲ្យរដ្ឋាភិបាលចូលជាសមាជិករបស់អូជីភី នេះទេ។ ប៉ុន្តែជាសញ្ញាវិជ្ជមានមួយដែលរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា គ្រោងចូលរួមក្នុងសិក្ខាស្ដីពីភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ អូជីភី លើកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។